ជនជាតិ​ដើម​ភាគ​តិច​ចំនួន ២ឃុំ បាន​ផ្ដិត​មេដៃ​ទាមទារ​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គា​ហ្វើស ៣ពាន់​ហិកតារ

0:00 / 0:00

តំណាង​ជនជាតិ​ដើម​ភាគតិច ៥០នាក់​ រស់នៅ​ឃុំ​ប៊ូស្រា និង​ឃុំ​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​ បាន​ផ្ដិត​មេដៃ​ស្នើសុំ​អាជ្ញាធរ​ស្រុក​ ដកហូត​ដី​មាន​ទំហំ ៣ពាន់​ហិកតារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ មេហ្គា ​ហ្វើស (Mega First Corporation Berhad)។ អ្នក​ភូមិ​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ប៉ះពាល់​តំបន់​កប់​សព​ ព្រៃ​សក្ការ​បូជា​ និង​ប៉ះពាល់​ប្រភព​ទឹកអូរ​ដែល​សហគមន៍​រាប់ពាន់​គ្រួសារ​អាស្រ័យផល​។ ​

តំណាង​ជនជាតិ​ដើម​ភាគតិច​ មក​ពី​ឃុំ​ចំនួន​ ២ ក្នុង​ស្រុក​ពេជ្រា​ដា​ និង​ស្រុក​អូរ​រាំង​ បាន​យក​ញត្តិ​មានស្នាម​មេដៃ​ អ្នកភូមិ​ជាង​ ៥០នាក់​ ដែល​មានខ្លឹមសារ​ទាមទារ​ដី​ទំហំ​ ៣ពាន់​ហិកតារ​ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច មេហ្គា ហ្វើស។ ខ្លឹមសារ​ពាក្យ​បណ្ដឹង​នោះ​បាន​ថ្កោលទោស​ក្រុមហ៊ុន​នេះ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ជំនឿ​ តំបន់​ភូមិ​ចាស់ ប្រភព​ទឹកអូរ​ធម្មជាតិ បាត់បង់​ព្រៃ​ស្រោង​ជា​ទី​ជម្រក​សត្វ​ព្រៃ និង​អនុផល​ព្រៃឈើ​ជា​ដើម។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូ​នង) នៅ​ឃុំ​ដាក់ដាំ​ លោក​ ស្រប​ គ្រុន​ ឲ្យដឹង​នៅ​ថ្ងៃ​ទី៤ មិថុនា​ថា ញត្តិ​នោះ​សហគមន៍​បាន​ដាក់​ជូន​រដ្ឋបាល​ស្រុក​អូរ​រាំង​រួចហើយ​ កាលពី​ថ្ងៃ​ទី១៣ ខែ​មិនា​​កន្លងទៅ​ តែ​មក​ទល់​ពេលនេះ​នៅ​ពុំ​ទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដោះស្រាយ​នៅឡើយ​ទេ។ លោក​ថា​ អ្នកភូមិ​រាប់​រយ​គ្រួសារ​ គ្រោង​ចុះ​បោះ​បង្គោល​ដោយខ្លួនឯង​ បំណង​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​រំលោភ​យក​មក​ជា​សម្បត្តិ​សហគមន៍​វិញ​ និង​ត្រៀម​ដាំ​ដើម​ឈើ​ ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​មិន​ដោះ​ស្រាយ​នោះ​ទេ៖ « ទាមទារ​ដី ៣ពាន់​ហិកតារ​ហ្នឹង ដើម្បី​យើង​យក​ភូមិ​ចាស់​វិញ កន្លែង​ហ្នឹង​មាន​ព្រៃ​កប់​ខ្មោច ហើយ​ព្រៃ​ខ្មោច​គេ​ឈូស​អស់​ហើយ នៅ​សល់ ២កន្លែង ប្រសិន​គេ​មិន​ដោះ​ស្រាយ​ទេ យើង​ត្រូវ​តែ​កំណត់​ព្រំ ព្រៃ​ខ្មោច​មាន​ទំហំ​ប៉ុន្មាន ? ហើយ​យើង​ទៅ​បោះ​បង្គោល​ម្ដង »

