សាលាដំបូងខេត្តកោះកុង បានសម្រេចបន្តសវនាការកាត់ក្ដីសំណុំរឿងសកម្មជនដីធ្លីពីរនាក់ គឺលោកស្រី ផាវ ញ៉ឺង និងលោកស្រី សេង លីន ទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ខាងមុខជាបន្តទៀត ក្រោយបើកសវនាការអស់រយៈពេលជិត ៣ម៉ោង កាលពីថ្ងៃទី៨ ខែធ្នូ។
ពលរដ្ឋ និងសកម្មជនដីធ្លីមកពីសហគមន៍មានជម្លោះដីធ្លីចំនួន៦ មកពីស្រុកស្រែអំបិល បូទុមសាគរ និងស្រុកថ្មបាំងនៃខេត្តកោះកុង សរុបប្រមាណជិត ៧០០នាក់ បាននាំគ្នាចូលរួមតាមដាន និងតវ៉ាបិទផ្លូវនៅខាងមុខសាលាដំបូងខេត្តកោះកុងពេញមួយថ្ងៃទី៨ ខែធ្នូ ដើម្បីទាមទារឱ្យតុលាការកាត់ក្ដីដោយយុត្តិធម៌ និងទម្លាក់ចោលបទចោទប្រឆាំងនឹងតំណាងសហគមន៍ដីធ្លីទាំងពីររូបរបស់ពួកគេនេះ។ ពួកគេបានប្រមូលផ្តុំគ្នា លើកបដា និងស្រែកតវ៉ាឲ្យតុលាការផ្តល់យុត្តិធម៌ដល់តំណាងដីធ្លីរបស់ពួកគេ។
អាជ្ញាធរខេត្តបានដាក់ពង្រាយរនាំង និងកម្លាំងប្រដាប់អាវុធប្រមាណ ៥០នាក់ ដើម្បីការពារនៅខាងមុខសាលាដំបូងខេត្តកោះកុង ព្រមទាំងមានកម្លាំងស៊ីវិលចម្រុះច្រើននាក់ទៀតផង។ ទោះយ៉ាងណា ពុំមានការផ្ទុះអំពើហិង្សាឡើយក្នុងការតវ៉ានេះ។
ពលរដ្ឋបាននាំគ្នារំសាយទៅវិញ ក្រោយតុលាការបានអនុញ្ញាតឱ្យលោកស្រី ផាវ ញ៉ឺង និងលោកស្រី សេង លីន បានចេញមកផ្ទះវិញ និងសម្រេចបន្តសវនាការទៅពេលក្រោយ គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ខាងមុខ។
លោកស្រី ផាវ ញ៉ឺង និងលោកស្រី សេង លីន រងនូវបទចោទថា «ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅមុខក្រសួងដែនដី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកស្រី ផាវ ញ៉ឺង ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៨ ខែធ្នូ នៅមុនពេលចូលសវនាការដោយសង្ឃឹមថា តុលាការនឹងទម្លាក់ចោលរាល់បទចោទប្រឆាំងលោកស្រី និងតំណាងសហគមន៍ដីធ្លីដទៃទៀត៖ « ខ្ញុំមានស្នាមមេដៃដល់ទៅ ៦៥៨នាក់ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់នេះ គាត់ហួសចិត្ត គាត់សុំអះអាងនៅចំពោះមុខតុលាការថា ខ្ញុំអត់បានញុះញង់ អត់បានបង្កភាពវឹកវរអីទេ។ អ៊ីចឹងហើយ ខ្ញុំសង្ឃឹមយ៉ាងទទូចថា ដំណោះស្រាយដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចជារបស់រូបខ្ញុំក៏ដោយ ត្រូវតែដោះស្រាយ។ កុំដោះហើយទុកចោល១០ឆ្នាំបានគិតទៀត។ គេទៅតវ៉ា ចោទថា ញុះញង់អ៊ីចឹង ពួកខ្ញុំអត់ទទួលយកបានទេ។ ខ្ញុំឈឺចាប់ខ្លាំងណាស់បងប្អូនអ៊ំពូមីង រាល់ដងឱ្យតែខ្ញុំនិយាយ ខ្ញុំហូរទឹកភ្នែក។ ទឹកភ្នែកខ្ញុំលែងស្រក់ វារីងខះអស់រលីងតែម្ដង »។
លោកស្រី ផាវ ញ៉ឺង និងលោកស្រី សេង លីន ត្រូវបានគេស្គាល់ថា ជាសកម្មជនដីធ្លីដ៏លេចធ្លោ ២នាក់ ក្នុងខេត្តកោះកុង ដែលហ៊ានចេញមុខតវ៉ាទាមទារដំណោះស្រាយពីក្រុមហ៊ុនស្ករអំពីរបស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុនរបស់ឧកញ៉ា ហេង ហ៊ុយ ដែលបានប្រើគ្រឿងចក្ររំលោភយកដីធ្លីពួកគាត់កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។