មន្ត្រី​របប​ភ្នំពេញ​ថា របាយការណ៍​របស់ CCHR រឿង​ទំនាស់​ដីធ្លី មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត

មន្ត្រី​របប​ក្រុងភ្នំពេញ​បាន​រិះគន់​ថា ការ​លើកឡើង​នៅ​ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថា មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្ដែង និង​មិនបាន​វិភាគ​ឱ្យ​បាន​ស៊ីជម្រៅ​នៃ​ឫសគល់​នៃ​បញ្ហា​ក្នុង​រឿង​ជម្លោះដីធ្លី​នោះ​ទេ។ ប៉ុន្តែ មន្ត្រី​អង្គការ​CCHR ថ្លែង ថា​អង្គការ​នេះ បាន​សិក្សា​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រឿង​ជម្លោះដីធ្លី​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​នេះ។

អ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​ថា របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មិន​បាន​មើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​គោលបំណង​ដាក់​បន្ទុក​និង​បន្តុះបង្អាប់​ទៅដល់​សមត្ថកិច្ច​តែប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ​គួរតែ​ពិនិត្យមើល​ឫសគល់​នៃ​បញ្ហា​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី ឬមួយ​ការ​ជួប​ប្រជុំ​នេះ​បង្ក​ទៅជា​អំពើ​ហិង្សា ឬមួយ​មាន​អ្វី​ដែល​នៅ​ពីក្រោយ​នៃ​ការ​ជួប​ប្រជុំ​នោះ៖ «រដ្ឋាភិបាល​ធានា​នូវ​សិទ្ធិ​ការ​ធ្វើ​បាតុកម្ម ឬ​សិទ្ធិ​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​មិនមែន​តែ​រឿង​ដីធ្លី​ទេ។ រឿង​គ្រប់​ផ្សេង​ទាំងអស់​។ ក៏ប៉ុន្តែ​ការ​តវ៉ា​ទាំងឡាយ​ណា​ដែល​ឈាន​ទៅ​រក​អំពើ​ហិង្សា​ដែល​បំពាន​ច្បាប់​លើស​ព្រំដែន​កំណត់​នៃ​ច្បាប់​បាន​ន័យ​ថា ឈាន​ដល់​ការបំពាន​សិទ្ធិ​សេរីភាព​របស់​អ្នក​ដ៏ ទៃ​ប៉ះពាល់​ដល់​អាយុជីវិត សុវត្ថិភាព​របស់​សមត្ថកិច្ច ក៏ដូចជា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ អាហ្នឹង​សមត្ថកិច្ច​ត្រូវ​ចាត់​គ្រប់​វិធានការ​ទាំងអស់​ដើម្បី​ទប់ស្កាត់​ទៅ​នឹង​អំពើ​ហិង្សា​ទាំងអស់​នោះ»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​ចេញ​របាយការណ៍​មួយ​ដោយ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៨ ដល់ ខែ​មីនា ឆ្នាំ​២០១៩ មាន​មនុស្ស​ចំនួន ១៩​នាក់​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន ១៥ នាក់​ត្រូវ​បាន​កោះហៅ ២១ នាក់​ត្រូវ​ឃុំខ្លួន ៤៥​នាក់​ត្រូវ​បាន​សាកសួរ និង ៥​នាក់ ត្រូវ​បាន​ផ្ដន្ទាទោស​រឿង​ទំនាស់​ដីធ្លី​នៅ​កម្ពុជា​។​

មជ្ឈមណ្ឌល​នេះ​ក៏បាន​រក​ឃើញ​ដែរ​ថា សេរីភាព​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​រឿង​ទំនាស់​ដីធ្លី​នេះ​ត្រូវ​បាន​រំលោភបំពាន​ដោយ​មិន​សម​ហេតុផល ហើយ​ជា​ញឹកញាប់​អាជ្ញាធរ​តែងតែ​រារាំង​ការ​តវ៉ា ប្រើប្រាស់​កម្លាំង​មិន​សមាមាត្រ​ចំពោះ​ការ​តវ៉ា ហើយ​សិទ្ធិ​សេរីភាព​ត្រូវ​រឹត​បន្តឹង​យ៉ាង​ខ្លាំង។

លោក វណ្ណ សុផាត អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​អាស៊ីសេរី​ថា របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នេះ មិនមែន​ធ្វើឡើង​ដោយ​មិន​ច្បាស់លាស់​ទេ គឺ​យើង​មាន​វិធីសាស្ត្រ​ក្នុង​ការ​ស្រាវជ្រាវ​ច្បាស់លាស់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ។ លោក​បញ្ជាក់​ថា អង្គការ​របស់​លោក​មាន​ទិន្នន័យ​គ្រប់គ្រាន់​តាមរយៈ​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ប្រទេស និង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី​កន្លង​មក។

