នៅពេលដែលក្រុមសមត្ថកិច្ច នឹងសន្តិសុខខណ្ឌដូនពេញ រុញក្រុមអ្នកភូមិបឹងកក់នោះ គឺបណ្ដាលឲ្យស្ត្រីពីរនាក់ដួលសន្លប់ និងស្ត្រីម្នាក់ផ្សេងទៀតរងរបួសដៃ។ តំណាងអ្នកភូមិបឹងកក់ បានថ្លែងថា គោលបំណងដែលពួកគាត់មកមុខព្រះបរមរាជវាំងនេះ ដើម្បីថ្វាយលិខិតដល់ព្រះមហាក្សត្រី ជួយអន្តរាគមន៍ដល់អ្នកភូមិបឹងកក់ គឺមិនមែនមកឲ្យសមត្ថកិច្ចប្រើហិង្សានោះឡើយ។
ក្រោយពេលដែលក្រុមសមត្ថកិច្ច និងពលរដ្ឋរដ្ឋតំបន់បឹងកក់ ប្រឈមមុខដាក់គ្នាបង្កឲ្យមានរបួសហើយនោះ ក្រុមមន្ត្រីព្រះបរមរាជវាំងបានចេញមកទទួលញត្តិរបស់អ្នកភូមិនៅខាងក្រៅព្រះបរមរាជវាំង ហើយសុំឲ្យអ្នកភូមិវិលត្រឡប់ទៅផ្ទះវិញ។
បើទោះបីជាយ៉ាងណាមន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានថ្លែងថា សមត្ថកិច្ចគួរតែសម្របសម្រួល និងដោះស្រាយជាមួយពលរដ្ឋដោយសន្តិវិធី មិនគួរប្រើហិង្សាលើពលរដ្ឋនោះឡើយ។
ក្រុមអ្នកភូមិបឹងកក់ បានព្យាយាមរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិនានា ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពវិញ និងដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងកក់ឲ្យចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។