ជនជាតិដើមភាគតិចកួយចំនួន ២ភូមិនៅខេត្តព្រះវិហារ បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញពីទុក្ខកង្វល់ និងការរំលោភដីព្រៃជំនឿទ្រង់ទ្រាយធំ ពីសំណាក់អភិបាលរងខេត្តព្រះវិហារ អ៊ុក គឹមសាន។
ពួកគាត់ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ឈប់សកម្មភាពឈូសឆាយព្រៃជំនឿ និងដីស្រែចម្ការរបស់ពួកគាត់ ខណៈអាជ្ញាធរខេត្តព្រះវិហារមិនអើពើ។
ជនជាតិដើមភាគតិចកួយ ១៦នាក់តំណាងឱ្យពលរដ្ឋជាង ៣០០គ្រួសាររស់នៅភូមិដងផ្លិត និងភូមិណារុង ឃុំឆែបពីរ ស្រុកឆែប នៅរក្សាជំហរស្វែងរកដំណោះស្រាយដីធ្លី នៅឯរាជធានីភ្នំពេញបន្តទៀតស្របពេលដែលអាជ្ញាធរខេត្តព្រះវិហារមិនដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ជាង ៣ខែមកហើយ។
ទាហានប្រដាប់អាវុធកាងសកម្មភាពឈូសឆាយ
អ្នកភូមិថា មកទល់ពេលនេះសកម្មភាពឈូសឆាយព្រៃអារក្ស និងដីស្រែចម្ការរបស់អ្នកភូមិមិនទាន់ផ្អាកនៅឡើយទេ ដោយមានក្រុមទាហានជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងអាកា (AK) គំរាមកំហែងពលរដ្ឋមិនឱ្យចូលទៅតំបន់នោះ។
យុវជនជនជាតិដើមភាគតិចកួយរស់នៅខេត្តព្រះវិហារ ដែលចូលរួមសន្និសីទកាសែត នៅហាងកាហ្វេចាវ៉ា (Java Cafe) កញ្ញា សិម ស្រីនៀត ប្រាប់វិទ្យុអាស៊ីសេរីថា មកទល់ពេលនេះ ដីព្រៃជំនឿ និងដីស្រែចម្ការកេរឪពុកម្តាយរបស់ពលរដ្ឋចំនួន ២ភូមិ កំពុងប្រឈមការបាត់បង់ទ្រង់ទ្រាយធំ ធ្វើឱ្យអ្នកភូមិខ្លះគ្មានដីដាំដុះនោះទេ នៅរដូវវស្សាឆ្នាំនេះ។ កញ្ញាស្នើឱ្យប្រមុខរដ្ឋាភិបាលក្រឡេកមើលបញ្ហានេះ និងដោះស្រាយដោយយុត្តិធម៌។
កញ្ញា សិម ស្រីនៀត៖«ដីក្នុងព្រៃវាមានសារសំខាន់សម្រាប់បងប្អូនជនជាតិដើម ព្រោះមានដីស្រែចម្ការក្នុងនោះ។ បងប្អូនជនជាតិដើមពួកគាត់អត់មានចំណេះដឹងជ្រៅជ្រះខ្ពង់ខ្ពស់ដែលអាចរកការងារ ប្រាក់ខែ បានដូចបងប្អូនជនជាតិផ្សេងៗទេ ព្រោះពួកគាត់សង្ឃឹមទៅលើលើព្រៃទាំងអស់នោះ»។
ចាប់តាំងពីចុងខែកុម្ភៈ មកទល់ពេលនេះ អ្នកភូមិណារុង និងភូមិដងផ្លិត បានផ្តិតមេដៃដាក់ញត្តិឱ្យស្ថាប័នថ្នាក់ជាតិ ៧ស្ថាប័ន ឱ្យជួយដោះស្រាយបញ្ហានេះ តែមិនទាន់ទទួលបានផលនៅឡើយទេ។
ពលរដ្ឋចោទអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន
អ្នកភូមិថា ចាប់តាំងពីចុងខែធ្នូ ឆ្នាំ ២០២៤ រហូតមកទល់ពេលនេះ ក្រុមហ៊ុនរបស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានបញ្ជូនគ្រឿងចក្រជាង ១០ គ្រឿងសម្រុកឈូសឆាយព្រៃជំនឿអស់រាប់រយហិកតារបន្ថែមទៀត បង្កផលប៉ះពាល់ដល់ដីស្រែចម្ការរបស់ជនជាតិដើមភាគតិចជាច្រើនគ្រួសារដែលពួកគាត់មានទម្លាប់ធ្វើស្រែតាមប្រឡោះព្រៃ។
