សាលាដំបូងខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា សម្រេចឃុំខ្លួន តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២៤គ្រួសារ នៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់ អំពីបទ កាប់ រុករាន និងឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាល ដោះស្រាយបញ្ហាវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ដោយសន្តិវិធី ជៀសវាងការប្រើប្រាស់វិធានការច្បាប់ ។
សាលាដំបូងខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា សម្រេចឃុំខ្លួនបណ្ដោះអាសន្ន តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២៤គ្រួសារ និងជាម្ចាស់ផ្ទះលំហែភ្នំ១៥០០ នៅតំបន់ភ្នំ១៥០០ គឺលោកស្រី សេន ពិសី នៅពន្ធនាគារខេត្តពោធិ៍សាត់ ឬមណ្ឌលអប់រំកែប្រែទី៤ «ម៤» ទាក់ទងនឹងការចោទប្រកាន់ពីបទ កាប់រុករាន និងឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ។
ពលរដ្ឋមានទំនាស់ដីធ្លី ២៤គ្រួសារនៅតំបន់ភ្នំ១៥០០ នៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ លោកស្រី អេង អាង ចាត់ទុកថា ការសម្រេចឃុំខ្លួននេះថា ជាការបំបាក់ស្មារតីពលរដ្ឋដទៃទៀត ដែលនៅមិនទាន់រុះរើចាកចេញ តាមការចង់បានរបស់អាជ្ញាធរ។ លោកស្រីអះអាងថា ផ្ទះពលរដ្ឋចំនួន ២៤គ្រួសារនេះ គឺស្ថិតនៅក្រោមស្ពានលេខ៣៥ ដែលស្ថិតនៅឆ្ងាយពីផ្លូវអន្ទង់អាំង ខណៈទីតាំងភ្នំអន្ទង់អាំង ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់ថែរក្សាជាតំបន់ការពារធម្មជាតិ គឺស្ថិតគីឡូម៉ែត្រ លេខ ១៣៦ ឡើងទៅ ។
លោកស្រី អេង អាង៖«ពួកខ្ញុំបារម្ភ ហើយខូចចិត្តចំពោះវិធានការច្បាប់ ដែលដាក់ទោសទណ្ឌចំពោះមនុស្ស ដែលអត់ដឹងអី ដែលមិនពាក់ព័ន្ធនឹងរឿង ដែលយកដីរដ្ឋមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងផ្លូវអន្ទង់អាំង។ ហេតុអ្វីតុលាការមិនពិនិត្យឲ្យបានច្បាស់លាស់ថា ពួកនាងខ្ញុំទាំង ២០ ឬ ៣០ជាងគ្រួសារហ្នឹង គឺមិនពាក់ព័ន្ធនឹងចំណុចហ្នឹងទេ។ សូមឲ្យតុលាការពិនិត្យឲ្យបានច្បាស់លាស់មុននឹងចេញដីកាឃាត់ខ្លួន ឬចាប់ខ្លួន ខុសពីការចោទប្រកាន់ទាំងអស់ ។ រាល់ការចោទប្រកាន់ទាំងប៉ុន្មានយើងខ្ញុំ ២៤គ្រួសារ សូមបដិសេធ មិនទទួលយកនូវការចោទប្រកាន់នេះទេ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ អ្នកស្រី ផាន់ សុគន្ធថង ដើម្បីសាកសួរពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៩ ខែវិច្ឆិកា។
