ពលរដ្ឋរាប់រយគ្រួសារ រស់នៅខេត្តព្រះវិហារនៅរសៀលថ្ងៃទី១៥ មីនា បានបង្ខំចិត្តវិលត្រឡប់មកផ្ទះវិញហើយ ក្រោយពីអាជ្ញាធរខេត្តនេះ បានបង្អាក់ដំណើរ មិនឱ្យពួកគាត់យកញត្តិទៅដាក់ នៅសាលាខេត្តនេះ ដើម្បីទាមទារដំណោះស្រាយវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu)។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ស្វែងរកយុត្តិធម៌។
ពលរដ្ឋជាង ២០០រយនាក់ ភាគច្រើនជាជនជាតិដើមភាគតិចកួយ មកពីសហគមន៍ចំនួន៧ ក្នុងស្រុកចំនួន៣ គឺស្រុក ត្បែងមានជ័យ ស្រុកឆែប និងស្រុករវៀង នៅតែបន្តស្វែងរកយុត្តិធម៌ពីអាជ្ញាធរខេត្តព្រះវិហារ ដើម្បីទទួលបានដីធ្លីត្រឡប់មកវិញ។ ក្រុមពលរដ្ឋទាំងនោះ មកពី សហគមន៍ឫស្សីស្រុក សហគមន៍ដីធ្លីអូររំដួល សហគមន៍ជោគជ័យ សហគមន៍សំបូរ សហគមន៍ការឡោត សហគមន៍ប្រមេរ សហគមន៍ភូមិបុស្ស និងសហគមន៍ការពារដីធ្លីប្រើសក្អក។
តំណាងពលរដ្ឋរស់នៅភូមិបុស្ស ឃុំម្លូព្រៃ២ លោក រួន ថោងមី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ មីនាថា សមត្ថកិច្ចចម្រុះរាប់សិបនាក់ បានពង្រាយពេញផ្លូវជាតិលេខ៩ ក្នុងចំណុចវត្តព្រៃកែង ដើម្បីរារាំងពួកគាត់មិនឱ្យយកញត្តិទៅដាក់នៅសាលាខេត្ត ក្រោមហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ លោកបន្តថា ក្នុងពេលរារាំង សមត្ថកិច្ចបានសួរនាំលោកជាច្រើន ក្នុងន័យគំរាមកំហែង ដើម្បីឱ្យពួកគាត់ភ័យខ្លាច មិនហ៊ានងើបតវ៉ាទាមទារដីធ្លី។ លោកបន្ថែមថា បំណងរួមរបស់ពួកលោក គឺស្នើឱ្យអាជ្ញាធរពន្លឿនការកាត់ឆ្វៀលដី ដែលមានជម្លោះជាមួយ ក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ ប្រគល់ជូនអ្នកភូមិវិញ៖ «ឥលូវនេះដីនេះ វាលអស់ហើយ តែខាងខ្ញុំចង់ស្នើឱ្យអាជ្ញាធរខេត្តឆ្វៀលដី សម្រាប់ទីទួលសុវត្ថិភាពសម្រាប់ចិញ្ចឹមគោក្របី»។
តំណាងពលរដ្ឋរូបនេះបន្ថែមថា អាជ្ញាធរបានសន្យា នៅចំពោះមុខពលរដ្ឋថា នឹងទៅទទួលញត្តិពីពលរដ្ឋដោយផ្ទាល់ នៅមូលដ្ឋាន នៅពេលឆាប់ៗ នេះ។ លោកព្រមានថា ក្រុមពលរដ្ឋនឹងលើកគ្នា តវ៉ាទ្រង់ទ្រាយធំ ប្រសិនបើ អាជ្ញាធរមិនដោះស្រាយក្ដីកង្វល់រួមរបស់អ្នកភូមិទេនោះ។
តំណាងប្រជាសហគមន៍ភូមិប្រមេរ ឃុំប្រមេរ លោកស្រី ទេព ទឹម មានប្រសាសន៍ថា សហគមន៍របស់លោកស្រី បានចួបអាជ្ញាធរស្រុកជាច្រើនដងមកហើយ ដើម្បីពឹងឱ្យអាជ្ញាធរ ពន្លឿនកាត់ឆ្វៀលដីជាង ៨ពាន់ហិកតារ ជូនសហគមន៍អាស្រ័យផលបែបប្រពៃណីវិញ បើទោះបីជា ព្រៃឈើបានក្លាយជាវាលអស់ហើយក្ដី។ លោកស្រីបន្ថែមថា ពលរដ្ឋភាគច្រើនខ្វះខាតដីធ្វើកសិកម្ម បាត់បង់កន្លែងអាស្រ័យផលព្រៃឈើ និង វាលស្មៅសម្រាប់ ឃ្វាលគោក្របី ហេតុនេះ ពួកលោកស្រី ស្នើឱ្យអាជ្ញាធរខេត្តព្រះវិហារ ពន្លឿនដោះស្រាយរឿងនេះ ដើម្បីសម្រាលជីវភាពពលរដ្ឋ៖ «សូមប្រគល់ដីនោះ ជូនអ្នកភូមិឱ្យគាត់មានស្រែចម្ការ កន្លែងឃ្វាលគោក្របី ព្រៃជំនឿ និងកន្លែង