ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ៦រយ​គ្រួសារ​នៅ​ខេត្ត​កំពង់ឆ្នាំង​សុំ​អាជ្ញាធរ​​ឱ្យ​រក្សា​ទុក​ដី​ស្រែ​និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​

0:00 / 0:00

ប្រជាពលរដ្ឋ​ជិត ៦រយ​គ្រួសារ រស់​នៅ​ស្រុក​បរិបូរណ៍ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី ករណី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​យក​ដី​ស្រែ​ពួកគាត់​ទៅ​ពុះ​ចែក​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។ ពួក​គាត់​ស្នើ​សុំ​អាជ្ញាធរ​រក្សា​ទុក​ដី​ស្រែ​ទំហំ​ជិត ២ពាន់​ហិកតារ​ជូន​ពលរដ្ឋ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​វិញ និង​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ ដើម្បី​បញ្ចប់​វិវាទ​នេះ។

ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ពលរដ្ឋ១០​នាក់​តំណាង​ឲ្យ ៥៧២នាក់ ជាមួយ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង លោក ស៊ុន វណ្ណារិន នៅ​ថ្ងៃ​ទី២០ កញ្ញា ក្រោយ​ពី​ពលរដ្ឋ​ជាង ៤រយ​នាក់​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥​តវ៉ា​រក​ដំណោះស្រាយ​ពី​ជម្លោះ​ដីធ្លី​នេះ កាល​ពី​ម្សិលមិញ។

តំណាង​ពលរដ្ឋ លោកស្រី ទូច ស្រីនិច​ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​តម្រូវ​ឲ្យ​ពលរដ្ឋ​រៀប​ចំ​ញត្តិ​ និង​របាយការណ៍​ពី​ការ​បាត់​បង់​ដីស្រែ​នេះ​ ដាក់​ជូន​ថ្នាក់​ខេត្ត​ ដើម្បី​ពិនិត្យ​និង​ដោះស្រាយបញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់។

លោក​ស្រី បន្ត​ថា​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​មាន​ទំនាស់​នោះ គឺ​ធ្វើ​ស្រែ​ត​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ដោយ​គ្មាន​លិខិត​ស្នាម​ទេ​។ លោកស្រី បញ្ជាក់​ថា អ្នកស្រុក​បរិបូរណ៍ ព្យាយាម​ស្នើ​សុំ​លិខិត​ទទួល​ស្គាល់​ដី​ស្រែ​ជាង ១ពាន់ ៦ហិកតារ​នោះ ពី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​មិន​ធ្វើ​ឲ្យ​ ដោយ​ចោទ​ពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំង​ថា​ចូល​ធ្វើ​ស្រែ​លើ​ដី​​ខេត្ត​ពោធិ៍សាត់​ដោយ​គ្មាន​ការ​អនុញ្ញាត​ទៅ​វិញ។​

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​រដ្ឋាភិបាល ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​រក្សា​ទុក​ដី​ស្រែ​ឲ្យ​ពលរដ្ឋ ​ដើម្បី​បន្ត​ធ្វើ​ស្រែ​ដោះស្រាយ​បញ្ហា​ជីវភាព​រស់​នៅ៖ «ខ្ញុំ​ចង់​បាន​ដំណោះស្រាយ​ឲ្យ​សម្ដេច​ទាំង​អស់ ជួយ​កូន​ចៅ​ដោះស្រាយ​ដី​ហ្នឹង​ឲ្យ​បាន​ដី​ហ្នឹង​ត្រឡប់​មក​វិញ ដើម្បី​អាស្រ័យ​ផល​បន្ត​ទៅ​ទៀត ពី​ព្រោះ​នាង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង​ក៏​មិន​ចង់​បាន​លើស​អ្វី​ដែល​នាង​ខ្ញុំ​ធ្លាប់​អាស្រ័យ​ផល​ទេ។ ខ្ញុំ​ចង់​បាន​តែ​ដី​របស់​ខ្ញុំ​មក​វិញ​ទេ។ ហើយ​សុំ​ឲ្យ​គាត់​ជួយ​ធ្វើ​ជា​ឯកសារ​កាន់​កាប់​ដី​ហ្នឹង​បន្ត​ទៀត​ផង។ កាល​ណ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​ហ្នឹង ! នៅ​តែ​មាន​បញ្ហា​ហ្នឹង​ អត់​ចេះ​ចប់​ទេ។ សូម្បី​តែ​ចូល​ព្រោះ​ក៏​បាន​ដែរ ដោយ​សារ​យើង​អត់​មាន​ឯកសារ​ដី​កាន់​កាប់​ស្រប​ច្បាប់»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពង់​ឆ្នាំង លោក ស៊ុន វណ្ណារិន បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ តែ​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ចោទ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់​ឆ្លាំង ថា​ជា​អ្នក​បន្លំ​ចង់​ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​ ដោយ​មិន​បាន​អាស្រ័យ​ផល​ជាក់ស្ដែង​ លើ​ដី​មាន​វិវាទ​នេះ​ទេ។

អភិបាល​រង​ខេត្ត​ និង​ជា​អតីត​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ មាន​ប្រសាសន៍​ថា ដី​ទាំង​នោះ ជា​ដី​ព្រៃ​របស់​រដ្ឋ ហើយ​មាន​ពលរដ្ឋ​ខ្លះ​ បាន​ចូល​មក​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​រដ្ឋ។

