អាជ្ញាធរ​ឃាត់​រថយន្ត​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង​ដែល​ទៅ​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃទី​២៦ តុលា

0:00 / 0:00

អាជ្ញាធរ ស្រុក​ស្រែអំបិល​ខេត្តកោះកុង បាន​ឃាត់​រថយន្ត​សហគមន៍​ដីធ្លី ដែល​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​តាំងនៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ស្ដាប់​សវនាការ​តំណាង​សហគមន៍​របស់​ពួកគេ​នៅ​ថ្ងៃទី​២៦ តុលា ។ សកម្មជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ចាត់ទុក​ការ​ឃាត់​រថយន្ត​នេះ គឺជា​ការ​បំបាក់ស្មារតី​សកម្មជន​ដីធ្លី និង​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

អាជ្ញាធរ​ស្រុកស្រែ​អំបិល ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល និង​ស៊ីវិល ចំនួន​៤​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៥ តុលា បាន​ស្ទាក់​ឃាត់​រថយន្ត​សហគមន៍​ដីធ្លី​ខេត្តកោះកុង ស្ថិតនៅ​ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ស្ដាប់​សវនាការ​នៅ​សាលាឧទ្ធរណ៍​ព្រះសីហនុ។ សកម្មជន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ទាំងនោះ បាន​បក់ដៃ​បញ្ជា​ឲ្យ​ឡាន​អែប​កៀន​ខាងស្ដាំ ហើយ​នគរបាល​ម្នាក់​បាន​មក​ថតរូប​តៃកុង​ឡាន និង​អ្នក​រួម​ដំណើរ​នៅក្នុង​ឡាន​ដោយ​មិន​ឆ្លង​កាត់​ការ​អនុញ្ញាត​នោះ​ទេ។ សកម្មជន​ឲ្យ​ដឹង​ទៀត​ថា ពួកគាត់​បាន​សួរ​នាំទៅ​អាជ្ញាធរ​ពី​មូលហេតុ ដែល​ឃាត់​រថយន្ត​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ឆ្លើយតប​នោះ​ទេ។

សកម្មជន​ដីធ្លី​ល្បីឈ្មោះ​នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ើង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ តុលា​ថា លោកស្រី​ចាត់ទុក ការ​ឃាត់​រថយន្ត​នេះ គឺ​ជា​ការ​បំបាក់​ស្មារតី​សកម្មជន​ដីធ្លី ដែល​កំពុង​ទៅ​ចូលរួម​ស្ដាប់​សវនាការ។

លោកស្រី ផាវ ញ៉ើង៖ «ខ្ញុំ​យល់​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ឃាត់​ឡាន​ពួក​ខ្ញុំ ហើយ​អត់​សួរនាំ​ហើយ ថតៗ​តែម្ដង នេះ​ជា​រូបភាព​មួយ​គំរាមកំហែង​ពួក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​ខ្វល់​អ្វី ដែល​ពួកគាត់​កំពុងតែ​ធ្វើ​ទេ សំខាន់​ក្រុម​១៩៧​ហ្នឹង គឺ​គាត់​បាន​ប្ដឹង​មក​ឧទ្ធរណ៍ ដោយសារតែ​គាត់​ហ្នឹង​អត់​ពេញ​ចិត្តនឹង​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​កោះកុង​ហ្នឹង»។

លោកស្រី ផាវ ញ៉ើង បន្ថែម​ថា ការ​ធ្វើទុក្ខបុកម្នេញ​នេះ មិនបាន​ធ្វើ​ឲ្យ​ពួកគាត់​បាក់​ស្មារតី​នោះ​ទេ ផ្ទុយទៅវិញ​កាន់តែ​ធ្វើ​ឲ្យ​ពួកគាត់​ក្លាហាន ឆ្ពោះ​ទៅមុខ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី​។ លោកស្រី​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ ពង្រឹង​ការ​អនុវត្ត​វិន័យ​របស់​កងកម្លាំង​មាន​សមត្ថកិច្ច ជៀសវាង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មិន​អនុវត្ត​តាម​តួនាទី និង​មិន​គោរព​ច្បាប់​ជាដើម។

