ប្រជាពលរដ្ឋ នៅឃុំនីពេជនឹងធ្វើដំណើរទៅមុខសាលាខេត្តកំពង់ធំ ទាមទារដំណោះស្រាយ ទំនាស់ដីផ្លូវទៅកាន់ភូមិដូនឈូក ឡើងវិញបើសិនអាជ្ញាធរមិនមានដំណោះស្រាយឱ្យប្រជាពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរគួរធ្វើផ្លូវ និងលើកលែងបទចោទប្រជាពលរដ្ឋឱ្យបានឆាប់ តាមពាក្យសន្យារបស់អាជ្ញាធរ។
ប្រជាពលរដ្ឋភូមិដូនឈូក ភូមិនីពេជ (ក) និងភូមិនីពេជ (ខ) លើកឡើងថា បើសិនអាជ្ញាធរនៅតែមិនអន្តរាគមន៍លើកលែងបទចោទប្រកាន់ទៅលើប្រជាពលរដ្ឋ ត្រឹមថ្ងៃច័ន្ទ ទី២៥ ខែធ្នូ នោះទេ ពួកគេនឹងចេញតវ៉ាសាជាថ្មីម្ដងទៀតនៅសប្ដាហ៍ក្រោយ។
តំណាងប្រជាពលរដ្ឋចេញតវ៉ា និងជាប្រពន្ធរបស់លោក ឡូត ឡាញ់ ដែលកំពុងជាប់ពន្ធនាគារខេត្តកំពង់ធំដោយសារជម្លោះដីផ្លូវគឺលោកស្រី ឆែម សុខឃឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែធ្នូ ថា បើទោះបីជាអភិបាលរងស្រុកកំពង់ស្វាយ សន្យាថា នឹងជួយរកដំណោះស្រាយឱ្យប្រជាពលរដ្ឋក្ដី តែក្រុមប្រជាពលរដ្ឋមិនសូវមានក្ដីរំពឹងទៅលើការសន្យារបស់អភិបាលស្រុកនោះឡើយ
ខ្ញុំអត់ទាន់មានសង្ឃឹមប៉ុន្មានទេបង ប៉ុន្តែគាត់ឱ្យថាឱ្យរឿងហ្នឹងស្ងប់ស្ងាត់ទៅ គាត់នឹងដោះស្រាយជូនគាត់និយាយអ៊ីចឹង ហើយប្រជាពលរដ្ឋក៏ស្ម័គ្រចិត្តថា នឹងស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋគាត់ថាបើសិនជារឿងហ្នឹងអត់ដោះស្រាយឱ្យគាត់ គាត់នៅតែបន្ត។
ប៉ូលិស និងកម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយជិត ២០នាក់ បានឃាត់រថយន្តប្រជាពលរដ្ឋភូមិដូនឈូក នៅចំណុចខាងមុខសាលាឃុំនីពេជ មិនឱ្យធ្វើដំណើរទៅសាលាខេត្តកំពង់ធំ រកដំណោះស្រាយករណីម្ចាស់ដីមួយកន្លែងរំលោភយកដីផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងប្ដឹងផ្ដល់ចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារ។ កម្លាំងសមត្ថកិច្ចបានលើកឡើងថា ថ្នាក់លើមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទៅតវ៉ានៅខាងមុខសាលាខេត្តកំពង់ធំឡើយ ព្រោះមន្ត្រីខេត្តកំពុងប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងបានឱ្យប្រជាពលរដ្ឋរង់ចាំមន្ត្រីស្រុកកំពង់ស្វាយ មកដោះស្រាយជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា មន្ត្រីស្រុកកំពង់ស្វាយ មិនបានចេញមុខជួបប្រជាពលរដ្ឋភ្លាមៗនោះឡើយ ដោយទុកឱ្យប្រជាពលរដ្ឋរង់ចាំតាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង១១ លុះដល់ពេលក្រុមប្រជាពលរដ្ឋនាំគ្នាជម្នះឡើងលើរថយន្តបន្តដំណើរទៅមុខសាលាខេត្តកំពង់ធំវិញ អភិបាលរងស្រុកកំពង់ស្វាយ លោក ឡាង សារ៉ូ បានចេញមុខសម្របសម្រួលជាមួយប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋបាននាំគ្នារំសាយទៅផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីលោក ឡាង សារ៉ូ បានសន្យាថា នឹងជួយរកដំណោះស្រាយឱ្យពលរដ្ឋបានប្រើប្រាស់ផ្លូវធ្វើដំណើរដូចដើម និងអន្តរាគមន៍ផ្នែកច្បាប់ ចំពោះបទចោទទៅលើក្រុមប្រជាពលរដ្ឋដែលបានឈូសឆាយដីធ្វើផ្លូវ។
កាលពីថ្ងៃទី២១ ខែធ្នូ ប្រជាពលរដ្ឋធ្លាប់នាំគ្នាតវ៉ាដាំបាយ ក្រាលកៅស៊ូដេកចាំមេឃុំនីពេជ នៅខាងមុខបរិវេណសាលាឃុំនីពេជ ទាមទារឱ្យតុលាការដោះលែងលោក ឡូត ឡាញ់ ម្ដងរួចហើយ។ពលរដ្ឋក៏ស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់ទៅលើប្រជាពលរដ្ឋ៤នាក់ ដែលបានចូលរួមឈូសឆាយផ្លូវ និងឱ្យមេឃុំនីពេជ សម្របសម្រួលជាមួយម្ចាស់ដី គឺលោកស្រី សាន់ ចំប៉ា ដើម្បីឱ្យប្រជាពលរដ្ឋមានផ្លូវធ្វើដំណើរបានដូចកាលពីមុនឆ្នាំ២០១៨ ដែលមានទំហំប្រមាណ ១០ម៉ែត្រឡើងវិញ។ ទោះជាយ៉ាងណាមេឃុំនីពេជ ស្រុកកំពង់ស្វាយ លោក ឆឹង ញ៉េប មិនអាចដោះស្រាយតាមការស្នើសុំរបស់ក្រុមប្រជាពលរដ្ឋបាននោះឡើយ ហើយលោកបែរជាលើកឡើងថា មុននឹងឈូសឆាយធ្វើផ្លូវ ប្រជាពលរដ្ឋត្រូវតែសុំការអនុញ្ញាតពីលោកស្រី សាន់ ចំប៉ា ជាមុនទៅវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលរងស្រុកកំពង់ស្វាយ លោក ឡាង សារ៉ូ ដើម្បីសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២២ ខែធ្នូ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អាជ្ញាធរគួរដោះស្រាយបញ្ហាឱ្យប្រជាពលរដ្ឋឱ្យបានឆាប់តាមការសន្យា ដើម្បីកុំឱ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋតាមរយៈការចំណាយពេលវេលា ប្រាក់កាសចេញតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។