មន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងទន្លេសាបធ្វើឡើងតាមឆន្ទៈ មិនមែនជាធ្វើឡើងដើម្បីកេងចំណេញនយោបាយ។ ពួកគេលើកឡើងបែបនេះ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងសម្រុកចុះទៅតំបន់បឹងទន្លេសាបកាត់ឆ្វៀលដោយអះអាងថាដើម្បីឲ្យដីទៅពលរដ្ឋប្រើប្រាស់និងអាស្រ័យផល។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងជម្លោះដីធ្លី និងសិទ្ធិមនុស្ស បារម្ភថា ប្រសិនរដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដក្នុងការផ្ដល់តំបន់បឹងទន្លេសាបជូនពលរដ្ឋ នឹងធ្វើឲ្យតំបន់នេះនៅតែធ្លាក់ក្នុងដៃមន្ត្រីពុករលួយ និងក្រុមឈ្មួញខិលខួច។ ពួកគេជំរុញទៅរដ្ឋាភិបាលដោះស្រាយការផ្ដល់នេះធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ។ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បារម្ភថា ការដោះស្រាយផ្ដល់ដីធ្លីជូនពលរដ្ឋនៅតំបន់ទន្លេសាបនេះ ហាក់មានបង្កប់ចរិតនយោបាយ ខណៈការដោះស្រាយនេះធ្វើឡើងក្នុងអំឡុងពេលឃោសនារកសំឡេងបោះឆ្នោត។ លោកបារម្ភថា បើការដោះស្រាយផ្ដល់ដីធ្លីនេះ ធ្វើឡើងតែរដូវបោះឆ្នោត ប៉ុន្តែក្រោយការបោះឆ្នោតក៏ស្ងាត់ទៅវិញ៖ «ឃើញថា ដូចបញ្ច្រាសគ្នាវិធានការហ្នឹង ហើយនិងទំនាស់ដីធ្លីដែលមានកន្លងមក ហើយយើងថែមទាំងមានយន្តការជាច្រើនតាមផ្លូវតុលាការក្ដីក្រៅប្រព័ន្ធតុលាការក្ដី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋដែលរងផលដីធ្លីនៅតែមិនបានដោះស្រាយ ហើយនៅតែប្រឈមការដកហូតដីហ្នឹងបន្ថែមទៀត»។
ប្រតិកម្ម របស់មន្ត្រីសង្គមស៊ីវិលធ្វើឡើងខណៈរដ្ឋាភិបាល លោក ហ៊ុន សែន កំពុងកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឲ្យពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
ស្រដៀងគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ចង់ឃើញការដោះស្រាយនេះមានចាត់វិធានការឲ្យតឹងរ៉ឹងដើម្បីចៀសវាងមានជនឱកាសនិយមបន្លំឈ្មោះកាន់កាប់ដីជំនួសពលរដ្ឋ។ លោកក៏ជំរុញឲ្យមានចាត់វិធានម៉ឺងម៉ាត់លើជនមានអំណាចដែលរំលោភដីតំបន់បឹងទន្លេសាប និងគួរថែរក្សាបរិស្ថាននៅតំបន់នេះផងដែរ៖ «អ៊ីចឹងត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងកុំឲ្យប្រជាពលរដ្ឋដែលកាន់កាប់មិន បានទៅលើជនអ្នកដែលមានលុយមានកាក់ ឬជនឆ្លៀតឱកាសទៅវិញ បញ្ហាទី២ គឺត្រូវតែចាត់វិធានការតឹងរ៉ឹងកុំឲ្យមានការទន្ទ្រានបន្តទៅលើដីបឹងទន្លេសាប»។
លោក អំ សំអាត លើកឡើងបែបនេះ ព្រោះកាលយុទ្ធនាការបង្ក្រាបបទល្មើសបឹងទន្លេសាបកាលពីដើមឆ្នាំ២០២២ បានរកឃើញថា មន្ត្រីធំៗ និងអាជ្ញាធរនៅតំបន់បឹងទន្លេសាប បានរំលោភដីបឹងទន្លេសាបរាប់ពាន់ហិកតារ។