លោកស្រី ផាវ ញ៉ើង៖ «ខ្ញុំ​នៅតែ​ព្យាយាម​ជំរុញ​ថា ឲ្យ​ប្រទេស​យើង ដែល​ប្រកាន់​ច្បាប់ សូម​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ គោរព​សិទ្ធិមនុស្ស ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​អ្នក​ច្បាប់​នោះ ឲ្យ​គាត់​គោរព​សិទ្ធិមនុស្ស និង​ការពារ​ពលរដ្ឋ​ផង មិនមែន​ឲ្យ​តែ​ពលរដ្ឋ​ក្រីក្រ​ដូច​ពួក​ខ្ញុំ​ដើរ​ទៅណា​បន្តិច​ចាប់ខ្លួន ដើរ​ទៅណា​បន្តិច​គំរាមកំហែង​ដើរ​ទៅណា​បន្តិច​កំហាកកំហែក មិនមែន​ធ្វើ​អីចឹង​បាន​ទេ ខ្ញុំ​មិន​សុខចិត្ត​ទេ ហើយ​ខ្ញុំ​អត់​មាន​ខ្លាច​ទេ»។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​លោក គង់ មនោ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​លោក ដូង វណ្ណា និង​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ជីខ​លើ ដើម្បី​ធ្វើការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៥ តុលា។

ទោះជា​យ៉ាងនេះ​ក្ដី អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត មានប្រសាសន៍​ថា មិន​មាន​ហេតុផល​អ្វី ដែល​អាជ្ញាធរ​ត្រូវតែ​ឃាត់​រថយន្ត និង​ថតរូប​សកម្មជន និង​សហគមន៍​ដីធ្លី ដែល​ទៅ​ចូលរួម​ស្ដាប់​សវនាការ​នោះ​ទេ​។ លោក​បន្ត​ថា សកម្មភាព​របស់​អាជ្ញាធរ​នេះ គឺ​បាន​រំលោភសិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​ភាព​របស់​ពលរដ្ឋ ព្រោះ​ពួកគាត់​មិនមែន​ជា​បុគ្គល​សាធារណៈ​នោះ​ទេ។

លោក វណ្ណ សូផាត៖ «ខ្ញុំ​ក៏​គិតថា ប្រហែលជា​ថ្នាក់លើ​របស់​គាត់​មានការ​ដាក់​បញ្ជា​មក​អ៊ីចឹង​ហើយ អ៊ីចឹង​មួយថ្ងៃៗ​គាត់​អត់​មានការ​ងារ​ធ្វើ​ទេ ចាំតែ​តាម​ឃ្លាំមើល​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ដីធ្លី​ហ្នឹង វា​ធ្វើ​ឲ្យ​គាត់​វិលវល់ ធ្វើ​ឲ្យ​គាត់​ហ្នឹង​អត់​មាន​តួនាទី​អ្វី​ផ្សេងទៀត​សម្រាប់​ទៅ​រក្សា​សុវត្ថិភាព​សន្តិសុខ​សង្គម​ដូចជា ភូមិ​ឃុំ​មាន​សុវត្ថិភាព​អីចឹង​ហា មួយថ្ងៃៗ​គាត់​ចាំតែ​មើល​ប្រជាពលរដ្ឋ»។

សហគមន៍​ដីធ្លី​១៩៧​គ្រួសារ ខេត្តកោះកុង ៩​នាក់ រួមមាន​លោកស្រី ដេត ហួរ លោកស្រី កើត នៅ និង​លោក សុខ ជ័យ ជាដើម ត្រូវ​បាន​ព្រះរាជអាជ្ញា នៃ​មហា អយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ លោក​ខៀវ ផល្លា បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​សវនាការ នៅ​ថ្ងៃទី​២៦ តុលា ដើម្បី​សួរដេញដោល​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​កោះកុង តាម​ការ​ប្ដឹង​ជំទាស់​របស់​តំណាង​សហគមន៍ ចំពោះ​សាលក្រម​របស់​សាលាដំបូង​ខេត្ត​កោះកុង កាល​ពី​ខែ​សីហា ដែល​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ចូល​គ្នា ៤០​លាន​រៀល ឬ​ប្រមាណ ១​ម៉ឺន​ដុល្លារ​អាមេរិក។ តំណាង​សហគមន៍​ទាំងអស់​កំពុង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​តំណាង​ពលរដ្ឋ ដែល​ត្រូវ​បាន​កោះហៅ​ទាំង​៩​នាក់​នោះ មានតែ​៨​នាក់​តែប៉ុណ្ណោះ​នឹង​ចូល​សវនាការ​នៅ​ថ្ងៃទី​២៦ តុលា ដោយសារតែ​តំណាង​សហគមន៍​ម្នាក់ គឺ​លោក​គង់ ម៉ែន បាន​អនិច្ចកម្ម។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ទទូច​ឲ្យ​រដ្ឋាភិបាល​ថ្មី​បញ្ឈប់​ការគាបសង្កត់ បំបាក់ស្មារតី​ពលរដ្ឋ ដោយ​តាម​ឃ្លាំមើល​គ្រប់​សកម្មភាព​របស់​សកម្ម​ជន​នានា​ដូចជា សកម្មជន​ដីធ្លី​ជាដើម និង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​របស់​នគរបាល​យុត្តិធម៌​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។