មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋបុរីកីឡា ជំរុញទៅសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាដីធ្លីដល់ពលរដ្ឋបុរីកីឡា ដែលនៅសេសសល់ ១២គ្រួសារ ដើម្បីទទួលបានកន្លែងរស់នៅសមរម្យ។ សំណើនេះធ្វើឡើងខណៈអាជ្ញាធរបានវាយកម្ទេចអគារបុរីកីឡាអស់រួចហើយ ប៉ុន្តែមិនទាន់បានផ្ដល់សំណងសមរម្យដល់ពលរដ្ឋដែលនៅសេសសល់នៅឡើយ។
ពលរដ្ឋបុរីកីឡាត្អូញត្អែរថា ក្រោយបាត់បង់ជម្រកពួកគេដើរសុំបន្ទប់បងប្អូន ឬអ្នកជិតខាងរស់នៅ អ្នកខ្លះគេងក្រោមសំយាបផ្ទះរបស់គេនៅក្នុងតំបន់បុរីកីឡា។ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ការព្រងើយកន្តើយរបស់សាលាក្រុងភ្នំពេញ ដែលអូសបន្លាយមិនដោះស្រាយជូនពលរដ្ឋបែបនេះអាចនឹងធ្វើឱ្យវិបត្តិដីធ្លីតំបន់នេះរីករាលដាលកាន់តែធំ និងរ៉ាំរ៉ៃ។
ពលរដ្ឋបុរីកីឡាលោកស្រី ភោគ សុភីន ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៥ ខែតុលា ថា ពេលនេះសាលា ក្រុងភ្នំពេញហាក់ព្រងើយកន្តើយ ចំពោះពលរដ្ឋដោយមិនបានទាក់ទងមកពលរដ្ឋអំពីការផ្តល់សំណង ហើយពេលពលរដ្ឋទូរស័ព្ទទៅ ក៏មន្ត្រីសាលាក្រុងមិនទទួលទូរស័ព្ទរបស់ពួកគេដែរ។ លោកស្រីឱ្យដឹងទៀតថា អាជ្ញាធរមូលដ្ឋានថែមទាំងព្រមានមិនឱ្យពលរដ្ឋទាំង ១២គ្រួសារធ្វើបាតុកម្មទាមទារថែមទៀតផង ដោយពួកគេព្រមានថា និងបង្ក្រាបប្រសិនបើពលរដ្ឋហ៊ានធ្វើការតវ៉ា៖ «គេគំរាមគេមិនឱ្យចេញតវ៉ាអ៊ីចឹងហើយពួកខ្ញុំអត់អីហូបផងនិយាយទៅពិបាកមែនទែនអូន សម្រាប់ពួកបងដែលនៅសេសសល់»។
លោកស្រី ភោគ សុភីន ប្រាប់ថា អ្វីដែលពលរដ្ឋទាំង ១២គ្រួសារចង់បាន គឺការអភិវឌ្ឍនៅនឹងកន្លែង ដែលជាការផ្តល់បន្ទប់អាគារឱ្យពួកគេនៅតំបន់បុរីកីឡាដដែល ប៉ុន្តែសាលាក្រុងភ្នំពេញបែរជាឱ្យពួកគាត់ ទៅនៅឯភូមិអណ្តូង ខណ្ឌព្រែកព្នៅ ជាយក្រុងភ្នំពេញ ដែលជាតំបន់ដាច់ស្រយាល ឬក៏ទទួលទឹកប្រាក់ពី ៣ពាន់ (៣.០០០) ទៅ ៥ពាន់ (៥.០០០) ដុល្លារ ដែលមិនសាកសមនឹងការបាត់បង់លំនៅរបស់ពលរដ្ឋទាំងនេះ។
ទាក់ទងការទាមទាររបស់ពលរដ្ឋនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ប៉ុន្តែគ្រាន់តែឮថា ជាអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីលោកឆ្លើយថា កំពុងប្រជុំ និងបិទទូរស័ព្ទឈប់ឆ្លើយតប៖ «អ្នកណាគេហ្នឹង ខ្ញុំជាប់ប្រជុំ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា ចំនួនពលរដ្ឋ ដែលនៅសេសសល់ មិនច្រើននោះទេ។ ដូច្នេះអាជ្ញាធរគួរដោះស្រាយបញ្ចប់បញ្ហានេះ ចៀសវាងទៅថ្ងៃមុខកើតជាបញ្ហាធំ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅភាគីសាលាក្រុងភ្នំពេញ និងពលរដ្ឋគួរមានការសម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីរកចំណុចរួមមួយនៃការផ្តល់សំណងនេះ៖ «ខ្ញុំមានយោបល់ទៅទាំងអាជ្ញាធររាជធានី និងទាំងសហគមន៍យើងគួរសម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យមានការដោះស្រាយដែលអាចទទួលយកបាន»។
កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញបានវាយកម្ទេចអគារបុរីកីឡាចាស់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ និងចាប់ខ្លួនពលរដ្ឋដែលមិនព្រមទទួលសំណងមួយចំនួនយកទៅឃុំខ្លួនថែមទៀតផង។
កាលពីឆ្នាំ២០១២ អាជ្ញាធរក្រុងភ្នំពេញបានប្រើគ្រឿងចក្រឈូសកម្ទេចផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារនៅសហគមន៍បុរីកីឡា ដែលមិនព្រមចាកចេញ ដើម្បីយកដីនោះឱ្យទៅក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន។ ការបណ្ដេញចេញដោយបង្ខំនេះធ្វើឱ្យពលរដ្ឋរងគ្រោះមួយចំនួនធ្លាក់ខ្លួនដើរសុំទាន ដើររើសអេតចាយ និងខ្លះទៀតប្រកបរបរជាស្ត្រីបម្រើផ្លូវភេទ។
លោក វណ្ណ សូផាត ព្រួយបារម្ភថា បើសាលាក្រុងភ្នំពេញមិនព្យាយាមបញ្ចប់វិបត្តិដីធ្លីនៅតំបន់បុរីកីឡាក្នុងពេលនេះទេ បញ្ហានេះនឹងបន្តអូសបន្លាយដូចកាលពីជាង ៧ឆ្នាំមុន ដែលបន្តរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។