ពលរដ្ឋ ២ គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រសួងធនធានទឹកស្នើសុំតុលាការខេត្តស្វាយរៀងទម្លាក់ចោលការប្រកាន់ និងដោះលែងភរិយារបស់ពួកគាត់។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនតំណាងពលរដ្ឋ២នាក់នោះ ថាល្មើសនឹងច្បាប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមកំណត់ហេតុស្នងការខេត្តស្វាយរៀង។
ការស្វែងរកដំណោះស្រាយរឿងជម្លោះដីធ្លី ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ នៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឈានទៅដល់ការចាប់និងឃុំខ្លួនតំណាងសហគមន៍ចេកមាស ២នាក់ ដាក់ពន្ធនាគារ។
ប្តីរបស់តំណាងពលរដ្ឋទាំងពីរនាក់ដែលកំពុងជាប់ឃុំអះអាងថា ប្រពន្ធរបស់លោកមិនបានប្រព្រឹត្តកំហុសរហូតដល់ថ្នាក់អាជ្ញាធរចាប់ឃាត់ខ្លួនហើយយកទៅឃុំក្នុងពន្ធនាគារឡើយ។ ពួកគាត់ថា ការអនុវត្តច្បាប់ឆាប់រហ័សបែបនេះ គឺជាសារគំរាមបំបាក់ស្មារតីដល់ប្រជាពលរដ្ឋផ្សេងទៀតកុំឲ្យហ៊ានចេញតវ៉ារកដំណោះស្រាយរឿងដីធ្លីតទៅទៀត។
ប្ដីលោកស្រី ឥន សូត្រ គឺលោក មុំ កុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែសីហា ថា លោកនិងលោក វ៉ែន សុខឿន ត្រូវជាប្ដីរបស់លោកស្រី យស់ សោភ័ណ្ឌ នៅមិនទាន់អាចចូលជួបមុខភរិយាក្នុងពន្ធនាគារនៅឡើយទេ បានត្រឹមតែសរសេរសំបុត្រពីរបីឃ្លាសួរសុខទុក្ខ ផ្ញើតាមមន្ត្រីពន្ធនាគារ។ លោកឲ្យដឹងថា មុនពេលឈានដល់ការឃុំខ្លួននេះ លោកស្រី ឥន សូត្រ ជាប់ធ្វើចត្តាឡីស័កនៅផ្ទះអស់ពេល២១ថ្ងៃ ក្រោមការឃ្លាំមើលពីសមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារភូមិជារៀងរាល់ថ្ងៃ។ លោករៀបរាប់ថា លុះដល់ថ្ងៃទី២៥ ខែសីហា ដែលផុតពីការដាក់ខ្លួនឲ្យដាច់ដោយឡែកហើយ ភរិយាលោកបានចេញទៅលេងផ្ទះបងប្អូននៅក្បែរនោះ ចម្ងាយជាង១រយម៉ែត្រ(១០០)ហើយរំលងបានមួយថ្ងៃ ក៏មានការលិខិតកោះហៅពីខាងស្នងការខេត្តឲ្យចូលខ្លួនបំភ្លឺរឿងផ្ទាល់ខ្លួននៅថ្ងៃទី២៧ ខែសីហា។
លោកបន្តថា ខាងគ្រួសារស្វែងរកខ្ចីប្រាក់ពីធនាគារដើម្បីត្រៀមបង់ប្រាក់ផាកពិន័យ ២លានរៀល នៅសាលាខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែសីហា ប៉ុន្តែបែរជាអាជ្ញាធរកោះហៅភរិយាលោក ទៅសាកសួរ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។
