ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូន អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ និងឧកញ៉ា សង ថន ដាក់ពន្ធនាគារបណ្ដោះអាសន្ននៅរសៀលថ្ងៃទី៧ កក្កដា។ តុលាការ បានចោទប្រកាន់អ្នកទាំង ២ចំនួន ៣បទល្មើសក្នុងរឿងទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋជាង ៣០០គ្រួសារនៅស្រុកគាស់ក្រឡ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ចំណាត់របស់តុលាការនេះ នឹងធ្វើឱ្យតំណាងពលរដ្ឋចំនួន ៧នាក់ ក្នុងវិវាទដីនេះរួចផុតពីការចោទប្រកាន់របស់តុលាការនៅពេលខាងមុខ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី ចាត់ទុកចំណាត់ការរបស់តុលាការនេះថា ជាក្ដីសង្ឃឹមថ្មីមួយរបស់ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ ធ្វើឱ្យពួកគាត់បានដីដាំដុះដោយមិនមានការភ័យព្រួយដូចពេលមុនទៀត។ លោកបន្តថា ការសម្រេចរបស់តុលាការនេះ បញ្ជាក់ថា ពលរដ្ឋដែលមានវិវាទដីធ្លីនៅស្រុកគាស់ក្រឡជាង ៣០០គ្រួសារនោះ ពុំបានប្រព្រឹត្តខុសច្បាប់នោះទេ ដូច្នេះតុលាការនឹងទម្លាក់ចោលការចោទប្រកាន់លើតំណាងពលរដ្ឋចំនួន ៧នាក់ ក្នុងពេលឆាប់ៗ ខាងមុខ។ លោកឲ្យដឹងទៀតថា កន្លងទៅសាលាដំបូងខេត្តបាត់ដំបងបានផ្ដន្ទាទោសតំណាងពលរដ្ឋទាំង ៧នាក់ដាក់គុក ១ឆ្នាំ និងឱ្យរួមគ្នាផ្ដល់ប្រាក់ ៥ពាន់ដុល្លារអាមេរិក (៥.០០០) ដល់ឧកញ៉ា សង ថន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចនេះ៖ «ចំណាត់ការនេះចេញពីថ្នាក់ជាតិមកវិញអីចឹងយើងឃើញថាថ្នាក់ក្រោមជាតិដូចជាអត់ហ៊ានចាត់វិធានការអីទេរង់ចាំចំណាត់ការបីខាងលើកមកលុះត្រាពីខាងលើបញ្ជាមក។អីចឹងយើងឃើញថាការដោះស្រាយរបៀបនេះវាមិនបានល្អទេ យើងចង់ឱ្យមានដំណោះស្រាយបែបភ្លៀងរលឹមយើងមិនចង់ឱ្យមានដំណោះស្រាយបែបភ្លើងចំបើងឆេះតែមួយឆាវហើយបាត់ទៅវិញអីចឹងយើងចង់ឱ្យចំណាត់ការនេះវាមានជានិរន្តតែម្ដងដោយមិនបាច់ចាំមានបញ្ជាពីថ្នាក់លើមកទេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ក្រោយពីការចាប់ខ្លួនអភិបាលរងខេត្តបាត់ដំបងម្នាក់ និងឧកញ៉ាម្នាក់មកអាជ្ញាធរខេត្តនេះបានបណ្ដាក់គ្នាចុះទៅសម្របសម្រួលជាមួយពលរដ្ឋដល់ទីកន្លែងជាបន្តបន្ទាប់។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណ: បានប្រាប់កាសែតក្នុងស្រុកថា អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់និង ឧកញ៉ា សង ថន ត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារហើយនៅរសៀលថ្ងៃទី៧ កក្កដា។ តុលាការ បានចោទលោក ស៊ូ អារ៉ាហ្វាត់ចំនួន៣បទល្មើស