នៅមុនការឃុំខ្លួនតំណាងពលរដ្ឋ ២៤គ្រួសារ នៅតំបន់ភ្នំ១៥០០ លោកស្រី សេន ពិសី ប្រាប់វិទ្យុអាស៊ីសេរីថា កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា អាជ្ញាធរបាននាំខ្លួនលោកស្រី ទៅសាលាដំបូងខេត្តពោធិ៍សាត់ ហើយចៅក្រមស៊ើបសួរ បានសាកសួរលោកស្រី អំពីប្រវត្តិ នៃការមកតាំងលំនៅ នៅតំបន់ភ្នំ១៥០០នេះ។ ក្រោយពីឆ្លើយតបនឹងសំណួររបស់ចៅក្រម លោកស្រី ក៏បានផ្ដិតមេដៃយល់ព្រមប្រគល់ដីជូនរដ្ឋវិញ ប៉ុន្តែ ចៅក្រមនៅមិនទាន់ដោះលែងលោកស្រីឲ្យមានសេរីភាពនៅឡើយទេ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ។
លោកស្រី សេន ពិសី៖«ធ្វើហើយផ្ដិតមេដៃអស់ហើយ ប៉ុន្តែជាក់ស្ដែងយើងផ្ដិតមេដៃប្រគល់ដីឲ្យទៅរដ្ឋវិញហើយ ប៉ុន្តែ យើងនៅតែមិនទាន់ទទួលបានសេរីភាព យើងនៅតែត្រូវចូលទៅសាកសួរ នៅចំពោះមុខចៅក្រម។ អ្វី ដែលយើងផ្ដិតមេដៃនេះ យើងគិតថា រដ្ឋត្រូវការ និងមានឯកសារជាក់លាក់សម្រាប់យើង ប៉ុន្តែជាក់ស្ដែង អត់មានទេ។ គេឲ្យខ្ញុំរុះរើស្អែក ឬយប់ហ្នឹង ឬល្ងាចហ្នឹង ឬខានស្អែក ដើម្បីយើងបានចាកចេញពីកន្លែងឃុំនេះវិញ»។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរបានប្ដឹងពលរដ្ឋចំនួន ១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសដូចគ្នានេះ ហើយមានពលរដ្ឋចំនួន ៨នាក់ហើយ ដែលបានចូលខ្លួនបំភ្លឺនៅតុលាការ រួមទាំងតំណាងពលរដ្ឋ លោកស្រី សេន ពិសី។
លោកស្រី សេន ពិសី ឲ្យដឹងថា លោកស្រី ភ្ញាក់ផ្អើលពេលឃើញអាជ្ញាធរយកដីការបស់តុលាការ ដែលបង្គាប់ឲ្យនាំខ្លួនលោកស្រី ដោយអាជ្ញាធរអះអាងថា លោកស្រីខកខានចូលខ្លួនតាមដីកាកោះហៅ ២លើករួចមកហើយ ប៉ុន្តែ លោកស្រីបានបញ្ជាក់ថា លោកស្រីពុំបានទទួលដីកាកោះហៅទាំង ២លើកនោះទេ ។
ពលរដ្ឋក្នុងសហគមន៍មានទំនាស់ដីធ្លី ២៤គ្រួសារ នៅតំបន់ភ្នំ១៥០០ ឬភ្នំអន្ទង់អាំងឲ្យដឹងថា តំណាងពលរដ្ឋ ២៤គ្រួសារ លោកស្រី សេន ពិសី ជាបុគ្គលសកម្មម្នាក់ ដែលសកម្ម ក្នុងការតវ៉ា ទាមទារស្វែងរកដំណោះស្រាយ និងសិទ្ធិមានលំនៅឋានសមរម្យ ហើយនៅថ្ងៃសាកសួរនេះ ក៏មានពលរដ្ឋផ្សេងទៀត ឡើងមកគាំទ្រគាត់ផងដែរ។ កាលពីខែកក្កដា កន្លងទៅពលរដ្ឋ ២៤គ្រួសារ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្លាប់បានដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍កាត់ឆ្វៀលដី ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយអះអាងថា ចំណុចស្ពានលេខ ៣៥ ចុះក្រោម គឺមិនស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ចន្លោះគីឡូម៉ែត្រ លេខ ១៣៦-១៣៨ នោះឡើយ។ លុះដល់ខែសីហា ព្រឹទ្ធសភាបានផ្ញើរលិខិតជូនអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ឲ្យដោះស្រាយបញ្ហាដីធ្លីពលរដ្ឋ ដែលមិនស្ថិតនៅលើផ្លូវអន្ទង់អាំងចំនួន ២៤គ្រួសារ ប៉ុន្តែពលរដ្ឋ អះអាងថា មកទល់នឹងពេលនេះ នៅពុំទាន់មានដំណោះស្រាយណាមួយឡើយទេ។
