ពលរដ្ឋ និងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិដីធ្លីអះអាងថា ក្រុមហ៊ុនខ្នាតធំរបស់វៀតណាមបានប្រើគ្រឿងចក្រឈូសឆាយដីដែលកំណត់ថា ត្រូវប្រគល់ទៅឱ្យសហគមន៍វិញ។ ការឈូសឆាយនេះកើតឡើង នៅពេលដែលពលរដ្ឋកំពុងស្ថិតនៅក្នុងភូមិមិនចេញទៅណា ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។
តំណាងសហគមន៍ភូមិកាក់ និងជាជនជាតិដើមភាគតិចកាចក់ ឃុំតាឡាវ ស្រុកអណ្ដូងមាស លោក សេវ សឿន ឱ្យអាស៊ីសេរីដឹងថា ក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ (HAGL) បានប្រើគ្រឿងចក្រឈូសឆាយដីអារក្ស ដីកប់សព និងដីបង្កបង្កើនផលរបស់ពលរដ្ឋ។ លោកបញ្ជាក់ថា ដីនោះ គឺជាតំបន់ដែលសហគមន៍ និងអាជ្ញាធរខេត្តរតនគិរីបានស្នើទៅរដ្ឋាភិបាលដើម្បីកាត់ឆ្វៀលជូនពលរដ្ឋ។ លោកឱ្យដឹងទៀតថា សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន បានកើតឡើងកាលពីខែមីនាកន្លងទៅ ហើយក្រុមហ៊ុនបានយកបង្គោលទៅបោះនៅលើទីតាំងដែលពួកគេឈូសឆាយនោះទៀតផង។
តំណាងសហគមន៍រូបនេះថ្លែងទៀតថា លោកមិនបានដឹងអំពីផ្ទៃដីដែលក្រុមហ៊ុនបានឈូសឆាយនោះទេ ប៉ុន្តែលោកដឹងថា ការឈូសឆាយនេះប៉ះពាល់ដល់សហគមន៍ ៤ភូមិ គឺភូមិកាក់ ភូមិម៉ុយ ភូមិម៉ាស និងភូមិអ៊ីន៖ « កាលមុន ជនជាតិដើមភាគតិចពួកខ្ញុំរកស៊ីមានព្រៃ មានភ្នំ មានអ្វី ឥលូវនេះវាអត់មាន។ សហគមន៍ខ្ញុំចង់ធ្វើម៉េចឱ្យអាជ្ញាធររាជរដ្ឋាភិបាលយើងគិតគូរដល់សហគមន៍។ កុំឱ្យគាត់កាប់ ដោយសារបើទុកអ៊ីចឹង យូរៗ ទៅក្រុមហ៊ុនវាលូចលាក់ដូចមុនៗ។ សូមឱ្យរាជរដ្ឋាភិបាលយើងអាណិតអាសូរផង » ។
អង្គការសមធម៌កម្ពុជា (Equitable Cambodia) អះអាងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ឧសភាថា ក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ (HAGL) បានឈូសឆាយដីភ្នំអារក្សចំនួនពីរកន្លែង តំបន់ដីសើម តំបន់បរបាញ់សត្វតាមបែបប្រពៃណី និងដីកប់សពរបស់អ្នកភូមិ។ អង្គការដដែលនេះបន្តថា ទង្វើរបស់ក្រុមហ៊ុនបានបំផ្លាញដីព្រៃ និងបណ្ដាលឱ្យខូចខាតមិនអាចស្ដារឡើងវិញបាននូវដីដែលមានតម្លៃខាងជំនឿមិនអាចកាត់ថ្លៃបាន ចំពោះសហគមន៍។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍អន្តរជាតិដែលមានការចូលរួម (IDI) លោក ដេវីដ ប្រេដ (David Pred) លើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាននោះថា ការបំផ្លាញទីកន្លែងសក្ដិសិទ្ធិទាំងនេះដោយក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ (HAGL) គឺជារឿងគួរឱ្យសោកស្ដាយ។ លោកថា ក្រុមហ៊ុននេះបានឆក់ឱកាសពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ មកបិទបាំង ដើម្បីឈូសឆាយដីជនជាតិដើមភាគតិចដោយខុសច្បាប់ថែមទៀត ដែលនេះគឺជារឿងអាក្រក់ហួសថ្លែង។
អាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ (HAGL) ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី២៥ ឧសភា។
រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់ដីសម្បទានសេដ្ឋកិច្ចជិត ៥ម៉ឺនហិកតារលើសពីច្បាប់កំណត់ ដល់ក្រុមហ៊ុនវៀតណាម ហ័ងអាញ់យ៉ាឡាយ (HAGL) ដើម្បីវិនិយោគដាំកៅស៊ូ ក្នុងរយៈពេល ៩៩ឆ្នាំ។ សេចក្ដីសម្រេចនេះ បានបើកផ្លូវឆ្ពោះឱ្យមានការឈូសឆាយដីព្រៃរាប់ម៉ឺនហិកតារនៅខេត្តរតនគិរី ដែលប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋជនជាតិដើមភាគតិចរាប់ពាន់គ្រួសារនៅស្រុកអណ្តូងមាស និងស្រុកអូរជុំ។