គឺពីបទបំផ្លាញដោយចេតនា ពីបទគេងបំបាត់ដោយទុច្ចរិត និងពីបទស៊ីសំណូក។ ចំណែកឧកញ៉ា សង ថន ចោទប្រកាន់ពីបទបំផ្លាញដោយចេតនា បទគេងបំបាត់ដោយទុច្ចរិត។ ការចោទប្រកាន់នេះ បន្ទាប់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន ទៀង បានបញ្ជូនអ្នកទាំង២ ទៅតុលាការពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីជាមួយពលរដ្ឋនៅស្រុកគាស់ក្រឡកាលពីថ្ងៃទី៦ កក្កដា។ ចំណាក់ការរបស់តុលាការនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកក្កដា បានសម្រេចឱ្យអាជ្ញាធរពាក់ព័ន្ធកាត់ឆ្វៀលដី និងធ្វើប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋដែលកំពុងកាន់កាប់យូរមកហើយ លើដីរបស់ពួកគេ ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងគម្របព្រៃឈើនៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះទៀតនៅថ្ងៃទី៧កក្កដា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ លោក ម៉ម កាត់ ថ្លែងថា ពួកលោកជាជនរងគ្រោះក្នុងរឿងវិវាទដីនេះធ្វើឱ្យជីវភាពចេះតែក្រីក្រ ដោយសារមិនបានដាំដុះនៅលើដីទំនាស់ឱ្យបានពេញលេញ។ លោកបន្តថា ឧកញ៉ា សង ថន តែងតែរារាំងដល់ការបង្កបង្កើនផលរបស់ពួកគាត់ជាបន្តបន្ទាប់៖ «ហើយពលរដ្ឋនៅស្រុកគាស់ក្រឡនេះសូម្បីតែជាន់ដីឧកញ៉ា សង ថនអត់បានផង។ខ្ញុំធ្លាប់មានប្រវត្តិខ្ញុំមកបេះផ្លែកន្ទួតព្រៃជូនកាលក្រុមរបស់ពួកគាត់ហ្នឹងមកយកផ្លែកន្ទួតព្រៃដែលប្រជាពលរដ្ឋបេះបានបន្តិចបន្តួចហ្នឹងគាត់មកគំរាមកំហែងទៅដកហូតយកអស់ហើយគោក្របីអីចូលទៅកន្លែងគាត់អីចឹងគាត់ថាគោរបស់គាត់ក៏មានដែរ យំស្រែកពេញហ្នឹងឯង ហើយដើរលើផ្លូវដែលគាត់កាយធ្វើក្រវាត់ដីហ្នឹងជូនកាលគាត់អត់ឱ្យដើរទេ។គេអបអរសាទរដោយសារបានរកឃើញចំណុចកន្លែងហ្នឹងដែលត្រូវគន្លឹះត្រូវធ្វើគ្រប់បែបយ៉ាងនៅកន្លែងហ្នឹងធ្វើឱ្យប្រជាពលរដ្ឋអបអរសាទរមួយប្រទេស » ។
លោកបន្តថា ឧកញ៉ារូបនេះ កាន់កាប់ដីនៅស្រុកគាស់ក្រឡជិត ១ម៉ឺន (១០.០០០) ហិកតារ ឬប្រមាណ ១ ភាគ ៤ នៃផ្ទៃដីសរុបនៅក្នុងស្រុកមួយនេះ ក្នុងនោះផ្ទៃដីប្រមាណ ១ពាន់ហិកតារមានទំនាស់ជាមួយពលរដ្ឋនៅ ភូមិតានួតឃុំព្រះផុស និងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ជាង ៣០០គ្រួសារជាមួយលោក ឧកញ៉ា សង ថន ផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១៥ រហូតមក។ អ្នកភូមិចោទប្រកាន់ឧកញ៉ារូបនេះថាបានឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្ដឹងពលរដ្ឋម្ចាស់ដីទៅតុលាការដើម្បីរំលោភយកដីទាំងនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។