ជន​រងគ្រោះក្នុង​រឿង​ប៉េអឹម​វាយ​​ស្លាប់​​ពេល​ឃុំ​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ប្ដឹង​រក​យុត្តិធម៌​ទៅ​​សាលា​ឧទ្ធរណ៍

0:00 / 0:00

ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ​វាយ​ដុំ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ក្នុង​ពេល​ឃុំ​ខ្លួន ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​។ ការ​ប្ដឹង​នេះ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បាន​ផ្ដន្ទាទោស​លើ​ជន​ប្រព្រឹត្ត ២នាក់​ដាក់​ពន្ធនាគារ​ម្នាក់ ៤ឆ្នាំ និង ៧ឆ្នាំ តែ​ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ។

ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​បាន​ប្ដឹង​រក​យុត្តិធម៌​លើ​រឿង​នេះ គឺ​លោក អាន សារួន​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១៩ មករា​ថា សាលា​ដំបូង​ខេត្ត​បាត់ដំបង​ដាក់​ទោស​លើ​ជន​ប្រព្រឹត្ត​នោះ​ស្រាល​ពេក គឺ​មិន​សម​នឹង​ទង្វើ​របស់​ជនល្មើស ដែល​បាន​វាយ​ធ្វើ​បាប​ពួក​លោក​ដូច​សត្វ​ធាតុ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​បាក់​ឆ្អឹង​ជំនី ហើយ​ឈឺ​ចុក​ចាប់​នៅ​លើ​ដើម​ទ្រូង​ធ្វើ​ការងារ​អ្វី​មិន​បាន​ឡើយ៖ «ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ព្រោះ​ឃើញ​ថា ទោស​អ្នក​ធ្វើ​ទារុណកម្ម ឬ​សម្លាប់​មនុស្ស ចុង​ក្រោយ​ដូច​គ្មាន​ន័យ។ គាត់​បង់​ប្រាក់​បន្តិចបន្តួច សម្រាប់​គាត់​អ្នក​មាន​សម្លាប់​មនុស្ស​ហើយ វា​វាយ​ខ្ញុំ​ឱ្យ​របួស​ស្នាម​អស់​មួយ​ជីវិត​ហើយ ទោស​គាត់​ប៉ុណ្ណឹង​វា​ស្រាល​ពេក។ ខ្ញុំ​មាន​កំហឹង​ឈឺ​ចាប់​ខ្លាំង​បំផុត ដែល​ខ្ញុំ​ដេក​ឈឺ​រាល់​ថ្ងៃ​នេះ។ ខ្ញុំ​ចង់​ឱ្យ​តុលាការ​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ រឿង​លុយ​កាក់​មិន​សំខាន់​ប៉ុន្មាន​ទេ សំខាន់​រក​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ដល់​ខ្ញុំ​ផង »

An_Ruon_012120_1.jpg
លោក អាន រួន ជា​ជន​រងគ្រោះ​ម្នាក់ ក្នុង​ចំណោម ៥នាក់ ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់​​យក​ទៅ​ឃុំ និង​វាយដំ​ឱ្យ​ស្លាប់​ម្នាក់ កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​របស់​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នោះ​លោក ទុយ ស្រស់ គឺ​លោក​ស្រី ប៊ុយ គិមឡាក់ ថ្លែង​ថា មន្ត្រី​ប៉េអឹម ២នាក់​នោះ​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​ប្ដី​របស់​លោក​ស្រី​រហូត​ដល់​ស្លាប់។ ដូច្នេះ​តុលាការ​គួរតែ​ដាក់​ទោស​លើ​ជន​ល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។ ស្ត្រី​វ័យ ៣៧ឆ្នាំ​រូប​នេះ​ប្រាប់​ថា ចាប់​តាំង​ពី​ប្ដី​ស្លាប់​មក​ធ្វើ​ឱ្យ​ជីវភាព​របស់​លោក​ស្រី​កាន់​តែ​ក្រ​លំបាក ព្រោះ​បាត់​បង់​មនុស្ស​បង្គោល​ក្នុង​គ្រួសារ៖ «ខ្ញុំ​ឈឺ​ចាប់​ណាស់។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​ពីរ​ម៉ែ និង​កូន មិន​មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ជំពាក់​ប្រាក់​ធនាគារ​ច្រើន គ្មាន​អ្នក​ណា​គេ​ជួយ​ដោះ​ស្រាយ​ទេ ហើយ​ធនាគារ​គេ​មក​ទារ​ប្រាក់​ខ្ញុំ​រាល់​ថ្ងៃ។ គេ​ធ្វើ​ឱ្យ​ខ្ញុំ​បាត់បង់​ប្ដី រក​យុត្តិធម៌​ឱ្យ​ប្ដី​ខ្ញុំ​ឱ្យ​បាន​សមរម្យ​ផង។ ខ្ញុំ​លំបាក​ណាស់ ខ្ញុំ​រក​អី​មិន​បាន​ហូប​ទេ រាល់​ថ្ងៃ​នាំ​កូន​ដេក​យំ »

