សង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសិទ្ធិដីធ្លី និងសកម្មជនបរិស្ថានគាំទ្រ របាយការណ៍របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិដែលបង្ហាញពីមូលហេតុនាំឲ្យកើតនូវវិបត្តិដីធ្លី និងផលប៉ះពាល់បរិស្ថាននៅកម្ពុជា។ ពួកគាត់ចង់ឲ្យរដ្ឋាភិបាល យករបាយការណ៍នេះ ទៅសិក្សាផ្ទៀងផ្ទាត់រកការពិត និងមានវិធានការដោះស្រាយប្រកបដោយតម្លាភាព និងផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ជាជាងប្រកែកដោះសា ហើយចោទប្រកាន់ដល់អ្នករិះគន់បញ្ហានេះ។
មន្រ្តីសង្គមស៊ីវិលមើលឃើញថា បញ្ហាសិទ្ធិដីធ្លី និងបរិស្ថាន ព្រមទាំងការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ បានរុញច្រានពលរដ្ឋភាគច្រើន ធ្លាក់ក្នុងវិបត្តិអត់ការងារធ្វើ បាត់បង់ទីជម្រក និងខ្វះស្បៀងអាហាហូបចុកប្រចាំថ្ងៃ។
ការមើលឃើញពីសង្គមក្នុងស្រុកនាពេលនេះ គឺស្រដៀងគ្នាទៅនឹងការរកឃើញរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានលើកឡើងអំពីកង្វល់មួយចំនួនទាក់ទងនឹងវិបត្តិដីធ្លី និងផលប៉ះពាល់បរិស្ថានកម្ពុជា កំពុងកើតមានកាន់តែធ្ងន់ធ្ងរ ខណៈកម្ពុជាបានបើកចំហឲ្យមានការវិនិយោគចូលមកកាន់តែច្រើនជាបន្តបន្ទាប់។
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាលោក ថេង សាវឿន ឲ្យដឹងថា បញ្ហាដីធ្លីនៅតែជាវិបត្តិធំមួយសម្រាប់កសិករ ដែលធ្វើឲ្យពួកគាត់មិនមានដីធ្លីគ្រប់គ្រាន់ក្នុងការបង្កង្កើនផល ខណៈសមាជិកគ្រួសារចេះតែមានចំនួនកើនឡើងជាលំដាប់។
លោកបន្តថា ពលរដ្ឋក្រីក្រភាគច្រើនបានក្លាយជាជនរងគ្រោះ ក្រោយមានគម្រោងវិនិយោគ ឬមានការអភិវឌ្ឍន៍អ្វីមួយ ពីសំណាក់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនរបស់អ្នកមានលុយ មានអំណាចចូលទៅក្នុងសហគមន៍របស់ពួកគាត់៖ «ជម្លោះដីធ្លីកើតឡើងដោយសារគោលនយោបាយអភិវឌ្ឍ និងការផ្តល់ដីសម្បទានសេដកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមឈ្មួញ អ្នកមានអំណាច បានរិបអូសដីធ្លីរបស់ប្រជាកសិករ ទៅជាកន្លែងឧស្សាហកម្មធំៗ ប្រព័ន្ធធារាសាស្រ្ត កន្លែងខ្លះ គេរ៉ុករករ៉ែ ដាំដំណាំឧស្សាហកម្ម ដែលគម្រោងអស់ទាំងនោះសុទ្ធតែមានអ្នកឧកញ៉ា អ្នកមានអំណាច មានលុយ កាន់កាប់ដោយផ្ទាល់ ឬឈនៅពីក្រោយ»។
លោកបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋរាប់ពាន់គ្រួសារមិនអាចចូលទៅប្រើប្រាស់ដីធ្លី អាស្រ័យផលលើដីធ្លីរបស់ពួកគាត់បានដូចសព្វដងនោះទេ ដោយកំពុងមានជម្លោះជាមួយក្រុមហ៊ុន។ បញ្ហាទាំងនេះ បានក្លាយជាបន្ទុកមួយធ្ងន់ធ្ងរសម្រាប់កសិករ បន្ថែមពីលើការប្រឈមនៃវិបត្តិជំងឺកូវីដ១៩ ហើយបានរុញច្រានពួកគាត់ធ្លាក់ចូលក្នុងវិបត្តិក្រីក្ររើខ្លួនមិនរួចពីមួយឆ្នាំទៅមួយឆ្នាំ៖ «ច្បាស់ណាស់កាលណាមានការរំលោភដីធ្លី មានជម្លោះពួកគាត់កើតទុក្ខមិនសុខចិត្ត នាំគ្នាចេញមុខតវ៉ា ប៉ុន្តែត្រូវអាជ្ញាធររារាំង និងប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការ ហើយឈានទៅដល់ការចាប់ខ្លួនដាក់ពន្ធាគារជាដើម»។
ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពេល អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានបង្ហាញកង្វល់មួយចំនួននៅឯកិច្ចប្រជុំនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី៦ ខែតុលាថា ការប្រកួតប្រជែងដណ្តើមដីធ្លី និងធនធាននៅក្នុងវិស័យសេដ្ឋកិច្ចដែលកំពុងលូតលាស់ គឺជាចំណុចងាយកើតមានជម្លោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបង្កទៅជាបញ្ហាប្រឈមដល់ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត។
ទាំងនេះវាបានជាប់ពាក់ព័ន្ធ នឹងការបណ្តេញចេញដោយបង្ខំ និងការផ្លាស់ប្តូរទីលំនៅរបស់ប្រជាសហគមន៍ ដែលមានប្រាក់ចំណូលទាប និងក្រុមជនជាតិដើមភាគតិច។ ពលរដ្ឋក្រីក្ររស់នៅក្នុងទីក្រុង កំពុងត្រូវបានគេរុញច្រានទៅឆ្ងាយពីតំបន់មានការអភិវឌ្ឍន៍ ឲ្យទៅជាតំបន់ពាណិជ្ជកម្ម។ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជតិរូបនេះ សង្កេតឃើញទៀតថា កំណើនសេដ្ឋកិច្ចក៏ជាការដាក់សម្ពាធលើតំបន់ដីបៃតងដែលនៅសេសសល់។ បញ្ហានេះបានផ្តល់នូវផលលំបាកក្នុងការដោះស្រាយ ព្រោះជាប់ពាក់ព័ន្ធនឹងការត្រួតស៊ីគ្នារវាងដីប្រពៃណីទំនៀមទំលាប់របស់អ្នកភូមិ និងដីតំបន់ការពាររបស់រដ្ឋ។ សកម្មភាពអាជីវកម្មលើដីទាំងនោះធ្វើឡើងដោយវិស័យធុរកិច្ច ក្លាយជាកត្តាជំរុញធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់សហគមន៍ក្រីក្រ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ថាការរកឃើញនេះ ជាការឆ្លុះបញ្ចាំងនូវការពិតដែលកំពុងកើតមានក្នុងសង្គមបច្ចុប្បន្ន៖ «កំណើននៃការអភិវឌ្ឍន៍ចូលមកយ៉ាងកំហុក ចំណែកប្រព័ន្ធគ្រប់គ្រងដីធ្លីមិនទាន់រឹងមាំនៅឡើយធ្វើឲ្យទំនាស់ដីធីកាន់តែកើតឡើងច្រើនជាបន្តបន្ទាប់ ហើយភាគច្រើនអ្នកប៉ះពាល់គឺពលរដ្ឋក្រីក្រី អ្នកមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លី និងជនជាតិដើមភាគតិច»។
អង្គការលីកាដូរកឃើញថា ការបំពានយកដី និងការចាប់ខ្លួនសកម្មជនដីធ្លីគ្មានការថមថយទេនៅរយៈពេល២ឆ្នាំនៃអំឡុងពេលឆ្លងជំងឺកូវីដ១៩។
អង្គការនេះ ចេញផ្សាយរបាយការណ៍ជាវីដេអូខ្លីមួយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បង្ហាញថា រយៈពេលពីរឆ្នាំចុងក្រោយ នៃអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩(Covid-19) នេះ ប្រជាពលរដ្ឋប្រមាណជាងប្រាំពាន់ (៥.០០០) គ្រួសារ រងផលប៉ះពាល់ពីការបំពានយកដី។ លើសពីនេះមានសមាជិកសហគមន៍ និងសកម្មជនដីធ្លីយ៉ាងតិចណាស់ចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន ហើយក្នុងនោះមាន ១០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ។
ចរន្តនៃការវិនិយោគនៅកម្ពុជា នាដំណាក់កាលចុងក្រោយនេះ ក្រៅពីធ្វើឲ្យកើនឡើងនូវវិបត្តិដីធ្លីជាមួយប្រជាពលរដ្ឋ បញ្ហាដដែលនេះក៏នៅមានកត្តាជាច្រើនទៀតដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់ព្រៃឈើ ទឹក បរិស្ថាន និងជីវចម្រុះផងដែរ។
យុវជនជាសកម្មជនបរិស្ថានលោក សាន់ មាឡា មើលឃើញថា ក្នុងដំណាក់កាលចុងក្រោយនេះ លោកមើលឃើញបញ្ហាប្រឈមធំពីរសម្រាប់បរិស្ថាន គឺការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃការពារ និងការអភិវឌ្ឍន៍ដោយលុបបឹងធម្មជាតិសំខាន់ៗ ក្នុងតំបន់ទីក្រុង ដើម្បីសាងសង់អគារពាណិជ្ជកម្ម និងផ្ទះល្វែងលក់។
