ពលរដ្ឋរស់នៅសហគមន៍បុរីកីឡាពីរគ្រួសារយល់ព្រមទទួលយកសំណងជាលុយពីសាលាក្រុងភ្នំពេញ ដើម្បីចាកចេញពីអាគារចាស់នៅបុរីកីឡា។ ប៉ុន្តែនៅមានពលរដ្ឋជាង ១០គ្រួសារទៀត មិនទាន់យល់ព្រមទទួលសំណងនៅឡើយទេ។ មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលបញ្ហានេះ ស្នើទៅសាលាក្រុងដោះស្រាយបញ្ហានេះឱ្យមាន តម្លាភាព និងជៀសវាងប្រើហិង្សាបណ្ដេញពលរដ្ឋចេញដូចពីអតីតកាល។
ពលរដ្ឋរស់នៅសហគមន៍បុរីកីឡាពីរគ្រួសារដែលយល់ព្រមទទួលយកសំណង ជាលុយពីសាលាក្រុងភ្នំពេញនោះ គឺគ្រួសារលោកស្រី សរ ស៊ន ដែលជាតំណាងសហគមន៍បុរីកីឡា និងគ្រួសារលោកស្រី ប៉ាន ចន្ធី។
លោកស្រី សរ ស៊ន ឱ្យអាស៊ីសេរីដឹងថ្ងៃទី៨ ខែកញ្ញា ថា សំណងដែលលោកស្រីទទួលបានពីសាលាក្រុង គឺលុយចំនួនពីរម៉ឺនដុល្លារ ដែលទឹកប្រាក់នេះសមល្មមឱ្យលោកស្រី ទិញបន្ទប់នៅតំបន់បុរីកីឡា។ លោកស្រីបន្តថា មូលហេតុដែលលោកស្រីយល់ព្រមទទួលសំណង ព្រោះមិនចង់ប្រឈមនឹងការបណ្ដេញចេញជាថ្មី និងខ្លាចអត់ទីជម្រករស់នៅ ក្នុងរដូវវស្សានេះ៖ «ដោយសារការរស់នៅមីងប្រឈមបញ្ហាគ្រប់បែបយ៉ាងណាមួយខែវស្សាអាគារចាស់ពិបាករស់នៅ ហើយមីងក៏ចាស់ហើយមុនមីងយកមីងដេកគិត អង្គុយប៉ុន្មានថ្ងៃដេកអត់លក់ទេ»។
តំណាងសហគមន៍បុរីកីឡារូបនេះឱ្យដឹងទៀតថា ចំពោះគ្រួសារលោកស្រី ប៉ាន ចន្ធី បានទទួលសំណងតែមួយម៉ឺនដុល្លារទេ។ ទាក់ទងការទទួលបានប្រាក់សំណងខុសគ្នាបែបនេះ លោកស្រី សរ ស៊ន ថា សាលាក្រុងផ្ដល់សំណង គឺអាស្រ័យទៅតាមឯកសាររបស់ពលរដ្ឋនីមួយៗ។
ដោយឡែក ពលរដ្ឋបុរីកីឡាលោកស្រី ដាញ់ គង្គា ដែលមិនព្រមទទួលសំណងវិញ ប្រាប់អាស៊ីសេរីថា មូលហេតុដែលលោកស្រីមិនទាន់យល់ព្រមទទួលសំណង ព្រោះសាលាក្រុងភ្នំពេញផ្ដល់ថវិកាតិចតួចពេក ដែលមិនគ្រប់ចំនួនឱ្យលោកស្រីអាចទិញផ្ទះនៅតំបន់បុរីកីឡាបាន៖ «ខ្ញុំសុំតែជាន់ទីមួយក៏បាន ជាន់ទីពីរក៏បាន បើថា ពិបាកពេកជាន់ទីបីក៏ខ្ញុំក៏យកដែរ ព្រោះមិនដឹងម៉េចទៅអីនៅណាទេ អត់មានផ្ទះនៅទេ»។
ចំណែក ពលរដ្ឋសហគមន៍បុរីកីឡាម្នាក់ទៀត លោកស្រី យ៉ង់ សារឹម ស្នើទៅសាលាក្រុងភ្នំពេញកុំទាន់អាលវាយកម្ទេចអគារចាស់ ដែលលោកស្រីកំពុងរស់នៅ ក្នុងករណីមិនទាន់មានដំណោះស្រាយ។ លោកស្រីសំណូមពរដល់លោក ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ រឿងនេះ៖ «សូមកុំទាន់ឈូសអគារសូមឱ្យសម្ដេចទប់ស្កាត់ ចាំដោះស្រាយឱ្យពួកខ្ញុំរួចរាល់សិន ចាំលោកធ្វើអីក៏ធ្វើចុះ»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអភិបាលរងរាជធានី ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែលទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីនៅតំបន់បុរីកីឡានេះបានទេ នៅថ្ងៃទី៨ កញ្ញា ដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។ រីឯ អភិបាលរាជធានី ភ្នំពេញ លោក ឃួង ស្រេង វិញ និយាយថា ទូរស័ព្ទ ស្ដាប់មិនលឺ ហើយក៏ចុចផ្ដាច់ឈប់ទទួលការហៅចូលរបស់អាស៊ីសេរី។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ដែលតាមដានករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅបុរីកីឡានេះ សង្កេតឃើញថា ដំណោះស្រាយកន្លងមក អាជ្ញាធរមិនបានប្រើរបៀបដោះស្រាយដែលមានប្រព័ន្ធច្បាស់លាស់ និងមានតម្លាភាពនោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញអាជ្ញាធររាជធានីភ្នំពេញ ផ្ដល់ដំណោះស្រាយមួយដែលមានឆន្ទៈពិតប្រាកដ និងដោយបើកចំហ៖ «សូមធ្វើដោះស្រាយកុំឱ្យមានអំពើហិង្សា កុំចាត់វិធានការរដ្ឋបាល ដូចជាការដាក់ឱសានវាទឱ្យគាត់អ៊ីចឹងហើយចាត់វិធានការដោយបណ្ដេញគាត់ចេញ បើកាលណាចាត់វិធានការរដ្ឋបាលមានន័យថា ច្បាស់ជាមានការបង្ខំឱ្យគាត់ដើរចេញអ៊ីចឹងហើយ»។
កាលពីថ្ងៃទី១៥ ខែសីហា សាលារាជធានីភ្នំពេញបានព្រមានអ្នកបុរីកីឡាទាំងអស់ដែលរស់នៅក្នុងអគារចាស់ ត្រូវរូសរាន់ទៅជួបមន្ត្រីរដ្ឋបាលសាលាក្រុង ដើម្បីពិភាក្សាគ្នាអំពីរឿងសំណង ជាថ្នូរនឹងការចាកចេញ។
តំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន ឱ្យដឹងថា គិតមកដល់ពេលនេះ នៅសល់តែពលរដ្ឋ ១២គ្រួសារទៀតទេ ដែលមិនទាន់យល់ព្រមទទួលសំណង។ លោកស្រីស្នើឱ្យសាលាក្រុងភ្នំពេញបញ្ចប់ទំនាស់ដីធ្លីនេះដោយគ្មានអំពើហិង្សា ឬគ្មានការបណ្ដេញចេញដោយបង្ខំ ដូចកាលពីជាង ៧ឆ្នាំមុន នោះឡើយ។
កាលពីឆ្នាំ២០១២ កន្លងទៅ អាជ្ញាធរក្រុងភ្នំពេញបានប្រើគ្រឿងចក្រឈូសកម្ទេចផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារនៃសហគមន៍បុរីកីឡា ដែលមិនព្រមចាកចេញ។ ការបណ្ដេញចេញដោយបង្ខំនោះ ធ្វើឱ្យពលរដ្ឋរងគ្រោះមួយចំនួនធ្លាក់ខ្លួនដើរសុំទាន ដើររើសអេតចាយ និងធ្វើជាស្ត្រីបម្រើផ្លូវភេទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។