ក្រុមតំណាងកសិករ នៅតាមសហគមន៍នៃបណ្ដាខេត្តនានា ជួបជុំគ្នាធ្វើសមាជ រយៈពេល ២ថ្ងៃ និងជជែកពិភាក្សាគ្នា លើបញ្ហាប្រឈមនៅតាមសហគមន៍របស់ពួកគេ។ សម្ព័ន្ធសមាគមកសិករ នឹងប្រមូលយកមតិកសិករ ហើយដាក់ញត្តិ ទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយទុក្ខកង្វល់របស់កសិករ។
តំណាងកសិករ មកពីខេត្តត្បូងឃ្មុំ លោក ផុន សុផល ប្រាប់ថា ដីស្រែ និងដីចម្ការរបស់ កសិករមួយចំនួននៅខេត្តត្បូងឃ្មុំ រងការរំលោភបំពានជាញឹកញាប់ពីអ្នកមានអំណាច និងក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា បច្ចុប្បន្ន កសិករនៃសម្ព័ន្ធសមាគមកសិករ នៅក្នុងសហគមន៍ចំនួន៦ នៅខេត្តត្បូងឃ្មុំ មានកង្វល់ខ្លាំង រឿងជនជាតិចិន ដើរប្រមូលទិញដី និងមានគម្រោងវិនិយោគមិនច្បាស់លាស់ នៅខេត្តត្បូងឃ្មុំ ហើយគម្រោងទាំងនោះ សុទ្ធតែប៉ះពាល់ដល់ដីស្រែ និងដីចម្ការរបស់កសិករ៖ « សន្និបាត ថ្ងៃនេះ គឺពិសេសមែនទែន ធ្វើឲ្យអ្នកដែលចូលរួម គាត់បានបង្ហាញនូវកង្វល់របស់ពួកគាត់មួយចំនួន ប្រាប់គ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយទៅវិញ ទៅមកអ៊ីចឹងទៅណា ព្រោះ សហគមន៍ដទៃមានយុទ្ធសាស្ត្រផ្សេងៗគ្នា ក្នុងការរកដំណោះស្រាយ ព្រោះយើងឃើញថា សហគមន៍ខ្លះ គាត់បានដោះស្រាយ៩០ % ហើយ អ្នកខ្លះក៏មិនទាន់ អ្នកខ្លះបានពាក់កណ្ដាល។ អ៊ីចឹង យើងផ្ដល់ជាយោបល់ ឬក៏មតិផ្សេងៗ ដើម្បីឲ្យអ្នកដទៃហ្នឹង យកតាមអ៊ីចឹងទៅណា»។
ចំណែកតំណាងកសិករមកពីខេត្តកណ្ដាល អ្នកស្រី អឿង សារី ថ្លែងថា កង្វល់របស់កសិករនៅខេត្តកណ្ដាល ក៏ជាបញ្ហាដីធ្លីដែរ។ អ្នកស្រីបញ្ជក់ថា បញ្ហាប្រឈមខ្លាំងរបស់កសិករនៅខេត្តកណ្ដាលបច្ចុប្បន្ន គឺគម្រោងដីធ្វើវាលយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ដែលគ្មានការផ្សព្វផ្សាយច្បាស់លាស់ ឲ្យកសិករដឹងលឺ។ អ្នកស្រី ចង់ឲ្យសម្ព័ន្ធកសិករ លើកយកបញ្ហាប្រឈមរបស់កសិករនៅខេត្តកណ្ដាល ប្រាប់ទៅរដ្ឋាភិបាល ឲ្យផ្ដល់ដំណោះស្រាយសមរម្យ ឲ្យកសិករ៖ « ឥឡូវនេះ ប៉ះពាល់គម្រោងអភិវឌ្ឍន៍ព្រះលានយន្តហោះភ្នំពេញថ្មីដែរ ព្រោះព្រះលាននេះ ដាក់ទៅចំដីរបស់សហគមន៍ដែរ»។
ឯតំណាងកសិករម្នាក់ទៀត មកពីខេត្តព្រះសីហនុ លោក ស៊ុន សុផាត និយាយថា សហគមន៍កសិករនៅខេត្តព្រះសីហនុភាគច្រើន រងការបណ្ដេញចេញទាំងបង្ខំ ជាហេតុធ្វើឲ្យពួកគាត់បាត់បង់ទាំងដីស្រែ និងដីលំនៅឋាន។ លោកថា ការចូលរួមក្នុងកម្មវិធីសមាជរបស់សម្ព័ន្ធកសិករកម្ពុជា បានជួយឲ្យលោក បានយល់ដឹងច្រើន ពីបញ្ហាការទាមទារសិទ្ធិដីធ្លីរបស់កសិករ។ ដូច្នេះ លោកថា ក្រោយចប់សមាជ២ថ្ងៃនេះ លោក និងកសិករ ដែលរងការបណ្ដេញចេញ នឹងបន្តការតវ៉ា ទាមទារយកដីស្រែ ចម្ការមកវិញ៖ « ក្រោយពីការជួបប្រជុំថ្ងៃនេះ យើងសហគមន៍នៅខេត្តព្រះសីហនុ យើងមានចាប់ផ្ដើមធ្វើការ ទាមទារសិទ្ធិដីធ្លីរបស់យើងបន្តទៀត ហើយក្រោយពីការនេះហើយ យើងរៀបចំប្រជុំរៀបចំផែនការ ដាក់ញត្តិទៅសាលាខេត្តទៀត»។
តំណាងកសិករបង្ហាញកង្វល់ស្រដៀងគ្នាបែបនេះ ក្នុងឱកាស ខួប១ឆ្នាំ នៃសេចក្ដីប្រកាសជាសកលស្ដីពី សិទ្ធិកសិករអន្តរជាតិ និងមហាសន្និបាតថ្នាក់ជាតិ អាណត្តិទី២ របស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៨ និង១៩ ធ្នូ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ ពង្រឹងសិទ្ធិអំណាចសហគមន៍ ដើម្បីលើកកម្ពស់សិទ្ធិកសិករ។
អគ្គលេខាធិការសម្ព័ន្ធសមាគមកសិករកម្ពុជា លោក ម៉ឺន រតនា ឲ្យដឹងថា ក្រៅពីតំណាងកសិករមកពីតាមបណ្ដាខេត្ត សម្ព័ន្ធសមាគមកសិករ បានអញ្ជើញវាគ្មិន អ្នកជំនាញខាងសិទ្ធិមនុស្ស បញ្ញវន្ត និងម្ចាស់ជំនួយ ដើម្បីចែករំលែកបទពិសោធន៍ និងលើកឡើងពីសិទ្ធិរបស់កសិករ។ លោក ថា ក្រោយពេលបញ្ចប់សមាជនេះរួច សម្ព័ន្ធកសិករ នឹងធ្វើញត្តិមួយ ដើម្បីដាក់ជូនរដ្ឋាភិបាល ស្នើសុំជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ៖« យើងនឹងធ្វើញត្តិមកក្រសួង នៅក្រសួងពាក់ព័ន្ធម្ដងទៀត នៅឆាប់ៗនេះ ក្រោយសមាជរបស់សមាគមហើយ»។
តំណាងកសិកររំពឹងថា ពួកគេ នឹងទទួលបានដំណោះស្រាយសមស្រប ពីរដ្ឋាភិបាល និងលែងរងការបណ្ដេញចេញទាំងបង្ខំបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។