លោកថា ការអភិវឌ្ឍន៍ដោយលុបបឹងធម្មជាតិនេះ រដ្ឋាភិបាល និងក្រុមអ្នកវិនិយោគ អាចមើលឃើញពីផលចំណេញក្នុងរយៈពេលខ្លី ប៉ុន្តែគេមិនបានមើលពីផលប៉ះពាល់ក្នុងរយៈពេលវែងនោះឡើយ៖ «ប៉ុន្តែការអភិវឌ្ឍន៍ដែលមើលឃើញតែពីផលចំណេញក្នុងរយៈពេលខ្លីបែបហ្នឹង លោកមិនគាំទ្រទេ ត្បិតវាអាចកាត់បន្ថយជម្លោះរវាងមនុស្សនិងមនុស្សឈ្លោះគ្នា ប៉ុន្តែការធ្វើបែបហ្នឹងវាធ្វើឲ្យប៉ះពាល់បរិស្ថានរយៈពេលវែង ដូចឃើញស្រាប់ហើយភ្នំពេញសព្វថ្ងៃកំពុងគំរាមកំហែងដោយទឹកជំនន់ទឹកភ្លៀង»។
លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បង្ហាញថា ការអភិវឌ្ឍដែលជោគជ័យ និងទទួលបានផលចំណេញទាំងអស់គ្នា លុះត្រាតែមានវិធានការបង្ការ ដូចជាការពិនិត្យមើលផលប៉ះពាល់ដែលពាក់ព័ន្ធ និងកាត់បន្ថយហានិភ័យនានា។ ការសាងសង់ និងការធ្វើទំនើបកម្មពាក់ព័ន្ធដែលមិនបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាន លុះត្រាតែមានការពិនិត្យផ្ទៀងផ្ទាត់នៅក្នុងដំណើរនៃការអភិវឌ្ឍនោះឲ្យត្រឹមត្រូវ និងច្បាស់លាស់ជាមុនសិន។
គោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជុំវិញការអនុវត្តក្របខណ្ឌការពារ ការគោរព និងផ្តល់សំណង ត្រូវដាក់ចេញនូវទិសដៅសម្រាប់ការអភិវឌ្ឍន៍ ដែលគ្រប់គ្នាចង់បាន។ គម្រោងការអភិវឌ្ឍន៍ទាំងនោះចាំបាច់ត្រូវដាក់បញ្ចូលនូវគោលការណ៍សិទ្ធិមនុស្សទៅក្នុងហេតុផលប៉ះពាល់បរិស្ថាន ដែលត្រូវធ្វើឡើងនៅមុនការអនុវត្តគម្រោង។
ទាក់ទង់រឿងនេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការពន្យល់ពីអ្នកនាំពាក្យ ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ កាលពីថ្ងៃទី២០ ខែតុលា។
ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាលោក កត្តា អ៊ន ថាជំហររដ្ឋាភិបាលកម្ពុជា នឹងមិនទទួលយកអនុសាសន៍ទាំងឡាយណា ដែលផ្ទុយពីការពិតនៅកម្ពុជា។ លោកចាត់ទុកអនុសាសន៍ទាំងនោះ ថាមានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
កាលពីខែធ្នូ ឆ្នាំ២០២០ អតីតអ្នករាយការណ៍ពិសេសអាណត្តិមុន បានផ្ញើលិខិតទៅកាន់អាជ្ញាធរពាក់ព័ន្ធនឹងជម្លោះដីធ្លី រវាងសហគមន៍មូលដ្ឋាន និងអាជ្ញាធររដ្ឋ ដោយសារតែផលប្រយោជន៍អាជីវកម្មក្នុងការអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មដីធ្លី និងធនធានដែលពាក់ព័ន្ធ។ តំបន់ជម្លោះដីធ្លីខ្លះ មាននៅជុំវិញក្រុងភ្នំពេញ និងតាមបណ្តារខេត្តមួយចំនួនទៀត។ ដីដែលមានជម្លោះទាំងនោះរួមមានដីលិចទឹក ដែលមានតួនាទីយ៉ាងសំខាន់ដល់ប្រព័ន្ធអេកូឡូស៊ី។ សកម្មភាពទាំងឡាយដែលបណ្តាលឱ្យខូចខាតរួមមាន ការចាក់ដីលុបបឹង ដែលអាចធ្វើអោយមានការរិះគន់ និងការគំរាមកំហែងនៃទឹកជំនន់ជាដើម។ ប៉ុន្តែអាជ្ញាធរបានឆ្លើយតបទៅអតីតអ្នករាយការណ៍ពិសេសថា វិធានការបង្ការ ដូចជាការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន ត្រូវបានធ្វើឡើង ហើយអាជ្ញាធរក៏បានផ្តល់ផ្ទះដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដែរ។
ពាក់ព័ន្ធរឿងនេះ មន្រ្តីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបរិស្ថានអះអាងថា វិធានការទាំងនេះ ឃើញមានតែគោលការណ៍ប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្តែងពុំមានឡើយ ឬក៏មានធ្វើតិចតួចដែរតាមតំបន់ខ្លះជាលក្ខណៈបង្រ្គប់កិច្ច ដោយមិនបានអនុវត្តឲ្យពេញលេញ និងមានការចូលរួមពីអ្នកជំនាញឯករាជ សង្គមស៊ីវិល និងភាគីដែលផលប៉ះពាល់ផ្ទាល់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។