ពលរដ្ឋ​ខេត្តសៀមរាប​រាប់​រយ​នាក់​បន្ត​រារាំង​អាជ្ញាធរ​អប្សរា​មិន​ឱ្យ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដោយ​បង្ខំ

0:00 / 0:00

ពលរដ្ឋ​រាប់​រយ​នាក់​រស់នៅ​ខេត្តសៀមរាប បន្ត​រារាំង​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ឱ្យ​រុះរើ​ផ្ទះសម្បែង រោង​បាយ និង​ជញ្ជាំង​ផ្ទះ របស់​ពលរដ្ឋ រយៈពេល ២​ថ្ងៃ​ជាប់​គ្នា។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ទង្វើ របស់​អាជ្ញាធរ​ជាតិ​អប្សរា ជា​ការ​រំលោភសិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ។

ពលរដ្ឋ​ទាំងនោះ រស់នៅ​តំបន់​ឧទ្យាន​អង្គរ​ជា​យូរ​មក​ហើយ ក្នុងស្រុក​ប្រាសាទបាគង ស្រុក​ពួក និង ក្រុង​សៀមរាប កំពុង​កើតទុក្ខ​មិន​សុខចិត្ត ករណី​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​ប្រើ​កម្លាំង​ជាច្រើន​នាក់ រុះរើ​ផ្ទះសម្បែង រោង​បាយ និង ជញ្ជាំង​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន ៣ ខ្នង នៅ​ថ្ងៃទី២៤ និង ២៥ តុលា​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​ដូន​នំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង លោក សុខ ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ តុលា​ថា អាជ្ញាធរ​ចោទ​គ្រួសារ​លោក​ថា មក​តាំង​ទីលំនៅ​ខុសច្បាប់ ហើយ​អាជ្ញាធរ​អប្ប​រា​បាន​មក​រុះរើ ផ្ទះ​របស់​លោក​ជាច្រើន​ដង​មក​ហើយ ក៏ប៉ុន្តែ​អ្នកភូមិ​រាប់​រយ​នាក់ បាន​លើកគ្នា​រារាំង ហាមឃាត់​មិន​ឱ្យ​រុះរើ។

លោក​បន្ថែម​ថា ផ្ទះ​របស់​លោក មាន​ទំហំ​ទទឹង ៤ ម៉ែត្រ បណ្តោយ ៦ ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​ស័ង្កសី​បានតែ​មួយ​ចំហៀង ហើយ​មួយ​ចំហៀង​ទៀត អាជ្ញាធរ​អប្សរា​ហាមឃាត់​មិន​ឱ្យ​បាំង ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ទឹក​សាច​ចូល​ពេញ​ផ្ទះ។

លោក សុខ ពៅ៖ «គេ​ថាឱ្យ​យើង​សុំច្បាប់ ដល់ពេល​យើង​ដាក់ពាក្យ​សុំច្បាប់​គេ​អត់ឱ្យ​។ ខ្ញុំ​សុំច្បាប់​បង​ឯង​គេ​អត់ឱ្យ ខ្ញុំ​ថា បង​ឯង​ឱ្យ​ខ្ញុំ​រស់នៅ​តាម​ថ្នល់ ឬ​យ៉ាងម៉េច​?គេ​រុះរើ​ទាំងអស់ អត់​មាន​សំណង​ឱ្យ​យើង​ផង»។

បុរស​ដដែល​បន្ថែម​ថា គ្រួសារ​របស់​លោក មក​រស់នៅ​តំបន់​នេះ ២៣ ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ជាតិ​អប្សរា​ប៉ុនប៉ង​រុះរើ​ផ្ទះ​ជា​ច្រើនដង ដោយ​ពុំមាន​សំណង​អ្វី​ទាំងអស់​។​

​លោក​ថា បញ្ហា​នេះ​មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​ទេ លោក​នឹង​ប្រពន្ធ បែរជា​ជាប់​បណ្តឹង​នៅ​តុលាការ ២​សំណុំ​រឿង ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ជាដើម​បណ្តឹង បាន​ប្តឹង​ក្នុង​បំណង​គំរាម​មិន​ឱ្យ​លោក​បង្ហោះ​ហ្វេសប៊ុក (Facebook) បង្ហាញ​ពី​សកម្មភាព​អាជ្ញាធរ​រុះរើ​ផ្ទះ​របស់​លោក។

ចាប់​តាំងពី​ថ្ងៃទី២៤ និង ២៥ ខែ​តុលា​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ទៅ​រុះរើ​លំនៅឋាន រោង​បាយ និង​ជញ្ជាំង​ផ្ទះ របស់​ពលរដ្ឋ​ចំនួន ៣ គ្រួសារ រស់នៅ​ស្រុក​ពួក ក្រុង​សៀមរាប និង ស្រុក​ប្រាសាទ​បាគង។

ក្នុង​ចំណោម​ផ្ទះ ៣ ខ្នង ក៏​មាន​ផ្ទះ​របស់​មន្ត្រី​យោធា​ម្នាក់​ដែរ ឋិត​ក្នុងភូមិ​ប្រៃយ៍ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ត្រូវ​អាជ្ញាធរ​អប្សរា​រុះរើ​ដំបូល និង​ជញ្ជាំង​ផ្ទះ​អស់។

