ក្រុមហ៊ុនចិន ចំនួន ៥រួមគ្នា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបជាង ៤ម៉ឺនហិកតារពីរដ្ឋាភិបាល កាលពីឆ្នាំ២០១១ ដើម្បីដំណើរការឧស្សាហកម្មស្ករសនៅខេត្តព្រះវិហារ ដែលបង្កឲ្យមានជម្លោះដីធ្លីជាមួយពលរដ្ឋចំនួនបីស្រុក និង ២៥ភូមិ ចាប់ផ្ដើមជួលដីឲ្យពលរដ្ឋខ្មែរដាំស្រូវនៅក្នុងដីតំបន់អភិវឌ្ឍន៍របស់ខ្លួនក្រោយពីក្រុមហ៊ុនបានផ្អាកចង្វាក់ផលិតកម្ម។ អង្គការសង្គមស៊ីវិលចាត់ទុកទង្វើរបស់ក្រុមហ៊ុនថា ជាទង្វើខុសច្បាប់ និងបំពានទៅលើកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលក្នុងការទទួលបានដីសម្បទានសេដ្ឋកិច្ច។ សង្គមស៊ីវិលថា ប្រសិនបើក្រុមហ៊ុនក្ស័យធនត្រូវជូនដំណឹងទៅរាជរដ្ឋាភិបាលនិងប្រគល់ដីទាំងនោះទៅរាជរដ្ឋាភិបាលវិញ។
ក្រុមហ៊ុនចិន ឈ្មោះ ហេងហ្វ៊ូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) គឺជាក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោក ធំជាងគេនៅអាស៊ី មានបុត្រសម្ព័ន្ធក្រុមហ៊ុនចិនចំនួន ៤ផ្សេងទៀត ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងស្រុកចំនួន ៣ នៅខេត្តព្រះវិហារ ចាប់ផ្ដើមជួលដីឲ្យពលរដ្ឋខ្មែរដាំស្រូវ ក្រោយពីក្រុមហ៊ុននេះបានបិទចង្វាក់ផលិតកម្មរបស់ខ្លួន។
ក្រុមហ៊ុន ហេងហ្វ៊ូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) ជាតំណាងក្រុមហ៊ុន ចំនួន ៥រួមគ្នា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបជាង ៤ម៉ឺនហិកតារពីរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១១ មានដូចជា ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng Cambodia International Company Limited) ក្រុមហ៊ុន រូយ ហ្វេង (Rui Feng Cambodia International Company Limited) ក្រុមហ៊ុន ហេង ណុង (Heng Non Cambodia International Company Limited) ក្រុមហ៊ុន ហេង យូ (Heng Yue Cambodia International Company Limited) និងក្រុមហ៊ុន ហេង រូយ (Heng Rui Cambodia International Company Limited)។
ទាក់ទងនឹងការជួលដីពីក្រុមហ៊ុនទាំងនេះ
លោកស្រី យាយ សុខ ដែលមានដីចម្ការដាំដំឡូងមី នៅជាប់និងដីក្រុមហ៊ុន ឲ្យដឹងថា លោកស្រីបានជួលដីពីក្រុមហ៊ុន ចិន ចំនួន ២០ហិកតារ ដើម្បីដាំស្រូវ ដោយក្នុងមួយហិកតារ ត្រូវបង់ ២០ម៉ឺនរៀល ប៉ុន្តែក្រុមហ៊ុនតម្រូវឲ្យបង់ពាក់កណ្ដាល នៅពេលប្រមូលផលស្រូវទើបគេឲ្យបង់បង្គ្រប់។ បច្ចុប្បន្នលោកស្រី បានដាំស្រូវចំនួន ៥ហិកតាររួចហើយ លោកស្រីបន្តថា នឹងដាំឲ្យគ្រប់ចំនួនដីដែលបានជួលពីក្រុមហ៊ុនចិន។ លោកស្រីរំពឹងថានឹងទទួលបានផលចំណេញពីការជួលដីពីក្រុមហ៊ុនចិន ព្រោះដីនេះជួលក្នុងតម្លៃសមរម្យ ដែលកសិករអាចទទួលយកបាន៖ « ខ្មែរជួលដីចិនហើយ ចិនវាមានច្រើន ខ្មែរ ខ្មែរ នៅតែពីក្រោមវាទៅ » ។
