ពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ ដោយផ្ទាល់អំពីផលប៉ះពាល់ ពីការជីកប្រឡាយធ្វើជាក្រវាត់ព្រំប្រទល់ដីនិងការហាមឃាត់ពលរដ្ឋមិនឲ្យចូលធ្វើស្រែចម្ការនៅក្នុងបរិវេណរបស់ក្រុមហ៊ុនវៀតណាម។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរស្រុកសំបូរ បដិសេធថា ការជីកប្រឡាយក្រវាត់ព្រំប្រទល់របស់ក្រុមហ៊ុនវៀតណាមមិនធ្វើឲ្យប៉ះពាល់ដល់ដីព្រៃសហគមន៍សំពុងនោះឡើយ។
ក្រោយមានការផ្សព្វផ្សាយថា ក្រុមហ៊ុនវៀតណាមបានបង្កផលប៉ះពាល់ និងហាមឃាត់ពលរដ្ឋមិនឲ្យចូលធ្វើស្រែចម្ការ អាជ្ញាធរស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមិថុនានេះ បានចេញមុខកាងការពារក្រុមហ៊ុនវៀតណាម ដោយអះអាងថា ក្រុមហ៊ុនវៀតណាមឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) Kamdhenu Ventures Cambodia Limited (KVCL) និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង មិនបានធ្វើឲ្យប៉ះពាល់ដីព្រៃសហគមន៍សំពុង និងមិនបានហាមឃាត់ពលរដ្ឋមិនឲ្យចូលធ្វើស្រែចម្ការ ដែលមានដីនៅក្នុងបរិវេណក្រុមហ៊ុននោះទេ។ លើសពីនោះ អាជ្ញាធរថា ពួកគេកំពុងខិតខំប្រឹងប្រែង សម្របសម្រួល និងខ្នះខ្នែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ។
ឆ្លើយតបការបដិសេធនេះ ប្រធានសហគមន៍សំពុង លោក យ៉ប ចាន់ធំ ឲ្យដឹងនៅថ្ងៃទី៥ ខែមិថុនាថា ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវនិងភាពស្អាតស្អំ របស់ក្រុមហ៊ុន អាជ្ញាធរពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងមានតម្លាភាព ថាតើការជីកប្រឡាយក្រុមហ៊ុនវៀតណាមនេះ បានបង្កផលប៉ះពាល់ដល់ដីព្រៃសហគមន៍និងបានធ្វើទុក្ខបុកម្នេញឬយ៉ាងណា។ លោកនៅតែអះអាងថា ក្រុមហ៊ុនវៀតណាមបានជីកប្រឡាយធ្វើជាក្រវាត់ព្រំប្រទល់ចូលដីព្រៃសហគមន៍ពិតប្រាកដមែន។
លោក យ៉ប ចាន់ធំ៖ «ចង់ឲ្យខាងក្រសួងចុះមកពិនិត្យមើលទៅ បើខ្លាចថារាយការណ៍ទៅវាមិនពិត ពីព្រោះពួកខ្ញុំទៅមើលជាក់លាក់ទាំងអស់គ្នាទាំងគណៈកម្មការសហគមន៍ដែរ ហើយបានហាមឃាត់ប៉ុន្តែគាត់នៅតែកាយដដែល ចុះមកមើលផ្ទាល់ទាំងអស់គ្នាទាំងស្ថាប័នពាក់ព័ន្ធ ហើយចង់ឲ្យកន្លែងដែលប៉ះពាល់គាត់លុបចេញវិញ ពីព្រោះវាប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសត្វនៅក្នុងភូមិ»។
កាលពីថ្ងៃទី០៣ ខែមិថុនា ប្រជាពលរដ្ឋរស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ អះអាងថា ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ សហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានឈូសឆាយនិងហ៊ុមព័ទ្ធ យកដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាង១០០គ្រួសារ និងដីព្រៃសហគមន៍ជាច្រើនហិកតារ ព្រមទាំងហាមឃាត់ពលរដ្ឋមិនឲ្យចូលធ្វើស្រែចម្ការនៅក្នុងបរិវេណក្រុមហ៊ុនថែមទៀត។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងស្រុកសំបូរ លោក ចេង គឺមជប់ និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានទេនៅថ្ងៃទី៥ ខែមិថុនា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរត្រូវតែជួបប្រជុំជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីស្វែងរកការពិតនិងរកដំណោះស្រាយដល់ពួកគេ ហើយត្រូវឲ្យពលរដ្ឋសម្ដែងមតិដោយមិនមានការបំភិតបំភ័យ និងមានការចូលរួមឲ្យបានគ្រប់ភាគីពាក់ព័ន្ធ។ លោកបន្ថែមថា អាជ្ញាធរគួរដើរតួនាទីជាអាជ្ញាកណ្ដាល ដើម្បីធ្វើការសម្របសម្រួលនិងដោះស្រាយដោយសន្តិវិធី។
លោក យិន ម៉េងលី៖ «អ៊ីចឹងមធ្យោបាយចុងក្រោយបំផុត គឺជួបគ្នាបង្ហាញភស្តុតាង តែធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋគាត់ចូលរួមគ្មានការព្រួយបារម្ភនិងភាគីដទៃទាំងរួមទាំងអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិល យើងបង្ហាញបញ្ហានៅលើតុរួមគ្នាដោះស្រាយសម្រាប់ប្រទេសរបស់យើងទាំងអស់គ្នា»។
កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុន កាម៉ាដេនូវេឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត (NK Agri (cambodia) co. ltd)ជិត១ម៉ឺន ៧ពាន់ (១៦,៥២៧)ហិកតារ ដើម្បីដាំដំណាំអំពៅ ប៉ុន្តែនៅពីឆ្នាំ២០១៧ ក្រុមហ៊ុនទាំងពីរបានក្ស័យធនម្ដងរួចមកហើយ រហូតដល់ឆ្នាំ២០២១ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ បានសហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ធ្វើការវិនិយោគទៅលើការផលិតស្ករអំពៅ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។