ជុំវិញការផ្ដល់ដីឲ្យពលរដ្ឋនៅពេលនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា កំពុងចុះទៅតំបន់បឹងទន្លេដើម្បីមើលការរស់នៅជាក់ស្ដែងរបស់ពលរដ្ឋ។
លោក ស ខេង បានសរសេរលើទំព័រហ្វេសប៊ុកថ្ងៃទី២៨ ខែឧសភាថា លោកនឹងក្រុមការងារបានចុះទៅដល់មូលដ្ឋានក្នុងស្រុកចំនួនបីក្នុងខេត្តបាត់ដំបង ហើយក៏បានសម្រេចប្រគល់ភារកិច្ចនៃការកាត់ឆ្វៀលដីឲ្យរដ្ឋបាលខេត្តបាត់ដំបងដោះស្រាយជូនពលរដ្ឋ។
ចំណែករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ឲ្យដឹងថា លោកកំពុងចុះទៅពិនិត្យនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា បានចេញអនុក្រឹត្យ ស្តីពីការកែសម្រួលផ្ទៃដីទំហំជាងបីពាន់បួនរយហិកតារ (៣៤៤៨ ហិចតា ៧៧ អា) ចេញពីតំបន់អភិរក្សឬតំបន់ហាមឃាត់ ក្នុងខេត្តពោធិ៍សាត់ដើម្បីពលរដ្ឋអាចប្រើប្រាស់ និងអាស្រ័យផល។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការដោះស្រាយផ្ដល់ដីធ្លីឲ្យពលរដ្ឋនៅតំបន់បឹងទន្លេសាបនេះ គឺជារឿងស្មុគស្មាញ។ លោកយល់ថា ការលើកឡើងរបស់មន្ត្រីសង្គមលើបញ្ហានេះជាការចំអកឡកឡឺយលើកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល។ មន្ត្រីរដ្ឋាភិបាលដដែលលើកឡើងទៀតថា ប្រសិនមន្ត្រីសង្គមស៊ីវិល រកឃើញភាពមិនប្រក្រតីនៃការផ្ដល់ដីនេះ ពួកគេអាចប្ដឹងទៅរដ្ឋាភិបាល ឬផ្ដល់ដំណឹងនេះតាមហ្វេសប៊ុក លោក ស ខេង និងជា សុផារ៉ា ក៏បានដែរ។ ទោះលោក ផៃ ស៊ីផាន ថា ការដោះស្រាយបញ្ហាដីធ្លីនេះ រដ្ឋាភិបាលមិនបានផ្ដល់ឱកាសឲ្យអង្គការសង្គមស៊ីវិល ឬអ្នកពាក់ព័ន្ធអាចចូលរួមឃ្លាំមើលនោះទេ៖ «មិនមែនជាការលើកឡើងដោយយុត្តិធម៌ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ការចាត់ចែងរឿងដីពាក់ព័ន្ធភូមិបាល អង្គការក្រៅរដ្ឋាភិបាល ដូចជាអត់មានដែនអំណាចក្នុងហ្នឹងទេ ក៏ប៉ុន្តែគ្រាន់តែជាអ្នកសង្កេតការណ៍អាចលើកឡើង»។
លោក ផៃ ស៊ីផាន មិនទាន់ឲ្យដឹងថា នឹងមានពលរដ្ឋប៉ុនា្មនពាន់គ្រួសារដែល ទទួលបានភាពស្របច្បាប់ក្នុងការរស់នៅលើដីរបស់ខ្លួនក្នុងពេលនោះនៅឡើយទេ។
មន្ត្រីសង្គមស៊ីវិលលោក វណ្ណ សុផាត យល់ថា ប្រសិនរដ្ឋាភិបាលមានឆន្ទៈដោះស្រាយគួរឲ្យអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ឬមន្ត្រីស្ថានទូតចូលរួមឃ្លាំមើល។
រដ្ឋាភិបាល បានដកហូតដីព្រៃលិចទឹកតំបន់បឹងទន្លេសាបប្រមាណ ៦ម៉ឺន២ពាន់ហិកតារ ពីមន្ត្រីខិលខូច និងជនឱកាសនិយមដែលរំលោភតំបន់អភិរក្ស ក្នុងយុទ្ធនាការបង្ក្រាបការរំលោភដីតំបន់បឹងទន្លេសាបកន្លងទៅ។ រដ្ឋាភិបាល ក៏គ្រោងកាត់ដីតំបន់បឹងទន្លេសាប ពីតំបន់ហាមឃាត់ ទៅជាតំបន់ពលរដ្ឋអាចរស់នៅអាស្រ័យផល ឬធ្វើជាម្ចាស់កម្មសិទ្ធិ ប្រមាណ២៤ម៉ឺនហិកតារឲ្យពលរដ្ឋដែលរស់នៅតំបន់ប្រមាណ១០ឆ្នាំឡើងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។