ជនជាតិ​ដើម​កួយ ២ភូមិ​នៅ​ខេត្ត​ព្រះវិហារ​លើក​គ្នា​ទប់ស្កាត់ អ្នក​មាន​អំណាច​ឈូស​ឆាយ​ផល​ដំណាំ ​និង​គំរាម​ប្ដឹង​ពួក​គាត់

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ខេត្តព្រះវិហារ​ចំនួន ២ភូមិ បាន​ដាក់​វេន​គ្នា យាម​ដី​ស្រែចម្ការ ​និង​ផល​ដំណាំ​របស់​ពួកគាត់ ក្រោយ​ពី​បុគ្គល​មាន​លុយ​មាន​អំណាច​ បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ដីស្រែ​ចម្ការ​ និង​ផល​ដំណាំ​របស់​អ្នកភូមិ​ជា​បន្ត​បន្ទាប់។

ពួក​គាត់​បារម្ភ​ថា​ អ្នកមាន​អំណាច​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ ដើម្បី​ប៉ុនប៉ង​រំលោភ​យក​ដីស្រែ​ចម្ការ​អ្នកភូមិ​ ហើយ​គំរាម​ប្ដឹង​ពួកគាត់​ទៅ​តុលាការ។

ជនជាតិ​ដើម​ភាគតិច​កួយ​ជិត ១០០គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ប្រើស​ក្អក និង​ភូមិ​បុះ ឃុំ​ម្លូ​ព្រៃ​ពីរ​ ស្រុក​ឆែប ព្រួយ​បារម្ភ​ខ្វះខាត​ដី​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត នៅ​រដូវ​វស្សា​ឆ្នាំនេះ ក្រោយពី​ដី​ដែល​ពួក​គាត់​កំពុង​ដាំដុះ មាន​ទំហំ​សរុប​ជាង ៨០០ហិកតារ កំពុង​ប្រឈម​ការ​គំរាម​ដកហូត និង​ឈូស​ឆាយ​ផល​ដំណាំ​ពី​សំណាក់​បុគ្គល​មាន​លុយ​មាន​អំណាច។

ជនជាតិ​ដើម​ភាគ​តិច​កួយ លោក សឿន ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ មករា​ថា បុគ្គល​មាន​លុយ​មាន​អំណាច ឈ្មោះ ឈាង គង់​នូវ ហៅ ម៉ៅ និង​បក្ខ​ពួក គឺ​ជា​ជន​ដៃ​ដល់​ឈូស​ឆាយ​ផល​ដំណាំ របស់​អ្នកភូមិ​អស់​ជាច្រើន​ហិកតារ និង​គំរាម​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ។ លោក​ថា ពួក​លោក​មិនទាន់​ដឹង​ថា បុរស​ម្នាក់​នេះ ធ្វើការ​នៅ​ស្ថាប័ន​ណា​នោះ​ទេ ក៏​ប៉ុន្តែ លោក ឈាង គង់នូវ បាន​ប្រាប់​ក្រុម​ពលរដ្ឋ​ថា គាត់​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ និង​ស្រុក​រួច​ហើយ មុននឹង​ឈូស​ឆាយ​តំបន់​នោះ។

លោក សឿន ថា៖ «ជនជាតិ​ដើម​ភាគ​តិច​យើង​មាន​ទុក្ខ​លំបាក​ខ្លាំង អត់​មាន​ព្រៃ​សម្រាប់​ប្រើប្រាស់​ដូច​មុន​ទេ​ ពុំ​មាន​ដី​បង្ក​បង្កើន​ផល​គ្រប់​គ្រាន់»។

ចាប់តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០២៣ មក​ទល់​ពេល​នេះ ជនជាតិ​ដើម​ភាគ​តិច​កួយ​​ជិត ១០០ នាក់ បាន​លើកគ្នា​ឃាត់​គ្រឿង​ចក្រ ៣​ដង ដែល​បុរស​ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ ឈូស​ឆាយ​ផល​ដំណាំ។

អ្នកភូមិ​ថា ដី​ដែល​ក្រុម​ឈ្មួញ​បញ្ជូន​គ្រឿង​ចក្រ​ឈូស​ឆាយ ឋិត​នៅ​ចំណុច ការដ្ឋាន​ទី១០​ និង​ការដ្ឋាន​ទី១១ ក្នុង​ភូមិ​ប្រើស​ក្អក មាន​ទំហំ​សរុប​ជាង ៨០០ហិកតារ ដែល​ពលរដ្ឋ​បាន​ធ្វើ​កសិកម្ម​ជាង ២ឆ្នាំ​មក​ហើយ ក្រោយ​ពី​ក្រុមហ៊ុន​ចិន ហេង ហ្វូ (Hengfu Group Sugar Industry) ផ្អាក​ដំណើរ​ការ។

ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​ទៀត លោក ខឿន ជឿត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កន្លងទៅ​ដី​ក្នុង​តំបន់​នោះ សំបូរ​ព្រៃឈើ និង​ជា​កន្លែង​ជនជាតិ​ដើម​ភាគ​តិច​អាស្រ័យផល​ព្រៃឈើ​បែប​ប្រពៃណី ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​ជាង ១០ឆ្នាំ​មក​ហើយ។ រីឯ​ពលរដ្ឋ​បាន​នាំគ្នា​ធ្វើ​កសិកម្ម​លក្ខណៈ​គ្រួសារ​ជាង ២ឆ្នាំ​មក​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​ចិន​ផ្អាក​សង្វាក់​ផលិតកម្ម។

លោក​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ​ទទួល​រង​ភាព​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត ដោយសារ​បាត់បង់​ធនធាន​ធម្មជាតិ និង​ដីធ្លី។

លោក ខឿន ជឿត៖ «លំបាក​ដូច​ជា ពី​ដើម​មក រក​ត្រី​ម្ហូប​ និង​សាច់​ស្រួល មិន​ពិបាក​ទិញ​ទេ តែ​ឥលូវ​ព្រៃឈើ​ក៏​អស់ គេ​ធ្វើ​ស្រែ​រាប់​ពាន់​ហិកតារ គេ​បាញ់​គីមី​ មាន​ត្រី​មក​ពី​ណា សត្វ​អី​ក៏​គ្មាន​ដែរ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ស្រុក​ឆែប លោក ឡុង សុបិន និង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១០ មករា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​លោក ឈាង គង់នូវ ហៅ ម៉ៅ ក៏​មិន​ទាន់​អាច ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​មេឃុំ​ម្លូព្រៃ​ពីរ លោក កាន់ សុវណ្ណគា មាន​ប្រសាសន៍​ថា រឿង​នេះ​លោក​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ ព្រោះ​ភាគី​សាង​ខាង បាន​ដណ្ដើម​ដី​គ្នា ធ្វើ​កសិកម្ម​ក្រោយ​ពី​ក្រុមហ៊ុន​ចិន​ផ្អាក​ដំណើរ​ការ។

លោក​ថា ដី​ដែល​អ្នកភូមិ​ធ្វើ​កសិកម្ម​ពុំ​មែន​ជា​ដី​កម្ម​សិទ្ធិ​របស់​ពួកគាត់​នោះ​ទេ គឺ​ជា​ដី​ដែល​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ចិន។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់​ថា វិវាទ​ដីធ្លី​នៅ​តំបន់​នោះ អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ អាជ្ញាធរ​គួរតែ​ដោះស្រាយ​ជា​បន្ទាន់ ដោយ​ផ្ដល់​ដី និង​ប័ណ្ណ​កម្មសិទ្ធិ​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ម្ចាស់​ស្រុក ជា​អាទិភាព។

លោក ប៉ឹក សោភ័ណ៖ «អាជ្ញាធរ​គួរ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ជូន​សហគមន៍​ចេញ​លិខិត​ហ្នឹង ជា​អាទិភាព រួច​ហើយ​សេសសល់​ប៉ុន្មាន​ចាំ​អាជ្ញាធរ​គិតគូរ​រឿង​ហ្នឹង​ទៀត។ សហគមន៍​យូរ​ឆ្នាំ គាត់​បាត់បង់​ទឹកដី​ និង​ព្រៃឈើ គួរតែ​ដោះស្រាយ​ដោយ​មាន​ឯកសារ​ច្បាស់​លាស់»។

អ្នកភូមិ​ប្រើស​ក្អក និង​ភូមិ​បុះ រំលឹក​ថា កន្លងទៅ ក្រុមហ៊ុន​ចិន ហេង ហ្វូ បាន​ឈូស​ឆាយ​ព្រៃឈើ​ធំធេង និង​ដី​ស្រែ​ពលរដ្ឋ​ លុប​ប្រភព​ទឹកអូរ​ធម្មជាតិ ដែល​ជា​បណ្ដាញ​ខ្សែ​ទឹក​ធម្មជាតិ​សម្បូរ​ដោយ​ត្រី ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគ​តិច​កួយ។

ពួកគាត់​ព្រមាន​ថា នឹង​លើក​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​រឿង​នេះ​ឱ្យ​ដាច់​ស្រេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។