ប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប រិះគន់រដ្ឋាភិបាលដែលបានឆ្វៀលដីគម្របព្រៃជិត២០០ហិកតារនៅក្នុងខេត្តនេះឱ្យឧកញ៉ា ឡេង ណាវាត្រា ថា ជារឿងអយុត្តិធម៌ និងជាការអនុវត្តច្បាប់ស្តង់ដារ២។ ប្រតិកម្មរបស់ពលរដ្ឋនេះធ្វើឡើងក្រោយពេលរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ឆ្វៀលដីនៅតំបន់នោះឱ្យឧកញ៉ា ឡេង ណាវាត្រា ហើយឧកញ៉ារូបនេះបានអង្កន់ដីទាំងនោះទៅជាដីឡូត៍លក់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។
ប្រជាពលរដ្ឋនៅខេត្តសៀមរាបពោលថា ពលរដ្ឋប្រមាណ១ពាន់គ្រួសារបានកាន់កាប់ដីនៅបន្ទាយស្រីនោះប្រមាណ២០ឆ្នាំហើយ ប៉ុន្តែពួកគាត់គ្មានសិទ្ធិលក់ដូរដូចឧកញ៉ា ឡេង ណាវាត្រា នោះទេ។ អ្នកស្រុកបន្ទាយស្រី លោកព្រហ្ម សុព្រឹក្ស ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី១៩ ខែកញ្ញាថា លោកនិងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតបានកាន់កាប់ដីគម្របព្រៃឈើនៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី តាំងពីឆ្នាំ២០០១រហូតមក។ លោកបន្តថា ពួកលោកធ្លាប់ស្នើសុំទៅអាជ្ញាធរខេត្តធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ។ លោកបញ្ជាក់ថា ការដែលអាជ្ញាធរមិនចេញប័ណ្ណស្របច្បាប់ដល់ប្រជាពលរដ្ឋនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់ ព្រោះពួកគាត់ដាំដុះដោយភ័យខ្លាច និងមិនអាចលក់ដីយកប្រាក់ដោះស្រាយជីវភាពគ្រួសារបានឡើយ៖ «យើងមិនសប្បាយចិត្ត ហើយវាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ដាច់កន្លែងហ្នឹងយើងមិនគាំទ្រ។ បើសិនបើអត់ឥឡូវយើងឱ្យអត់ទាំងអស់គ្នាទៅមិនអាចក្រុមហ៊ុន ណាអាចទិញលក់ដូរបានទេ។ អីចឹងដល់ប្រជាពលរដ្ឋមិនអាចលក់ដូរបានដល់ក្រុមហ៊ុន ឡេង ណាវាត្រា គេលក់បាននៅតំបន់ហ្នឹង។ ខ្ញុំមានអន្ទឹល សង្ស័យមួយទៀតថា ដីនៅតំបន់ហ្នឹងវាមានហាងឆេង មានក្រុមហ៊ុន វិនិយោគគេចង់បានអីចឹង រយៈកាលកន្លងមកយើងអាចទិញលក់ដូរបាន ដល់តែឆ្នាំ២០២០មកដល់ឥឡូវនេះយើងមិនអាចលក់ដូរបាន » ។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រីម្នាក់ទៀតគឺលោក ឡុង សាភន់ ថ្លែងថា លោកនិងប្រជាពលរដ្ឋនៅឃុំខ្នារសណ្ដាយភាគច្រើនមានជីវភាពក្រីក្រ ហើយចង់លក់ដីនៅតំបន់នោះខ្លះ ដើម្បីយកប្រាក់ដោះស្រាយជីវភាពគ្រួសារក្នុងគ្រាអាសន្ននេះ។ លោកថា អាជ្ញាធរធ្វើបែបនេះជាការអនុវត្តច្បាប់ស្តង់ដារពីរ ព្រោះអាជ្ញាធរបានកាត់ឆ្វៀលដីគម្របព្រៃឈើនៅតំបន់នោះឱ្យឧកញ៉ា ឡេង ណាវាត្រា យកទៅធ្វើអាជីវកម្មលើដីនោះដោយសេរី៖ «ដល់ចុះវាពិបាកដែរ ដល់បងប្អូនត្រូវការលក់ទៅក៏ជាប់គម្របព្រៃឈើទាំងអស់ហ្នឹងឯងទាល់តែគេ ឆ្វៀលគម្របបានគេធ្វើឱ្យមិនដឹងថា គេឆ្វៀលឱ្យនៅពេលណា។ ចង់ឱ្យតែបើកឱ្យប្រជាពលរដ្ឋមានសេរីភាពការលក់ដូរទិញ ជិតបោះឆ្នោតផង ដល់មកបិទចេះទៅវាស្ទះទាំងអស់ វាពិបាកដល់ចេះ ពិបាកត្រង់ថា ឥឡូវវាគ្មានរកអីបានវាត្រូវការចង់លក់ចង់ដូរអីបន្តិចក៏លក់ធ្វើសំបុត្រមិនចេញ គេអត់ស៊ីញេឱ្យ » ។
ប្រតិកម្មរបស់ពលរដ្ឋនេះធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យ កាត់ឆ្វៀលដីគម្របព្រៃឈើជាង ១៧២ ហិកតារ នៅភូមិរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ឱ្យឧកញ៉ា ឡេង ណាវាត្រា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ប្រជាពលរដ្ឋឱ្យដឹងថា បច្ចុប្បន្នដីទាំងនោះត្រូវបានឧកញ៉ារូបនេះអង្កន់ជាដីឡូត៍លក់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឯកជនអស់ហើយ។
