ប្រភពពីពលរដ្ឋនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ឲ្យដឹងថា ស្ត្រីម្នាក់ដែលជាម្ចាស់សំណង់ថ្មីនៅជិតប្រាសាទបន្ទាយក្ដី បានគាំងបេះដូងសន្លប់ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។ ការគាំងបេះដូងសន្លប់នោះ បន្ទាប់ពីអាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប សហការគ្នាចុះអនុវត្តការរុះរើសំណង់ថ្មីៗនៅក្នុងតំបន់ការពារបេតិកភណ្ឌ ហើយបានវាយបំផ្លាញសំណង់របស់គាត់។
អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប បានបញ្ជូនសមត្ថកិច្ចចម្រុះមានកម្លាំងសណ្ដាប់ធ្នាប់របស់អាជ្ញាធរអប្សរា កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ ចុះអនុវត្តការរុះរើសំណង់ថ្មីៗទាំងឡាយនៅតំបន់ទី១ និងទី២ នៃឧទ្យានអង្គរហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។
ពលរដ្ឋខ្លះនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ បានបង្ហាញប្រតិកម្មចំពោះការដែលអាជ្ញាធរចុះរុះរើសំណង់ថ្មីរបស់ពួកគេនោះ។
ស្ត្រីម្នាក់ក្នុងចំណោមម្ចាស់សំណង់ថ្មីៗចំនួនពីរនៅភូមិលាងដៃ ដែលអាជ្ញាធរចាប់ផ្ដើមចុះរុះរើមុនគេ គឺលោកស្រី សែម អ៊ីដា។ នាងមានប្រសាសន៍ថា នាងទើបតែមានគ្រួសារថ្មី ហើយឪពុកក្មេកបានចែកដីឲ្យធ្វើផ្ទះរស់នៅផ្សេង ដោយសារតែផ្ទះដែលមានជាយូរមកហើយតូចចង្អៀត។ រូបនាង និងប្ដីបានចាប់ផ្ដើមធ្វើខ្ទមថ្មីពីឈើប្រក់ស័ង្កសី កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីខែឧសភា ដោយនាងមិននឹកស្មានថា ក្រោយពីបោះឆ្នោតរួច អាជ្ញាធរចុះរុះរើវិញដូច្នេះទេ៖ « ខ្ញុំចង់សួរថា អ្នករុះរើផ្ទះខ្ញុំនេះគាត់រស់នៅនឹងអ្វី បើគាត់រស់នៅលើចុងត្នោត ខ្ញុំក៏អាចរស់នៅបាន បើគាត់រស់នៅក្នុងផ្ទះ ខ្ញុំក៏ត្រូវមានសិទ្ធិធ្វើផ្ទះរស់នៅបានដែរ »។
ម្ចាស់សំណង់ថ្មីម្នាក់ទៀតនៅភូមិលាងដៃ ដែរ លោក ទិត្យ បញ្ញាមុន្នី ចោទប្រកាន់អាជ្ញាធរថាបានរំលោភសិទ្ធិមានទីលំនៅរបស់ពួកគាត់។ បុរសដដែលបញ្ជាក់ថា គាត់មានភូមិកំណើតនៅទីនេះ បើមិនឲ្យគាត់សង់ផ្ទះរស់នៅពេលមានប្រពន្ធកូននេះ តើឲ្យគាត់ទៅរស់នៅទីណា?៖ « អាជ្ញាធរពីមុនមកធ្លាប់បានប្រជុំនៅអង្គរ អ៊ិច ថាបើបងប្អូនរស់នៅតាំងពីដើម គឺអាចកសាងជម្រកបាន ចុះហេតុអ្វីពេលនេះខ្ញុំធ្វើខ្ទមនៅមិនបាន ?»។
អ្នកភូមិលាងដៃ ជាច្រើននាក់និយាយថា ការសង់ផ្ទះ និងខ្ទមថ្មីសម្រាប់រស់នៅនីមួយៗ គឺពួកគេបានទៅខ្ចីបុលប្រាក់ពីមីក្រូហិរញ្ញវត្ថុជាច្រើនលានរៀល ហើយនៅពេលដែលអាជ្ញាធរចុះរុះរើវិញដូច្នេះ គឺធ្វើឲ្យពួកគេគ្មានទាំងផ្ទះនៅ ឯការជំពាក់បំណុលក៏កាន់តែធ្ងន់ធ្ងរ។

អ្នកភូមិលាងដៃ ម្នាក់ទៀត លោក គិន គង់ បានស្នើឲ្យអាជ្ញាធរអប្សរាដែលចុះរុះរើសំណង់ថ្មីៗនៅក្នុងតំបន់ការពារបេតិកភណ្ឌនោះ សូមគិតទៅដល់គោលនយោបាយចេញសងខ្លះៗផង៖ « ឲ្យគិតគូរជួយដោះដូរជាសំណង ជាថវិកាបន្តិចបន្តួចខ្លះ កុំឲ្យប្រជាពលរដ្ឋកាន់តែដុនដាប »។
