តំណាងពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អះអាងថា ពលរដ្ឋប្រមាណ ៤០០គ្រួសារ លើកគ្នាទៅដាក់ញត្តិនៅសាលាស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី៦ ឧសភា ដើម្បីស្នើសុំដំណោះស្រាយ ដីសហគមន៍សាមគ្គីរបស់ពលរដ្ឋ ជាច្រើនហិកតារ ដែលរដ្ឋសម្រេចយកទៅអភិវឌ្ឍន៍ជាវាលយន្តហោះថ្មី។ អាជ្ញាធរស្រុកកណ្ដាលស្ទឹង អះអាងថា ដីវិវាទនោះ ធ្លាប់ដោះស្រាយចប់សព្វគ្រប់ហើយ ដោយមកដល់ពេលនេះ គ្មានដីណាជាដីសហគមន៍សាមគ្គីទៀតទេ។
តំណាងពលរដ្ឋឃុំអំពៅព្រៃ លោក ភោគ ផានី ប្រាប់ថា ពលរដ្ឋជាង ៦០ក្រុម រស់នៅ ៣ភូមិ នៃឃុំអំពៅព្រៃ ទាមទារឲ្យអាជ្ញាធរស្រុកកណ្ដាលស្ទឹងសម្របសម្រួលឲ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគប្រលានយន្តហោះថ្មី ផ្ដល់សំណង់តាមទីផ្សារជូនពលរដ្ឋលើដីសហគមន៍សាមគ្គីរបស់ពលរដ្ឋប្រមាណ ៤០០គ្រួសារ ដែលធ្លាប់អាស្រ័យផលនៅទីនោះ។
តំណាងពលរដ្ឋរូបនេះ អះអាងថា ដីមានជម្លោះជាប្រភេទដីសហគមន៍សាមគ្គីរបស់ពលរដ្ឋ ដែលរដ្ឋបានចែកឲ្យពលរដ្ឋ និងចុះបញ្ជី នៅសម័យរដ្ឋកម្ពុជា គឺកំឡុងក្រោយឆ្នាំ១៩៧៩។ កាលពីពេលនោះ ពលរដ្ឋបាននាំគ្នាទៅកាប់រាន ដើម្បីធ្វើកសិកម្ម។ ឃុំអំពៅព្រៃ មានភូមិទាំងអស់ចំនួន ៩ភូមិ ហើយដីសហគមន៍សាមគ្គី សរុបមានផ្ទៃជាង ៨០០ហិកតារ ត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។ បច្ចុប្បន្ននៅសល់ផ្ទៃដី ៨៣ហិកតារ មិនទាន់ដោះស្រាយ។
លោក ភោគ ផានី ប្រាប់ថា អាជ្ញាធរស្រុកកណ្ដាលស្ទឹង បានទទួលយកញត្តិរបស់ពលរដ្ឋ និងសន្យាដាក់ជូនប្រធានគណៈកម្មការទទួលញត្តិមុខភូមិគ្រឹះនាយករដ្ឋមន្ត្រី និងប្រធានអគ្គនាយកដ្ឋានកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង ស្នើសុំដំណោះស្រាយ៖ « ប្រភេទដីក្រុមសាមគ្គី។ ពីមុនមក ក្រុមសាមគ្គីទាំងអស់ហ្នឹង។ ប៉ុន្តែដល់ឆ្នាំ១៩៨៤ និង ៨៥ គាត់ ( ពលរដ្ឋ ) ចែកជាក្រុមតូចៗ។ មុនមកក្រុមធំ។ ពេលចែកជាក្រុមតូចអ៊ីចឹងមក ដីនោះ ជាកំណត់ព្រំ ដែលលោកមេឃុំបានថែមថយ ឲ្យក្រុមសាមគ្គី » ។
អភិបាលស្រុកកណ្ដាលស្ទឹង លោក បូ ណារ៉េត អះអាងប្រាប់អាស៊ីសេរីថា តំណាងដែលមកដាក់ញត្តិមិនមែន ៤០០នាក់ទេ គឺមានពលរដ្ឋប្រហែល ៣០នាក់ បានមកសាលាស្រុកនៅព្រឹកថ្ងៃទី៦ ឧសភា ហើយ ២៥នាក់ អះអាងថា ជាអ្នកតំណាង។
លោកថា អាជ្ញាធរបានទទួលយកញត្តិរបស់ពលរដ្ឋរួចហើយ និងឲ្យខាងផ្នែកសុរិយោដីផ្ទៀងផ្ទាត់ ដើម្បីឲ្យជាក់ច្បាស់ថា ពិតជាដីរបស់ពលរដ្ឋ ឬយ៉ាងណា ព្រោះនៅក្នុងដែនដីរដ្ឋបាលស្រុកកណ្ដាលស្ទឹងទាំងមូល គ្មានដីណា ជាប្រភេទដីសហគមន៍សាមគ្គីទៀតទេ គឺមានតែដីឯកជន របស់បុគ្គលម្នាក់ៗ និងដីរបស់រដ្ឋ ដែលច្បាប់ចែង ដូចជា បឹង ភ្នំ ទន្លេ ជាដើម។
ទោះយ៉ាងណា អភិបាលស្រុករូបនេះ បន្តអះអាងថា ក្នុងនាមអាជ្ញាធរត្រូវតែទទួលយកញត្តិរបស់ពលរដ្ឋ និងស្វែងរកការពិត ដើម្បីបញ្ជាក់ជូនពលរដ្ឋ។ លោកថា ក្រោយពេលមន្ត្រីសុរិយោដី ផ្ទៀងផ្ទាត់រួច អាជ្ញាធរនឹងកោះហៅតំណាងមកជួបពិភាក្សា៖ « យើងកាន់ជើង យើងនៅខាងប្រជាពលរដ្ឋ។ ឲ្យតែគាត់ត្រឹមត្រូវ ពិនិត្យហេតុផលហើយ ដាក់ជូនគាត់ទៅ » ។
