ប្រជាសហគមន៍នៅខេត្តព្រះវិហារចោទប្រកាន់ជំទប់ទី២ ឃុំស្រយ៉ង់ លោក ឌី បូ ថា ឃុបឃិតជាមួយក្រុមឈ្មួញលក់ដីព្រៃអភិរក្សអស់រាប់រយហិកតារ។ ប៉ុន្តែអាជ្ញាធរឃុំរូបនេះ បានច្រានចោលការចោទប្រកាន់នេះ។
ពលរដ្ឋរស់នៅឃុំស្រយ៉ង់ ស្រុកគូលែន អំពាវនាវដល់អាជ្ញាធរខេត្តព្រះវិហារស៊ើបអង្កេត សកម្មភាពឈូសឆាយដីព្រៃអភិរក្សអស់ជាច្រើនហិកតារ ឋិតនៅចំណុចភ្នំព្រួលនៃដែនជម្រកសត្វព្រៃភ្នំត្នោត។
ការលើកឡើងនេះ ក្រោយពីប្រជាសហគមន៍ថ្មីៗ នេះ បានប្រទះឃើញ គ្រឿងចក្រជាច្រើនគ្រឿង និងកម្មករជាច្រើននាក់ ប្រើរណាយន្តអាររំលំដើមឈើធំៗ ដើម្បីរានយកដីព្រៃ ធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតារ នៅរយៈពេលជាង ១ខែចុងក្រោយនេះ។
ជនជាតិដើមកួយរស់នៅភូមិស្រយ៉ង់ខាងត្បូង ឃុំស្រយ៉ង់ លោក តុប រ៉ន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ វិច្ឆិកាថា អាជ្ញាធរឃុំរូបនេះ បានចុះហត្ថលេខាផ្ទេរសិទ្ធិឱ្យក្រុមឈ្មួញជាច្រើននាក់ ប៉ះចំដីព្រៃអភិរក្សប្រមាណ ២០០ហិកតារនឹងត្រៀមឈូសឆាយទាំងអស់។ លើសពីនេះ ក្នុងពេលដែលអាជ្ញាធរឃុំរូបនេះ ចេញលិខិតផ្ទេរសិទ្ធិដីធ្លី សកម្មភាពឈូសឆាយដីព្រៃកាន់តែកម្រើកខ្លាំងអស់ ៥០ហិកតារ ដោយគ្មានមន្ត្រីបរិស្ថានណាចុះអនុវត្តច្បាប់នោះទេ។
លោកបន្ថែមថា ប្រជាសហគមន៍រកឃើញឯកសារមិនប្រក្រតីមួយចំនួន ដែលអាជ្ញាធរឃុំរូបនេះ បានធ្វើលិខិតផ្ទេរសិទ្ធិមានហត្ថលេខា និងបោះត្រាឃុំ ដើម្បីប្រគល់ដីព្រៃអភិរក្សទ្រង់ទ្រាយធំ ឱ្យក្រុមឈ្មួញឈូសឆាយ៖ «២០០ហិកតារហើយគេកាប់រំលើងដៃមួយសារហើយ បានគេចាប់ផ្តើមឈូសឆាយ បើគេកាប់ដៃអស់រលីងហើយ។ គេជួលអ្នកស្រុក មួយហិកតារ ៥០ម៉ឺនរៀល ដើម្បីឱ្យដួលសិន»។
ឆ្លើយតបការចោទប្រកាន់នេះ ជំទប់ទី២ ឃុំស្រយ៉ង់ លោក ឌី បូ បដិសេធថា លោកមិនបានចុះហត្ថលេខាផ្ទេរសិទ្ធិក្នុងទំហំដីព្រៃអស់រាប់រយហិកតារដូច្នោះទេ។ តែលោកទទួលស្គាល់ថា បានចុះហត្ថលេខាផ្ទេរសិទ្ធិឱ្យពលរដ្ឋក្រីក្រ ៥គ្រួសារ ក្នុងទំហំដីជាង ១០ហិកតារប៉ុណ្ណោះ តាមសំណើរបស់ពលរដ្ឋក្រីក្រ ដើម្បីធ្វើកសិកម្មដាំដំឡូងចិញ្ចឹមជីវិត។ លោកបញ្ជាក់ថា ដីដែលលោកចុះហត្ថលេខានោះ ជាដីចម្ការរបស់ពលរដ្ឋ ពុំមែនដីព្រៃឋិតក្នុងដែនអភិរក្ស របស់ក្រសួងបរិស្ថាននោះទេ៖ «ពុំមែនជាការពិតទេ អត់មានរាប់រយហិកតារទេ បើខ្ញុំធ្វើ ៥ហិកតារមាន។ ពលរដ្ឋគាត់ដោះដូរគាត់ខ្វះខាត គាត់ឱ្យយើងផ្ទេរឈ្មោះមួយ ទៅឈ្មោះមួយ ៤ ទៅ ៥ហិកតារមាន។ ដីនេះ គឺគេខានធ្វើយូរហើយ ពលរដ្ឋអត់គេធ្វើស្រឡះដាំដំឡូង គេលក់ឱ្យបងប្អូនមួយទៀតទៅ»។
តែទោះជាយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តព្រះវិហារ ស៊ើបអង្កេតបញ្ហានេះជាបន្ទាន់ និងជំរុញឱ្យមានការទទួលខុសត្រូវទាំងអ្នកប្រព្រឹត្ត រួមទាំងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលបណ្ដែតបណ្ដោយឱ្យមានសកម្មភាពឈូសឆាយដីព្រៃអភិរក្សទាំងនោះ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ ពន្យល់ថា អាជ្ញាធរឃុំដែលចុះហត្ថលេខាផ្ទេរសិទ្ធិដីធ្លី នៅតំបន់ការពារ គឺជាទង្វើល្មើសច្បាប់៖ «ព្រោះដីតំបន់ការពារគឺមានព្រះរាជក្រឹត្យ ឡាយព្រះហស្តលេខាព្រះមហាក្សត្រ ពុំមាននរណាម្នាក់មានសិទ្ធិស៊ីញេជាន់ព្រះរាជក្រឹត្យនោះទេ»។
កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ ក្រសួងបរិស្ថានបានណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវមោឃភាពចោលរាល់ការចុះហត្ថលេខា កាន់កាប់ដីក្នុងតំបន់ការពារ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះ។ ក្រសួងរកឃើញថា រដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ និងពាក្យស្នើសុំកាន់កាប់ដីធ្លីជាកម្មសិទ្ធិស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះខុសច្បាប់។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីចំនួនជាង ៤ម៉ឺន ២ពាន់ហិកតារ (៤២.០៩៧) ស្ថិតក្នុង ស្រុកសង្គមថ្មី ស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។ ដែនអភិរក្សនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ គ្រប់គ្រងដោយក្រសួងបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។