ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) នៅខេត្តក្រចេះ បន្តស្នើដល់អាជ្ញាធរថ្នាក់ជាតិ ពន្លឿនផ្ដល់ដោះស្រាយទំនាស់ដីធ្លីនេះ ក្រោយអាជ្ញាធរបង្ខំឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ ពេលពួកគាត់ឡើងទៅដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍នៅក្រសួងដែនដី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ។
ពលរដ្ឋមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ នៅខេត្តក្រចេះ កំពុងទន្ទឹងរង់ចាំដំណោះស្រាយទំនាស់ដីធ្លី តាមការសន្យារបស់មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ពលរដ្ឋមានទំនាស់ដីធ្លី លោក សឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែវិច្ឆិកា ថា តាំងពីវិលត្រឡប់ពីដាក់ញត្តិនៅរាជធានីភ្នំពេញមក នៅមិនទាន់មានអាជ្ញាធរថ្នាក់ស្រុក ឬថ្នាក់ខេត្តចុះជួបពលរដ្ឋ ដើម្បីដំណោះស្រាយណាមួយឡើយ។ ពលរដ្ឋមានទំនាស់ដីធ្លីរូបនេះ ទទូចឲ្យអាជ្ញាធរថ្នាក់ជាតិ ចុះពិនិត្យ និងដោះស្រាយបញ្ហាវិវាទដីធ្លីនេះ ឲ្យបានឆាប់រហ័ស ខណៈមន្ត្រីថ្នាក់ស្រុក និងខេត្តហាក់ពុំបានអើពើ អំពីបញ្ហាពលរដ្ឋនៅមូលដ្ឋាននេះឡើយ ។
លោក សឹង សែនករុណា៖ «ខ្ញុំមានតែម្រាមដៃដប់សូមឲ្យថ្នាក់ដឹកនាំដូចជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរពដ៏របស់ប្រជាជន និងសម្ដេចពុកព្រោះប្រជាជននៅឃុំកោះខ្ញែរ ស្រុកសំបូរនេះ គឺគណបក្សប្រជាជនទាំងអស់ចំនួន៥ភូមិ ហើយមេឃុំមេភូមិទទួលស្គាល់ (ពលរដ្ឋ) សូមសម្ដេចជួយដោះស្រាយជូនប្រជាពលរដ្ឋផង ព្រោះថ្នាក់ស្រុកថ្នាក់ខេត្ត ដូចជាព្រងើយកន្តើយនឹងប្រជាពលរដ្ឋ ហើយធ្វើបាបប្រជាពលរដ្ឋ មូលហេតុអ្វីបានជាធ្វើបាបអីចឹង ? ប្រជាពលរដ្ឋសុទ្ធតែជាគណបក្សប្រជាជន អស់លោកមន្ត្រីរាជការ តើជាគណបក្សអ្វី បានជាលោកឯងមកធ្វើបាបរាស្ត្រ ប្រជាពលរដ្ឋ? សូមឲ្យថ្នាក់ដឹកនាំរបស់សម្ដេចជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋផង ព្រោះប្រជាពលរដ្ឋអត់មានអីទេ មានតែប៉ុណ្ណឹងជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋ បើយកប៉ុណ្ណឹងទៀតប្រជាពលរដ្ឋអត់មានឆ្នាំងបាយទេ ប្រជាពលរដ្ឋនឹងសុខចិត្តឡើងទៅទីក្រុងភ្នំពេញទៀត ទោះងាប់ក៏ងាប់ចុះ ព្រោះប្រជាពលរដ្ឋអត់មានដីហ្នឹងជាទីពឹង» ។
ពលរដ្ឋឲ្យដឹងដែរថា អាជ្ញាធរមូលដ្ឋាននៅតែបន្តតាមឃ្លាំមើលពលរដ្ឋក្នុងសហគមន៍ ដោយបារម្ភខ្លាចពលរដ្ឋជួបជុំគ្នាជាថ្មី ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអភិបាលខេត្តក្រចេះ លោក វ៉ា ថន ដើម្បីសុំការឆ្លើយតបជុំវិញ បញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១០ ខែវិច្ឆិកា។
ប៉ុន្តែ រដ្ឋបាលខេត្តក្រចេះ បានចោទពលរដ្ឋចំនួន៨១ គ្រួសារ បានចូលទៅទន្ទ្រាន កាន់កាប់ដីក្រុមហ៊ុនជាង ៥រយហិកតារ (៥២០) កាលពីឆ្នាំ២០២២ ហើយប្រកាសមិនទទួលស្គាល់ពលរដ្ឋទាំងនោះ ព្រមទាំងប្រកាសបិទបញ្ចប់សំណុំរឿងនេះ ក្រោយរដ្ឋបាលខេត្តក្រចេះ អះអាងថា មន្ត្រីក្រុមការងារខេត្ត បានប្រជុំដោះស្រាយ និងចុះទៅដល់ទីតាំងជាក់ស្ដែងជាច្រើនលើកច្រើនសា។ ការបដិសេធពុំទទួលស្គាល់ពលរដ្ឋទាំងនេះ ធ្វើឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ។
