ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសារ រស់នៅឃុំក្បាលរមាស ស្រុកសេសាន ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ចាត់ទុកដីព្រៃសហគមន៍ភូមិក្បាលរមាសជាអាយុជីវិតរបស់អ្នកភូមិ។ ពួកគេថា ប្រសិនបើអាជ្ញាធរវិនិយោគឱ្យក្រុមហ៊ុនឯកជន ការបំផ្លិចបំផ្លាញព្រៃឈើ ជម្រកសត្វព្រៃ និងការសម្លាប់ប្រភពសេដ្ឋកិច្ចរបស់ពលរដ្ឋពិតជាកើតមាន។
តំណាងសហគមន៍ភូមិក្បាលរមាសលោកស្រី ស្រាំង ឡាញ់ ឱ្យដឹងនៅថ្ងៃទី៣០ ខែមីនាថា អាជ្ញាធរបានបោះបង្គោលព្រំដី ២ កន្លែង បំពានចូលភូមិចាស់របស់ពលរដ្ឋ រំលោភយកព្រៃសហគមន៍ភូមិក្បាលរមាសស្ទើរទាំងស្រុង និងប៉ះពាល់ដីស្រែកេរដូនតារបស់អ្នកភូមិជាង ១០ គ្រួសារ។ លោកស្រីថា អាជ្ញាធរមិនបានពិភាក្សាជាមួយតំណាងសហគមន៍នោះទេ។ លោកស្រីបញ្ជាក់ថា ជីវភាពអ្នកភូមិពឹងផ្អែកទាំងស្រុងលើដីព្រៃសហគមន៍នេះ ប្រសិនបើបាត់បង់ ពួកគេនឹងគ្មានទីកន្លែងអាស្រ័យផលចិញ្ចឹមជីវិតទេ៖ «ព្រៃសហគមន៍ទាំងមូលតែម្តងទាំងអស់ហ្នឹងតែម្តងគាត់ថា មើលក្នុងផែនទីរបស់ក្រុមហ៊ុនហ្នឹងរំលោភយកទាំងអស់។ តើទុកឱ្យសហគមន៍រស់នៅ ប្រើប្រាស់លើដីណាខ្លះទៀត បើយកទាំងអស់អ៊ីចឹង ? ឆ្វៀលដីស្បែកខ្លាតើឱ្យពលរដ្ឋរស់នៅបែបណាទៀត »។
តំណាងសហគមន៍រូបនេះបន្ថែមថា ជំហររបស់អ្នកភូមិចង់រក្សាព្រៃសហគមន៍ឱ្យគង់វង្ស ដើម្បីផ្តល់ជម្រកសត្វព្រៃកម្ររស់នៅរួមមាន សត្វខ្ទីង ក្កោក ប្រើស ឈ្លូស ស្វាព្រៃ និងជ្រូកព្រៃជាដើម ក្នុងបំណងរកចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិ និងប្រមូលអនុផលព្រៃឈើ ប្រសើរជាងវិនិយោគឱ្យក្រុមហ៊ុនឯកជន កាប់បំផ្លាញព្រៃឈើ និងកម្ទេចជម្រកសត្វព្រៃបន្សល់ចុងក្រោយ៖ «ទឹកដីហ្នឹងសម្រាប់ពលរដ្ឋខំការពារតាំងពីមុន រហូតដល់ឥលូវ ទឹកដីព្រៃឈើ ព្រៃអភិរក្ស ព្រៃជំនឿ ជម្រកគោក្របី ដល់ក្រុមហ៊ុនដាក់បង្គោលព្រំ ប្រុងនឹងឈូសឆាយប្រៀបដូចជាគាត់សម្លាប់សហគមន៍ភូមិក្បាលរមាសចាស់ហ្នឹងទាំងស្រុងហ្មង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង បកស្រាយថា ការបោះបង្គោលព្រំដីនេះផ្អែកតាមផែនទីវិនិយោគដីសម្បទានសេដ្ឋកិដ្ឋដែលបានអនុញ្ញាតដោយអាជ្ញាធរខេត្តជំនាញ។ លោកថា ព្រៃសហគមន៍ភូមិក្បាលរមាសពុំទាន់ចុះបញ្ជីជាដីសមូហភាពនៅឡើយទេ គ្រាន់តែពលរដ្ឋគូសវាសផែនទី កំណត់ដោយខ្លួនឯង តាមរបៀបរស់នៅរបស់ជនជាតិដើមភាគតិច។ លោកបញ្ជាក់ថា កន្លងទៅអភិបាលខេត្តបានចុះទៅតំបន់នោះ ដើម្បីពិភាក្សាជាមួយតំណាងជនជាតិដើមភាគតិច បំណងចុះបញ្ជីដីសមូហភាព ក៏ប៉ុន្តែពលរដ្ឋបានបដិសេធ៖ «ករណីនេះសំណើរបស់ក្រុមហ៊ុនពុំមានអ្វីខុសទេ។ អ៊ីចឹងយើងមានការសម្របសម្រួលសមត្ថកិច្ចជំនាញ ជួយចុះទៅពិនិត្យមើលទីតាំងជាក់ស្តែងថាតើ ត្រូវទៅតាមផែនទីដែលបានកំណត់ហើយឬនៅ ? តែប៉ុណ្ណឹងទេ។ គាត់បោះតាមផែនទីកំណត់ ពុំមានការរំលោភដីសហគមន៍ជនជាតិដើមភាគតិចទេ គ្រាន់តែអាចប្រហែលជាប្រទាញ់ប្រទង់គ្នា ដោយសារសហគមន៍ជនជាតិដើមភាគតិចគាត់កំណត់ទីតាំងពុំមានការព្រមព្រៀងពីអ្នកនៅជុំវិញហ្នឹងនៅឡើយ »។