យុវជនជនជាតិដើមភាគតិចម្នាក់ទៀត លោក ណៃ មិនា បារម្ភថា សកម្មភាពឈូសឆាយនេះប៉ះពាល់ចំណូលសេដ្ឋកិច្ច និងតំបន់ជំនឿរបស់ពួកគាត់ ធ្វើឱ្យអ្នកភូមិបាត់បង់កន្លែងប្រតិបត្តិជំនឿប្រពៃណី។ លោកថា តំបន់ព្រៃជំនឿ ជាឆ្នាំងបាយរបស់អ្នកភូមិតាំងពីបុរាណកាលមក។
លោក ណៃ មិនា៖«មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់បងប្អូនទាំងអស់គ្នា សម្រាប់ប្រមូលផលព្រៃឈើតាមទំនៀមទម្លាប់ជនជាតិដើមភាគតិចកួយ ប៉ះពាល់ដល់វប្បធម៌ជនជាតិដើមភាគតិច ជំនឿ សាសនារបស់គាត់ថា គាត់បាត់បង់ដីដែលជាតំបន់ជំនឿរកបានអនុផលព្រៃឈើ និយាយរួមទៅគាត់បានសេដ្ឋកិច្ចតំបន់នោះធូរធារជាយូរយារណាស់មកហើយ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះពីអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បាននៅឡើយទេ នៅថ្ងៃ៣ មីនា។ រីឯមន្ត្រីនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និងអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ថា ពលរដ្ឋមានសិទ្ធិទាមទារដំណោះស្រាយគឺរឿងត្រឹមត្រូវតាមច្បាប់ ហេតុនេះរដ្ឋាភិបាលគួរតែពិនិត្យមើលពីបញ្ហានេះ ដើម្បីរក្សាទំនាក់ទំនងល្អរវៀងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
លោក ប៉ឹក សោភ័ណ៖«រាជរដ្ឋាភិបាលគួរពិនិត្យមើលតាមសំណើនូវអ្វីដែលគាត់បានស្នើសុំឱ្យជួយដោះស្រាយ និងអន្តរាគមន៍ហ្នឹងទៅបាទ។ វាអាចនឹងរក្សាបាននូវទំនាក់ទំនង ហើយនិងស្ថិរភាពទាំងអស់គ្នា»។
អត្ថបទដែលទាក់ទង៖
តំបន់ព្រៃជំនឿព្រៃអារក្ស និងតំបន់ព្រៃអាស្រ័យផល ដែលកំពុងឈូសឆាយនោះ មានផ្ទៃដីជាង ១ ពាន់ (១.០៥០) ហិកតារ ដែលជនជាតិដើមភាគតិចកួយ ចំនួន ២ភូមិ អាស្រ័យផល ធ្វើកសិកម្មដាំដុះ និងរកអនុផលព្រៃឈើច្រើនជំនាន់មកហើយ។ ព្រៃនៅតំបន់នោះ ក៏ជាជម្រកសត្វត្មាតព្រៃដ៏កម្រ ព្រៃជំនឿ វាលស្មៅឃ្វាលគោក្របី និង អូរធម្មជាតិជាច្រើនកន្លែង។
ប្រជាសហគមន៍ទទូចឱ្យរដ្ឋាភិបាល អភិរក្សព្រៃជំនឿជាទ្រព្យសមូហភាពរបស់រដ្ឋ ដោយមិនចង់ឃើញព្រៃជំនឿដែលអ្នកភូមិអាស្រ័យផល ធ្លាក់ក្នុងដៃ បុគ្គលមានលុយមានអំណាចនោះទេ។
អ្នកភូមិថា ក្រោយពីធ្វើសន្និសីទរួចរាល់ ពួកគាត់សម្រេចផ្អាកដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍មួយរយៈសិន ដោយរង់ចាំមើលដំណោះស្រាយពីស្ថាប័នថ្នាក់ជាតិ របស់រដ្ឋាភិបាលចំនួន ០៧ ស្ថាប័នសិន។ រីឯផែនការវិលទៅស្រុកកំណើត នៅព្រះវិហារវិញ ក៏មិនទាន់កំណត់ពេលជាក់លាក់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។