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​បង្ហើប​ថា អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ បាន​ផ្ដើម​តវ៉ា​តាំងពី​ឆ្នាំ២០១៥ ក្រោយ​ពី​ក្រុមហ៊ុន​អនុវត្ត​ខុស​ពី​គោលការណ៍​វិនិយោគ​ ដោយ​ឈូស​ឆាយ​ដី​បំពាន​តំបន់​ព្រៃ​សក្ការ​ ដី​ព្រៃ​ជម្រក​សត្វ​កម្រ​ និង​ធនធាន​ធម្មជាតិ​ បូក​ផ្សំ​ទឹក​អូរ​ផ្លា​យ និង​អូរ​ពុល​ ដែល​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​ដែល​អ្នកភូមិ​រស់​នៅ​ចំនួន​ ៣ស្រុក​ អភិរក្ស​ និង​អាស្រ័យ​ផល។ ទន្ទឹម​នឹង​នេះ​ សហគមន៍​ថា​ ក្រុមហ៊ុន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ពិគ្រោះ​យោបល់​ស្ដីពី​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​ និង​មិន​បាន​ផ្សព្វផ្សាយ​ពី​គម្រោង​វិនិយោគ​ជាក់លាក់​នោះ​ទេ។

អភិបាលស្រុក​អូរ​រាំង​លោក នង ទុនណ្ណារី មានប្រសាសន៍​ថា​ រដ្ឋបាល​ស្រុក​បាន​ទទួល​ញត្តិ​នេះ​រួចហើយ​ និង​បាន​បញ្ជូន​ក្រុមការងារ​ចុះ​ពិនិត្យ​ ដោយ​រក​ឃើញ​ថា​ ទីតាំង​ដី​ដែល​ពលរដ្ឋ​ស្នើសុំ​នោះ​ ត្រូវ​បាន​ចុះបញ្ជី​ជា​ដី​របស់​រដ្ឋ​ ពុំ​មែន​ជា​ដី​របស់​ក្រុមហ៊ុន​ទេ​។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​ ភារកិច្ច​ដោះស្រាយ​រឿង​នេះ​ ហួសពី​សមត្ថភាព​អាជ្ញាធរ​ស្រុក​ ហើយ​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួចហើយ​ដែរ៖ « យើង​មិន​ព្រងើយ​កន្តើយ​ទេ តែ​អ្វី​ដែល​គាត់​ស្នើសុំ គឺ​ហួស​សមត្ថភាព​ថ្នាក់​ស្រុក។ យើង​បាន​ចុះ​មើល​ស្ថានភាព​ជាក់​ស្ដែង យើង​បាន​ជួប​ភាគី​ទាំង​ពីរ ពិនិត្យ​អំពី​អ្នក​ដែល​ស្នើសុំ និង​ទីតាំង​ស្នើសុំ តែ​អ្វី​ដែល​ពិនិត្យ​មើល​ទៅ​អ្នក​ទាំង​អស់​ហ្នឹង គាត់​មាន​ផ្ទះ​សម្បែង និង​មាន​ដី​អស់​ហើយ »

