ជនជាតិ​​កួយ​នៅ​ខេត្តព្រះវិហារ​ពីរ​ភូមិ ខក​ចិត្ត​នឹង​អាជ្ញាធរ​បើក​ដៃ​ឱ្យ​ឧកញ៉ា​ម្នាក់ ឈូស​​ព្រៃ​ជំនឿ​ទំហំ ១ពាន់​ហិកតារ

0:00 / 0:00

តំបន់​ព្រៃ​ជំនឿ​មួយ​កន្លែង ដែល​ជនជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន ២ភូមិ នៅ​ខេត្ត​ព្រះវិហារ តែង​តែ​ឃ្វាល​គោ​ក្របី និង​ប្រមូល​អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត កំពុង​ប្រឈម​ការ​ឈូស​ឆាយ​ទ្រង់ទ្រាយ​ធំ ឱ្យ​ក្លាយ​ជា​វាល​ល្វឹងល្វើយ ពី​សំណាក់​ឧកញ៉ា​មួយ​រូប។

ប្រជា​សហគមន៍​ខកចិត្ត​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ បើក​ដៃ​ឱ្យ​ឧកញ៉ា​មួយ​រូប ប្រើ​គ្រឿង​ចក្រ​ជិត ១០គ្រឿង សម្រុក​ឈូស​ឆាយ​ព្រៃ​ជំនឿ និង​តំបន់​ចម្ការ​វិល​ជុំ ដែល​ជា​ឆ្នាំង​បាយ​របស់​ពួកគាត់។

ជន​ជាតិ​ដើម​ភាគតិច​កួយ​ជាង ២០០គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ដងផ្លិត និង​ភូមិ​ណារុង ឃុំឆែបពីរ​ ស្រុកឆែប ទាមទារ​ឱ្យ​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ជំនឿ និង​តំបន់​ដែល​អ្នកភូមិ​រក​អនុផល​ព្រៃឈើ​បែប​ប្រពៃណី កំពុង​ប្រឈម​ការ​ឈូស​ឆាយ​អស់​ជាង ២០០ហិកតារ នៅ​រយៈ​ពេល​ជាង ២សប្ដាហ៍​កន្លង​ទៅ​នេះ ។

ពួកគាត់​អះអាង​ថា សកម្មភាព​ឈូស​ឆាយ​នេះ មាន​ទាហាន​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​យាមកាម​ ហាម​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ចូល​តំបន់​នោះ។

សំណាង​សហគមន៍ លោក សោម ណៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ១៥ មករា​ថា​ ជនជាតិ​ដើម​ភាគតិច​ចំនួន ២ភូមិ កំពុង​ជួប​ការ​លំបាក​មួយ​កម្រិត​ទៀត ប្រសិន​បើ​ព្រៃ​ជំនឿ ដី​ចម្ការ​វិលជុំ ​និង​កន្លែង​រក​អនុផល​ព្រៃឈើ​បន្សល់​ចុង​ក្រោយ ដែល​ពួកគាត់​អាស្រ័យផល​ក្នុង​តំបន់​នោះ​ បាត់​បង់​អស់។

លោក​ថា ទីតាំង​ដែល​កំពុង​ឈូស​ឆាយ​នោះ ឋិត​នៅ​ចំណុច​អន្លង់​ស្វាយអៀ ចំណុច​ប្រលាន​តាដេវ និង​ចំណុច​ត្រពាំង នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់។

លោក សោម ណៃ៖«អស់​ហើយ!ចាប់​ពី​ពេល​នេះ​ពលរដ្ឋ​មាន​តែ​ទុក្ខ​ព្រួយ​ហើយ គ្មាន​មន្ត្រី​ណា​ជួយ​បាន​ទេ សុទ្ធតែ​លេ​ទាំង​អស់។ ពលរដ្ឋ​ចាក់​គំនិត​ស្ទើរ​បែក​ដើម​ទ្រូង​អស់​ហើយ។ តែ​បើ​ងាប់​ឱ្យ​អស់​ហ្មង​ទៅ មិន​ចាំ​បាច់​មាន​ទុក្ខ​ព្រួយ​ទៀត»។

កាល​ពី​ថ្ងៃ​ទី៤ មករា ប្រជា​សហគមន៍​ប្រមាណ ២០នាក់ បាន​លើក​គ្នា​ឃាត់​គ្រឿង​ចក្រ​ជិត ១០គ្រឿង ដែល​កំពុង​ឈូស​ឆាយ​ផ្ដួល​ដើមឈើ​តូច​ធំ​ក្នុង​តំបន់​នោះ ហើយ​ក្នុង​ពេល​ចុះ​ឃាត់​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មេការ ឈ្មោះ ឆេន សែន និង​បក្ខ​ពួក បាន​ប្រើ​ដំបងវាយ​អ្នកភូមិ​ម្នាក់​បណ្ដាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម។

ក្រោយ​ពី​កើត​ហេតុ ពួកគាត់​បាន​ប្ដឹង​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ក៏​ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ ហើយ​ពួកគាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ​បន្ត​ទៀត។

Land_dispute_in_Preah_Vihear_010425_by_Community_1.jpg
គ្រឿងចក្រភ្ជួរដី ដែល​សហគមន៍​ថា ជា​របស់​ឧកញ៉ា អ៊ុក គឹមសាន បាន​ឈូស​ឆាយ​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ភូមិដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារ កាល​ពី​ដើម​ខែមករា ឆ្នាំ២០២៥។ រូប៖ សហគមន៍​ផ្តល់​ឱ្យ

ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ដងផ្លិត លោក អឹម ឆេន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សកម្មភាព​ឈូស​ឆាយ​នេះ អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ប្រាប់​ពួក​គាត់​នោះ​ទេ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​មន្ទិល និង​សោក​ស្ដាយ​ព្រៃឈើ។

លោក​ថា បច្ចុប្បន្ន​សហគមន៍​មិន​អាច​ចូល​ទៅ​អាស្រ័យ​ផល ព្រៃឈើ និង​ធ្វើ​ចម្ការ​វិល​ជុំ ក្នុង​តំបន់​នោះ​បាន​ទេ ព្រោះ​មាន​ទាហាន​ប្រដាប់​អាវុធ​រារាំង និង​គំរាម​កំហែង។

លោក អឹម ឆេន៖«ដល់​ខ្ញុំ​ទៅ​សួរ​នាំ គេ​មិន​បាន​ទេ ទៅ​ថ្ងៃ​មិញ ទាហាន​គ្រប់​ដៃ ១០នាក់សួរ​នាំ​ខ្ញុំ​មក​រក​អី?ខ្ញុំ​ថា មក​រក​ឱ្យ​អស់​លោក​ជួយ​ដោះស្រាយ​ពលរដ្ឋ ២ភូមិ ទុក្ខ​វេទនា​ណាស់​សព្វ​ថ្ងៃ​នេះ។ ដេក​មិន​លក់​បក់​មិន​ល្ហើយ​ទេ ពិបាក​សព្វ​យ៉ាង​អស់»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បន្ថែម​ជុំ​វិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​ព្រះវិហារ​លោក គីម រិទ្ធី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ មករា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ មេឃុំ​ឆែប​ពីរ លោក ជឿន ជិន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ឯកជន​មួយ បាន​ចូល​មក​វិនិយោគ​វិស័យ​កសិកម្ម​ក្នុង​តំបន់​នោះ ដោយ​ឈូស​ឆាយ​ដី​ឱ្យ​ក្លាយ​វាល​ទំហំ ១ពាន់​ហិកតារ (១.០០០)។ លោក​ថា ដី​ដែល​ឈូស​ឆាយ គឺ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក​បញ្ជាក់​ថា លោក​មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ​ទេ តែ​គ្រាន់​តែ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​ជា​របស់​ឧកញ៉ា អ៊ុក គឹមសាន។

លោក ជឿន ជិន៖«ខ្ញុំ​ដឹង​ត្រឹម​ថា​គេ​ឈូស​ឆាយ ១ពាន់​ហិកតារ ឈ្មោះ​ឧកញ៉ា អ៊ុក គឹមសាន គាត់​មក​រក​ស៊ី​វិនិយោគ»។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ពី​ឧកញ៉ា អ៊ុក គឹមសាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​ជន​ជាតិ​ដើម​ភាគតិច​កួយ​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល បង្ហាញ​ឆន្ទៈ​រឹងមាំ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​រង​ការ​រំលោភ​បំពាន។

លោក ប៉ែន ប៊ុណ្ណារ៍៖«ការ​បំផ្លាញ​ព្រៃឈើ​របស់​ជនជាតិ​ដើម​ភាគ​តិច វា​ជា​អំពើ​អយុត្តិធម៌​ណាស់ ដែល​រដ្ឋាភិបាល​ត្រូវ​គិត​មែន​ទែន គិត​នេះ​មិន​ឱ្យ​គិតតែ​ទៅ​បំពេញ​ចិត្ត​ឧកញ៉ា​ឈូស​ឈើ​ទេ គឺ​គិត​ជន​ជាតិ​ដើម​ភាគតិច​ចែក​គ្នា​រស់​ផង ឱ្យ​ពួកគាត់​មាន​សិទ្ធិ​អាស្រ័យផល​ដោយ​គ្មាន​ការ​រំលោភ​សិទ្ធិ​ផង»។

តំបន់​ព្រៃ​ជំនឿ ព្រៃ​អារក្ស និង​តំបន់​អាស្រ័យផល ដែល​កំពុង​ឈូស​ឆាយ​នោះ មាន​ផ្ទៃ​ដី​ជាង ១ ពាន់​ហិកតារ ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ចំនួន ២ភូមិ អាស្រ័យ​ផល ធ្វើ​កសិកម្ម​ដាំដុះ​ និង​រក​អនុផល​ព្រៃឈើ​ច្រើន​ជំនាន់​មក​ហើយ។

ព្រៃ​នៅ​តំបន់​នោះ ក៏​ជា​ជម្រក​សត្វ​ព្រៃ ព្រៃ​កប់​សព វាលស្មៅ​សម្រាប់​ឃ្វាលគោ​ក្របី​ និង អូរ​ធម្មជាតិ។

ប្រជា​សហគមន៍​បន្ថែម​ថា ពួកគាត់ មិន​ត្រឹមតែ​បាត់បង់​ព្រៃឈើ និង​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ​ បច្ចុប្បន្ន​សូម្បី​តែ​ដីធ្លី​ដែល​ពួកគាត់​ធ្លាប់​ស្រមៃ​ថា នឹង​ដាំ​ដើមឈើ​ស្ដារ​ឡើង​វិញ​ ក៏​ប្រឈម​ការ​បាត់បង់​អស់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។