ចំណែកឯ​ពលរដ្ឋ​រស់​នៅ​ស្រុក​ពួក​រាប់​រយ​នាក់ បាន​លើកគ្នា​តវ៉ា ខឹង​សម្បារ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា មក​រុះរើ​ផ្ទះបាយ របស់​ពលរដ្ឋ​មួយ​គ្រួសារ កាលពី​ព្រឹក​ថ្ងៃទី២៥ តុលា។

ក្រុម​ពលរដ្ឋ​ទាំងនោះ បាន​ថត​វីដេអូ បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ស្តី​បន្ទោស​អាជ្ញាធរ​ថា ធ្វើបាប​ពលរដ្ឋ​ក្រីក្រ៖ «បើ​មិន​ស្រែក​យើង​បាន​ផ្ទះ​ណា​នៅ​ ? បាន​ផ្ទះ​ណា​ជ្រក»?

ជុំវិញ​រឿង​នេះ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុំ ម៉ាប់ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ព្រោះ​លោក​ថា ជា​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

វិទ្យុ​អាស៊ីសេរី ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៥ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

កាលពី​ចុងខែ​មីនា កន្លងទៅ អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញថា មនុស្ស​ជាច្រើន​ដែល​រស់នៅ​ជុំវិញ​តំបន់​អង្គរ ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​តំបន់​រុន​តា​ឯក ដែល​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ទឹក​ស្អាត​។

​បន្ថែម​ពី​នេះ​ទៀត គ្រួសារ​ដែល​ផ្លាស់ប្ដូរ​ទីលំនៅ​មិនបាន​ផ្តល់​ការពិគ្រោះ​យោបល់​ពិតប្រាកដ​ឡើយ ជាពិសេស ការ​ទទួល​បាន​ការ​ការពារ​ផ្លូវច្បាប់។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក វណ្ណ សុផាត ពន្យល់​ថា ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះសម្បែង គឺជា​សកម្មភាព​បណ្តេញ​ពលរដ្ឋ​ដោយ​បំពាន​ច្បាប់ ផ្ទុយ​ពី​ស្មារតី​ច្បាប់ និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សច្ចាប័ន។

លោក វណ្ណ សុផាត៖ «ការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​និរន្តរភាព ប្រកបដោយ​សុខដុមរមនា អនុលោម​តាមច្បាប់​ជាតិ និង​អន្តរជាតិ លុះត្រា​ដែល​ដូរ​លំនៅឋាន​ប្រកប​ដោយ​ពិភាក្សា មាន​ការ​ពិភាក្សា​ពី​គ្រប់​ភាគី និង​មាន​សំណង​សមរម្យ ដែល​អាច​ទទួល​បាន។ បើ​ផ្ទុយ​ពី​ហ្នឹង បំពាន​ច្បាប់ សិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​ថ្មី គួរតែ​ចាប់អារម្មណ៍»។

សេចក្ដីសម្រេច​របស់​រដ្ឋាភិបាល​លេខ​៧០ ស្ដីពី​ការកំណត់​បទដ្ឋាន​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​សៀមរាប​-​អង្គរ ប្រការ​២ ចែងថា ពលរដ្ឋ​ដែល​មាន​លំនៅឋាន​រស់នៅ​យូរលង់​មក​ហើយ ឬ​មុន​ឆ្នាំ​២០០៤ មិន​មាន​ការ​ដេញ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​ឡើយ។

ក៏ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​អង្គរ យូរ​យារ​មក​ហើយ តាំង​ពីមុន​ឆ្នាំ ២០០៤ បាន​ត្អូញត្អែរ​ថា អាជ្ញាធរ​អប្សរា​តែងតែ​ចុះ​មក​ដល់​ផ្ទះ​របស់​ពួកគាត់​ជា​ញឹកញាប់​ហើយ ប្រាប់​ថា តើ​ព្រម​រុះរើ ឬ​មិន​ព្រម?

កន្លង​ទៅ អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ថា ប្រសិនបើ​ពលរដ្ឋ​មិន​ព្រម​ទទួលយក​សំណង​ដី​ឡូត៍​នៅ​តំបន់​រុន​តា​ឯក អាជ្ញាធរ​នឹង​បណ្ដេញ​ពួកគាត់​ចេញ​ដោយ​មិន​ផ្តល់​សំណង​អ្វី​ទាំងអស់។

លោក ហ៊ុន សែន ថា ផែនការ​ផ្លាស់​ទីលំនៅ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​រក្សា​សោភ័ណភាព​បរិស្ថាន​អង្គរ ស្របតាម​លក្ខខណ្ឌ​នៃ​អង្គការ​យូណេស្កូ (UNESCO) ហើយ​ប្រសិនបើ កម្ពុជា​មិន​អនុវត្ត​ដូច្នេះ​ទេ អង្គការ​នេះ​នឹង​ដក​តំបន់​អង្គរ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។