រដ្ឋបាលខេត្តពោធិ៍សាត់បានចាប់ផ្តើមបង្ខំឲ្យពលរដ្ឋចេញពីដីធ្លីនៅតំបន់ភ្នំ១៥០០ ជាបន្តបន្ទាប់ និងព្រមានមិនទទួលខុសត្រូវចំពោះការខូចខាត និងចាត់វិធានការច្បាប់ ចំពោះពលរដ្ឋ ចំនួន ៣១គ្រួសារ នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រសិនបើពលរដ្ឋមិនព្រមរុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លីជាមួយអាជ្ញាធរ ខណៈពលរដ្ឋ ៦៧គ្រួសារផ្សេងទៀត បានយល់ព្រមរុះរើពីតំបន់ភ្នំ១៥០០ និងចាកចេញទៅទីតាំងថ្មី ដែលរដ្ឋបាលខេត្តបានរៀបចំហើយ។
ការចាត់វិធានការក្តៅបណ្តេញពលរដ្ឋចេញពីដីធ្លីនេះ ធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីចុងខែមីនាកន្លងទៅ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ពិនិត្យមើលដីនៅតំបន់ភ្នំ១៥០០ ដើម្បីទុកជាធម្មជាតិ។ លោកថ្លែងបែបនេះ នៅក្នុង ពិធីសម្ពោធឆ្លងព្រះបទុមចេតិយ នៅវត្តមណីរតនារាម នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ ចំពោះការប្រើប្រាស់ចំណាត់ការតាមផ្លូវតុលាការ ចំពោះបញ្ហាវិវាទដីធ្លី។ លោកចង់ឃើញអាជ្ញាធរ និងប្រជាពលរដ្ឋ ជជែកចរចាគ្នារកដំណោះស្រាយដោយសន្តិវិធី ជៀសវាងការប្រើប្រាស់វិធានការច្បាប់។
លោក អំ សំអាត៖«យើងជាអង្គការសង្គមស៊ីវិល យើងយល់ឃើញថា អាជ្ញាធរ និងពលរដ្ឋគួរតែបន្តការចរចា និងជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ជាជាងការប្រើប្រាស់តាមប្រព័ន្ធច្បាប់ ជាពិសេសប្រព័ន្ធតុលាការ ដែលនាំឲ្យមានការចាប់ខ្លួន ការឃុំខ្លួន។ វាជាយន្តការមួយ ឬក៏ដំណោះស្រាយមួយ ដែលមិនល្អទេ ហើយអ្វីដែលសំខាន់យើងចង់ឃើញការដោះស្រាយ និងការចរចាគ្នាដោយសន្តិវិធី ហើយស្វែងរកដំណោះស្រាយមួយ ដែលអាចទទួលយកបានទាំងអស់គ្នា វាជារឿងល្អ។ កាលណាមានការប្ដឹងផ្ដល់ មានការចាប់ មានការឃុំខ្លួន នឹងអាចទទួលបាននូវការរិះគន់ពីសាធារណជន និងមតិផ្សេងៗពីការចាប់ខ្លួនហ្នឹងទៅវិញ»។
ពលរដ្ឋស្នើដល់តុលាការឲ្យទម្លាក់ការចោទប្រកាន់ លើតំណាងពលរដ្ឋមានវិវាទដីធ្លី ២៤គ្រួសារ លោកស្រី សេន ពិសី ហើយបើគ្មានដំណោះស្រាយសមរម្យទេ ពួកគាត់នឹងបន្តការតវ៉ាទាមទារតុលាការដោះលែងតំណាងពលរដ្ឋ លោកស្រី សេន ពិសី ឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។