សហគមន៍​ខេត្ត​ព្រះវិហារ​ធ្វើពិធី​សែនព្រេន​អ្នកតា​ដាក់​បណ្ដាសា​ចំពោះ​អ្នក​រំលោភ​ដីធ្លី

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ១០០នាក់ រស់នៅ​ខេត្ត​ព្រះវិហារ​បាន​រួមគ្នា​ធ្វើ​ពិធី​សែនព្រេន ដើម្បី​ដាក់​បណ្ដាសា​ចំពោះ​ក្រុមហ៊ុន និង​អាជ្ញាធរ​ណា ដែល​រំលោភ​ដីធ្លី​របស់​ពួក​គាត់។ អ្នកភូមិ​អះអាង​ថា ក្រោយ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាក​វិនិយោគ​នៅ​តំបន់​នោះ អាជ្ញាធរ​មូលដ្ឋាន​បែរជា​ហួងហែង​ដីធ្លី ដែល​កំពុង​មាន​ជម្លោះ​នោះ​មក​កាន់កាប់​ខ្លួន​ឯង ពុំ​ព្រម​ប្រគល់​ឱ្យ​ពលរដ្ឋ​អាស្រ័យផល​វិញ​ទេ។

ជនជាតិ​ដើម​ភាគតិច​ចំនួន ២ភូមិ គឺ​ភូមិ​ប្រមេរ និង​ស្រែ​ព្រៀង ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ​បាន​រៀបចំ​ពិធី​សែនព្រេន​នៅ​ចំណុច​ព្រៃ​កប់​សព ក្នុង​ខ្ទមអ្នកតា​ចាស់​ស្រុក កាលពី​ថ្ងៃ​ទី៣ ខែកុម្ភៈ។ អ្នក​ភូមិ​សែន​ក្បាល​ជ្រូក​មួយ​មាន់​ស្ងោរ ស្រា និង​ផ្លែឈើ​ជាដើម ដើម្បី​បួងសួង​រក​ដំណោះស្រាយ​វិបត្តិ​ដីធ្លី ដែល​អូស​បន្លាយពេល​ជិត ១០ឆ្នាំ​មក​ហើយ។ ក្នុង​ពិធី​នេះ អ្នកភូមិ​បាន​ប្រកុំ​ភ្លេង​ខ្មែរ និង​ជាន់​អារក្ស​ដាក់​បណ្ដាសា ឱ្យ​អ្នកតា​ចាស់​ស្រុក​បរា​មុខ និង​កាច់​បំបាក់​ក ចំពោះ​ក្រុមហ៊ុន និង​អាជ្ញាធរ​ណា មាន​មហិច្ឆតា​ទុច្ចរិត​រំលោភ​ដីធ្លី​របស់​ពួក​គាត់។

អ្នកតា របស់​ជនជាតិ​កួយ នៅព្រះវិហារ

ជន​ជាតិ​ដើម​ភាគតិច​កួយ​រស់​នៅ​ភូមិ​ប្រមេរ លោកស្រី កុយ ម៉ឺន ប្រាប់​អាស៊ី​សេរី​ថា​អ្នកភូមិ​មាន​ជំនឿ​ថា បារមី​អ្នកតា​ពូកែ​ស័ក្ដិសិទ្ធិ​ជួយ​ទាមទារ​ដីធ្លី ដែល​ក្រុមហ៊ុន​ចិន​រំលោភ​យក ឱ្យ​ត្រឡប់​មក​វិញ។ លោកស្រី​ថា បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ចិន​ផ្អាក​សង្វាក់​ផលិតកម្ម​ក្តី ក៏​ប៉ុន្តែ​អាជ្ញាធរ​ឃុំ និង​ស្រុក បែរ​ជា​កាង​ដី​នៅ​តំបន់​នោះ ពុំ​ព្រម​ប្រគល់​ឱ្យ​អ្នក​ស្រុក​វិញ​ទេ៖ «បួងសួង​ឱ្យ​អ្នកតា​ជួយ បើ​នរណា​រំលោភ​យក​ដី​យើង​ឱ្យ​អ្នកតា​កាច់ មិន​ថា​មេភូមិ មេឃុំ មេស្រុក និង​ចៅហ្វាយ​ខេត្ត​ក៏​ដោយ។ ភ្ជួរស្រែ​មិន​បាន​ក្ដៅ​ក្រហាយ គេ​គំរាម​អ្នក​ណា​ធ្វើ​ដី​ចិន​មិន​បាន។ ខ្ញុំ​ថា យើង​ធ្វើ​លើ​ដី​យើង​ទេ មិន​មែន​ដី​ចិន​ទេ »។

គ្រួសារ​លោកស្រី កុយ ម៉ឺន មាន​ដី​ជាង ១០ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​រំលោភ​យក​ទាំងអស់​ស្រុង​ជិត ១០ឆ្នាំ​មក​ហើយ ហើយ​មកទល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ប្រគល់​ដី​ឱ្យ​គ្រួសារ​លោកស្រី​វិញ​ទេ។ រីឯ​អ្នកភូមិ​ជាច្រើន​គ្រួសារ​ទៀត ក៏​មាន​បញ្ហា​ដូច​លោកស្រី​ដែរ។

ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទៀត រស់នៅ​ភូមិ​ប្រមេរ លោកស្រី ស៊ីង សាំ អះអាង​ថា ក្រោយ​ពី​ក្រុមហ៊ុន​ចិន​ផ្អាក​វិនិយោគ​នៅ​តំបន់​នោះ ក្រុមហ៊ុន​យក្ស​មួយ​នេះ បាន​ប្រគល់​ដី​ដែល​មាន​ជម្លោះ​ទាំង​អស់ ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ដោះ​ស្រាយ ក៏​ប៉ុន្តែ​អាជ្ញាធរ​នៅតែ​អូស​បន្លាយ​ពេល មិន​ព្រម​ដោះ​ស្រាយ​ទាល់​តែ​សោះ។ លោកស្រី​បញ្ជាក់​ថា ដី​ស្រែ​ជាង ៦០ហិកតារ ឬ​ស្មើ ១០ភាគ​រយ ដែល​ក្រុមហ៊ុន​ចិន​រំលោភបំពាន​ពី​អ្នកភូមិ​កន្លង​ទៅ អាជ្ញាធរ​ស្រុក​បែរជា​ហ៊ុមព័ទ្ធ​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​ទៅ​វិញ៖ «ពេល​ចិន​ទៅ​អស់ហើយ ដី ១០ភាគ​រយ​ហ្នឹង គឺ​ដី​មាន​ឈ្មោះ​របស់​បងប្អូន​អស់​ហើយ ដី​សហគមន៍​ណា។ អាជ្ញាធរ​ស្រុក គេ​ភ្ជូរ​ដាំ​ចន្ទី​របស់​ពលរដ្ឋ ពេល​ពលរដ្ឋ​តវ៉ា​ទៅ គេ​ថា ដី ១០ភាគ​រយ​របស់​ស្រុក​គេ​ប្រគល់​ឱ្យ​ប៉ូលិស និង​ប៉េអឹម »។

អាស៊ី​សេរី​បាន​ទាក់ទង​អភិបាលស្រុក​ត្បែង​មានជ័យ លោក នុត សោភ័ណ្ឌ ដើម្បី​បក​ស្រាយ​ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ទេ ដោយ​លោក​រុញ​ឱ្យ​អ្នក​យក​ព័ត៌មាន​របស់​អាស៊ី​សេរី​មក​ជួប​លោក​ផ្ទាល់៖ « ចាំ​មក​ចួប​ខ្ញុំ​ផ្ទាល់​នៅ​កន្លែង​មក បាន​ខ្ញុំ​បកស្រាយ​បាន »

​ប៉ុន្តែ​មេឃុំ​ប្រមេរ លោក ធាន ហេង បក​ស្រាយ​ថា ដី​ជាង ៦០ហិកតារ​ដែល​អាជ្ញាធរ​បោះ​បង្គោល​រក្សា​ទុក គឺ​ជា​ដី​បម្រុង​ទុក​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ពុំ​មែន​ជា​របស់​អាជ្ញាធរ​ណាមួយ​នោះ​ទេ។លោក​បដិសេធ​ថា ពុំ​មាន​អាជ្ញាធរ​ណា​ទៅ​រំលោភ​ដី​នៅ​តំបន់​នោះ​ទេ ហើយ​ជម្លោះ​ដីធ្លី​នេះ គឺ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ​ដោះស្រាយ៖ «ពាក់ព័ន្ធ​ដី ១០ភាគ​រយ យើង​រក្សា​ទុក​សម្រាប់​ពលរដ្ឋ​អត់​ដី យើង​គ្រាន់តែ​ការពារ​កុំ​ឱ្យ​បងប្អូន​យក »។

សង្គម​ស៊ីវិល​តាម​ដាន​ករណី​នេះ​សង្កេត​ឃើញ​ថា ជម្លោះ​ដីធ្លី​នេះ​មាន​ករណី​ប្លែក​ជាងគេ។ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​លោក ប៉ឹក សោភ័ណ​ថា បច្ចុប្បន្ន​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ​ពុំ​មែន​កើត​មាន​រវាង​ក្រុមហ៊ុន​ចិន ជាមួយ​ពលរដ្ឋ​នោះ​ទេ បែរ​ជា​កើត​មាន​រវាង​អាជ្ញាធរ​ស្រុក និង​ពលរដ្ឋ​ទៅ​វិញ។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គួរតែ​ពន្លឿន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នេះ​ដោយ​យុត្តិធម៌ និង​មាន​តម្លា​ភាព។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ (Hengfu Group Sugar Industry) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤ម៉ឺន​ហិកតារ (៤២.០០០) តាំង​ពី​ឆ្នាំ២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ​ឋិត​នៅ​ស្រុក​ឆែប ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ។ ក្រុមហ៊ុន​ផ្អាក​ដំណើរ​ជាង ១ឆ្នាំ​ហើយ​ក្រុមហ៊ុន​បាន​ជួល​ដី​មួយ​ផ្នែក​ធំ​ ឱ្យ​ពលរដ្ឋ​ចំណាក​ស្រុក​ដាំស្រូវ ហើយ​មាន​ដី​ផ្នែក​ខ្លះ​ទៀត អាជ្ញាធរ​មូលដ្ឋាន​បាន​ដណ្ដើម​គ្នា​កាន់កាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។