លោកបញ្ជាក់ថា ជីវភាពរស់នៅសព្វថ្ងៃនេះ លោកមិនដឹងថា ត្រូវរំពឹងលើការងារអ្វីទេ បើដីសម្រាប់ធ្វើស្រែក៏ត្រូវរដ្ឋរឹបអូសយក ហើយប្រពន្ធត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារថែមទៀត។ លោកស្នើសុំតុលាការទម្លាក់ចោលបទចោទ និងដោះលែងតំណាងពលរដ្ឋទាំងពីរឲ្យមកជួបជុំក្រុមគ្រួសារវិញ ដើម្បីស្វែងរកប្រាក់ចិញ្ចឹមម្ដាយឪពុកដែលមានវ័យចាស់ជរា៖ «គ្រាន់តែមិនពាក់ម៉ាសប៉ុណ្ណឹង គាត់ផាកប្រពន្ធ ហើយនិងមិត្តភ័ក្ដិគាត់ហ្នឹង ៤លានរៀល ២នាក់ហ្នឹង។ ពួកខ្ញុំក៏ព្រមដែរ។ ចាំដល់ថ្ងៃទី២៧ ចាំយកមកបង់ឲ្យគេពិន័យហ្នឹង។ ដល់ថ្ងៃទី២៧ ចំថ្ងៃគេមកហៅសួរហ្នឹងដែរ។ ខ្ញុំសូមអំពាវទៅតុលាការក៏ដោយ អាជ្ញាធរក៏ដោយ សុំឲ្យលែងប្រពន្ធខ្ញុំនិងមិត្តគាត់ហ្នឹង មកវិញទៅ ព្រោះអីគាត់អត់មានខុសអ្វីផង។ ដល់បែកគ្នាអ៊ីចឹង! ម្នាក់ៗដូចស្រងេះស្រងោចណាស់។ ប្ដីប្រពន្ធបែកគ្នាអ៊ីចឹង ស្រងេះស្រងោចណាស់!»។
ស្រដៀងគ្នានេះ ប្តីលោកស្រី យស់ សោភ័ណ្ឌ គឺលោក វ៉ែន សុខឿន ហៅការឃុំខ្លួននេះថា ជារឿងអយុត្តិធម៌ចំពោះពលរដ្ឋក្រីក្រ ដែលគ្រាន់តែចេញតវ៉ារកដំណោះស្រាយដីធ្លី។ លោកស្នើសុំតុលាការដោះលែងអ្នកទាំងពីរឲ្យមានសេរីភាពវិញ ព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ៖ «ពេលដែលគាត់ធ្វើការចាប់បង្ខំទៅ ពួកខ្ញុំនេះ ដូចជាមិនអស់ចិត្តទេ។ ព្រោះមានអ្វីខុស បើយើងតវ៉ាតែរឿងដីយើងវាថោកពេក រដ្ឋាភិបាលហ្នឹង។ មិនលក់បានតាំងពីកេរ្តិ៍ដូនតាមក។ បើគាត់ព្រមដោះលែងពួកគាត់ទាំងពីរ ពួកខ្ញុំព្រមបង់ការផាកពិន័យហ្នឹង។ ធ្វើឲ្យពួកគាត់មានសេរីភាព បានចេញមកខាងក្រៅវិញ»។
កាលពីថ្ងៃទី២៧ ខែសីហា សាលាដំបូងខេត្តស្វាយរៀងសម្រេចឃុំខ្លួនតំណាងសហគមន៍ចេកមាស២នាក់ គឺលោកស្រី ឥន សូត្រ និងលោកស្រី យស់ សោភ័ណ្ឌ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទតាមមាត្រា១០ និង១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារមិនគោរពតាមវិធានការរដ្ឋបាលខេត្ត ដែលបានដាក់ចេញ។ មាត្រា១០នៃច្បាប់នេះ ចែងថា «អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលបានដាក់ចេញស្របច្បាប់ ត្រូវពិន័យជាប្រាក់ពី១លានរៀល ( ១.០០០.០០០) ទៅ៥លានរៀល (៥.០០០. ០០០)។ កាលបើអំពើនេះ បណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣បីឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល (២.០០០.០០០) ទៅ១០លានរៀល (១០.