ទោះជាយ៉ាងណា អាជ្ញាធរអប្សរាដែលចាត់វិធានការចុះរុះរើសំណង់ថ្មីនៅក្នុងតំបន់ការពារបេតិកភណ្ឌនោះ មិនបាននិយាយពីគោលនយោបាយសំណងណាមួយឡើយ។
អភិបាលស្រុកអង្គរធំ លោក ឡុង រដ្ឋារក្ស ដែលដឹកនាំកម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរអប្សរាចុះរុះរើសំណង់ថ្មីៗ មានប្រសាសន៍ថា ការចុះអនុវត្តរុះរើសំណង់ថ្មីៗក្នុងតំបន់អង្គរនេះ គឺលោកធ្វើទៅតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា រួមនឹងសាលាខេត្តសៀមរាប ដែលដាក់ឱសានវាទឲ្យពលរដ្ឋរុះរើចេញដោយខ្លួនឯងត្រឹមថ្ងៃទី៩ ខែសីហា ហើយលើសពីថ្ងៃនោះ គឺអាជ្ញាធរនឹងចុះរុះរើ៖ « ធម្មតាទេ ការរុះរើគាត់តែងតែមានការស្នើសុំ ឬសំណូមពរឲ្យរក្សាទុកសំណង់របស់គាត់ដដែល ក៏ប៉ុន្តែផ្លូវច្បាប់មិនអាចធ្វើតាមអ្វីដែលគាត់ចង់បាននោះទេ »។
នៅព្រឹកថ្ងៃទី១០ ខែសីហា អាជ្ញាធរអប្សរាដែលសហការជាមួយអាជ្ញាធរខេត្តសៀមរាប បានចុះអនុវត្តការរុះរើសំណង់ថ្មីនៅក្នុងតំបន់អង្គរចំនួនពីរស្រុក និងមួយក្រុង គឺនៅឃុំរលួសខាងលិច នៃស្រុកប្រាសាទបាគង នៅសង្កាត់នគរធំ ក្រុងសៀមរាប និងនៅភូមិលាងដៃ ឃុំលាងដៃ នៃស្រុកអង្គរធំ។
ប្រភពពីអ្នកភូមិរហាល សង្កាត់នគរធំ ឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែសីហា មានស្ត្រីម្ចាស់សំណង់ថ្មីម្នាក់នៅជិតប្រាសាទបន្ទាយក្ដី បានគាំងបេះដូងសន្លប់នៅពេលដែលកម្លាំងអាជ្ញាធរចុះទៅរុះរើសំណង់របស់គាត់។
អគ្គនាយកអាជ្ញាធរអប្សរា លោក ស៊ុំ ម៉ាប់ ធ្លាប់ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែកក្កដា ថា ចាប់តាំងពីថ្ងៃយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា គឺមានសំណង់ថ្មីៗនៅក្នុងតំបន់ឧទ្យានអង្គរនៃក្រុងសៀមរាប ស្រុកពួក ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ បានកើតឡើងចំនួនជាង ៥២០កន្លែង។ លោកអគ្គនាយកអាជ្ញាធរអប្សរាបញ្ជាក់ថា ប្រសិនបើមិនរើសំណង់ទាំងនោះទេ គឺហានិភ័យអង្គររបស់កម្ពុជា អាចនឹងត្រូវបានគេដាក់ជាជំហានដំបូងទៅក្នុងបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ហើយបើការប៉ះពាល់នៅតែបន្ត គឺអាចនឹងត្រូវគេលុបចេញពីបញ្ជីនៃបេតិកភណ្ឌពិភពលោក។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា តាមការចុះពិនិត្យ គឺសំណង់ដែលអាជ្ញាធរចាត់ទុកថាខុសច្បាប់នោះ ពិតជាសំណង់ថ្មីៗមែន ប៉ុន្តែលោកសំណូមពរឲ្យអាជ្ញាធរដែលអនុវត្តការចុះរុះរើសំណង់ទាំងនោះ គឺត្រូវធ្វើឲ្យស្មើភាពគ្នា កុំឲ្យរុះរើសំណង់ខ្លះ ប៉ុន្តែសំណង់ខ្លះទៀតមិនហ៊ានរុះរើឲ្យសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។