តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លី ៤នាក់ តំណាងប្រជាពលរដ្ឋ ១ពាន់ ៨០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ កក្កដា ឡើងទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ ដើម្បីឱ្យពន្លឿនដោះស្រាយដល់ពួកគាត់ និងឱ្យជួយរកយុត្តិធម៌បន្ថែម ក្នុងសំណុំរឿងមន្ត្រីប៉េអឹមធ្វើទារុណកម្មតំណាងពលរដ្ឋម្នាក់បណ្ដាលឱ្យស្លាប់កាលពីចុងឆ្នាំ២០១៩។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក ហ៊ឹម គិរី ថ្លែងនៅក្រោយពេលដាក់ញត្តិថា មូលហេតុដែលពួកលោកឡើងទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌នេះ ដោយសាររង់ចាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់តាំងពីឆ្នាំ២០១៦ មក ពុំទទួលបានលទ្ធផលនោះទេ។ លោករំពឹងថា ក្រសួងយុត្តិធម៌នឹងជួយអន្តរាគមន៍ពួកគាត់បាន ដូចវិវាទដីធ្លីរបស់ពលរដ្ឋនៅស្រុកគាស់ក្រឡខេត្តបាត់ដំបងដែរ៖ «ខ្ញុំកើតទុកមិនសុខចិត្តខ្ញុំមកដល់ក្រសួងយុត្តិធម៌នៅភ្នំពេញបណ្ដោយ។ព្រោះគ្នាខ្ញុំស្លាប់ម្នាក់ ហើយខ្ញុំក៏មិនទាន់បានជាស្រួលទេ ក៏ប៉ុន្តែខ្ញុំមកដាក់ញត្តិនៅក្រសួងយុត្តិធម៌នេះ ដើម្បីសុំសម្ដេចហ៊ុន សែន និង អង្គភាពប្រឆាំងអំពើពុករលួយឱ្យជួយអន្តរាគមន៍ពួកខ្ញុំ ព្រោះដាក់ញត្តិលើកមុនចៅហ្វាយខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏មិនទាន់ដំណើរការសំណុំរឿង ហើយតុលាការខេត្តក៏ឃុបឃិតគ្នាបិទសំណុំរឿងខ្ញុំទាំងអស់ចោល » ។
លោកបន្ថែមថា ខ្លឹងសារសំខាន់នៅក្នុងញត្តិដែលពួកគាត់ដាក់ទៅក្រសួងយុត្តិធម៌ គឺស្នើសុំឱ្យដោះស្រាយបញ្ចប់វិវាទដីធ្លី និងឱ្យជួយរកយុត្តិធម៌បន្ថែមទៀត ករណីប៉េអឹមខេត្តបន្ទាយមានជ័យចាប់ពួកលោកចំនួន៥នាក់ហើយធ្វើទារុណកម្មធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យស្លាប់ម្នាក់ គឺ លោក ទុយ ស្រស់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឱ្យអាជ្ញាធរខេត្ត ចេញទៅជួបពួកគាត់ដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់។ប៉ុន្តែបែរជាមន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើននាក់ទៅបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះ និងបានចាប់តំណាងពលរដ្ឋ ៥នាក់យកទៅឃុំខ្លួន។ អំឡុងពេលសមត្ថកិច្ចឃុំខ្លួននោះ មានពលរដ្ឋម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅពន្ធនាគារខេត្តបានមួយថ្ងៃ និង ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញ។ ទាក់ទងនឹងករណីប្រើហិង្សាបណ្ដាលឲ្យតំណាងពលរដ្ឋម្នាក់ស្លាប់នេះ តុលាការខេត្តបន្ទាយមានជ័យ បានចេញដីកាចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តនេះ ២នាក់ ដាក់ពន្ធនាគារ តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទោះជាយ៉ាងណា លោក ហ៊ឹម គិរី អះអាងថា ចាប់ពីពេលនោះមកអាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយអ្វីទៀតឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីថា ក្រោយពីទទួលបណ្ដឹងពីប្រជាពលរដ្ឋទាំងនេះ ក្រសួងយុត្តិធម៌នឹងពិនិត្យចាត់ចែងទៅតាមនីតិវិធីច្បាប់លើរឿងនេះបន្តទៀត៖ «ហើយករណីដែលជាប់ឃុំស្លាប់ហ្នឹងគឺជនដៃដល់ត្រូវបានទទួលខុសត្រូវបានផ្លូវច្បាប់ដំណើរការចោទប្រកាន់ និងកំពុងដំណើរការនីតិវិធីផ្លូវតុលាការ » ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា គត់សំគាល់ថា សំណុំរឿងរបស់ប្រជាពលរដ្ឋនេះ មានបទល្មើស២ផ្សេងគ្នា គឺបទល្មើសរឿងទំនាស់ដីធ្លីនិង ការធ្វើទារុណកម្មពីសំណាក់មន្ត្រីកងរាជអាវុធហត្ថខេត្តនេះមកលើពលរដ្ឋតវ៉ាកាលពីចុងឆ្នាំ២០១៩។ លោកបន្តថា រឿងជម្លោះដីធ្លីរបស់ពលរដ្ឋនៅស្រុកស្វាយចេកនេះដើមឡើយជាដីព្រៃរបស់រដ្ឋ ដោយមានទំនាស់នេះកើតឡើងដោយសារមានមេក្លោងម្នាក់ជាអ្នកមានលុយមានអំណាចនៅខេត្តបន្ទាយមានជ័យ និងមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្នាក់ឧបនាយករដ្ឋមន្ត្រីម្នាក់នៅពីក្រោយខ្នង។លោកបន្តថា មេក្លោងទទួលបានដីរាប់រយហិកតារ ចំណែកប្រជាពលរដ្ឋបានតិចតួច ហើយប្រឈមនឹងការចាប់ដាក់គុក៖ «អីចឹងទៅក៏ចាក់ប្រជាពលរដ្ឋឱ្យកម្រើកទៅ ដើម្បីឱ្យពួកគាត់ហ្នឹងទៅធ្វើការតវ៉ា ដោយថ្មីៗនេះនាយករដ្ឋមន្ត្រី និយាយអំពីទាក់ទងថាបើមានដីហ្នឹងត្រូវឆ្វៀលឱ្យគាត់ចេញត្រូវអី។ប៉ុន្តែតាមពិតទៅអ្នកដែលចូលមកយកដីពលរដ្ឋក្នុងភូមិសាស្ត្រតាប៉ែន ២ហ្នឹង ត្រូវបានគេកៀងគរតាំងពីខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន បាត់ដំបង តាំងពីសៀមរាបអីមកទាំងអស់ រហូតដល់ខ្លះខេត្តព្រៃវែងមកទៀត យកមកនាំគ្នាចូលទៅហ្នឹង ដើម្បីឱ្យបានមនុស្សច្រើនទៅគឺដឹងតែឈ្នះតែម្ដង » ។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ទៀត លោក អាន រួន សំណូមឱ្យក្រសួងយុត្តិធម៌ដោះស្រាយទាំង ២បទល្មើសនេះ ដើម្បីឱ្យពួកគាត់បានដីធ្វើទីជម្រកស្នាក់នៅផង និងទទួលបានយុត្តិធម៌ពីការធ្វើទារុណកម្មពីសំណាក់មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផង។លោកបញ្ជាក់ថា ចាប់តាំងពីមន្ត្រីប៉េអឹមវាយដំពួកលោកមកបណ្ដាលឱ្យលោកឈឺដើមទ្រូងសម្រាន្តមិនសូវបាន និងធ្វើការធ្ងន់មិនបានដូចពេលមុនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។