០០០. ០០០)»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀងលោក ពេទ ផល្លា និងលោក ផាន់ រតនា បានទេ ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទាក់ទងរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ឲ្យដឹងថា ខាងមេធាវីអង្គការលីកាដូ ដាក់ពាក្យចូលតុលាការខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែសីហា ដើម្បីស្នើសុំការពាររឿងក្ដី ជូនតំណាងពលរដ្ឋទាំងពីរនាក់នោះរួចហើយ។ លោកបន្តថា មេធាវីនឹងស្នើសុំជួបកូនក្ដីនៅពន្ធនាគារ និងរៀបចំឯកសារដាក់ជូនតុលាការ ដើម្បីសុំនៅក្រៅឃុំបណ្ដោះអាសន្ន តាមនីតិវិធី។ លោកលើកឡើងថា ករណីចាប់ខ្លួនតំណាងពលរដ្ឋនេះ មូលហេតុដំបូង គឺផ្ដើមចេញពីការតវ៉ារបស់ប្រជាពលរដ្ឋ ស្នើសុំអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហាដីធ្លី ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។ លោកចាត់ទុកការចាប់និងឃុំខ្លួនពលរដ្ឋ ដោយយកហេតុផលល្មើសនឹងច្បាប់កូវីដនេះ ថាជាការគំរាមកំហែង និងបំបាក់ស្មារតីពលរដ្ឋ ដែលហ៊ានចេញមុខតវ៉ារកដំណោះស្រាយ។ លោកស្នើឱ្យតុលាការដោះលែងតំណាងសហគន៍ទាំងនោះ ហើយបន្តដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋដោយសន្តិវិធី៖ «ខ្ញុំគិតថា ជាដំណោះស្រាយចុងក្រោយ រឿងនេះគួរតែងាកទៅដោះបញ្ហាដីធ្លីហ្នឹង។ ខ្ញុំគិតថា បើយើងដោះបញ្ហាដីធ្លីចប់ រឿងអ្វីក៏ចប់ដែរ ព្រោះរឿងគាត់ត្រូវបានដោះស្រាយហើយ គ្មានទេការតវ៉ា គ្មានទេការទាមទារ ដែលធ្វើឲ្យប៉ះពាល់ទៅដល់រឿងច្បាប់កូវីដ ឬក៏ការជួបជុំដែលខុសហ្នឹងបម្រាមអី វាអត់មានទាក់ទងទៅដល់ហ្នឹងទេ បើយើងព្យាយាមដោះស្រាយបញ្ហាដីធ្លី»។
ទំនាស់ដីធ្លីនេះ កើតឡើងដោយសារការមិនត្រូវរ៉ូវគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ជុំវិញសំណងលើគម្រោងសាងសង់អាងទឹក។ ពលរដ្ឋជាង ១០០ គ្រួសារ ដែលរស់នៅអាស្រ័យផលធ្វើស្រែលើដីសរុបជិត ១០០ ហិកតារ តាំងពីឆ្នាំ១៩៧៩ នោះបានស្នើសុំអាជ្ញាធរខេត្តស្វាយរៀង និងក្រសួងធនធានទឹកប្ដូរគោលនយោបាយផ្ដល់សំណងឲ្យពលរដ្ឋពី ៩០០រៀល ក្នុងម៉ែត្រការ៉េ ទៅ ១ម៉ឺន ២ពាន់រៀល ឬ៣ដុល្លារក្នុងម៉ែត្រវិញ។ ប៉ុន្តែអាជ្ញាធរមិនយល់ព្រមតាមសំណើរបស់ពលរដ្ឋនេះឡើយ។
ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីស្នើឱ្យអាជ្ញាធរតុលាការដោះលែងតំណាងពួកគាត់ត្រឡប់មកផ្ទះវិញ និងទទូចដល់អាជ្ញាធរខេត្តនេះឱ្យជួយរកដំណោះស្រាយ ទំនាស់ដីធ្លីនេះដោយសន្តិវិធីតាមច្បាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។