តំណងពលរដ្ឋខេត្តព្រះសីហនុ ១៤៩គ្រួសារ ឱ្យដឹងនៅថ្ងៃទី១៥ មិថុនាថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីសប្ដាហ៍មុនបានបញ្ជាឱ្យ សមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន ឃាត់ចាប់គ្រឿងចក្រ ២គ្រឿង ដែលឈូសឆាយ និងគាស់កកាយ រំលោភយកដីវត្តអូរដំរី ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
តំណាងពលរដ្ឋ លោក ម៉ន ស៊ីណា ប្រាប់អាស៊ីសេរីថា ក្រុមពលរដ្ឋសាទរ ចំពោះចំណាត់ការនេះ ប៉ុន្តែពួកគេអំពាវនាវឱ្យអាជ្ញាធរតាមដានរឿងនេះ ខ្លាចក្រែង ក្រុមអ្នកមានអំណាច លួចបំពានឈូសឆាយរំលោភយកដីវត្តជាថ្មីទៀត។ លោកថា គ្រឿងចក្រ ២គ្រឿងទាំងនោះ អាជ្ញាធរបានបញ្ជូនទៅរក្សាទុកនៅទីស្នាក់ការស្រុកស្ទឹងហាវ ហើយជនសង្ស័យបានរត់គេចខ្លួនអស់៖ «ពលរដ្ឋរងគ្រោះទាំង ១៤៩ អបអរសាទរចំពោះចំណាត់ការអភិបាលខេត្ត លោក គួច ចំរើន ដែលគាត់អន្តរាគមន៍ចាប់គ្រឿងចក្រ ឈ្មោះ ហ៊ឹម សុណ្ណរី និងបក្ខពួក យកមករក្សាទុកនៅស្រុកស្ទឹងហាវ ខណៈថ្មើរនេះគឺ គ្មានការឈូសឆាយ គ្មានការធ្វើអ្វីៗ លើទីតាំងដីដែលមានវិវាទនេះទាល់តែសោះ។ រីឯក្រុមជនល្មើសបានដាក់មេប្រូចអស់ហើយ » ។
បុរសដដែលបន្ថែមថា អ្នកមានអំណាចម្នាក់ និងបក្ខពួកបានយកគ្រឿងចក្រពីរគ្រឿង ឈូសឆាយ និងកាយប្រឡាយជម្រៅ ២ម៉ែត្រ ទទឹង ៤ម៉ែត្រ ពុះកាត់បរិវេណវត្ត និងកាយផ្ដាច់ផ្លូវ រយៈពេលជិត១សប្ដាហ៍ កាលពីដើមខែមិថុនានេះ។ ចំណែកក្រុមពលរដ្ឋបានផ្តល់ដំណឹងនេះ ទៅអាជ្ញាធរមូលដ្ឋាន ឱ្យចុះអន្តរាគមន៍ទប់ស្កាត់។
វត្តអូរដំរី ឋិតនៅក្រុម ៥ ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ពលរដ្ឋថា មុនឆ្នាំ២០០០ មានពុទ្ធបរិស័ទ ១៤៩គ្រួសារ បានមូលមតិគ្នា ប្រគល់ដី ៥ហិកតារ ជាសម្បត្តិរួម ដើម្បីកសាងវត្តអារាម ហើយកាលពីឆ្នាំ២០០៩ អ្នកភូមិបានដាក់ពាក្យស្នើសុំឱ្យព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តនេះ។ មកទល់ពេលនេះ ដីវត្តអូរដំរី ដែលនៅសល់តែជាង ១ហិកតារប៉ុណ្ណោះ ហើយកំពុងទទួលរងការប៉ុនប៉ងរំលោភយកទាំងមូល ពីសំណាក់បុគ្គលមានអំណាច ដោយសារតែទីផ្សារដីឡើងថ្លៃខ្ពស់។ មកទល់ពេលនេះ វត្តនេះ មានតែព្រះសង្ឃមួយអង្គប៉ុណ្ណោះ គង់ចាំព្រះវស្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។