អាជ្ញាធរខណ្ឌកំបូល រាជធានីភ្នំពេញ បានស្ទាក់ដំណើរមិនឱ្យអតិថិជនទិញផ្ទះក្នុងបុរីពិភពថ្មី ជិត ១០០នាក់ ដែលគ្រោងនាំគ្នាដើរដង្ហែទៅសុំអន្តរាគមន៍ដល់ផ្ទះអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។ សង្គមស៊ីវិល ស្នើឱ្យភាគីទាំងពីរ គួរតែបើកកិច្ចចរចា ដើម្បីសម្របសម្រួលរកដំណោះស្រាយរួមមួយ ដែលអាចទទួលយកបានទាំងអស់គ្នា។
អតិថិជនបុរីពិភពថ្មីជិត ១០០នាក់ ដែលកំពុងប្រឈមការរឹបអូសផ្ទះ នៅថ្ងៃទី១៤ កុម្ភៈ បានប្រមូលផ្ដុំគ្នានៅខណ្ឌកំបូល ដោយគ្រោងដើរដង្ហែទៅភូមិគ្រឹះលោក ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសុំការអន្តរាគមន៍ឱ្យក្រុមហ៊ុនព្រមទទួលទិញផ្ទះវិញ ក្នុងតម្លៃ ៥០ភាគរយ ទៅតាមការសន្យា។ ប៉ុន្តែក្បួនដង្ហែនេះ ត្រូវអាជ្ញាធរកងសន្តិសុខខណ្ឌកំបូល រារាំង ដោយកម្លាំងចម្រុះបានយកឡានមកដាក់កាត់ទទឹងផ្លូវ។
អតិថិជនទិញផ្ទះក្នុងបុរីពិភពថ្មី លោក ឡាយ ពុទ្ធិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ កុម្ភៈ ថា ការដែលពលរដ្ឋ សម្រេចចិត្តទៅសុំអន្តរាគមន៍ពីលោក ហ៊ុន សែន នៅពេលនេះ ព្រោះមិនអាចទ្រាំនឹងភាពស្ងប់ស្ងាត់របស់បុរីពិភពថ្មី ដែលមិនព្រមបញ្ជូនតំណាងមកចរចាដោះស្រាយបញ្ហា និងថែមទាំងរឹបអូសផ្ទះរបស់ពួកគាត់ទៀតផង។
ខណៈតវ៉ា ក្រុមសន្តិសុខខណ្ឌកំបូលបានរុញច្រានអតិថិជនបុរីពិភពថ្មី ឱ្យអែបកៀនផ្លូវ រហូតដល់តឹង សរសៃកដាក់គ្នា។ ដោយមិនអាចបន្តដំណើរទៅមុខទៀតបាន អតិថិជនបុរីពិភពថ្មីទាំងអស់ បាននាំគ្នាឈរទាមទារនៅលើចិញ្ចើមផ្លូវវិញ ដោយពួកគាត់ ខ្លះ ឈរកាន់រូបថតលោក ហ៊ុន សែន ខ្លះកាន់រូបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លះទៀតកាន់ផ្ទាំងប៉ាណូ ដែលមានអក្សរថា «បុរីត្រូវគោរពគោលការណ៍ ៥០ភាគរយ» ជាដើម។
អតិថិជនទិញផ្ទះក្នុងបុរីពិភពថ្មីម្នាក់ទៀត គឺ លោកស្រី ជៀង បញ្ញា លើកឡើងថា ការប្រមូលផ្ដុំគ្នាទៅតវ៉ា សុំអន្តរាគមន៍នៅមុខផ្ទះប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោក ហ៊ុន សែន នៅពេលនេះ ដោយសារពួកគាត់ អស់ទំនុកចិត្តលើកិច្ចអន្តរាគមន៍របស់អាជ្ញាធរមូលដ្ឋាន ដែលមិនអាចជួយសម្របសម្រួលឱ្យភាគីក្រុមហ៊ុនឈប់រឹបអូសផ្ទះពីពួកគាត់ ហើយបែរជារារាំងអតិថិជន មិនឱ្យជួបតំណាងក្រុមហ៊ុនទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនបុរីពិភពថ្មី និងអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែកុម្ភៈ។
