ប្រជាសហគមន៍បឹងតាមោកប្រមាណ២០នាក់ ទៅសាកសួរញត្តិរបស់ពួកគាត់នៅសាលារាជធានីភ្នំពេញ បន្ទាប់ពីគ្មានការឆ្លើយតបណាមួយពីអាជ្ញាធរ ក្រោយពួកគាត់ដាក់កាលពីថ្ងៃទី៣ ខែសីហា។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលត្រូវពន្លឿនដោះស្រាយ បញ្ហាដីធ្លីបឹងតាមោកដោយតម្លាភាព និងសន្តិវិធី ចៀសវាងការបណ្ដេញចេញដោយបង្ខំ។
តំណាងពលរដ្ឋសហគមន៍ដីធ្លីបឹងតាមោកប្រមាណ ២០នាក់ ដែលរស់នៅសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំគ្នាទៅសាកសួរញត្តិរបស់ពួកគាត់នៅសាលារាជធានីភ្នំពេញ។ ក្រោយពីជួបអាជ្ញាធររាជធានី ពួកគាត់ប្រកាសរក្សាជំហរ មិនទទួលយកការដោះដូរដីទៅទីតាំងថ្មីឡើយ។ ពួកគាត់យល់ថារដ្ឋាភិបាល ត្រូវធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ឬទិញដីរបស់ប្រជាសហគមន៍ ដើម្បីបញ្ចប់វិវាទដីធ្លីជាមួយសហគមន៍ និងផ្ដល់យុត្តិធម៌ ស្មើគ្នាដូចសំណង់បុរីដែលទើបសាងសង់ក្បែរតំបន់បឹងតាមោកនោះប្រមាណ១០ឆ្នាំ។
តំណាងសហគមន៍ដីធ្លីបឹងតាមោក លោកស្រី សឿន ស្រីសុត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃ៣ តុលា ថា លោកស្រីគ្មានសង្ឃឹមទៅលើការដោះស្រាយរបស់អាជ្ញាធរសាលារាជធានីភ្នំពេញឡើយ ព្រោះអាជ្ញាធរបង្ហាញកាយវិការ ហាក់ដូចគ្មានឆន្ទៈក្នុងការដោះស្រាយ។ លោកស្រីបន្តថា អ្នកស្រីរស់នៅបឹងតាមោកតាំងពីឆ្នាំ ១៩៩០ មក និងអាស្រ័យផលស្រែប្រាំងជាប្រចាំ ហើយអាជ្ញាធរភូមិ និងឃុំក៏ទទួលស្គាល់ត្រឹមត្រូវ។ លោកស្រី បន្តទៀតថា ប្រជាសហគមន៍បឹងតាមោក ក៏បានយកញត្តិទៅដាក់នៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សារបស់អាជ្ញាធរមកលើសហគមន៍បឹងតាមោក។ លោកស្រី សឿន ស្រីសុត ប្ដេជ្ញារក្សាជំហរមិនដោះដូរដីថ្មីឡើយ ដោយលោកស្រីបញ្ជាក់ថា បើអាជ្ញាធរត្រូវការដីអភិវឌ្ឍន៍ចាំបាច់អាចទិញដីអ្នកស្រីក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។ លោកស្រី សឿន ស្រីសុត អំពាវនាវដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាដីធ្លីនៅបឹងតាមោកដោយយុត្តិធម៌ត្រឹមត្រូវ៖ «ពួកខ្ញុំគ្មានសង្ឃឹមទេ ព្រោះអីអាជ្ញាធរគាត់ថា ដី១០ម៉ែត្រក៏ដោយ ១៥ម៉ែត្រក៏ដោយ គឺគោលនយោបាយគាត់ គឺត្រូវការដោះដូរតែដី៤ម៉ែត្រ។ តើអោយពួកខ្ញុំទទួលយកកើតអត់ ? គឺពួកខ្ញុំសុខចិត្តលក់ក្នុងតម្លៃទីផ្សារ អាហ្នឹងសម្រាប់តែពួកខ្ញុំដែលមិនព្រមដោះដូរហាស។ និយាយរួមទៅជួបសាលាក្រុងលើកទី៤ហើយ ចូលទៅគាត់ធ្វើអត់ស្គាល់ពួកខ្ញុំទៀត គាត់ថានៅខាងណា ? មកហ្នឹងមកមានបំណងអ្វី គាត់ថាអត់ស្គាល់ពួកខ្ញុំ ដល់អ៊ីចឹងដូចជា ប្រហែលជាគាត់សម្ដែងទេមើលទៅ»។
តំណាងសហគមន៍ដីធ្លីបឹងតាមោកម្នាក់ទៀតដែលទើបចេញពីមន្ទីរពេទ្យក្រោយរងរបួសពីការប្រើហិង្សារបស់អាជ្ញាធរខណ្ឌព្រែកព្នៅ អ្នកស្រី ប្រាក់ សុភា លើកឡើងថា លោកស្រី អស់ជំនឿចំពោះអាជ្ញាធរខណ្ឌ និងរាជធានីភ្នំពេញពាក់ព័ន្ធការដោះស្រាយបញ្ហាដីធ្លីសហគមន៍បឹងតាមោក ព្រោះអាជ្ញាធរតែងបង្កហិង្សាលើប្រជាសហគមន៍ជាបន្តបន្ទាប់រួមទាំងរូបលោកស្រី។ លោក ស្រីនៅតែបន្តអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយសហគមន៍ដីធ្លីបឹងតាមោក និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ប្រជាសហគមន៍។ លោកស្រីថា អាជ្ញាធររាជធានីភ្នំពេញសន្យាកំណត់ថ្ងៃទី៦ តុលា ចុះមកសហគមន៍បឹងតាមោក ដើម្បីបញ្ជាក់ និងកំណត់ចំនួនប្រជាសហគមន៍ ដែលព្រមទទួលយកការដោះដូរដីធ្លី និងអ្នកមិនព្រមទទួលយកឡើងវិញ។ លោកស្រី ប្រាក់ សុភា គាំទ្រការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ប៉ុន្តែត្រូវអភិវឌ្ឍន៍នៅនឹងកន្លែង ដែលមិនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋក្នុងសហគមន៍ឡើយ៖ «គាត់អោយខាងតំណាងសហគមន៍ទាំង១២នាក់ហ្នឹងឡើងទៅសាលាខណ្ឌជាមួយគាត់ ហើយហៅពលរដ្ឋម្ដង៣គ្រួសារ។ អ្នកណាព្រមដូរ អ្នកណាព្រមនៅ អ៊ីចឹងខ្ញុំថា បើអោយតំណាងចូលរួមខ្ញុំព្រម តែបើសិនជាក្នុងខណៈដែលពលរដ្ឋខ្ញុំអត់ព្រមដោះដូរ លោកមិនមានសិទ្ធិក្នុងការសម្លុត និងគំរាមពលរដ្ឋខ្ញុំជាដាច់ខាត។ អ៊ីចឹងគាត់ថា ហ្នឹងហើយបានសុំឱ្យអន្តរាគមន៍ខាងតំណាង គាត់ថាអ៊ីចឹងហាស។ពួកខ្ញុំទាំង១២នាក់ហ្នឹង គឺអន្តរាគមន៍សមាជិកខ្ញុំនៅក្នុងសហគមន៍ អ្នកដែលចង់ដូរពួកខ្ញុំអត់មានសិទ្ធិក្នុងនាមនាងខ្ញុំជាតំណាង អត់មានសិទ្ធិឃាត់ អត់មានសិទ្ធិបង្ខំទេ អញ្ជើញទៅដូរចុះ តែអ្នកដែលមិនព្រមដូរ គឺពួកខ្ញុំត្រូវតែអន្តរាគមន៍សុំអភិវឌ្ឍន៍នៅហ្នឹងកន្លែង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេថ្ងៃទី៣តុលា ដោយលោកថា រវល់បើកឡាន។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរតែពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយប្រើហិង្សា។ លោកបន្តថា អាជ្ញាធរត្រូវដោះស្រាយដោយតម្លាភាព កុំឱ្យមានការរិះគន់ និងចោទប្រកាន់ផ្សេងៗទៅលើរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលកន្លងមកក៏បានសម្បទានដីទៅស្ថាប័នរដ្ឋ និងឯកជនមួយចំនួនដែរ។ ជាមួយគ្នានេះ លោក អំ សំអាត អះអាងថា កាលណាមានអំពើហិង្សាកើតឡើង ហើយគ្មានការស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកប្រព្រឹត្តនោះទេ នឹងក្លាយទៅជាវប្បធម៌មួយគាំទ្រ និងលើកទឹកចិត្តឱ្យមានការបន្តប្រើអំពើហិង្សាបន្តទៀត៖ ««ជាចំណុច ដែលយើងមានការព្រួយបារម្ភ ខ្លាចកើតនូវការបណ្ដេញចេញដោយបង្ខំណាមួយ ហើយវាអាចកើតនូវអំពើហិង្សាប្រទូសរ៉ាយគ្នាកើតឡើង ហើយអាចឈានទៅដល់ការចាប់ខ្លួន ឬការឃុំខ្លួនប្រជាពលរដ្ឋ ដូចជាករណីដីធ្លីមុនៗទៀតដែរ។ ពីព្រោះដល់ពេលនេះហើយ យើងគួរតែបញ្ចប់ នៃការបណ្ដេញចេញដោយបង្ខំ ឬក៏បញ្ហាការកើតឡើងដោយអំពើហិង្សាណាមួយ ឬក៏ការចោទប្រកាន់ឬការចាប់ខ្លួនជាបន្តទៅទៀតទាក់ទងទៅរឿងបញ្ហាដីធ្លី។ គួរតែស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយតម្លាភាព និងយុត្តិធម៌អាច»។
កន្លងមកក្រុមប្រជាសហគមន៍បឹងតាមោក ធ្លាប់ជួបប្រជុំជាមួយតំណាងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកដំណោះស្រាយដីធ្លី។ ប្រជាសហគមន៍អះអាងថា អាជ្ញាធរបានបង្ខំឱ្យពួកគេដោះដូរដីទៅរស់នៅទីតាំងថ្មី ស្ថិតនៅសង្កាត់សំរោងដូចគ្នា ប៉ុន្តែក្រុមពលរដ្ឋមិនព្រមទទួលយកឡើយ ដោយទាមទារអភិវឌ្ឍន៍នៅនឹងកន្លែងកាលពីថ្ងៃទី១២ ខែកញ្ញា។
ប្រជាសហគមន៍ និងសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាដីធ្លីបឹងតាមោក ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នារវាងអាជ្ញាធរជាមួយសហគមន៍ដោយអំពើហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។