ប្រជាពលរដ្ឋប្រមាណ ៧០០នាក់ ដែលមកពីសហគមន៍មានជម្លោះដីធ្លីចំនួន ៧សហគមន៍ ប្រមូលផ្ដុំគ្នាមុខសាលាខេត្តកោះកុង នៅថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីស្នើសុំឲ្យអាជ្ញាធរពន្លឿនដំណោះស្រាយវិវាទដីធ្លីជូនពួកគាត់។ ក្រុមតំណាងពលរដ្ឋហាក់មានក្ដីសង្ឃឹមតិចតួច ក្រោយពីពួកគាត់ចូលជួបពិភាក្សាជាមួយអភិបាលខេត្ត ដែលបានសន្យាថា នឹងពិនិត្យមើលសំណើពលរដ្ឋ ដើម្បីបញ្ជូនទៅថ្នាក់ជាតិសម្រេចបន្ត។
ក្រុមប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌឹវិឡប់មិនហ្គ្រុប (Union Developemnt Group) ក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត និងក្រុមហ៊ុនហេង អភិវឌ្ឍន៍របស់ឧកញ៉ា ហេង ហ៊ុយ ក្នុងខេត្តកោះកុង នាំគ្នាឈរលើកបដា រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅខាងមុខសាលាខេត្តកោះកុង ទាមទារឲ្យអាជ្ញាធរ ចុះដោះស្រាយបញ្ចប់វិបត្តិដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ ត្រឹមដើមឆ្នាំ២០២២ខាងមុខ។
ពលរដ្ឋលើកឡើងថា ការជួបជុំគ្នានេះ គឺដើម្បីតាមដានញត្តិ ដែលពួកគាត់បានដាក់ជូនសាលាខេត្តកោះកុង កាលពីពេលកន្លងមក ស្នើសុំអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជាមួយភាគីក្រុមហ៊ុន ដែលពួកគាត់មិនទទួលបានដំណោះស្រាយនៅឡើយ។ ចំណែក អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចរាប់រយនាក់ និងដាក់របាំងដែកបិទផ្លូវជុំវិញសាលាខេត្ត។ ក្នុងពេលពលរដ្ឋជួបជុំគ្នានោះ គឺមិនមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចបង្កជាអំពើហិង្សានោះទេ។
តំណាងពលរដ្ឋមានជម្លោះដីធ្លី ៤៥គ្រួសារជាមួយក្រុមហ៊ុនចិន យូញៀន (Union) ក្នុងឃុំតានូន ស្រុកបុទុមសាគរ លោក សម ធី ថ្លែងថា ពលរដ្ឋបានស្វែងរកដំណោះស្រាយជាច្រើនដងមកហើយ ពីអាជ្ញាធរនិងក្រសួងដែនដី ប៉ុន្តែមកដល់ពេលនេះ ពួកគាត់គ្មានទទួលបានដំណោះស្រាយណាមួយទេ។
លោកបន្តថា ការផ្ដល់គោលនយោបាយដីធ្លីជូនពលរដ្ឋកន្លងមកនោះ គឺមិនមានតម្លាភាព និងយុត្តិធម៌ចំពោះអ្នកដែលមានទំហំដីច្រើនហិកតារនោះទេ។ លោកស្នើឲ្យអាជ្ញាធរចុះពិនិត្យដីធ្លីរបស់ប្រជាពលរដ្ឋដល់កន្លែងមានទំនាស់ជាក់ស្ដែង និងផ្ដល់សំណងសមរម្យ៖ «បើគាត់ធ្វើអភិបាលខេត្តហើយ ដោះស្រាយរឿងហ្នឹងមិនចេញទេ។ ដូចពាក្យសម្ដេចគាត់និយាយអ៊ីចឹង អាហ្នឹងដោះក្រៅប្រព័ន្ធតុលាការ។ សូមយកពាក្យសម្ដេចមកប្រើផង។ ហើយខ្ញុំសំណូមពរ សូមសម្ដេចជួយមើលអភិបាលខេត្តកោះកុងផង ឲ្យគាត់ដោះស្រាយសូមដូចអភិបាលខេត្តកំពត ដែលគាត់ដោះស្រាយកន្លងមកនេះ ប្រកបដោយយុត្តិធម៌ លើកកន្លែងពីខេត្តយកទៅភូមិឃុំ ដើម្បីរកដំណោះស្រាយ ដូចអភិបាលខេត្តកំពតហ្នឹង។ អាហ្នឹង ! ត្រឹមត្រូវ យុត្តិធម៌សថាស ខ្មៅថាខ្មៅ»។
