ជនជាតិ​ដើម​ភាគតិច​កួយ​៤​នាក់ ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ព្រះវិហារ​ជុំវិញ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន

ជនជាតិ​ដើម​ភាគតិច​កួយ​៤​នាក់ ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្តព្រះវិហារ តាម​ការ​កោះហៅ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ​។ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន យល់ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​អន្តរាគមន៍​បញ្ចប់​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ចិន​ផលិត​ស្ករអំពៅ និង​ជនជាតិ​ដើម​ភាគតិច​កួយ​ឱ្យ​បាន​ឆាប់ ដើម្បី​លើកកម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

ជនជាតិ​ដើម​ភាគតិច​កួយ​៤​នាក់ មកពី​ឃុំ​ម្លូរព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ លើកឡើង​ដូចៗ​គ្នា​ថា ការ​កោះហៅ​ពួកគាត់​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ គឺជា​ការ​គំរាមកំហែង​របស់​ក្រុមហ៊ុន លើ​ជនជាតិ​ដើម​ភាគតិច​កួយ​ប្រមាណ​៨០០​គ្រួសារ មិន​ឱ្យ​ប្រើប្រាស់​ដីធ្លី​របស់​ខ្លួន​តាំង​ពី​ដូនតា​រៀងមក។

ចេញ​ពី​បន្ទប់​សាកសួរ​តុលាការខេត្ត​ព្រះវិហារ លោក អៀម អោន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តំណាង​អយ្យការ​អម​សាលាដំបូង​លោក ថុល គឹមហ៊ឹង បាន​សួរនាំ​លោក និង​ប្រជា​សហគមន៍​៣​នាក់​ទៀត​ជុំវិញ​រឿង ឃាត់​គ្រឿងចក្រ​មិន​ឱ្យ​ឈូស​ឆាយ​ចម្ការ​ដំឡូង​របស់​ប្រជាពលរដ្ឋ​។ លោក​អះអាង ជនជាតិ​ដើម​ភាគតិច​កួយ មិនបាន​រំលោភ​យក​ដីធ្លី​របស់​ក្រុមហ៊ុន​ចិន ផលិត​ស្ករអំពៅ​នោះ​ឡើយ ព្រោះ​ការ​ធ្វើ​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ ធ្វើ​នៅ​លើ​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​តាំងពី​ដូនតា​រៀងមក​តែប៉ុណ្ណោះ។

លោក អៀម អោន៖ «ខ្ញុំ​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​ជាតិ ក៏ដូចជា​សម្ដេច ហ៊ុន ម៉ាណែត ដែល​គាត់​ជា​នាយករដ្ឋមន្ត្រី​ថ្មី ដើម្បី​ឱ្យ​គាត់​ជួយ​ដោះស្រាយ និង​ចុះ​មក​កាត់​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​ចិន ដើម្បី​ឱ្យ​ពួក​ខ្ញុំ​ជា​កសិករ ជាពិសេស​គឺ​ជនជាតិ​ដើម​ភាគតិច​ខ្ញុំ អ៊ីចឹង​ទេ​មិន​សិន​មិន​កាត់​ឆ្វៀល​ទេ​គឺ​ពួក​ខ្ញុំ​មានការ​លំបាក​វេទនា​ត​កូន​ត​ចៅ»។

ជនជាតិ​ដើម​ភាគតិច​កួយ​ប្រមាណ​១០០​នាក់ បាន​ចុះ​ឃាត់​គ្រឿងចក្រ​របស់​មេការ​ក្រុមហ៊ុន​ចិន​ឈ្មោះ ឈាង គង់នូវ ហៅ​ម៉ៅ កុំឱ្យ​ឈូស​ឆាយ​ចម្ការ​ដំឡូង​របស់​ប្រជាពលរដ្ឋ ឋិត​នៅ​ចំណុច ការដ្ឋាន​ទី​១០ និង​ការដ្ឋាន​ទី​១១ ក្នុងភូមិ​ប្រើស​ក្អក ឃុំ​ម្លូរព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ចំនួន​៥​ដង កាល​ពី​អំឡុង​ខែ​មករា និង​ខែ​កុម្ភៈ​។ នៅ​ក្នុង​ពេល​ចុះ​ឃាត់​នោះ ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​នាក់ ត្រូវ​បាន​ក្រុម​កម្មករ​របស់​មេការ​ឈ្មោះ ឈាង គង់នូវ វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ​។ ទោះជា​យ៉ាងណា ក្រុម​ប្រជាពលរដ្ឋ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​នោះ​ឡើយ ប៉ុន្តែ​លុះដល់​ថ្ងៃទី​១៥ ខែ​កុម្ភៈ ក្រុម​ប្រជាពលរដ្ឋ​បែរជា​ទទួល​បាន​ដីកា​កោះហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ពី​ដំណើររឿង​រារាំង​ការ​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ទៅវិញ។