Tuy_Sras_wife.jpg
​លោក​ស្រី ប៊ុយ គិមឡាក់ ជា​ប្រពន្ធ​លោក ទុយ ស្រស់ (រូបស្ដាំ) ដែល​ស្លាប់​ដោយសារ​ការ​វាយ​ធ្វើបាប​របស់​​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ពេល​ចាប់​​លោក​យក​ទៅ​ឃុំ ព្រោះ​តវ៉ា​រឿង​ដីធ្លី កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក

កាល​ពី​ថ្ងៃ​ទី១៣ មករា តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ផ្ដន្ទាទោស​មេ​បញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ស ប៊ុនសឿង ឱ្យ​ជាប់ពន្ធនាគារ ៤ឆ្នាំ និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ចំនួន ៥នាក់ ក្នុង​ម្នាក់​ពី ២០លាន ទៅ ៣០លាន​រៀល។ ចំណែក​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​នេះ គឺ​លោក ឆយ រដ្ឋនា វិញ តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​៧ឆ្នាំ និង​បង្គាប់​ឱ្យ​បង់​ប្រាក់​សំណង​ដល់​ជន​រង​គ្រោះ ដែល​រង​របួស ៤នាក់ ក្នុង​ម្នាក់​ពី ២០លាន ទៅ ៣០លាន​រៀល ព្រម​ទាំង​បង់​ប្រាក់ ៤០លាន​រៀល​ដល់​អ្នក​ស្លាប់។ ជន​រង​គ្រោះ ៤នាក់​បាន​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​នេះ ហើយ​ពួកគាត់​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​បាន​ប្រថាប់​ត្រា​ទទួល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ទាំង​នោះ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី១៨ មករា។ មន្ត្រី​តុលាការ​បាន​ប្រាប់​ពួកគាត់​ថា តុលាការ​ឧទ្ធរណ៍​នឹង​ចាត់​វិធានការ​លើ​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ។

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា វិញ លោក​យល់​ថា ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដាក់​ទោស​លើ​ជន​ល្មើស​ស្រាល​ពេក។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រឿង​នេះ​ជា​ការ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ គឺ​ពុំ​មែន​ជា​ការ​ប្រើ​ហិង្សា​ដោយ​អចេតនា​នោះ​ឡើយ។ លោក​ថា តុលាការ​គួរ​តែ​ដាក់​ទោស​ជន​ល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ ដើម្បី​កុំ​ជន​ប្រព្រឹត្ត និង​សមត្ថកិច្ច​ដទៃ​ទៀត ចេះ​តែ​ធ្វើ​បាប​ពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៅ​ថ្ងៃ​ក្រោយ​ទៀត៖ «កម្ពុជា​យើង​ក៏​បាន​ផ្ដល់​នូវ​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ប្រឆាំង​នឹង​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​អមនុស្សធម៌​ហ្នឹង​ទៅ​ទៀត។ ក្រម​ព្រហ្មទណ្ឌ​ក៏​មាន​ចែង​អំពី​ស្ថាន​ទម្ងន់​ទោស​ហ្នឹង គឺ​ធ្ងន់ធ្ងរ​ជាង​ការ​ចោទ​ប្រកាន់​ទៅ​លើ​បទ​ល្មើស ហិង្សា​ចេតនា​ហ្នឹង។ អីចឹង មិន​គួរ​ខាង​តុលាការ​ចោទ​ប្រកាន់ ហើយ​និង​សម្រេច​សេចក្ដី​ទោស​ប៉ុណ្ណឹង​ទេ វា​អត់​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ប្រព្រឹត្ត​របស់​ជន​ប្រព្រឹត្ត »

កាល​ពី​ថ្ងៃ​ទី២៩ ធ្នូ ឆ្នាំ២០១៩ ពលរដ្ឋ​ជាង ១០០នាក់ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលា​ខេត្ត​បន្ទាយមានជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ពួក​គាត់។ មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាប់​ក្រុម​អ្នក​តវ៉ា ៥នាក់​យក​ទៅ​ឃុំខ្លួន ហើយ​បាន​វាយ​ដុំ​បណ្ដាល​ឱ្យ​លោក ទុយ ស្រស់ ស្លាប់ និង​ពលរដ្ឋ ៤នាក់​ទៀត រង​របួស​ធ្ងន់ និង​ស្រាល។ ភ្លាមៗ នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​អើពើ​ស៊ើប​អង្កេត​ករណី​នេះ​ទេ បើ​ទោះ​បី​ជា​សាក្សី និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​នោះ​ទាមទារ​រក​យុត្តិធម៌​ក៏​ដោយ។ ការ​ឃុំ​ខ្លួន​ជនល្មើស បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ​រឿង​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី រហូត​មក​ទល់​ពេល​នេះ ជន​រង​គ្រោះ​នៅ​ទាន់​អស់​ចិត្ត​នៅ​ឡើយ​ទេ។ ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ប្រសិន​បើ​តុលាការ​ឧទ្ធរណ៍​កាត់​ក្ដី​មិន​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ពួក​គាត់​ទេ នោះ​ពួក​គាត់​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។