លោក វណ្ណ សុផាត បញ្ជាក់​ថា នៅ​ពេល​មានការ​តវ៉ា​អាជ្ញាធរ​តែងតែ​លើក​យក​ហេតុផល​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​រក្សា​សុវត្ថិភាព​សង្គម​ដែល​ជា​លេស​មិន​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​តវ៉ា​រឿង​ជម្លោះដីធ្លី៖ «ដូច្នេះ​នៅ​ពេល​ដែល​គាត់​ប្រមូល​ផ្ដុំ ដង្ហែ​ក្បួន​ឬមួយ​ក៏​ចង់​ដាក់​ញត្តិ​អី​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឬមួយ​ក៏​ក្រសួង​ដែនដី​នគរូបនីយកម្ម ឬក៏​ខុទ្ទកាល័យ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ជាដើម​អ៊ីចឹង​ឃើញ​ថា មានការ​រារាំង​ពី អាជ្ញាធរ ហើយ​ហេតុផល​ដ៏​សំខាន់​របស់​គាត់​គឺ​គ្មាន​អ្វី​ក្រៅពី​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​រក្សា​សុវត្ថិភាព​សង្គម​តែ​ប៉ុណ្ណឹង»។

នៅ​ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែ​មករា ឆ្នាំ ២០១៨ អ្នកភូមិ​២​នាក់​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​ចាប់ខ្លួន ក្នុង​ពេល​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់។

ចំណែក​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​វិញ​អ្នកភូមិ​ចំនួន ៤​នាក់​ផ្សេងទៀត​ត្រូវ​ចាប់ខ្លួន មួយ​ថ្ងៃ​មុន​ពេល​ដែល​ការ​តវ៉ា​ទប់ស្កាត់​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​ដី​របស់​ពួកគេ ហើយ​កាលពី​ខែ​មករា ឆ្នាំ​២០១៩ កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​ពិត​ទៅលើ​អាកាស ក្នុង​ខណៈ​ដែល​ក្រុម​មនុស្ស​កំពុង​តវ៉ា​រឿង​ទំនាស់​ដីធ្លី។

នៅ​ក្នុង​ព្រឹត្តិការ​នោះ​មាន​កម្មករ​សំណង់​ម្នាក់​អាយុ ២៨​ឆ្នាំ​បាន​រង​របួស​ធ្ងន់​ដោយ​គ្រាប់កាំភ្លើង​បាញ់​ចំ​ឆ្អឹង​ខ្នង​មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

លោកស្រី ប្រាក់ សុផល ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​បញ្ជាក់​ថា ប្រជាពលរដ្ឋ​១៥​គ្រួសារ​មាន​ជម្លោះដីធ្លី​ជាមួយ​លោក​ឧកញ៉ា ទ្រី ភាព តាំងពី​ឆ្នាំ​២០១០​មក​មិន​ទាន់បាន​ដោះស្រាយ​ទេ​។​អ្នកស្រី​បញ្ជាក់​ថា រាល់​ការ​តវ៉ា​ម្តងៗ​របស់​ប្រជាពលរដ្ឋ​តែងតែ​រង​ការ​បង្ក្រាប​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល៖ «គាត់​រារាំង​ច្រើន​តាំងពី​ឆ្នាំ​២០១៤​មក ក្រោយពី​ការ​ឈូស​ឆាយ​អស់​ផ្ទះ​១១​ខ្នង​ចាប់​ប្រជាពលរដ្ឋ​យក​ទៅ​ឃុំ​២​យប់ ៤​ថ្ងៃ​គាត់​រារាំង​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការរារាំង​គាត់​ក៏​ដោះលែង​វិញ នៅពេលដែល​យើង​ដើរ​ហែ​ក្បួន​ទៅ​រហូតដល់​ខេត្ត​ពោធិ៍សាត់​ឆ្នាំ​២០១៤។ យើង​ទៅ​ទាំង​កូន ទាំង​ចៅ​ទាំងអស់​បាន​ដល់​២៧​នាក់ ទាំង​ក្មេង​ចាស់»។

ទោះជា​យ៉ាងណា​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ផ្ដល់​អនុសាសន៍​ថា ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ សិទ្ធិមនុស្ស អន្តរជាតិ​ដែល​កម្ពុជា ដាក់បញ្ចូល​ជា​ច្បាប់​ជាតិ​ហើយ​នោះ រដ្ឋាភិបាល​ត្រូវ​ប្រកាន់​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន និង​ត្រូវ​បើក​លំហ​នូវ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។