អ្នកស្រុកស្រែអំបិលប្រមាណ ១៣០នាក់ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ លើកគ្នាទៅតវ៉ាមុខសាលាដំបូងខេត្តកោះកុង ទាមទារឱ្យតុលាការទម្លាក់ចោលការប្រកាន់លើតំណាងរបស់ពួកគេ។ ការតវ៉ានេះ ធ្វើឡើងស្របពេល តំណាងពលរដ្ឋ ២នាក់ ចូលខ្លួនបំភ្លឺនៅតុលាការ ក្រោយពីរងបណ្ដឹងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ប្ដឹងពលរដ្ឋ ៣បទល្មើសផ្សេងគ្នា។ សង្គមស៊ីវិលរំពឹងថា តុលាការនឹងទម្លាក់ចោលបទចោទលើពលរដ្ឋ ហើយក្រសួងដែនដី និងអាជ្ញាធរខេត្ត អាចដោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
តំណាងពលរដ្ឋ ២រូប ដែលចូលបំភ្លឺនៅសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១៨ កញ្ញា មានលោកស្រី កើត នៅ ចូលឆ្លើយនៅចំពោះមុខព្រះរាជអាជ្ញា នៅពេលព្រឹក និងលោកស្រី អិន ធូ ចូលបំភ្លឺនៅពេលរសៀល។
លោកស្រី កើត នៅ ដែលចូលបំភ្លឺនៅតុលាការខេត្តកោះកុងអស់រយៈពេលជាង៣ម៉ោង ប្រាប់អាស៊ីសេរី ថា ព្រះរាជអាជ្ញា លោក រស់ សារាំ សាកសួរលោកស្រីជាច្រើនសំនួរ ពាក់ព័ន្ធនឹងការកាន់កាប់ដី រហូតដល់ពេលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍នៅឆ្នាំ២០០៧។
លោកស្រី ឱ្យដឹងថា គ្រួសារគាត់មានដីទំហំ ៤ហិកតារធ្វើស្រែ ដែលបន្តពីឪពុកម្ដាយ ក្រោយពីបែកសម័យខ្មែរក្រហម។ ប៉ុន្តែនៅឆ្នាំ២០០៧ ស្រាប់តែលេចឈ្មោះក្រុមហ៊ុន ហេង ហ៊ុយ ប្រើគ្រឿងចក្រឈូសឆាយរំលោភយកដីធ្លីពលរដ្ឋដោយគ្មានផ្ដល់សំណង ដោយអះអាងថា បានទទួលសិទ្ធិអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចដាំអំពៅនៅតំបន់នោះពីរដ្ឋាភិបាល។
លោកស្រី លើកឡើងថា ពួកគាត់ជាពលរដ្ឋក្រីក្រ មិនដែលបាននិយាយបរិហារកេរ្តិ៍លោក ឧកញ៉ា ហេង ហ៊ុយ ម្ដងណាឡើយ។ ស្ត្រីវ័យជាង ៦០ឆ្នាំរូបនេះ បញ្ជាក់ថា ការចេញតវ៉ារកដំណោះស្រាយរឿងដីធ្លីកន្លងមក ពួកគាត់សរុបជិត២រយគ្រួសារ គឺចេញតវ៉ាទាំងអស់គ្នា គ្មានអ្នកណាទៅញុះញង់ពលរដ្ឋដូចការចោទប្រកាន់នោះទេ។ តំណាងពលរដ្ឋរូបនេះ ស្នើដល់តុលាការទម្លាក់ចោទបទចោទមកលើពួកគាត់៖ «សំណូមពរឱ្យព្រះរាជអាជ្ញាឈប់ចោទប្រកាន់ កោះហៅតំណាងពួកខ្ញុំមកទៀត ព្រោះពួកខ្ញុំបាត់បង់ដីដោយពិតប្រាកដ មិនមែនដូចការលើកឡើងរបស់ក្រុមហ៊ុន ហេង ហ៊ុយ និយាយថា អត់បានយកដីប្រជាពលរដ្ឋអ៊ីចឹងទេ»។
ក្រុមហ៊ុន ហេង ហ៊ុយ បានប្ដឹងតំណាងពលរដ្ឋ ២នាក់ និងអ្នកភូមិ ៨នាក់ទៀត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយពីពលរដ្ឋជិត២រយគ្រួសារនាំគ្នាចេញតវ៉ារកដំណោះស្រាយដីធ្លីពី អាជ្ញាធរខេត្តកោះកុង និងក្រសួងដែនដី អស់ជាច្រើនលើកច្រើនសា។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីតំណាងក្រុមហ៊ុន ហេង ហ៊ុយ បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុង (LICADHO) លោក ហួរ អ៊ីន លើកឡើងថាការចោទប្រកាន់ពលរដ្ឋដល់ទៅ៣បទល្មើសដូច្នេះ គឺមានលក្ខណៈធ្ងន់ធ្ងរ។ លោក ស្នើដល់តុលាការចុះស្រាវជ្រាវករណីវិវាទដីធ្លីមួយនេះ ឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋក្រីក្រ៖ «បទល្មើសទី៣ ដែលគាត់ប្ដឹងពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ហ្នឹង យើងឃើញថា វាមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋ បើសិនជាពួកគាត់ជាតំណាងមិនបានញុះញង់ឬក៏បបួលប្រជាពលរដ្ឋផ្សេងទៀតមកធ្វើការតវ៉ា ហើយពលរដ្ឋមានដីដែលបាត់បង់មែន អ៊ីចឹងតុលាការគួរតែពិចារណាក្នុងការទម្លាក់ការចោទប្រកាន់។ ហើយអាជ្ញាធរខត្តក៏ដូចជាក្រសួងដែនដី ហ្នឹង ធ្វើការសម្របសម្រួលដោះស្រាយទំនាស់ហ្នឹងវិញ។ អ៊ីចឹង ! ទំនាស់ហ្នឹង វាមិនអូសបន្លាយវែងឆ្ងាយ ហើយអាចបញ្ចប់ឆាប់ៗ»។
មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ ទទូចដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង ចុះស៊ើបអង្កេតករណីនេះ និងរិះរកដំណោះស្រាយឱ្យប្រជាពលរដ្ឋ នៅស្រុកស្រែអំបិល ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្សធម៌ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
គិតមកដល់ពេលនេះ ក្រសួងដែនដី នៅមិនទាន់ចុះទៅពិនិត្យមើលជម្លោះដីធ្លី រវាងក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ និងពលរដ្ឋជិត ២រយគ្រួសារ ស្ថិតនៅឃុំជីខលើ និងឃុំជីក្រោម ក្នុងស្រុកស្រែអំបិល នៅឡើយ បើទោះបីជាក្រសួងបានសន្យាជាមួយពលរដ្ឋហើយក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។