អាស៊ីសេរីមិនអាចទាក់ទងឧកញ៉ា ឡេង ណាវាត្រា ដើម្បីឆ្លើយតបជុំការលើកឡើងរបស់ប្រជាពលរដ្ឋនេះបានទេនៅថ្ងៃទី១៩ ខែកញ្ញា។
ចំណែកអភិបាលខេត្តសៀមរាបលោក ទៀ សីហា ក៏មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ។ ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី សំរិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋបាលខេត្តបានទទួលអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើនោះពីឧកញ៉ា ឡេង ណាវាត្រាហើយ។
លោកបន្តថា ដីនោះជាដីគម្របព្រៃឈើឆ្នាំ២០០២ ប៉ុន្តែសព្វថ្ងៃ ពុំមានព្រៃឈើនោះទេ ហើយដីមួយចំនួនប្រជាពលរដ្ឋបានធ្វើស្រែនិងដាំដុះផលដំណាំ និងដីខ្លះទៀតពួកគាត់បានលក់អស់ហើយ។
ការទទួលបានដីរដ្ឋជិត ២រយហិកតា នៅពេលនេះ គឺបន្ទាប់ពីឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភប្រាក់ជាច្រើនលើកខ្ទង់ម៉ឺន រហូតដល់លានដុល្លារដល់រដ្ឋាភិបាលឯកបក្ស ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដនិងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ការផ្ដល់ប្រាក់ដ៏សន្ធឹកសន្ធាប់នេះ គឺអាចក្នុងបំណងចង់បានផលតបស្នងពីរដ្ឋាភិបាលវិញ ជាជាងជំនួយមនុស្សធម៌ ដើម្បីប្រយោជន៍ជាតិ។
ក្រៅពីឧកញ៉ាឡេង ណាវ៉ាត្រា ក៏មានឧកញ៉ាមួយចំនួនទៀតបានបរិច្ចាគប្រាក់ជួយដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដែរ ហើយពួកគេត្រូវបានគេមើលឃើញថាឧកញ៉ាទាំងនោះកំពុងទទួលបានផលប្រយជន៍មកវិញជាបន្តបន្ទាប់ដែរក្នុងនោះមាន ឧកញ៉ា ពុង ឃាវសែ ដែលកំពុងច្បាមយកដីពីប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីសាងសាងព្រលានយន្តហោះថ្មី និង ឧកញ៉ា ឃុន សៀ កំពុងលុបទន្លេមេគង្គនិងកោះចាប់ពីចំណុចឃុំអរិយក្សត្ររហូតដល់ល្វាឯមនិងស្រុកគៀនស្វាយខេត្តកណ្តាល។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ឆ្វៀលដីឱ្យឧកញ៉ានេះ ជារឿងអយុត្តិធម៌និងជាការអនុវត្តច្បាប់ស្តង់ពីរ បើប្រៀបធៀបជាមួយពលរដ្ឋក្រីក្រ។ លោកបញ្ជាក់ថា ដីគម្របព្រៃឈើរដ្ឋាភិបាលអាចធ្វើអនុប្បយោគឱ្យប្រជាពលរដ្ឋក្រីក្រ ដើម្បីកាន់កាប់ស្របច្បាប់ ឬឱ្យក្រុមហ៊ុនឯកជន ដើម្បីយកអភិវឌ្ឍន៍បាន ប៉ុន្តែក្រុមហ៊ុនមិនអាចយកទៅលក់ឱ្យប្រជាពលរដ្ឋធ្វើសម្បត្តិឯកជនបែបនេះឡើយ៖ «នៅក្នុងសង្គមយើងវាមិនមែនមានតែករណីតែមួយហ្នឹងទេ ករណីច្រើនណាស់ដែលវាបង្ហាញអំពីការប្រើប្រាស់ធនធានធម្មជាតិការផ្ដល់កម្មសិទ្ធិទៅឱ្យប្រជាពលរដ្ឋវានៅមានការរើសអើង។ បើប្រជាពលរដ្ឋសាមញ្ញអីចឹងទៅមិនងាយទេ ប៉ុន្តែបើសិនជាមន្ត្រីជាន់ខ្ពស់ ជាឧកញ៉ា ជាស្អីៗហ្នឹង គឺងាយហ្នឹងទទួលបានណាស់ ហើយខ្លះទទួលបានដោយស្របច្បាប់ ដូចអនុក្រឹត្យអនុប្រយោគហ្នឹង ហើយខ្លះហ្នឹងគឺមិនចាំបាច់ប្រាប់នាយករដ្ឋមន្ត្រីទេ ចូលទៅកាប់យកតាមចិត្តខ្លួនឯងហ្មងនៅមានច្រើន »។
ប្រជាពលរដ្ឋឱ្យដឹងថា ដីគម្របព្រៃឈើនៅឃុំខ្នារសណ្ដាយ និងឃុំរំចេក ស្រុកបន្ទាយស្រី មានផ្ទៃដីជាង១ពាន់ហិកតារ និងមានចំងាយជាង៨គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី ។ ក្នុងនោះផ្ទៃដីជាង៥០ភាគរយជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅតំបន់នោះបានកាន់កាប់២០ឆ្នាំមកហើយ។ ពួកគាត់ស្នើសុំឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីទាំងនោះជូនដល់ពួកគាត់ប្រើប្រាស់ដោយ ស្របច្បាប់ ដើម្បីដាំដុះដោយមិនមានការភ័យខ្លាចនិងលក់ដូរខ្លះយកប្រាក់ដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។