ដោយឡែក​នៅ​ខាងក្រៅ​តុលាការខេត្ត​ព្រះវិហារ​វិញ គេ​ឃើញ​មាន​ជនជាតិ​ដើម​ភាគតិច​កួយ​ប្រមាណ​៣​រយ​នាក់ មកពី​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប ស្រុក​ជ័យសែន និង​ស្រុក​រវៀង ទៅ​ផ្ដល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ ក្នុង​នោះ​ក៏​មាន​មន្ត្រី​សង្គម​ស៊ីវិល​មកពី​អង្គការ​លីកាដូ (Licadho) អង្គការ​ពន្លក​ខ្មែរ មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស​(CCHR) និង​សកម្មជន​សិទ្ធិមនុស្ស​មួយ​ចំនួន​ទៀត​ដែរ។

ជនជាតិ​ដើម​ភាគតិច​កួយ លោកស្រី ទេព ទឹម ចាត់ទុក​ការ​កោះហៅ​ប្រជា​សហគមន៍​ទាំង​៤​នាក់​នេះ​ថា គឺជា​ការរំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​កួយ​ធ្ងន់ធ្ងរ​។ លោកស្រី​អះអាង​ថា ជនជាតិ​ដើម​ភាគតិច​កួយ​មិន​បាន​រំលោភ​ដីធ្លី​ក្រុមហ៊ុន​ចិន​នោះ​ឡើយ ផ្ទុយទៅវិញ​ក្រុមហ៊ុន​ចិន​ផលិត​ស្ករអំពៅ​ទៅវិញ​ទេ ដែល​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ គំរាមកំហែង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ប្រើប្រាស់​ដីធ្លី ធ្លាប់​អាស្រ័យ​ផល​តាំងពី​បុរាណ​រៀងមក។

លោកស្រី ទេព ទឹម៖ «តុលាការ​ហៅ​៤​នាក់ ហាក់បីដូច​ហៅ​រាប់ពាន់​នាក់ ដែល​កំពុងតែ​គំរាមកំហែង កំពុងតែ​ចោទប្រកាន់​អ៊ីចឹង​ទៅណា ធ្វើ​ម៉េច​កុំឱ្យ​មានការ​ចោទប្រកាន់ ឱ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ទៅតាម​ច្បាប់​ភូមិបាល ឬ​ច្បាប់​UNឬ​មុន​នឹង​ធ្វើ​អី​ទាល់តែ​មានការ​យល់ព្រម​ពី​ជនជាតិ​ដើម​ភាគតិច​សិន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង លោក ណុប វុទ្ធី អភិបាល​រង​ខេត្តព្រះវិហារ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ​ដែរ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ដែល​បាន​ឃ្លាំមើល​ការ​ចូល​ឆ្លើយ​បំភ្លឺ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ គឺ​លោក ម៉ា ចិត្រា យល់​ឃើញ​ថា ការ​ចាត់វិធានការ​របស់​តុលាការ​ទៅលើ​ជនជាតិ​ដើម​ភាគតិច​កួយ​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​បន្ថែម​ទៀត ទៅលើ​ប្រជា​សហគមន៍​ដែល​ធ្លាប់​រងគ្រោះ​ពី​ការ​រំលោភបំពាន​ដីធ្លី​របស់​ក្រុមហ៊ុន​ចិន ផលិត​ស្ករអំពៅ រ៉យហ្វេង (Roy Feng) កន្លងមក​។ លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​ជីវភាព និង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ រដ្ឋាភិបាល​គួរ​អន្តរាគមន៍ បញ្ចប់​ជម្លោះដីធ្លី​នេះ​ឱ្យ​បាន​ឆាប់។

លោក ម៉ា ចិត្រា៖ «ចំណុច​នេះ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ក្នុង​ការ​ធ្វើ​កម្មសិទ្ធិ​ដីធ្លី​ចែក​ប្រជាពលរដ្ឋ​មក កន្លែង​ណា​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល គួរតែ​កាត់​ឱ្យ​គាត់​មក ហើយ​កន្លែង​ណា​ដែល​ធ្វើ​សម្បទាន អាហ្នឹង​ធ្វើ​សម្បទាន​ឱ្យ​គេ​ទៅ ព្រោះ​អី​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​រាប់ពាន់​រាប់​ម៉ឺន​ហិកតារ​ហើយ ហើយ​ប្រជាពលរដ្ឋ​កាន់កាប់​ហ្នឹង​វា​មិនសូវ​ជាច្រើន​ទេ បើសិនជា​រដ្ឋ​គិតគូរ​ជីវភាព​ប្រជាពលរដ្ឋ​មែន គួរតែ​រដ្ឋ​ហ្នឹង​គិតគូរ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​មក ដើម្បី​បញ្ចប់ទំនាស់»។

ការ​ឆ្លើយ​បំភ្លឺ​បាន​បញ្ចប់​ទៅវិញ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ មិនទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នោះ​ឡើយ​។ ជនជាតិ​ដើម​ភាគតិច​កួយ​លើកឡើង​ថា បើ​ទោះ​បី​ជា​ប្រឈម​នឹង​ហានិភ័យ​យ៉ាងណាក្ដី ពួកគាត់​នឹង​នៅតែ​បន្ត​ប្រើប្រាស់​ដីធ្លី​ដែល​ជា​កេរ​ពី​ដូនតា​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។