ផ្ទុយពីការអះអាងនេះ រដ្ឋបាលឃុំកោះខ្ញែរ នៅថ្ងៃដែលរដ្ឋបាលខេត្តក្រចេះអះអាងថា បានចុះទៅដល់ទីតាំងជាក់ស្ដែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋបាលឃុំបានទទួលស្គាល់ថា ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ បានរំលោភលើដីប្រជាពលរដ្ឋ ហើយរដ្ឋបាលឃុំកោះខ្ញែរ ថែមបានទាំងស្នើដល់ថ្នាក់ដឹកនាំខេត្តមេត្តាជួយស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋថែមទៀតផង។ បន្ថែមពីនេះ រដ្ឋបាលឃុំកោះខ្ញែរ បញ្ជាក់ថា ពលរដ្ឋបានកាន់កាប់ដីនៅតំបន់នោះចន្លោះពីឆ្នាំ២០១០ ដល់ ២០១២ ហើយបន្តរហូតដល់បច្ចុប្បន្ន ។ ប៉ុន្តែក្នុងឆ្នាំ២០២៣-២០២៤ ក្រុមហ៊ុនបានឈូសឆាយដីស្រែចំការ ផលដំណាំរបស់ប្រជាពលរដ្ឋ ហើយក្រុមហ៊ុនបានចោទពលរដ្ឋថា បានរំលោភយកដីក្រុមហ៊ុនទៅវិញ។
ជុំវិញបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរស្រុក ឬខេត្ត គួរតែចុះជួបពលរដ្ឋ ដើម្បីកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ផ្ដល់ជាទស្សនៈថា ការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ នឹងបង្កើនទំនុកចិត្តរបស់ពលរដ្ឋលើមន្ត្រីរដ្ឋាភិបាល រាប់ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ។
លោក យិន ម៉េងលី៖ «រួសរាន់ទោះបីជាថ្ងៃសៅរ៍ក៏ដោយ ថ្ងៃអាទិត្យក៏ដោយ អាជ្ញាធរត្រូវតែជួបពួកគាត់មួយជំហានសិន ដើម្បីប្រាប់ពួកគាត់ឲ្យត្រៀមលក្ខណៈ អ្វីខ្លះដែលប្រជាពលរដ្ឋត្រូវត្រៀម ប្រាប់ពេលវេលាឲ្យបានជាក់លាក់កុំឲ្យប្រជាពលរដ្ឋគាត់ចាកចេញទៅណា ព្រោះប្រជាពលរដ្ឋ អត់អាចដេករង់ចាំអស់លោកចុះទៅដោះស្រាយដោយអត់ដឹងពេលវេលាទេ ប្រជាពលរដ្ឋត្រូវការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ដែរ អ៊ីចឹងត្រូវកំណត់ពេលវេលាឲ្យបានជាក់លាក់ ហើយបើដល់ពេលវេលាហើយត្រូវចុះទៅជួបពួកគាត់ កុំឲ្យដល់ពេលវេលាហើយ អត់មានមន្ត្រីណាចុះទៅជួបពួកគាត់ ហើយធ្វើយ៉ាងម៉េចឲ្យពួកគាត់មានសង្ឃឹមទៅលើអាជ្ញាធរថា ពិតជានឹងទទួលបានដំណោះស្រាយឲ្យពួកគាត់»។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា កម្លាំងប៉ូលិស សន្តិសុខ ជិត ១០០នាក់ និងអាជ្ញាធរខេត្តក្រចេះ រួមទាំងអាជ្ញាធររាជធានីភ្នំពេញ បានគំរាមកំហែង និងប្រទាញប្រទង់ចាប់យកឥវ៉ាន់ពលរដ្ឋយកទៅដាក់លើឡាន ដើម្បីបង្ខំឱ្យពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តក្រចេះ ត្រឡប់ទៅខេត្តវិញ ក្រោយពីពលរដ្ឋប្រមាណ ១រយនាក់ បានឡើងមកដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី នៅក្រសួងដែនដី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហើយស្ថាប័នទាំងនេះសន្យាថា នឹងស្វែងរកដំណោះស្រាយឱ្យពលរដ្ឋ ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋមិនទាន់ទទួលបានដំណឹងពីការដោះស្រាយពីអាជ្ញាធរ និងរដ្ឋាភិបាលនៅឡើយ ។
ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (NK Agri) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ក្នុងទំហំជិត ១ម៉ឺន ៧ពាន់ (១៦.៥២៧) ហិកតារ កាលពីឆ្នាំ២០០៩ ដើម្បីដាំដំណាំអំពៅ។ ក្រោយមកទៀត នៅឆ្នាំ២០១៣ ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ បានសហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង បើកដំណើរការឡើងវិញ ដើម្បីផលិតស្ករអំពៅ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជា និងវៀតណាម។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនក៏ចាប់ផ្ដើមឈូសឆាយបំផ្លាញផលដំណាំ របស់អ្នកភូមិ ហើយហ៊ុមព័ទ្ធយកដីព្រៃសហគមន៍ ដីស្រែចម្ការពលរដ្ឋថែមទៀតផង ដោយចោទថា ពលរដ្ឋរំលោភយកដីក្រុមហ៊ុន ខណៈពលរដ្ឋអះអាងថា ពួកគាត់បានកាន់កាប់ដីក្នុងតំបន់នោះ តាំងពីឆ្នាំ១៩៨០ និង២០០៨ នៅមុនក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។