លោកស្រីថា ពលរដ្ឋ ដែលជួលដីរបស់ចិនដាំស្រូវ ជាអ្នកខេត្តព្រះវិហារខ្លះ ប៉ុន្តែភាគច្រើនគឺ ពលរដ្ឋមកពីខេត្តឆ្ងាយៗ ដូចជា អ្នកខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ជាដើម។ ពួកគេមកជួលដីនេះភាគច្រើនដោយសារតែពួកគាត់ពុំមានដីធ្វើស្រែចម្ការនៅឯស្រុកកំណើត។ អ្នកស្រីថា ការជួលដីនេះ គ្រុមហ៊ុនចិនគេធ្វើកិច្ចសន្យាមួយឆ្នាំម្ដង៖ « ចាំតែឆ្នាំក្រោយបើវាជួលទៀតទៅជួលទៀតទៅ បើគេជួលគ្រប់តែនឹងគ្នា អាមុខអាគារបួនជាន់នោះ » ។
លោកស្រី ពុំដឹងថាក្រុមហ៊ុននេះមានបញ្ហាអីនោះទេ ប៉ុន្តែកាលឆ្នាំមុនក្រុមហ៊ុននេះបានដាំអំពៅទុកចោលមិនប្រមូលផល បណ្ដោយឲ្យគោក្របីរបស់អ្នកស្រុក ចូលស៊ីតាមចិត្ត ហើយក្រោយមកក៏ឃើញរោងចក្រលែងដំណើរការ។ ហើយមិនយូរប៉ុន្មានក៏ឃើញពលរដ្ឋចូលមកដាំស្រូវ ដែលធ្វើឲ្យអ្នកមិនដឹងរឿងថាក្រុមហ៊ុននេះដាំស្រូវជំនួសអំពៅវិញ តែតាមពិតគឺក្រុមហ៊ុនជួលដីឲ្យពលរដ្ឋជាអ្នកដាំ។
ចំណែកជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិសំបូរ ស្រុកឆែប សុំមិនបញ្ចេញឈ្មោះ ដែលបាត់បង់ដីចម្ការវិលជុំ ចំនួន ៦ហិកតារ ឲ្យដឹងថា ដីរបស់គ្រួសារលោកត្រូវបានក្រុមហ៊ុនទន្ទ្រានយកតាំងពីឆ្នាំ២០១២ នៅពេលក្រុមហ៊ុនចាប់ផ្ដើម វិនិយោគ ដូច្នេះ បើក្រុមហ៊ុនក្ស័យធន ឬក៏ឈប់វិនិយោគ គួរតែប្រគល់ដីឲ្យពលរដ្ឋដែលជាម្ចាស់ដីពីដូនតាវិញ៖ « ដីយើង គេមក គេថា គេបានពីរដ្ឋាភិបាល ឥឡូវឈប់ធ្វើស្រាប់តែមកជួលឲ្យពលរដ្ឋធ្វើស្រែ ដូចជាមិនត្រូវ។ ចុះបើខ្ញុំទៅខ្ចីក្របីអ្នកស្រុក តើខ្ញុំអាចយកក្របីអ្នកស្រុកទៅជួលឲ្យអ្នកផ្សេងបានទេ ?» ។
លោកឲ្យដឹងទៀតថា ដាច់ខាត លោកមិនទៅជួលដីពីក្រុមហ៊ុនចិនធ្វើស្រែនោះទេ ពីព្រោះដីនោះគឺជាដីកេរ្តិ៍ដូនតារបស់លោក បើសិនជាលោកទៅជួលដីនោះ គឺមានន័យថា ពួកលោកទទួលស្គាល់ថា ដីនោះ គឺជាដីរបស់ចិន៖ « ខ្មែរមិនមែនម្ចាស់ដី បែរទៅជាចិនម្ចាស់ដីទៅវិញ វាជារឿងមួយចម្លែក » ។
ក្រុមហ៊ុន ហេងហ្វ៊ូ គ្រុប ស៊ូហ្គឺរ អីនដាស្ត្រី (Hengfu Group Sugar Industry Co., LTD) ជាសហគ្រាសផលិតស្ករសធំជាងគេមួយរបស់ចិន មានមូលដ្ឋានក្នុងខេត្តគ័ងទុង (Guangdong) ប្រទេសចិន មានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនចម្ការអំពៅដែលគាំទ្រ សង្វាក់ផលិតកម្មរោងចក្រនេះ មាននៅបីស្រុក ក្នុងខេត្តព្រះវិហារ។