ធ្លាប់រុករក អនុផលព្រៃឈើ ឱ្យសហគមន៍បានកាន់កាប់វិញ។ ជំហរតាំងពីមុន ដែលយើងទាមទារដី តាមកំណត់ដោយចាស់ទុំ មានព្រំប្រទល់ត្រឹមណា គឺយើងទាមទារ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីអភិបាលស្រុកឆែប លោក សុខ សានតារា និង អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បាននៅឡើយទេ នៅថ្ងៃទី១៥ មីនា ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ រីឯតំណាងក្រុមហ៊ុន ចិន ហេង ហ្វូ ក៏មិនទាន់អាចទាក់ទងបានដែរ។
ប៉ុន្តែមន្ត្រីសាលាខេត្តព្រះវិហារម្នាក់ ដែលពលរដ្ឋមិនស្គាល់ឈ្មោះ បានថ្លែងប្រាប់ក្រុមពលរដ្ឋថា នឹងទៅជួបជាមួយពលរដ្ឋដោយផ្ទាល់ ដល់មូលដ្ឋាន ក្នុងឃុំប្រមេរ ដើម្បីទទួលយកញត្តិ រួមទាំងសំណូមពររបស់ពលរដ្ឋ មកដោះស្រាយ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ទង្វើរបស់អាជ្ញាធរខេត្តនេះ ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកថា ពលរដ្ឋហាក់ធុញទ្រាន់នឹងទង្វើរបស់អាជ្ញាធរ ដែលតែងតែមិនអើពើ ដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ជាយូរមកហើយ ទើបអ្នកភូមិបង្ខំចិត្តលើកគ្នាមកសាលាខេត្តដូច្នេះ៖ «នៅពេលពួកគាត់មិនដាក់ញត្តិ មិនដាក់បណ្ដឹង ពេលនោះអាជ្ញាធរប្រាកដថាចុះបើអ្នកឯងមានរឿងហើយ មិនប្ដឹងគេ ? នែ៎ ! នៅពេលគាត់ប្ដឹង បែរជាអាជ្ញាធររារាំង។ យើងយល់ឃើញថា ជាការរំលោភសិទ្ធិសេរីភាព ក្នុងការដាក់បណ្ដឹងរបស់ពួកគាត់»។
ក្រុមពលរដ្ឋទាំងនោះ មានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនចិន ហេង ហ៊្វូ (Hengfu Group Sugar Industry) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំអំពៅនៅតំបន់នោះជាង ១០ឆ្នាំមកហើយ។ អ្នកភូមិភ័យព្រួយខ្លាចក្រែង ដីមានជម្លោះទាំងនោះ ធ្លាក់ដល់ដៃអ្នកមានអំណាច កាន់កាប់បន្តពីក្រុមហ៊ុនចិន បង្កើតរឿងស្មុគស្មាញ ពិបាកដោះស្រាយ ធ្វើឱ្យពលរដ្ឋគ្មានដីបង្កបង្កើនផលដដែល។
គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនឈ្មោះ ហេងហ៊្វូ (Hengfu Group) ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ មក ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិច ប្រមាណ ២.០០០គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ (១០.០០០) ស្ថិតនៅក្នុងស្រុកចំនួន៣ ។
មន្ត្រីសង្គមស៊ីវិលរកឃើញថា ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ដីស្រែពលរដ្ឋ ឈូសឆាយលុបប្រភពទឹក ដែលជាផ្លូវទឹកធម្មជាតិសម្បូរដោយមច្ឆជាតិរស់នៅ និងបានឈូសឆាយទៅលើដីទួលប្រាសាទបុរាណ ៤កន្លែង និងស្ថានីយបុរាណផ្សេងទៀត។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានផ្អាកដំណើរការសង្វាក់ផលិតកម្មប្រមាណ ៣ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។