ទន្ទឹមគ្នានេះ តំណាងសហគមន៍ម្នាក់ទៀត ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ ក្នុងស្រុកបុទុមសាគរ លោក ឈឹម សាផាន ឲ្យដឹងថា រយៈពេល ៤ឆ្នាំចុងក្រោយនេះ ទាំងអាជ្ញាធរនិងក្រសួងដែនដី តែងចេញលិខិតបដិសេធមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ៨៤៣គ្រួសារនោះទេ។
លោកបន្តថា ការនាំគ្នាមកសាលាខេត្តលើកនេះ គឺដើម្បីបញ្ជាក់ប្រាប់អភិបាលខេត្តកោះកុង ថា ពួកគាត់ពិតជាពលរដ្ឋដែលធ្លាប់អាស្រ័យផលលើដីមានទំនាស់នោះពិតប្រាកដមែន ចាប់តាំងឆ្នាំ១៩៧៩ មក។ លោកស្នើសុំអាជ្ញាធរកាត់ឆ្វៀលដីធ្លីពីក្រុមហ៊ុនប្រគល់ឲ្យពលរដ្ឋវិញ ក្នុងមួយគ្រួសារ ទទួលបានដី២ហិកតារ រួមនឹងប្រាក់សំណង ៥ពាន់ដុល្លារ ដើម្បីបញ្ចប់ជម្លោះដីធ្លីជាង ១៥ឆ្នាំនេះ៖ « យើងយកញត្តិមកច្រានចោលសេចក្ដីសម្រេច ស . ជ . ណ របស់សាលាខេត្តកោះកុងថាអត់ដោះដីជូន។ លទ្ធផលដែលបានជួបលោកជំទាវផ្ទាល់ និងលោក សុខ សុធី បានជជែកគ្នាយ៉ាងផុលផុស អាចទទួលយកបាន។ អ៊ីចឹង ! សំណូមពររបស់ខ្ញុំដែលចង់បានទី១ ឈប់ឲ្យគាត់ច្រានចោល ហើយគាត់នឹងពាំនាំពាក្យសម្ដីដែលខ្ញុំនិយាយសំណូមពរទៅគាត់ ពន្លឿនការដោះស្រាយដីធ្លីជូនពួកខ្ញុំ ហើយនឹងចុះដល់ទីតាំងមានបញ្ហា ទំនាស់ជាមួយក្រុមហ៊ុន កោះកុង ស៊ូហ្គើ (Koh Kong Sugar) និងក្រុមហ៊ុនកោះកុង ផ្លែនថេសិន (Koh Kong Plantation) របស់លោកឧកញ៉ា លី យ៉ុងផាត់ » ។
ចំណែក តំណាងសហគមន៍ដីធ្លីក្រុម ១៧៥គ្រួសារ នៅស្រុកស្រែអំបិល លោកស្រី ផាវ ញ៉ើង ស្នើសុំអភិបាលខេត្ត ពន្លឿនការដោះស្រាយនិងបញ្ឈប់ការកោះហៅពលរដ្ឋចូលបំភ្លឺនៅតុលាការ ដោយចោទថាញុះញង់ និងបរិហារកេរ្តិ៍តទៅទៀត ព្រោះថារឿងរ៉ាវទាំងនេះ គឺផ្ដើមចេញពីជម្លោះដីធ្លី។ លោកស្រី ស្នើឲ្យមានដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះឲ្យបានឆាប់ និងទម្លាក់ចោលការប្រកាន់មកលើតំណាងពលរដ្ឋ៖ «ខ្ញុំយល់ឃើញថា មានតែមួយគត់ គឺលោកជំទាវត្រូវតែខិតខំប្រឹងប្រែងឲ្យបានលឿនបំផុតធ្វើការដោះស្រាយបញ្ហាទំនាស់ដីធ្លី ដើម្បីចៀសវាងការចោទប្រកាន់ ព្រោះបើពួកគាត់អត់បាត់បង់ដី មិនមែនគាត់មកទេ ដោយសារពួកយើង អ្នកខ្លះអត់ដីមែន អត់មានអីនៅទេ។ តែអ្នកខ្លះបាត់ដីហើយ បាត់បង់ទៅទៀ។ អ្វីដែលយើងចង់បាន គឺចង់ឃើញលោកជំទាវកុំសន្យាខ្យល់។ សូមឲ្យលោកជំទាវមេត្តាយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវនិងដោះស្រាយបញ្ហាទំនាស់ដីនេះ ដើម្បីបញ្ចប់បញ្ហាអំពីការឡើងតុលាការហ្នឹងតទៅទៀត»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងរដ្ឋលេខាធិការទទួលបន្ទុកដោះស្រាយវិវាទដីធ្លីនៃក្រសួងដែនដី លោក ទេព ធន បានទេ នៅថ្ងៃទី២៤ វិច្ឆិកា ដោយហៅទូរស័ព្ទ តែពុំមានអ្នកទទួល។
ទោះបីជាយ៉ាងណា ក្រុមតំណាងពលរដ្ឋ ឲ្យដឹងថា អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង សុំពេលពិនិត្យមើលវិវាទដីធ្លីរបស់ពួកគាត់ ហើយនឹងបញ្ជូនបន្តទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការសម្រេច។ ពលរដ្ឋថា ពួកគាត់មានក្ដីសង្ឃឹមតិចតួច ក្រោយពីអភិបាលរូបនោះ បញ្ជាក់ថា ខាងថ្នាក់ជាតិគឺជាអ្នកដោះស្រាយសម្រេចជូនប្រជាពលរដ្ឋ ចំណែកខាងថ្នាក់ខេត្ត គឺអ្នកអនុវត្តទៅតាមការសម្រេចនោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំកោះកុង លោក ហួរ អ៊ីន មានប្រសាសន៍ថា វិវាទដីធ្លីនៅក្នុងសហគមន៍ទាំងនោះ គឺអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ ដោយពលរដ្ឋតែងតែចេញស្វែងរកអន្តរាគមន៍ជាច្រើនលើក ពីអាជ្ញាធរនិងក្រសួងពាក់ព័ន្ធ ដើម្បីសម្របសម្រួលដោះស្រាយបញ្ចប់។
លោកសង្ឃឹមថា តាមរយៈការជួបមុខគ្នារវាងក្រុមតំណាងសហគមន៍ដីធ្លី និងអភិបាលខេត្តកោះកុង នៅពេលនេះ នឹងអាចមានដំណោះស្រាយសមរម្យណាមួយជូនប្រជាពលរដ្ឋដែលអាចទទួលយកបាននៅពេលខាងមុខ៖ «ប្រជាពលរដ្ឋដែលនៅមុខសាលាខេត្តហ្នឹង អ៊ីចឹង ! អាជ្ញាធរខេត្តគួរតែពន្លឿនក្នុងការដោះស្រាយ។ បង្ហាញយ៉ាងណាឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ដើម្បីកុំឲ្យមានការប្រមូលផ្ដុំគ្នាតវ៉ាមកទៀត ព្រោះថាអាជ្ញាធរតែងតែមិនចង់ឲ្យមានការតវ៉ា។ អ៊ីចឹង ! ដើម្បីកុំឲ្យមានប្រជាពលរដ្ឋមានការតវ៉ា អាជ្ញាធរគួរតែបង្ហាញអំពីវិធានការនៃការដោះស្រាយ ក៏ដូចជាបង្ហាញភាពស្មោះត្រង់ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត»។
ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លី ប្រកាន់ជំហរថា ប្រសិនបើពុំមានដំណោះស្រាយណាមួយដែលអាចទទួលយកបាន ក្នុងរយៈពេល ១ខែទៀត នោះពួកគាត់នឹងនាំគ្នាទៅរកដំណោះស្រាយពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងដែនដី នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។