អាស៊ីសេរីនៅមិនទាន់សុំការបំភ្លឺរឿងនេះពីតំណាងក្រុមហ៊ុន ស៊ីងហ្គេច បាននៅឡើយទេ នៅថ្ងៃទី៣០ ខែមីនា។

ព្រៃសហគមន៍ភូមិក្បាលរមាសមានផ្ទៃដី ៧.៨៣៦ហិកតារ ហើយសហគមន៍បានស្នើសុំចុះបញ្ជីជាព្រៃអភិរក្សតាំងពីឆ្នាំ២០១២ តែអាជ្ញាធរខេត្តស្ទឹងត្រែងបានបដិសេធ។ រីឯក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីជនជាតិដើមភាគតិចរស់នៅតំបន់នោះជាស្វ័យអត្តសញ្ញាណ កាលពីឆ្នាំ២០១៨។ ព្រៃសហគមន៍នេះក្រុមជនជាតិដើមភាគតិចបានកំណត់លក្ខន្តិកៈផែនទីបទបញ្ជាផ្ទៃក្នុង និង GPS កំណត់ព្រំប្រទល់ ដែលមានការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិល និងមន្ទីរអភិវឌ្ឍន៍ជនបទ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកលោក ប៊ី វ៉ាន់នី ចាត់ទុកទង្វើរបស់អាជ្ញាធរថា រំលោភសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចព្នង ដែលរងគ្រោះម្តងហើយម្តងទៀត ពីគម្រោងអភិវឌ្ឍន៍គ្មានទីបញ្ចប់។ លោកថា ការកាត់ឆ្វៀលដីព្រៃសហគមន៍ដ៏ធំសម្បើមនេះ វិនិយោគឱ្យក្រុមហ៊ុនបង្កប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសម្លាប់ប្រភពចំណូលសេដ្ឋកិដ្ឋរបស់ជនជាតិដើមភាគតិច៖ «គាត់ជាជនរងគ្រោះ មានន័យថា គាត់ជាជនរងគ្រោះជាមួយក្រុមហ៊ុនច្រើនណាស់ គឺក្រុមហ៊ុនវារីអគ្គិសនីផង និងសម្បទានសេដ្ឋកិដ្ឋផង ហើយដីសម្បទានសេដ្ឋកិដ្ឋ គឺគាត់ទៅជួលដីពីរដ្ឋតើហេតុអ្វីបានជារដ្ឋមិនអាចកាត់ដីហ្នឹងឱ្យពលរដ្ឋបាន ? ខ្ញុំឆ្ងល់ថា ហ្នឹងជាដីរបស់រដ្ឋ»។
អ្នកភូមិថា កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ អាជ្ញាធរខេត្តស្ទឹងត្រែង បានគំរាមបង្ខំឱ្យអ្នកភូមិឯកភាពគម្រោងកាត់ឆ្វៀលដីសហគមន៍វិនិយោគឱ្យក្រុមហ៊ុន ហើយអាជ្ញាធរនឹងទុកដី ៤០០ហិកតារ ឱ្យពលរដ្ឋអាស្រ័យផល។ លើសពីនេះ អាជ្ញាធរខេត្តស្ទឹងត្រែង បានបដិសេធចុះបញ្ជីដីសមូហភាពភូមិក្បាលរមាសមានទំហំ ៧.៨៣៩ហិកតារ ដោយលើកហេតុផលថា ជាន់ចំដីក្រុមហ៊ុន ស៊ីវហ្គេច និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ តែទោះយ៉ាងណា អាជ្ញាធរបានត្រៀមចុះបញ្ជីដីសមូហភាពជូនសហគមន៍ទំហំ ៩៤១ហិកតារ។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៣គ្រួសារ បូករួមទាំងពលរដ្ឋបំបែកគ្រួសារបានបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន ហើយបច្ចុប្បន្នពួកគេបន្តរស់នៅលើទីទួលខ្ពស់ ត្រង់ចំណុចស្រែវាល ឆ្ងាយពីភូមិចាស់ ៤គីឡូម៉ែត្រ។ ក្រុមពលរដ្ឋទាំងនោះរស់ពឹងផ្អែកលើព្រៃសហគមន៍ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពួកគេ ដូចជា ឃ្វាលគោក្របី ធ្វើចម្ការវិលជុំ រកអនុផលព្រៃឈើ បេះបន្លែ និងដងជ័រទឹក ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។