តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ ៩​នាក់​ឱ្យ​ទៅ​បំភ្លឺ​ពី​បទ​ឆបោក និង​បទ​ញុះញង់

0:00 / 0:00

តុលាការ​ខេត្ត​កោះកុង និង​តុលាការ​ខេត្ត​ព្រះវិហារ បាន​ចេញ​ដីកា​កោះហៅ​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន​០៩​នាក់​ឱ្យ​ទៅ​បំភ្លឺ​លើ​សំណុំ​បទ​ញុះញង់ និង​បទ​ឆបោក ក្នុង​ខែ​វិច្ឆិកា​នេះ តាម​បណ្ដឹង​របស់​ឈ្មួញ​ដីធ្លី និង​សាច់ញាតិ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​ភាគី​ជម្លោះ​ជាមួយ​ពលរដ្ឋ​។ មន្ត្រី​សិទ្ធិមនុស្ស ចង់​ឃើញ​មានការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​ការ​ប្រើ​យន្តការ​សម្របសម្រួល​ជាជាង​ការ​ដោះស្រាយ​ដោយ​ប្រព័ន្ធ​តុលាការ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទាំងពីរ​ខេត្ត អះអាង​ថា នឹង​ចូល​បំភ្លឺ​តាម​ពេលវេលា​ដែល​តុលាការ​កោះហៅ ប៉ុន្តែ​ពួកគេ ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ​ថា តុលាការ​អាច​នឹង​ឃុំខ្លួន​ពួកគេ ដោយសារ​ពួកគេ ជា​សកម្មជន​ឈានមុខ​ក្នុង​ការ​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ក្នុង​សហគមន៍។

​តំណាង​ពលរដ្ឋ​សហគមន៍​១៩៧ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោកស្រី ដេត ហួ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃទី​០​១ ខែ​វិច្ឆិកា​ថា លោកស្រី និង​ពលរដ្ឋ​៤​រូប​ផ្សេងទៀត​ក្នុង​សហគមន៍​១៩៧ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ខាងមុខ​។ លោកស្រី​អះ​ថា នឹង​ទៅ​បំភ្លឺ​តាម​ដីកា ហើយ​ពេលនេះ​លោកស្រី​ក៏​ទទួល​បាន​មេធាវី​ពី​អង្គការ​សិទ្ធិមនុស្ស​ជួយ​ការពារ​ក្ដី​ផង​ដែរ៖ «អ្នកសារព័ត៌មាន​អាស៊ីសេរី​ហ្នឹង​ជួយ​ដល់​សម្ដេច​ផង ព្រោះ​ពលរដ្ឋ​រស់នៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​ជា​អ្នក​បាត់បង់​ដី​ពិតប្រាកដ​សូម​ឱ្យ​សម្ដេច​ទម្លាក់​ចោល​ការ​ចោទប្រកាន់​អ្នក​បាត់បង់​ដីធ្លី​ផង»។

តំណាង​ពលរដ្ឋ​សហគមន៍​១៩៧ រូប​នេះ​ឱ្យដឹង​ថា ដើមបណ្ដឹង​ដែល​ប្ដឹង​លោកស្រី​និង​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​គឺ​ថៅកែ​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី​ខាលឆ័រ គ្រុប (Heng Huy Agriculture Group) ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​ប្ដឹង​ក្រុម​ពលរដ្ឋ​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​​​​សង្គម​។ លោកស្រី​យល់ថា ជា​រឿង​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​ដែល​ត្រូវ​ថៅកែ រំលោភបំពាន​ដីធ្លី​រួចហើយ​បែរជា​ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ទៀត។

ជុំវិញ​ជម្លោះដីធ្លី​នេះ ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​ចូលកាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដី​ធ្លី​មាន​ទំនាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ដោយមាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ លុះ​មកដល់​ឆ្នាំ​២០១០ អ្នកភូមិ​ឲ្យ​ដឹង​ថា ស្រាប់តែ​ក្រុមហ៊ុន ហេង ហ៊ុយ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​ជាង​៤​ពាន់​ហិកតារ យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅឋាន​ប្រជាពលរដ្ឋ និង​គំរាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន​។​

​ស្រដៀង​គ្នា​នេះ​ដែរ តុលាការ​ខេត្ត​កោះកុង បាន​ចេញ​ដីកា​បង្គាប់​ឱ្យ តំណាង​ពលរដ្ឋ​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល លោកស្រី ផៅ ញ៉ើ​ង និង​តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​ពីរ​នាក់​ផ្សេងទៀត ចូល​ទៅ​បំភ្លឺ ពាក់ព័ន្ធ​សំណុំរឿង​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​តាម​ដើមបណ្ដឹង​ដែល​ជា​សាច់ញាតិ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ជីខ​លើ​។ តុលាការ​តម្រូវ​ឲ្យ​លោកស្រី ផៅ ញ៉ើ​ង ត្រូវ​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ខាងមុខ​ជា​កំហិត​។ លោកស្រី ផៅ ញ៉ើង ថា​នឹង​ទៅ​បំភ្លឺ​ប៉ុន្តែ​លោកស្រី ព្រួយ​បារម្ភ​ថា តុលាការ​អាច​នឹង​ឃាត់ខ្លួន​លោកស្រី​។ តំណាង​ពលរដ្ឋ​រូប​នេះ​ស្នើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​នានា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​តាមដាន​ដំណើររឿង​លោកស្រី​ផង​៖ «ខ្ញុំ​ម៉េច​បានជា​ទៅ​បង្ក​វឹកវរ​ដល់​សង្គម​វិញ​បើ​ខ្ញុំ​គ្រាន់តែ​ទៅ​ដាក់​ញត្តិ​ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី​ដកហូត​ដី​ហ្នឹង​ជា​ដី​រដ្ឋ​ទុក​ចែក​ឱ្យ​ពលរដ្ឋ​ដែល​ក្រីក្រ​គ្មាន​ដី​រស់នៅ»។

​រីឯ​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់ទៀត នៅ​ខេត្ត​ព្រះវិហារ លោក ហែត ណៃ ក៏​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះវិហារ កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ខាងមុខ​ពាក់ព័ន្ធ​សំណុំរឿង ឆបោក និង​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។

អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន យល់​ថា ការ​ប្ដឹង​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ ប៉ុន្តែ​នេះ​ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​ពលរដ្ឋ​ទៅវិញ​។ លោក​ថា នឹង​តាម​ដាន​ឃ្លាំមើល​សំណុំ​រឿង​នេះ៖ «ជា​ការ​បំភិតបំភ័យ​លើ​ពលរដ្ឋ​ដែល​ទាមទារ​តវ៉ា​ហើយ​ការ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ហ្នឹង​មិនមែន​ជា​ដំណោះស្រាយ​ទេ»។

ជុំវិញ​ករណី​តុលាការ​ចេញ​ដីកា​កោះ​ហៅ និង​បង្គាប់​ឱ្យ​នាំ​ខ្លួន​ពលរដ្ឋ​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ ក្រោយ​ពេល​ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់ បាន​ចេញ​មុខ​ទាមទារ​រក​ដំណោះស្រាយ​ទាំង​នៅ​ទី​រួម​ខេត្ត​កោះកុង និង​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក ហ៊ួរ អ៊ីន ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​ការ​សម្របសម្រួល​តាម​យន្តការ​របស់​រដ្ឋាភិបាល​ជាជាង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។