សហគមន៍​រងគ្រោះ​នៅ​ខេត្ត​ព្រះវិហារ​អះអាង​ថា អ្នក​មាន​អំណាច​បន្ត​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​ប្រើ​ហិង្សា​ទៅ​លើ​ពួក​គាត់

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ខេត្ត​ព្រះវិហារ កំពុង​រងគ្រោះ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ចិន អះអាង​ថា បុគ្គល​មាន​លុយ​មានអំណាច​ម្នាក់ បន្ត​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ស្រែចម្ការ និង​ប្រើប្រាស់​ហិង្សា​ទៅលើ​ពលរដ្ឋ​នៅ​ពេល​ដែល​ពលរដ្ឋ​ហាមឃាត់​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​មិន​គួរ​បណ្ដែតបណ្ដោយ​បញ្ហា​ដីធ្លី​នេះ រហូត​ដល់​មាន​អំពើ​ហិង្សា​បែប​នេះ​នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​កួយ ជិត​១០០​នាក់ រស់នៅ​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃទី១១ ខែ​កុម្ភៈ បាន​នាំ​គ្នា​ទៅ​ហាមឃាត់​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ដី​ស្រែចម្ការ ត្រូវ​បុគ្គល​មាន​លុយ​មានអំណាច និង​បក្ខពួក ព្រួត​គ្នា​វាយ​ទៅលើ​សហគមន៍​បណ្ដាល​ឲ្យ​មាន​របួស​ចំនួន ៣​នាក់។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ម្លូព្រៃ​ពីរ លោក សឿន ថា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ថា បុគ្គល​មាន​លុយ​មានអំណាច ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ និង​បក្ខពួក បន្ត​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​ប្រជា​សហគមន៍ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​សហគមន៍ ខណៈ​ពួកគេ​ទៅ​ហាមឃាត់​មិន​ឲ្យ​ឈូស​ឆាយ​ដី​អាស្រ័យ​ផល​របស់​ពួកគេ ។ លោក​បន្ថែម​ថា អាជ្ញាធរ​នៅតែ​មិន​ព្រម​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​សហគមន៍ ហើយ​បន្ត​ឲ្យ​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ចូល​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដដែល។

លោក សឿន ថា៖ «វា​ជា​រឿង​មួយ​អយុត្តិធម៌​មែនទែន អាច​មាន​អ្នក​នៅ​ពី​ខាង​ក្រោយខ្នង ព្រោះ​ប៉ុន្មាន​លើក​ប៉ុន្មាន​សារ​ហើយ​បានជា​មិនឃើញ​អាជ្ញាធរ​ខេត្ត​ចុះ​មក​អន្តរាគមន៍ ពួកគាត់​មក​បំពាន​ពួក​យើង​ហើយ​បែរជា​ប្រើ​អំពើ​ហិង្សា​មក​លើ​ពួក​យើង​ទៀត ខ្ញុំ​គិតថា​វា​អយុត្តិធម៌​សម្រាប់​ជនជាតិ​ដើម​មែនទែន មាន​អ្នក​ចំណូល​មក​ធ្វើ​នៅក្នុង​ស្រុក​ខ្លួនឯង​ហើយ បែរជា​មក​វាយ​ដំ​ច្រំធាក់​ដល់​អ្នកភូមិ​ដល់​មាន​របួស»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អភិបាលស្រុក​ឆែប លោក ឡង់ សុបិន និង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រីទ្ធី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

តែ​ទោះជា​យ៉ាងណា សហគមន៍​អះអាង​បន្ថែម​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ ដែល​លោក ឈាង គង់នូវ ហៅ ម៉ៅ និង​បក្ខពួក ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​សហគមន៍ នៅ​ពេល​ដែល​ពួកគេ​ទៅ​ហាមឃាត់​មិន​ឲ្យ​មានការ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​ពួកគេ។ សហគមន៍​ទទូច​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​មាន​អំពើ​ហិង្សា​ទៅ​លើ​សហគមន៍​បន្ត​ទៀត។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់​ឃើញ​ថា អាជ្ញាធរ​មិន​គួរ​អូស​បន្លាយ​វិវាទ​ដីធ្លី​នេះ​ឲ្យ​យូរ​រ៉ាំរ៉ៃ រហូតដល់​មាន​អំពើ​ហិង្សា​ទៅលើ​ពលរដ្ឋ​បែប​នេះ​នោះ​ទេ ។ លោក​បន្ថែម​ថា អាជ្ញាធរ​ត្រូវតែ​ចេញមុខ​ដោះស្រាយ​និង​ស្វែងរក​ជន​បង្ក​ហិង្សា​យក​ទៅ​អនុវត្ត​តាម​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​សហគមន៍​រងគ្រោះ បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​ខូច​កេរ្តិ៍ឈ្មោះ​ជាក់​ជា​មិន​ខាន។

លោក ប៉ឹក សោភ័ណ៖ «អ៊ីចឹង​អាជ្ញាធរ​ត្រូវតែ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​សហគមន៍​ហើយ បើ​មិន​អ៊ីចឹង​ទេ អំពើ​អយុត្តិធម៌​កាន់តែ​មាន​ឡើង ហើយ​រូបភាព​នឹង​អាក្រក់​ទៅ​ដល់​អាជ្ញាធរ​ខ្លួន​ឯង​ទៀត​សោត»។

កាល​ពី​ថ្ងៃ​ទី២៥ ធ្នូ ឆ្នាំ​២០២៣ សេចក្ដីប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ស្រុក​ឆែប លោក ឡង់ សុបិន បាន​ហាមឃាត់​ប្រជាពលរដ្ឋ​ចំនួន ១៧​ភូមិ មក​ពី ៦​ឃុំ មិន​ឲ្យ​ចូល​ទៅ​ឈូស​ឆាយ ឬ​ភ្ជួរ​ដី ធ្វើស្រែ​ចម្ការ​នៅក្នុង​បរិវេណ ក្រុមហ៊ុន​ចិន រ៉ូយ ហ្វេង ដែល​ស្ថិតនៅ​ក្នុងស្រុក​ឆែប​ខេត្ត​ព្រះវិហារ​នោះ​ទេ។ ទោះជា​យ៉ាងនេះ​ក្ដី អាជ្ញាធរ​បាន​ហាមឃាត់​តែ​ពលរដ្ឋ មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​តែ​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​ចំណាកស្រុក និង​អ្នកមាន​លុយ​មានអំណាច អាច​ចូល​ទៅ​ធ្វើស្រែ​ចម្ការ ដោយ​សេរី​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។