អាស៊ី​សេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​ លោក​ សុក​ សេ​រ៉ា​ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ករណី​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ គ្មាន​អ្នក​លើក​នៅ​ថ្ងៃ​ទី៤ មិថុនា។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច មេហ្គា ហ្វើស របស់​ប្រទេស​ម៉ាឡេស៊ី​ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ជាង​ ៩ពាន់​ហិកតារ​ នៅ​ស្រុក​អូរ​រាំង​ តាំងពី​ឆ្នាំ២០១២។ ក្រោយពី​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ព្រៃ​មាន​សក្ដានុពល​បង្កើត​សហគមន៍​ទេសចរណ៍​ និង​ព្រៃ​ដែល​មាន​រុក្ខជាតិ​កម្រ​ មាន​តម្លៃ​លើ​ទីផ្សារ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​សហគមន៍។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ លោក ក្រើង តុលា​ សង្កេតឃើញ​ថា ក្រុម​ហ៊ុន​មេហ្គា​ហ្វើស​ធ្លាប់​អះអាង​ថា​ ខ្លួន​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ផ្ទៃដី​ ៣ពាន់​ហិកតារ​ ក៏​ប៉ុន្តែ​ធាតុ​ពិត​ក្រុមហ៊ុន​នេះ​មិន​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ចេញ​ទេ។ លោក​ថា ក្រុមហ៊ុន​ប្រព្រឹត្ត​កំហុស​ជា​ច្រើន​ បំពាន​គោលការណ៍​វិនិយោគ​ ល្មម​ដល់​ពេល​អាជ្ញាធរ​ប្រើ​កណ្ដាប់​ដៃ​ រុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ។ លោក​បញ្ជាក់​ថា ជំហរ​ដើម​របស់​សហគមន៍​ចង់​រក្សា​ដី​ ៣ពាន់​ហិកតារ​ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​គេ អភិរក្ស​តំបន់​សក្ការ​បែប​ប្រពៃណី​ជន​ជាតិ​ដើម​ភាគតិច និង​ដាំ​ដើម​ឈើ​ឡើង​វិញ៖ « ក្រុមហ៊ុន​ប៉ះពាល់​ច្រើន​ក្នុង​តំបន់​ហ្នឹង ទី១ ប៉ះ​ពាល់​ព្រៃ​ជំនឿ​គាត់ ទី២ ភូមិ​ចាស់​គាត់ ទី៣ អនុផល​ព្រៃ​ឈើ ទី៤ ទី៥ និង​ទី ៦ ក្បាល​អូរ​ផ្លាយ និង​អូរ​ប៉ុល ឋិត​ក្នុង​ក្រុមហ៊ុន​ហ្នឹង ទី៧ ប៉ះ​ពាល់​ព្រៃ​តំណម។ អ៊ីចឹង ៧ចំណុច​ហ្នឹង យើង​ប្រាប់​ហេតុផល​ទៅ​អាជ្ញាធរ​ខេត្ត »

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុម​ហ៊ុន ​មេ​ហ្គា​ ហ្វើ​ស ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្តឹង​របស់​សហគមន៍​បាន​ថា​​យ៉ាងណា​នៅឡើយ​ទេ​ នៅ​ថ្ងៃ​ដដែល​នេះ​។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី​ លោក អ៊ាង ម៉េងលី ដែល​ចុះ​អង្កេត​ករណី​នេះ​ យល់​ថា​ ពាក្យ​បណ្ដឹង​របស់​សហគមន៍​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចុះ​ស្រាវជ្រាវ​ និង​សិក្សា​ឲ្យ​ស៊ីជម្រៅ​ ខណៈ​អ្នក​ភូមិ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ប្រព្រឹត្ត​កំហុស​ជា​ច្រើន​បំពាន​គោលការណ៍​វិនិយោគ។ លោក​កត់សម្គាល់​ថា​ នេះ​ពុំ​មែន​ជា​លើក​ទី១ទេ​ ដែល​អ្នក​ភូមិ​ប្ដឹង​ទាមទារ​ដីធ្លី​ពី​ក្រុមហ៊ុន​ ក៏​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​បាន​ដោះ​ស្រាយ​ក្ដី​កង្វល់​របស់​ពួក​គេ​នៅឡើយ​ទេ​ មកទល់​ពេលនេះ៖ « ពលរដ្ឋ​គាត់​មាន​សិទ្ធិ​ប្ដឹង​ទាមទារ​ដី​ទ្រព្យ​រដ្ឋ​មក​វិញ ដើម្បី​ទុក​ជា​ទ្រព្យ​រួម ហើយ​ករណី​នេះ​យើង​ឃើញ​ថា កន្លងមក ពលរដ្ឋ​បាន​ប្ដឹង​ទាមទារ​ជា​ហូរហែ ទាក់ទិន​ការ​រំលោភ​បំពាន​ឈូស​ឆាយ​ប៉ះ​ពាល់​ដី​ពលរដ្ឋ តែ​ពុំ​ទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ​បាទ »

ទោះ​ជា​យ៉ាង​ណា​ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ លោក​ ក្រើង តុលា​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជាតិ​ និង​អាជ្ញាធរ​ខេត្ត​ ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ដោយ​យុត្តិធម៌​ ដើម្បី​សង្គ្រោះ​ទឹកអូរ​ធម្មជាតិ​ និង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។ ពួកគេ​ចាត់ទុកថា​ តំបន់​ដែល​អាជ្ញាធរ​អនុញ្ញាត​ផ្ដល់​ដីសម្បទាន​ គឺជា​ព្រៃស្រោង​ លាត​សន្ធឹង​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀរ​ រហូតដល់​ប្រទេស​វៀតណាម​ ពុំគួរ​ជា​កម្មវត្ថុ​សម្រាប់​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។