ពលរដ្ឋជិត ១០០គ្រួសារអំពាវនាវឱ្យអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ផ្តល់ដំណោះស្រាយ ករណីដីស្រែចម្ការរបស់ពួកគាត់ ត្រូវមន្ត្រីសុរិយោដីឃុបឃិតជាមួយអ្នកមានលុយមានអំណាចធ្វើប្លង់រឹង រំលោភយកអស់ជាង ១០០ហិកតារ។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តនេះពន្លឿន ស៊ើបអង្កេតករណីនេះដោយតម្លាភាពនិងយុត្តិធម៌។
ពលរដ្ឋរស់នៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ព្រួយបារម្ភ ខ្លាចក្រែង បាត់បង់ដីស្រែចម្ការ កេរឪពុកម្តាយរបស់ពួកគាត់ ដែលអាស្រ័យផល ជាច្រើនជំនាន់មកហើយ។
ក្ដីបារម្ភនេះកើតមានឡើងក្រោយពីដីស្រែចម្ការរបស់អ្នកភូមិព្រែកត្នោតទំហំជាង ១០០ ហិកតារដោយមានផ្នែកខ្លះ ប៉ះចំដីព្រៃអភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន បែរជាមានប្លង់កម្មសិទ្ធិ កាន់កាប់ដោយបុរសឈ្មោះ យឹម សុគន្ធ និងបក្ខពួក ដោយស្ងាត់ៗ។
ពលរដ្ឋរស់នៅសង្កាត់ព្រែកត្នោត លោក តឹង យិន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ តុលាថា អ្នកភូមិភ្ញាក់ផ្អើល ក្រោយពីដឹងថា ដីស្រែចម្ការ ដែលពួកគាត់ធ្វើកសិកម្មចិញ្ចឹមជីវិតបែរជាមានប្លង់កម្មសិទ្ធិ គ្រប់គ្រងដោយក្រុមអ្នកមានលុយមានអំណាច។ លោកថា ពលរដ្ឋជាច្រើននាក់ បានលើកគ្នាតវ៉ា និងប្តឹងទៅអាជ្ញាធរមូលដ្ឋានដល់អាជ្ញាធរខេត្តជាច្រើនខែមកហើយ ក៏ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។ លោកឱ្យដឹងទៀតថា ក្រុមពលរដ្ឋគ្រោងនឹងលើកគ្នាតវ៉ាម្ដងទៀត ដោយស្នើឱ្យអភិបាលខេត្ត លោក ម៉ៅ ធនិន រកយុត្តិធម៌។
លោក តឹង យិន៖ «ពលរដ្ឋនៅធ្វើស្រែចម្ការបាន គេ(មន្ត្រី)សន្យាថា គេកាត់ឆ្វៀលឱ្យ តែពលរដ្ឋគាត់មិនអស់ចិត្ត គាត់ឡើងតវ៉ា ហូរហែរហូត»។
ពលរដ្ឋដដែលបន្ថែមថា កន្លងទៅ អាជ្ញាធរសង្កាត់ព្រែកត្នោត និង អាជ្ញាធរក្រុងបូកគោបានមោឃភាពឯកសារទាំងអស់ ពាក់ព័ន្ធពាក្យស្នើសុំកាន់កាប់ដី របស់ពលរដ្ឋនៅតំបន់នោះ។ លោកថា បុរសឈ្មោះ យឹម សុគន្ធ ដែលមានប្លង់កម្មសិទ្ធិនោះ ពលរដ្ឋមិនដឹងថា ធ្វើការនៅស្ថាប័នណានោះទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បាននៅឡើយទេ នៅថ្ងៃទី ២៦ តុលា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែក បុរសឈ្មោះ យឹម សុគន្ធ ដែលពលរដ្ឋអះអាងថា លួចធ្វើប្លង់រំលោភយកដីស្រែអ្នកភូមិ ក៏វិទ្យុអាស៊ីសេរីពុំទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៉ុណ្ណារ៍ ពន្យល់ថា ការធ្វើប្លង់មិនប្រក្រតីជាន់ចំដីរបស់ពលរដ្ឋគឺជាកំហុសរបស់មន្ត្រីជំនាញសុរិយោដី និងអ្នកពាក់ព័ន្ធ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លោកសង្ស័យថា ករណីនេះអាចពាក់ព័ន្ធអំពើពុករលួយ។
លោក ប៉ែន ប៉ុណ្ណារ៍៖ «ចំពោះឧកញ៉ាប្រើល្បិចវាមានពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការចេញប័ណ្ណប្លង់រឹងទុច្ចរិតហ្នឹង បើរកឃើញ គាត់ត្រូវមានទោសឧក្រិដ្ឋ ជាមួយមន្ត្រីសុរិយោដី បើតាមច្បាប់ ក្លែងឯកសារជាសាធារណៈមានទោស ៥ ទៅ ១០ ឆ្នាំ។ បើមានពុករលួយក្នុងហ្នឹងទៀត មន្ត្រីដែលចេញប្លង់ ត្រូវមានទោសពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ។ ឧកញ៉ា បើសិនគេរកឃើញថា គាត់សូកមន្ត្រី គាត់ត្រូវមានទោសពី ៥ ទៅ ១០ ឆ្នាំ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ករណីមន្ត្រីជំនាញ ធ្វើប្លង់កម្មសិទ្ធិមិនប្រក្រតីមិនត្រឹមតែកើតមាននៅខេត្តកំពតប៉ុណ្ណោះទេ គឺកើតមានស្ទើរគ្រប់ខេត្ត/ក្រុង ហើយកម្រឃើញ រដ្ឋាភិបាលនិងតុលាការមានចំណាត់ការច្បាប់ដាក់ទោសទណ្ឌលើមន្ត្រីខិលខូច និងអ្នកពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។