សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅក្រៅប្រទេសចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានប្រព្រឹត្តិអំពើហិង្សារឹបអូសដីស្រែរបស់ពលរដ្ឋខ្មែរក្រោមនៅខេត្តក្រមួនស និងស្នើដល់សហគមន៍អន្តរជាតិជួយជំរុញទៅប្រទេសវៀតណាមប្រគល់ដីស្រែ ដែលរឹបអូសនោះជូនកសិករខ្មែរក្រោមដោយគ្មានលក្ខខណ្ឌ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ដីស្រែ គឺជាជីវិតពលរដ្ឋខ្មែរក្រោម។ ក្នុងលិខិតចំហចុះថ្ងៃទី១០ ឧសភា សហព័ន្ធខ្មែរកម្ពុជាព្រួយបារម្ភថា សកម្មភាពរបស់អាជ្ញាធរវៀតណាមក្នុងខេត្តក្រមួនសដែលបានប្រើប្រាស់កម្លាំងទាហានបង្ក្រាប និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមយ៉ាងឃោរឃៅកាលពីថ្ងៃទី៥ ខែឧសភា គឺជាការរឹបអូសដីពលរដ្ឋខ្មែរក្រោមយ៉ាងឃោរឃៅ និងអមនុស្សធម៌។
សហព័ន្ធខ្មែរកម្ពុជាក្រោមទាមទារឱ្យវៀតណាមគោរពសិទ្ធិដីធ្លី និងទ្រព្យសម្បត្តិរបស់ជនជាតិដើម ព្រមទាំងមានសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ ដូចមានចែងក្នុងសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម។
ពលរដ្ឋខ្មែរក្រោមដែលរងគ្រោះដោយសារតែការបណ្ដេញពីដីធ្លី លោក សឺន ចាំង ឲ្យអាស៊ីសេរីដឹងថ្ងៃទី១០ ខែឧសភាថា ចាប់តាំងមានការបណ្ដេញ ពលរដ្ឋខ្មែរក្រោមមិនទាន់ហ៊ានទៅធ្វើស្រែលើដីជម្លោះនោះវិញនៅឡើយទេ៖ «លោក ខ្ញុំជួយត្រេកអរដែរអរគុណដល់ខ្មែរកម្ពុជាយើងចេះជួយគ្នាចេះស្រលាញ់នឹកឃើញថា យើងក្រោមទឹកដីគេហើយគេកាន់កាប់លើយើងហើយជួយស្រែកពីចម្ងាយខ្ញុំក៏ត្រេកអរដែរណា»។
លោក សឺន ចាំង ឲ្យដឹងទៀតថា ពេលនេះពលរដ្ឋខ្មែរក្រោមកំពុងខ្នះខ្នែងធ្វើលិខិតសុំអន្តរាគមន៍ទៅអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ដើម្បីស្នើឱ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់និងគ្រប់គ្រងលើដីរបស់ខ្លួនដែលពួកគេប្រើប្រាស់ជាច្រើនជំនាន់មកហើយ។
កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាមប្រដាប់ដោយអាវុធជាច្រើននាក់ បានចុះទៅហាមឃាត់ និងរឹបអូសយកដីជាង ១០០ហិកតារ ដែលស្ថិតក្នុងភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកកៀងលឿង ខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្តកៀងយ៉ាង។ ប៉ុន្តែពលរដ្ឋខ្មែរតវ៉ាជំទាស់រហូតផ្ទុះជាអំពើហិង្សានិងបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់រងបួសធ្ងន់និងស្រាល។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ១៩៧៣ មកម៉្លេះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ។
ទាក់ទងករណីបណ្ដេញចេញនេះ អាស៊ីសេរីបានផ្ញើសំនួរតាមប្រព័ន្ធអេឡិចត្រនិច្ចទៅស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹងថា សមាគមលោកបានតាមដានដំណើររឿងដោយយកចិត្តទុកដាក់និងត្រៀមខ្លួនចាំអន្តរាគមន៍គ្រប់ពេលវេលាប្រសិនអាជ្ញាធរវៀតណាមមិនផ្ដល់ដីនោះឲ្យពលរដ្ឋខ្មែរក្រោមវិញទេ៖ «អគ្គមានការណែនាំឲ្យគាត់រៀបចំលិខិតស្នើអន្តរាគមន៍សារជាថ្មី ដើម្បីរៀបចំប្លង់ដីហ្នឹងជាកម្មសិទ្ធិសម្រាប់ពួកគាត់អីអញ្ចឹងជាដើមយើងបានណែនាំបន្ថែមដោយសារយើងសិក្សាទៅពួកគាត់មិនមានបង្កាន់ដៃព្រោះថាកន្លងមកកឺគាត់ធ្វើតាមដំណពីដូនតាមកណា»។
សហព័ន្ធខ្មែរកម្ពុជាក្រោមនិងសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍លើកឡើងដូចគ្នាថា កន្លងមកអាជ្ញាធរវៀតណាមក្នុងខេត្តក្រមួនសបានរឹបអូសដីធ្លីរាប់ពាន់ហិកតារពីកសិករខ្មែរក្រោមចំនួន ១៤៥គ្រួសារ។ សមាគមខ្មែរក្រោមឲ្យដឹងទៀតថា រាប់ទសវត្សមកហើយអាជ្ញាធរវៀតណាមតែងធ្វើព្រងើយកន្តើយនៅពេលពលរដ្ឋខ្មែរក្រោមស្នើឲ្យចុះបញ្ជីដីធ្លីពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។