ប៉ុន្តែ កាលពីថ្ងៃទី៣ ខែកុម្ភៈ ម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី គឺលោក ហុង ពីវ បានចេញសេចក្ដីជូនដំណឹងថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ក្រុមហ៊ុនលក់ផ្ទះបានជាង ១រយខ្នង (១៥២) ទិញផ្ទះចូលវិញ ចំនួនជាង ១ពាន់ខ្នង (១.៥៨៦) ដែលសរុបជាទឹកប្រាក់ចំនួនជិត ២០លានដុល្លារ (១៨.៣៩១.៥៦៩) និងរៀបចំឥណទានឱ្យអតិថិជនសារឡើងវិញ ចំនួន ៣៩ម្ចាស់។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ភាគីអតិថិជន និងភាគីក្រុមហ៊ុនគួរតែបើកកិច្ចចរចា ដើម្បីសម្របសម្រួលរកដំណោះស្រាយរួមមួយ ដែលអាចទទួលយកបានទាំងអស់គ្នា។ លោកបន្តថា ការសន្យាដោយផ្ទាល់មាត់របស់ក្រុមហ៊ុន ជាមួយអតិថិជនថា នឹងទិញផ្ទះវិញ ក្នុងតម្លៃ ៥០ភាគរយ ប្រសិនបើពួកគេអស់លទ្ធភាពបង់បន្ត គឺនៅតែមានសុពលភាព។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបុរីពិភពថ្មី បានចេញសេចក្ដីប្រកាស ដោយបានកែប្រែលក្ខខ័ណ្ឌបន្ថែម ដើម្បីចរចាជាមួយអតិថិជន មានដូចជា ការទទួលទិញផ្ទះវិញ ៥០ភាគរយ នៃប្រាក់ដែលអតិថិជនបានបង់ប្រចាំខែ ដោយយកប្រាក់ដើមបូកនឹងការប្រាក់ជាដើម។ ក៏ប៉ុន្តែ អតិថិជន ដែលបានទៅចរចាជាមួយតំណាងក្រុមហ៊ុន អះអាងថា លក្ខខ័ណ្ឌនេះ ធ្វើឡើងឱ្យតែល្អមើលប៉ុណ្ណោះ ដោយខាងក្រុមហ៊ុនទទួលទិញចូលវិញ ៥០ភាគរយ ដោយគិតតែទៅលើប្រាក់ដើមប៉ុណ្ណោះ ដែលធ្វើឱ្យភាគីអ្នកទិញ ត្រូវខាតបង់ជាងពាក់កណ្ដាល នៃប្រាក់ ដែលបានបង់។
ពលរដ្ឋ ដែលបានទិញផ្ទះពីបុរីពិភពថ្មី មានតម្លៃចន្លោះពី ជាង ៥ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារ ក្នុងមួយផ្ទះ ដោយបង់រម្លស់ ចន្លោះពី ៥រយដុល្លារ ទៅ ៧រយដុល្លារ ក្នុងមួយខែ។ ក៏ប៉ុន្តែ ដោយសារតែបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ បណ្ដាលឱ្យអតិថិជនមួយចំនួន ដែលបង់រម្លស់ផ្ទះ បាត់បង់ប្រាក់ចំណូល និងត្រូវបង្ខំចិត្តដាក់ស្លាកលក់បន្ទាន់ និងខ្លះទៀត ត្រូវភាគីបុរីបង្ខំឱ្យចុះចេញទាំងបង្ខំ ដែលធ្វើឱ្យទិដ្ឋភាពនៅក្នុងបុរីពិភពថ្មី កាន់តែស្ងប់ស្ងាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះជាបែបនេះក្ដី ក្រុមហ៊ុនបុរីពិភពថ្មី នៅតែបន្តរឹបអូសផ្ទះពីអតិថិជន ដែលខកខានបង់ជូនក្រុមហ៊ុនជាបន្តបន្ទាប់ ក្នុងនោះ ផ្ទះរបស់អតិថិជនមួយចំនួន ត្រូវបានក្រុមហ៊ុនផ្សារដែកបិត ឬចាក់សោពីខាងក្រៅ និងដាក់ស្លាកថា ផ្ទះរបស់ក្រុមហ៊ុនអនុវត្តតាមកិច្ចសន្យា។ វិធាននេះ បានធ្វើឱ្យអតិថិជនមួយចំនួន ដែលត្រូវបុរីពិភពថ្មីរឹបអូសផ្ទះ ធ្លាក់ខ្លួនក្រីក្រ បាត់បង់ទីជម្រក និងជំពាក់បំណុលធនាគារ។
អតិថិជនទិញផ្ទះពីបុរីពិភពថ្មី ដែលចេញមកតវ៉ា លើកឡើងថា ពួកគាត់នឹងបន្តការស្វែងរកកិច្ចអន្តរាគមន៍ ពី លោក ហ៊ុន សែន បន្តទៀត ក្នុងនោះ ពួកគាត់ក៏គ្រោងនឹងដាក់ញត្តិ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីផងដែរ ដោយពួកគាត់មិនបណ្ដោយឱ្យកម្លាំងញើសឈាម ដែលពួកគាត់ខំរកស្ទើរពេញមួយជីវិតនេះ បាត់បង់ទៅដោយទទេឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។