លោក​លើកឡើង​ថា អាជ្ញាធរ​បាន​ផ្ដល់​ដី​នោះ ឲ្យ​ទៅ​ពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​ជាក់​ស្ដែង រួច​រាល់​អស់​ហើយ។ ចំណែក ​ពលរដ្ឋ​ខ្លះ​ទៀត​មិន​បាន​អាស្រ័យ​ផល​ជាក់ស្ដែង​ទេ។ តែ​យ៉ាង​ណា លោក​ថា អាជ្ញាធរ​នឹង​នៅ​តែ​បន្ត​ដោះ​ស្រាយ​​​ជូន​ពលរដ្ឋ​ទាំង​នោះ៖ «ប្រជាជន​កំពង់ឆ្នាំង​ចេះ​តែ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ដី​ព្រៃ​តើ មិន​អ្នក​អន្សា​ចំបក់​ខេត្ត​ពោធិ៍សាត់​ទេ​ គឺ​ខាង​កំពង់​ឆ្នាំង ចេះ​តែ​រុករាន​ទន្ទ្រាន​ដី​ព្រៃ។ ឥឡូវ​យក​ដី​ហ្នឹង ចែក​ជូន​ខាង​អន្សា​ចំបក់​ជាង​៣ពាន់​គ្រួសារ»។

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា ដែល​ធ្លាប់​ចុះ​អង្កេត​វិវាទ​នេះ កាល​ពី​ឧសភា​កន្លង​ទៅ មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់​ប្រាប់​អង្គការ​សង្គម​ស៊ីវិល​ថា​ ព្រម​កាត់​ឆ្វៀល​ដីធ្លី​ជាង ៥រយ​ហិកតារ​ជូន​ពលរដ្ឋ​ដើម្បី​បញ្ចប់​បញ្ហា​នេះ។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​ធ្លាប់​អាស្រ័យ​នឹង​ដី​ស្រែ​នោះ គឺ​មិន​ព្រម​ទទួល​ដំណោះស្រាយ​កាត់​ឆ្វៀល​បែប​នេះ ព្រោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ដីស្រែ​ជាង​ពាក់​កណ្ដាល ហើយ​ពលរដ្ឋ​ខ្លះ​ទៀត អាច​នឹង​គ្មាន​សល់​ដី​ធ្វើ​ស្រែ​តែ​ម្ដង។

លោក​យល់​ថា អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​និង​ខេត្ត​ពោធិ៍សាត់​ គួរ​ពិភាក្សា​រិះរក​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​មាន​តវ៉ា​រឿង​នេះ​ត​ទៅ​ទៀត៖ «អាជ្ញាធរ​ទាំង​ខាង​កំពង់​ឆ្នាំង​និង​ពោធិ៍សាត់​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​ទំនាស់​ហ្នឹង​ដោយ​សន្តិវិធី​ រហូត​មក​ដល់​មាន​ការ​ដោះស្រាយ​ទទួល​យក​បាន។ កុំ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​ដី​ទាំង​អស់​ហ្នឹង​ អត់​ទទួល​បាន​ដី​ ហើយ​ខ្លាច​មាន​អ្នក​ផ្សេងៗ ទៀត​ដែល​អាច​ទទួល​បាន​អី​ទាំង​អស់​នេះ វា​ការ​ដោះស្រាយ​មួយ​ ពួកគាត់​មិន​អាច​ទទួល​យក​បាន។ អ៊ីចឹង ! គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ដែល​កំពុង​ធ្វើ​ការ​ទាមទារ​ហ្នឹង»។

ដី​មាន​ជម្លោះ​ដែល​មាន​ទំហំ​សរុប ១.៦៦១ហិកតារ គឺ​ស្ថិត​នៅ​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ជាប់​នឹង​ព្រំប្រទល់​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង។ អ្នកស្រុក​បរិបូរណ៍ អះអាង​ថា មាន​ពលរដ្ឋ ៥៧២គ្រួសារ ធ្លាប់​អាស្រ័យ​ផល​លើ​ស្រែ​នោះ ត​ពី​​​ឪពុក​ម្ដាយ​របស់​ពួកគាត់​មក​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគាត់​ដូរ​ទី​លំនៅ​ទៅ​ខេត្ត​កំពង់​ឆ្នាំង​វិញ​។

ពលរដ្ឋ​ អះអាង​ថា ដើម​ហេតុ​នៃ​វិវាទ​នេះ គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល បាន​កាត់​ឆ្វៀល​ដី​ស្រែ​របស់​ពួក​គេ ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ស៊ីភីម៊ិច (Xhi Pimex) អភិវឌ្ឍន៍។ ក្រោយ​ពី​ពលរដ្ឋ​ចេញ​តវ៉ា និង​ដាក់​ញត្តិ​អស់​ច្រើន​ឆ្នាំ​ ទើប​ខាង​ក្រុមហ៊ុន​ចិន​បាន​ដក​ចេញ​ទៅ​វិញ។ តែ​ក្រោយ​មក​ទៀត ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​កាត់​ដី​នោះ ឲ្យ​ទៅ​ពលរដ្ឋ​រស់​នៅ​ស្រុក​ក្រគរ ជា​អ្នក​អាស្រ័យ​ផល​វិញ។

ពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំង​ស្នើ​ដល់​អាជ្ញាធរ​ទាំង​ពីរ​ខេត្ត ចុះ​ស្រាវជ្រាវ​ប្រវត្តិ​ដី និង​ពន្លឿន​ដោះស្រាយ​វិវាទ​នេះ ឲ្យ​​ពលរដ្ឋ​បាន​ឆាប់ ព្រោះ​ពួក​គាត់​អាច​ធ្វើ​ស្រែ​បង្ក​បង្កើន​ផល​លើ​ដី​នោះ​បាន​តែ ១ដង​គត់ ក្នុង ១ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។