ស្នងការនគរបាលខេត្តកណ្ដាល បានសាកសួរពលរដ្ឋមានជម្លោះដីធ្លីជាច្រើននាក់ ពាក់ព័ន្ធនឹងអំពើហិង្សាដាក់គ្នាទៅវិញទៅមក រវាងពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ដែលឈរជើងប្រចាំការទីកន្លែងសាងសង់ព្រះលានយន្តហោះថ្មី ក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើសុំអាជ្ញាធរដោះលែងពលរដ្ឋឲ្យមានសេរីភាព និងជួបជុំក្រុមគ្រួសារវិញ ហើយបន្តដោះស្រាយវិវាទដីធ្លីនេះ ដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌។
វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ៣៣០គ្រួសារ ជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី របស់ឧកញ៉ា ពុង ឃាវសែ ដែលជាមហាសេដ្ឋីស្និទ្ធនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈានដល់ដំណាក់កាល អាជ្ញាធរចាប់ខ្លួនពលរដ្ឋ ៣០នាក់ ក្នុងនោះភាគច្រើនជាស្ត្រី យកទៅសាកសួរនៅស្នងការខេត្តកណ្ដាល ជុំវិញអំពើហិង្សារវាងក្រុមប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច។
ពលរដ្ឋឲ្យដឹងថា ស្ថានភាពក្នុងភូមិកំពុងតាឡុង នៅពេលនេះ ដូចទៅនឹងកាលបែករបប ប៉ុល ពត ឆ្នាំ១៩៧៩ គឺមានសភាពស្ងាត់ជ្រងំ ដោយពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះអស់ ប្ដីព្រាត់ប្រពន្ធ ឪពុកព្រាត់កូន បន្សល់ទុកម្ដាយឪពុកចាស់ជរានៅចាំផ្ទះ។
ពលរដ្ឋម្នាក់ ដែលតានដានរឿងនេះ នៅស្នងការនគរបាលខេត្តកណ្ដាល លោក ណៃ ផុន ឲ្យដឹងថា សមត្ថកិច្ចកំពុងសាកសួរសមាជិកគ្រួសារលោក ៣នាក់ ក្នុងនោះមានប្រពន្ធលោក គឺលោកស្រី ឃឹម ចិត្រា បងស្រីម្នាក់ ឈ្មោះ ណៃ ភា និងប្អូនស្រីម្នាក់ទៀត ឈ្មោះ នៃ ផុល ពាក់ព័ន្ធនឹងហេតុការណ៍ហិង្សា កាលថ្ងៃទី១២ កញ្ញា។ លោកបន្តថា សមត្ថកិច្ចមូលដ្ឋាននៅតែតាមស្វែងរកចាប់ខ្លួនពលរដ្ឋផ្សេងទៀត ក្នុងភូមិ ហាក់បីដូចជាចាត់ទុកអ្នកភូមិ ជាមុខសញ្ញានៃក្រុមឧក្រិដ្ឋជន។
លោកយល់ថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺរឹតតែបង្កភាពឈឺចាប់មួយជាន់មួយជាន់ទៀតចំពោះប្រជាពលរដ្ឋម្ចាស់ដី ដែលបាត់បងដីស្រែទៅក្រុមហ៊ុនហើយ ទទួលរងការវាយធ្វើបាបពីអាជ្ញាធរ រហូតដល់ចាប់ខ្លួនមនុស្សជាច្រើនថែមទៀត។ លោកស្នើសុំអាជ្ញាធរដោះលែងពលរដ្ឋទាំងអស់ ឲ្យមានសេរីភាពវិញ៖ «ក្នុងនាមជាអ្នករងគ្រោះដីធ្លីហ្នឹង វាបីឆ្នាំហើយ។ ខ្ញុំអង្វរដល់ប្រមុខរដ្ឋាភិបាលហ្នឹង ជួយដោះស្រាយជាផលសំណងសមរម្យឲ្យពួកខ្ញុំទទួលយកបានមក។ ហើយពួកខ្ញុំមិនហ៊ានទាមទារថាតម្លៃទីផ្សារទេ។ តម្លៃណាមួយយកបាន ពួកខ្ញុំទទួលយកហើយបញ្ចប់រឿងរ៉ាវដោះលែងពួកគាត់មក។ កុំឃុំ កុំឃាំង គាត់អ៊ីចឹង ! គាត់អស់ជម្រើសហើយបានទៅតវ៉ាហើយ បើគាត់មានជម្រើស គាត់មិនទៅតវ៉ាអ៊ីចឹងទេ។ ប្រជាពលរដ្ឋខ្លាចណាស់ ឃើញកងកម្លាំងរាប់រយនាក់អ៊ីចឹងនោះ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត បានទេ នៅថ្ងៃទី១៣ កញ្ញា ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា នេះជាលើកទី១ ហើយក្នុងវិវាទដីធ្លីនៅប្រទេសកម្ពុជា ដែលសមត្ថកិច្ចចាប់ខ្លួនពលរដ្ឋមានចំនួនច្រើនបែបនេះ។