ជម្លោះដីធ្លីនៅឃុំអំពៅព្រៃ និងបណ្ដាឃុំមួយចំនួនទៀត នៅស្រុកកណ្ដាលស្ទឹង ត្រូវបានអ្នកភូមិចោទប្រកាន់ថា ភាគច្រើន កើតមានជម្លោះ ដោយសារ អាជ្ញាធរនៅមូលដ្ឋាន ឃុបឃិតគ្នា ចេញប័ណ្ណកម្មសិទ្ធិឲ្យក្រុមហ៊ុនឯកជនឈ្មោះ ហេង អភិវឌ្ឍន៍ របស់ អ្នកស្រី សៀង ចាន់ហេង។
ជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង បានកក្រើកឡើងវិញ ក្រោយពេល លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ បានប្រកាសថា នឹងបង្កើតប្រលានយន្តហោះថ្មី ខ្នាតអន្តរជាតិ មានទំហំជាង ២ពាន់ (២.៦០០) ហិកតារ នៅផ្នែកខ្លះនៃក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ លោកអភិបាលស្រុកកណ្ដាលស្ទឹង អះអាងថា មកដល់ពេលនេះ ខាងអាជ្ញាធរស្រុកមិនទាន់ដឹងព័ត៌មានអ្វីច្បាស់លាស់ ឬទីតាំងណា នឹងត្រូវធ្វើវាលយន្តហោះថ្មីទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ថា ជាការល្អ ដែលអាជ្ញាធរព្រមទទួលញត្តិ និងបញ្ជូនឲ្យខាងជំនាញបញ្ជាក់ ប៉ុន្តែលោកថា អាជ្ញាធរមិនគួរទាន់អះអាងពីប្រវត្តិដីមានជម្លោះទេ ព្រោះអាចប៉ះពាល់ដល់ប្រយោជន៍ពលរដ្ឋ។ តំណាងសង្គមស៊ីវិលរូបនេះ ជំរុញឲ្យអាជ្ញាធរ ហ៊ានផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋ ប្រសិនបើរកឃើញថា ពលរដ្ឋធ្លាប់អាស្រ័យលើដីនោះពិតមែន។
ពាក់ព័ន្ធនឹងគម្រោងបង្កើតព្រះលានយន្តហោះវិញ លោក ស៊ឹង សែនករុណា សង្កេតឃើញថា គម្រោងរបស់រដ្ឋភាគច្រើន រដ្ឋាភិបាល និងក្រុមហ៊ុន មិនព្រមបង្ហាញព័ត៌មានតម្លាភាព របស់គម្រោងអភិវឌ្ឍន៍ ឲ្យពលរដ្ឋក្នុងមូលដ្ឋានបានដឹងឮទេ។ លោកថា នេះជាភាពមិនស្មោះត្រង់របស់រដ្ឋាភិបាល ជាមួយពលរដ្ឋ ទើបបណ្ដាលឲ្យពលរដ្ឋតែងខាតបង់ប្រយោជន៍ ចាញ់បោកឈ្មួញ និងឲ្យតែឮពីការអភិវឌ្ឍន៍ គឺបារម្ភគ្រប់គ្នា៖ « ត្រូវធ្វើការប្រកាសជាសាធារណៈរាល់គម្រោងទាំងឡាយណា ដែលរដ្ឋាភិបាលគ្រោងនឹងធ្វើការអភិវឌ្ឍន៍ហ្នឹង ដើម្បីជម្រះមន្ទិលសង្ស័យពីសាធារណៈជន ក៏ដូចជា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដើម្បីឲ្យធ្វើយ៉ាងណា អ្នកដែលរស់នៅក្នុងតំបន់ហ្នឹង អាចត្រៀមខ្លួនរបៀបម្ដេចខ្លះ ជាមួយគម្រោងអភិវឌ្ឍន៍ថ្មីទាំងអស់ហ្នឹង។ តើគាត់អាចដើរតួនាទីអ្វីខ្លះ ក្នុងបញ្ហាទាំងអស់ហ្នឹង ឬក៏រកដំណោះស្រាយ នៅក្នុងការជួបប្រទះបញ្ហាផ្សេងៗ នៅក្នុងគម្រោងអភិវឌ្ឍន៍ហ្នឹង » ។
តំណាងពលរដ្ឋ នៅឃុំអំពៅព្រៃ លោក ភោគ ផានី អះអាងថា ពលរដ្ឋនឹងមិនសុខចិត្តទេ បើអាជ្ញាធរ មិនព្រមផ្ដល់ដំណោះស្រាយ ជាថ្នូរនឹងយកដីសហគមន៍សាមគ្គីរបស់ពលរដ្ឋ ទៅឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ជាប្រលានយន្តហោះនោះ។ លោកព្រមានថា បើគ្មានដំណោះស្រាយទេ ពលរដ្ឋនឹងឡើងទៅតវ៉ានៅស្ថាប័នថ្នាក់លើ ដូចជា សាលាខេត្តកណ្ដាល ក្រសួងដែនដី ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។