ប្រជាសហគមន៍តាតុ ៣៥គ្រួសារ បានធ្វើបុណ្យ និងសែនព្រេន សុំសេចក្ដីសុខចម្រើន បញ្ចៀសការបណ្ដេញចេញដោយបង្ខំ។ ប្រជាសហគមន៍ទាំងនោះ រស់នៅភូមិជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជួបជុំគ្នានៅក្នុងភូមិ កាលពីថ្ងៃទី១៤ សីហា ដើម្បីរៀបចំពិធីបុណ្យបែបប្រពៃណី បំណងបន្ទន់ចិត្តអាជ្ញាធររាជធានីភ្នំពេញ និង រដ្ឋាភិបាល អនុញ្ញាតឱ្យពួកគាត់តាំងទីលំនៅតំបន់នោះដោយសុខសាន្ត។
តំណាងសហគមន៍ លោក ឡាយ សុខ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ សីហាថា អ្នកភូមិជាង ៣០គ្រួសារ ព្រួយបារម្ភខ្លាចក្រែងអាជ្ញាធរបណ្ដេញដោយបង្ខំ ប៉ះពាល់ជីវភាពគ្រួសារ ហើយកូនចៅ នឹងប្រឈមបោះបង់ការសិក្សា។
ហេតុនេះ ពួកគាត់ធ្វើពិធីបុណ្យតូចមួយ ដើម្បីរៀបចំពិធីសូត្រមន្ត និងសែនព្រេន សុំសេចក្ដីសុខចម្រើន។ លោកថា បំណងរបស់អ្នកភូមិ ស្នើឱ្យអាជ្ញាធរ ក្រុងភ្នំពេញ កាត់ឆ្វៀលដីតំបន់នោះ ចេញពីគម្រោងអភិវឌ្ឍន៍ និង កុំបណ្ដេញពួកគាត់ចេញពីផ្ទះសម្បែង ព្រោះពួកលោកបានមករស់នៅតំបន់នេះ ជិត ២០ ឆ្នាំមកហើយ៖ «កាលមុខខ្ញុំឮព័ត៌មានថា សាលាក្រុងថា ពួកខ្ញុំរស់នៅលើដីរដ្ឋ។ អ៊ីចឹងបានពួកខ្ញុំធ្វើបុណ្យសុំសេចក្ដីសុខ និងសុំឆ្វៀលពីការអភិវឌ្ឍដីក្នុងសហគមន៍»។
វិទ្យុអាស៊ីសេរី មិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននៅឡើយទេ នៅថ្ងៃទី១៥ សីហា។
តែយ៉ាងណា អភិបាលរាជធានីភ្នំពេញរូបនេះ ធ្លាប់និយាយនៅចំពោះមុខពលរដ្ឋថា មិនអាចឱ្យពលរដ្ឋរស់នៅតំបន់នោះបានទេ ដោយត្រូវរក្សាដីសហគមន៍ទុកធ្វើប្រឡាយទំហំ ៣ម៉ែត្រ។ លោកថា តំបន់ដែលពលរដ្ឋរស់នៅ ជាដីចំណីផ្លូវរបស់រដ្ឋ ប៉ះចំកន្លែងអភិវឌ្ឍន៍របស់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីរំដោះទឹកភ្លៀង។
កាលពីចុងខែឧសភា ឆ្នាំ២០២២ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្ញើលិខិតមួយសន្លឹក ដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញពីមូលហេតុសំខាន់ ដែលចាំបាច់ ត្រូវអភិវឌ្ឍន៍ នៅតំបន់ដែលពលរដ្ឋជាង ៣០គ្រួសារកំពុងរស់នៅ លើដីមាត់ប្រឡាយ ៣ម៉ែត្រ ដែលប្រឡាយនេះ ជាកន្លែងរំដោះទឹកភ្លៀងចេញពីក្រុង។ លោកបញ្ជាក់ថា មាត្រា ១៥នៃច្បាប់ភូមិបាល ចែងថា ការចូលកាន់កាប់លើដីសាធារណៈរបស់រដ្ឋ ត្រូវទុកជាមោឃៈ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត ពន្យល់ថា ប្រជាពលរដ្ឋទាំងនោះ រស់នៅជាង ២០ឆ្នាំហើយ អាជ្ញាធរគួរតែផ្តល់ដំណោះស្រាយដោះដូរដី នៅតំបន់ណាមួយ ដើម្បីឱ្យពួកគាត់ រស់នៅសមរម្យ និងថ្លៃថ្នូរ។ លោកបញ្ជាក់ថា បញ្ហាទាំងនេះ អាស្រ័យលើឆន្ទៈរបស់អាជ្ញាធរ ប្រសិនបើអាជ្ញាធរមិនចង់ឱ្យពលរដ្ឋទឹកភ្នែក ដោយសារការបណ្ដេញចេញដោយបង្ខំ រដ្ឋគួរតែផ្តល់សំណងសមរម្យ ដើម្បីឱ្យពួកគាត់មានលទ្ធភាពទិញ ដីនៅតំបន់ផ្សេងទៀត អាចរស់នៅបានក្នុងភាពថ្លៃថ្នូរជាមនុស្សជាតិ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើដីតំបន់នោះ អាជ្ញាធរថា ជាដីសាធារណៈរបស់រដ្ឋត្រូវអភិវឌ្ឍ ហេតុអ្វីរដ្ឋមិនបណ្ដេញពួកគាត់ចេញ តាំងពីដំបូងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។