លោកបន្តថា ការប្រើហិង្សានិងចាប់ខ្លួននេះ គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែខ្លាំងមួយទៀត ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ និងមិនមែនជាដំណោះស្រាយអាចបញ្ចប់បញ្ហាដីធ្លីនេះបានទេ។ លោកយល់ថា ការដោះស្រាយដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌ទៅវិញទេ ទើបជាដំណោះស្រាយល្អ អាចបញ្ចប់វិវាទបាន៖ «យើងនៅតែទទូចកុំឲ្យជ្រើសរើសយកមធ្យោបាយហ្នឹង វាអត់ជាមធ្យោបាយល្អទេ។ ទី១ វាប៉ះពាល់ទៅបញ្ហាទាំងសងខាង ឬក៏ការរិះគន់ទៅបញ្ហានៃការដោះស្រាយដីធ្លីហ្នឹង ហើយមានការចោទប្រកាន់ផ្សេងៗ ទៀត ហើយបើប្រជាពលរដ្ឋត្រូវបានជាប់ពន្ធនាគារទៅទៀត អាហ្នឹង ទុក្ខលើទុក្ខហើយ។ បានន័យថា គ្រួសារគាត់អាចប្រឈមមុខតទៅទៀតដែរ។ អ៊ីចឹង ! មានតែការដោះស្រាយដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌ទេ ទើបអាចទទួលបានការដោះស្រាយសមរម្យនោះ»។
កាលពីថ្ងៃទី១២ កញ្ញា កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ខេត្តកណ្ដាល ប្រមាណ ៣០០នាក់ ប្រដាប់ដោយខែល និងដំបង ប្រើហិង្សាទៅលើប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ១០០នាក់ នៅក្នុងភូមិកំពង់តាឡុង ឲ្យរងរបួសជាច្រើននាក់ និងចាប់ខ្លួនពលរដ្ឋជាច្រើននាក់។
ហេតុការណ៍នេះ កើតឡើងក្រោយពេលពលរដ្ឋនាំគ្នាដុតសំរាមនៅខាងមុខរនាំងដែកបិទផ្លូវរបស់កម្លាំងសមត្ថកិច្ច ដើម្បីទាមទារឲ្យអាជ្ញាធរបើកផ្លូវឲ្យពួកគាត់អាចចូលទៅមើលដីស្រែរបស់ពួកគាត់ ដែលត្រូវក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ ឈូសលុបបំផ្លាញចោល ដើម្បីយកដីសាងសង់វាលយន្តហោះថ្មីខ្នាតអន្តរជាតិ ប៉ុន្តែត្រូវសមត្ថកិច្ចហាមឃាត់ មិនឱ្យពួកគាត់ចូលទៅ។
ទោះជាយ៉ាងនេះក្ដី អាជ្ញាធរបានដោះលែង សកម្មជនដីធ្លីម្នាក់មកវិញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា។
ឆ្លើយតបនឹងរឿងនេះ សាលាខេត្តកណ្ដាលចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយចោទប្រកាន់ប្រជាពលរដ្ឋថាជាអ្នកបង្កឲ្យមានអំពើហិង្សានេះ មានប្រើដំបង គប់ដុំថ្ម បាញ់ចម្ពាមកៅស៊ូ និងគប់ដប់សាំងដាក់កម្លាំងសមត្ថកិច្ចរងរបួស ១៣នាក់ ទើបនាំឲ្យការមានប្រើកម្លាំងបំបែកក្រុមពលរដ្ឋ និងចាប់ខ្លួនមនុស្ស ៣០នាក់។ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពខុសច្បាប់ទាំងឡាយ ហើយងាកមកចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី។
ត្បិតមានការអះអាងយ៉ាងនេះក្ដី ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាល ដោះស្រាយជម្លោះដីធ្លីនេះ ដោយសន្តិវិធី តម្លាភាព យុត្តិធម៌ និងផ្ដល់សំណងសមរម្យជូនពលរដ្ឋ ទើបវិវាទនេះអាចបញ្ចប់ទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។