ទំនាស់ដីធ្លីរវាងសហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី និងក្រុមហ៊ុនយក្សរបស់វៀតណាមនេះ បានចាប់ផ្ដើមផ្ទុះឡើង នៅឆ្នាំ២០១១ និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។ ការសម្របសម្រួលដោះស្រាយវិវាទនេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការចូលរួមពីក្រុមការងារឯករាជ្យរបស់ធនាគារពិភពលោក ព្រមទាំងអាជ្ញាធរខេត្តរតនគិរី និងក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិ។ នៅខែមីនា ឆ្នាំ២០២០ នេះ អាជ្ញាធរខេត្តរតនគិរីបានសម្រេចស្នើសុំជាផ្លូវការទៅក្រសួងកសិកម្ម ឱ្យប្រគល់ដីចំនួន ៦៤ទីតាំង ឬស្មើនឹង ៧៤២ហិកតារ ជូនទៅសហគមន៍ជនជាតិដើមភាគតិចទាំង ១២សហគមន៍នោះវិញ ដើម្បីឱ្យពួកគាត់អាចប្រតិបត្តិតាមជំនឿ ប្រពៃណី និងវប្បធម៌ ព្រមទាំងគាំទ្រដល់ជីវភាពរស់នៅរបស់ពួកគាត់។
នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត មានប្រសាសន៍ថា ការឈូសឆាយតំបន់ដែលមិនទាន់មានការឯកភាពគ្នា គឺជារឿងខុសឆ្គង ហើយអាជ្ញាធរខេត្តនឹងចាត់មន្ត្រីចុះទៅពិនិត្យករណីនេះ។ លោកថា បើមន្ត្រីជំនាញរកឃើញភាពមិនប្រក្រតីដូចការអះអាងរបស់សហគមន៍មែន នោះអាជ្ញាធរខេត្តនឹងតម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពរបស់ខ្លួន។
ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនសហគមន៍វិញ លោក នាង សំអាត បញ្ជាក់ថា អាជ្ញាធរខេត្តមានសិទ្ធិអំណាចត្រឹមសម្របសម្រួល និងលើកទៅសំណើទៅថ្នាក់លើប៉ុណ្ណោះ ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺស្ថិតនៅលើក្រសួងកសិកម្ម៖ « កន្លែងកាត់កងហ្នឹង ក្រុមហ៊ុនឱ្យរដ្ឋាភិបាលជាអ្នកសម្រេច។ អ៊ីចឹងក្រុមហ៊ុនថា បើរដ្ឋាភិបាលសម្រេចថា កាត់ប៉ុន្មាន អ្វីប៉ុន្មាន អាហ្នឹងក្រុមហ៊ុនគេនឹងទទួលយកប៉ុណ្ណឹង។ អ៊ីចឹងបានជាមានកិច្ចប្រជុំដើម្បីសម្របសម្រួលរវាងសហគមន៍ជាមួយនឹងក្រុមហ៊ុន ហើយខេត្តដែលជាអាជ្ញាធរដែនដី បានស្នើទៅក្រសួង។ ខ្ញុំមិនច្បាស់តួលេខទេ។ អ៊ីចឹងមានន័យថា មកដល់ពេលនេះ សំណើដែលយើងទៅក្រសួងហ្នឹង មិនទាន់មានការឯកភាពថា កាត់ឱ្យប៉ុណ្ណឹង ឬយ៉ាងម៉េចនោះ អត់ទាន់មាននៅឡើយទេ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ជាច្រើនដងតាមទូរស័ព្ទ នៅថ្ងៃទី២៥ ឧសភា ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ថ្លែងថា ការឈូសឆាយដីដែលត្រូវបានកំណត់សម្រាប់ប្រគល់ជូនសហគមន៍វិញនោះ គឺជាសកម្មភាពចុងក្រោយក្នុងចំណោមសកម្មភាពមិនស្មោះត្រង់ដោយចេតនាជាច្រើនទៀតរបស់ក្រុមហ៊ុន។ លោកថា ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ ត្រូវតែបញ្ឈប់សកម្មភាពឈូសឆាយដីជាបន្ទាន់ និងប្រគល់ដីជូនសហគមន៍វិញ ព្រមទាំងសងការខូចខាតទាំងអស់ដែលក្រុមហ៊ុនបានបង្កចំពោះសហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី៖ « ក្រុមហ៊ុនហ្នឹងត្រូវគោរពនូវអ្វីដែលយើងបានឯកភាពគ្នាជាមួយប្រជាពលរដ្ឋ ហើយកុំទាន់ឈូសឆាយតំបន់ដែលយើងចុះទៅហ្នឹង ហើយរង់ចាំឱ្យមានការសម្រេចជាផ្លូវការពីក្រសួង ដើម្បីយើងអាចកំណត់ព្រំមួយដែលជាព្រំដែលយើងឯកភាពគ្នាអ៊ីចឹងទៅ ហើយយើងអាចបន្តនូវការសហការ និងការអភិវឌ្ឍនៅតំបន់ហ្នឹង » ។
អង្គការឃ្លាំមើលពិភពលោក (Global Witness) ធ្លាប់រកឃើញថា ការវិនិយោគរបស់ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ បានធ្វើឱ្យប្រជាសហគមន៍បាត់បង់ដីស្រែចម្ការ ប្រភពទឹក លទ្ធភាពចូលទៅក្នុងព្រៃ បាត់ចំណូល ព្រមទាំងប្រឈមការគំរាមកំហែងដល់អាយុជីវិត ឬការចាប់ខ្លួននៅពេលពួកគាត់ព្យាយាមតវ៉ារឿងដីធ្លី។ អង្គការអន្តរជាតិនេះរកឃើញទៀតថា ក្រុមហ៊ុនយក្សរបស់វៀតណាមមួយនេះមានពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់នៅកម្ពុជា។ ជាពិសេសនាយកក្រុមហ៊ុននេះបានប្រាប់ អង្គការឃ្លាំមើលពិភពលោកថា ធនធានធម្មជាតិមានកំណត់ ដូច្នេះក្រុមហ៊ុនត្រូវតែច្បាមយកធនធានទាំងនោះឱ្យអស់ មុនពេលវាបាត់បង់អស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។