រោងចក្រនេះបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១៦ ដោយបានបោះទុនប្រមាណ ១ពាន់លានដុល្លារអាមេរិក ដែលមានកិច្ចសន្យានៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៧០ឆ្នាំ។កាលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃសម្ពោធថា ការវិនិយោគជំហានដំបូងមានតម្លៃ ៣៦០លានដុល្លារក្នុងគម្រោងសរុប ១ពាន់លានដុល្លារអាមេរិកនេះ រំពឹងថាឧស្សាហកម្មស្ករសនៅខេត្តព្រះវិហារ អាចនឹងបង្កើតការងារដ៏ច្រើនជូនពលរដ្ឋ នឹងធ្វើឲ្យពួកគេមានជីវភាពកាន់តែប្រសើរ។
ក៏ប៉ុន្តែ ផ្ទុយពីការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺនៅពេលដែលក្រុមហ៊ុនចិនចូលទៅវិនិយោគ បានបង្កឲ្យមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោយទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបជាង ៤ម៉ឺនហិកតារពីរដ្ឋាភិបាលកាលពីឆ្នាំ២០១១។
ប្រធានកម្មវិធីតស៊ូមតិ និងដីធ្លីនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ បានប្រាប់អាស៊ីសេរីថា ក្រុមហ៊ុនចិន ចូលមកវិនិយោគធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋចំនួន ៣ស្រុក និង ២៥ភូមិ ដែលក្នុងមួយភូមិៗ មានពលរដ្ឋជាមធ្យមជាង ១០០គ្រួសារ។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានផ្អាកសកម្មភាពរបស់ខ្លួន ប៉ុន្តែបានជួលដីនៅក្នុងគម្រោងវិនិយោគទៅឲ្យពលរដ្ឋធ្វើស្រែ។ ហើយអ្នកទៅជួលដីពីចិននោះមិនត្រឹមតែពលរដ្ឋសាមញ្ញនោះទេ មានទាំងឈ្មួញ មានទាំងមន្ត្រីខេត្ត ខ្លះជួលដី ហើយ ខ្លះក៏មកទន្ទ្រានយកតែម្ដង៖ « អឺ អាហ្នឹងវារឿងធម្មតា តែក្រុមហ៊ុនទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការវិនិយោគ ដំណាំអំពៅអ៊ីចឹង ប្រសិនជាក្រុមហ៊ុនហ្នឹងក៏ក្ស័យធនដោយប្រការណាមួយហើយ គួរតែប្រគល់ដីហ្នឹងទៅឲ្យ ប្រជាពលរដ្ឋដែលគាត់ធ្លាប់ប្រើប្រាស់តាំងពីមុនមក ព្រោះដីទាំងអស់ហ្នឹងសុទ្ធតែជាដីរបស់ប្រជាពលរដ្ឋ ដែលគាត់ធ្លាប់ប្រើប្រាស់ជាលក្ខណៈប្រពៃណីរបស់គាត់ដែរណាស់ អ៊ីចឹងបើឈប់ប្រើហើយ ឈប់ធ្វើហើយជូនទៅគាត់វិញទៅ » ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ ឲ្យអាស៊ីសេរីដឹងដែរថា ជម្លោះដីធ្លីរវាងពលរដ្ឋជនជាតិភាគតិចជាមួយក្រុមហ៊ុនចិន នៅពុំទាន់រកដំណោះស្រាយជូនពួកគាត់នៅឡើយទេ ដោយសារតែពួកគាត់ទាមទារធ្វើប្លង់សមូហភាព ប៉ុន្តែអាជ្ញាធរពុំព្រមកាត់ឆ្វៀលឲ្យពលរដ្ឋនោះទេ លោកថា ពេលនេះក្រុមហ៊ុនក្ស័យធន់ទៅហើយ គួរតែយកដីនោះមកចែកឲ្យពលរដ្ឋវិញជាជាងឲ្យក្រុមហ៊ុនយកដីទៅជួលឲ្យពលរដ្ឋធ្វើស្រែ៖ « ហ្នឹងហើយក្រុមហ៊ុនចិនហ្នឹងចប់វិស័យវា វាគ្មានធ្វើអីទៀតទេ ឥឡូវនោះ ដីទាំងឡាយ គឺជួលឲ្យខ្មែរ ក្នុង ១ហិកតារ ២០ម៉ឺន អាខ្លះជួល១០ហិកតារ អាខ្លះជួល ២០ហិកតារ ខ្មែរយើងនាំគ្នាជួលដីពីចិនអស់ហើយហ្នឹង » ។
លោក ឡោ ចាន់ បានចាត់ទុកទង្វើរបស់ក្រុមហ៊ុនដែលកំពុងតែធ្វើគឺជាទង្វើខុសច្បាប់ និងបំពានទៅលើកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលក្នុងការទទួលបានដីសម្បទានសេដ្ឋកិច្ច។ លោកថា ប្រសិនបើក្រុមហ៊ុនក្ស័យធនត្រូវជូនដំណឹងទៅរដ្ឋាភិបាលនិងប្រគល់ដីទាំងនោះទៅរដ្ឋាភិបាលវិញ៖ « បើយើងនិយាយផ្លូវច្បាប់អត់មានសិទ្ធិណា យកដីដែលជួលពីរាជរដ្ឋាភិបាល ឮយើងប្រើពាក្យថា សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលហើយយកទៅជួលឲ្យពលរដ្ឋខ្មែរបន្តទៀតទេ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដើម្បីបំភ្លឺជុំវិញបញ្ហាដីធ្លីនេះ ប៉ុន្តែលោកបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍ថា លោកកំពុងជាប់ប្រជុំ។
ចំណែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពឹង ទ្រីដា បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេដោយចុចទូរស័ព្ទបិទ នៅពេលដែលឮថា ជាអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី។ ប៉ុន្តែលោកធ្លាប់បានអះអាងថា បុគ្គលិកក្រុមហ៊ុនបានជូនដំណឹងមកមន្ទីរកសិកម្មថា ក្រុមហ៊ុនមានបញ្ហាផ្ទៃក្នុង ប៉ុន្តែក្រុមហ៊ុននេះនឹងដំណើរការឡើងវិញនៅក្នុងឆ្នាំ២០២០ នេះ។
គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនឈ្មោះ ហេងហ្វ៊ូ (Hengfu Group) ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ មក ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិច ប្រមាណ ២.០០០គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ ស្ថិតនៅក្នុងភូមិចំនួន២៥ ឃុំចំនួន១០ និងស្រុកចំនួន៣។ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គការដៃគូមួយចំនួនទៀត បានរកឃើញថា ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ដីស្រែពលរដ្ឋ ឈូសឆាយលុបប្រភពទឹក ដែលជាផ្លូវទឹកធម្មជាតិសម្បូរដោយមច្ឆជាតិរស់នៅ និងបានឈូសឆាយទៅលើដីទួលប្រាសាទបុរាណ ៤កន្លែង និងស្ថានីយបុរាណផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។