អាជ្ញាធរស្រុកស្រែអំបិល ខេត្តកោះកុង រារាំងប្រជាពលរដ្ឋណា ដែលប៉ុនប៉ងទៅចូលរួមសង្កេតមើលការជំនុំជម្រះ លោក កឹម សុខា។
អាជ្ញាធរស្រុកស្រែអំបិល កាលពីថ្ងៃទី១២ មករា បានរារាំង និងឃាត់ខ្លួនប្រជាពលរដ្ឋដែលមានគម្រោងទៅដាក់ញត្តិនៅក្រសួងដែនដី រឿងទំនាស់ដីជាមួយក្រុមហ៊ុនចិន ញូញៀន ឌិវីឡុបមិន គ្រុប (Union Development Group) ដោយយល់ថា ពលរដ្ឋរូបនោះទៅចូលរួមសវនាការជំនុំជម្រះក្តីមេបក្សប្រឆាំងលោ កឹម សុខា។ ប៉ុន្តែបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខ ក្រោយពីអាជ្ញាធរបានបង្ខំអោយចុះហត្ថលេខាលើកិច្ចសន្យាមួយសន្លឹក។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីលោកស្រី សាំង ពុយ ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ២៥នាក់ មកពីខេត្តកោះកុងគ្រោងនឹងដាក់ញត្តិនៅក្រសួងដែនដី នៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៣ មករានេះ ដើម្បីស្វែងរកដំណោះស្រាយរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន ញូញៀន ឌិវីឡុបមិន គ្រុប (Union Development Group)។ លោកស្រីបន្តថា នៅពេលមកដល់ស្រុកស្រែអំបិលខេត្តកោះកុង អាជ្ញាធរបានឃាត់ខ្លួនលោកស្រីអស់រយះពេលបីម៉ោង ហើយតម្រូវឱ្យចុះកិច្ចសន្យាលើកំណត់ហេតុមួយច្បាប់ ដោយសន្យាពីគោលបំណងដាក់ញត្តិនេះមែន មិនមែនទៅចូលរួមសវនាការលើករណីលោកកឹម សុខដែលគ្រោងធ្វើនៅថ្ងៃទី១៥ មករាខាងមុននេះទេ។ លោកស្រីបញ្ជាក់ថា នៅពេលលោកស្រីធ្វើតាមការសន្យាទើបអាជ្ញាធរបានដោះលែងអ្នកស្រីមកវិញ៖ « ខ្ញុំគិតថា វាហួសចិត្តណាស់ដល់ធ្វើអញ្ចឹងមិនសមមកដាក់សម្ពាធមកលើបងប្អូនប្រជាពលរដ្ឋ ថាគេកំពុងតែមានទំនាស់ដីធ្លីហើយ ធ្វើអ៊ីចឹងទេ ពីព្រោះគាត់អត់មានដោះស្រាយមកជាង១០ឆ្នាំហើយ។ អ៊ីចឹងយើងមកជំរុញប្រសិនបើយើងមិនមក ក៏យើងអត់សង្ឃឹម ។យើងអត់មានថាឆន្ទៈរបស់អាជ្ញាធរដោះស្រាយអោយយើងទេ » ។
អភិបាលស្រុកស្រែអំបិលលោក ជា ច័ន្ទកញ្ញា មិនអាចស្នើសុំដើម្បីសេចក្ដីអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ប្រជាពលរដ្ឋដែលនៅសេសសល់ចំនួន២៦គ្រួសារបានព្យាយាមមកដាក់ញត្តិទៅក្រសួងពាក់ព័ន្ធនៅក្រុងភ្នំពេញតាំងពីឆ្នាំ១០១៤ រហូតមកដល់ឆ្នាំ២០២០ ដើម្បីទទូចឱ្យអាជ្ញាធរក្រុងភ្នំពេញជួយអន្តរាគមន៍ទៅក្រុមហ៊ុនចិនអោយផ្ដល់សំណងសមរម្យនៅលើផ្ទៃដីចំនួន ៤៣២ហិចតានៅស្រុកបទុមសាគរខេត្តកោះកុង។
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ញូញៀន ឌិវីឡុបមិន គ្រុប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ មានផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ នៅស្រុកបទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម កាស៊ីណូ កំពុងផែ និងរមណីយដ្ឋានទេសចរណ៍។ តែការផ្ដល់ដីសម្បទាននេះត្រូវពលរដ្ឋ និងអង្គការសិទ្ធិមនុស្សរិះគន់ថា ពោរពេញទៅដោយរំលោភសិទ្ធិមនុស្សនិងធ្វើអោយពលរដ្ឋឈឺចាប់ដោយសារការបាត់បង់ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។