តុលាការខេត្តកោះកុង ចេញដីកាកោះហៅមនុស្ស៦នាក់ តំណាងឲ្យពលរដ្ឋជិត២រយគ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ឲ្យចូលខ្លួនបំភ្លឺ ទាក់ទងនឹងបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ដែលប្ដឹងពួកគេ៣បទល្មើសផ្សេងគ្នា។ ពលរដ្ឋដែលរងការចោទប្រកាន់ ប្រតិកម្មថាជារឿងអយុត្តិធម៌ ចំពោះពួកគាត់ ដែលបាត់បង់ដីធ្លីដោយសារក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកហើយ ថែមទាំងត្រូវរងបណ្ដឹងទៅតុលាការថែមទៀត។
តំណាងពលរដ្ឋ ១៩៧គ្រួសារ នៅភូមិតានី ស្រុកស្រែអំបិលខេត្តកោះកុង លោក ឆាន់ ឈឿន ថ្លែងថា រូបគាត់ គ្មានការភិតភ័យ ចំពោះការកោះហៅនេះទេ ពីព្រោះពួកគាត់ គ្មានកំហុស និងជាជនរងគ្រោះពិតប្រាកដក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។ លោកយល់ថា ពាក្យបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ដែលប្ដឹងពួកគាត់ទៅតុលាការនេះ គឺជាការដាក់សម្ពាធ និងគំរាមកំហែងឲ្យពួកគាត់ភ័យខ្លាច ដើម្បីឲ្យឈប់ចេញតវ៉ារឿងដីធ្លីតទៅទៀត។ លោក បន្តថា ពួកគាត់នៅតែរក្សាជំហរចេញតវ៉ារកដំណោះស្រាយដីធ្លីតទៅទៀត បើទោះបីជាត្រូវប្រឈមនឹងបញ្ហាអ្វីក៏ដោយ។
តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា តំណាងទាំងអស់ គឺមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយពួកគាត់នឹងចូលខ្លួននៅតុលាការតាមកាលកំណត់៖ «ខ្ញុំចង់ឲ្យខាងតុលាការហ្នឹង ទម្លាក់ចោលបទចោទប្រកាន់ពីពួកខ្ញុំទាំង ១០នាក់។ កុំឲ្យតុលាការកោះហៅទៀត។ ពួកខ្ញុំមិនបានបរិហារកេរ្តិ៍ លោក ហេង ហ៊ុយ ទេ គឺគាត់មកយកដីពួកខ្ញុំពិតប្រាកដ។ ពួកខ្ញុំនិយាយមែនរឿងហ្នឹង។ សូមសម្ដេចជួយរកដំណោះស្រាយឲ្យពួកខ្ញុំឲ្យបានឆាប់រហ័សមក កុំឲ្យមានរឿងវែងឆ្ងាយតទៅទៀត»។
ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកោះកុង លោក រស់ សារាំ ចេញដីកាកោះហៅពលរដ្ឋ ៦នាក់ ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី២៥ និងទី២៦ ខែមីនា តាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ត្រូវជាប្រធានក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឆ័រ គ្រុប (Heng Huy Agriculture Group)។ អ្នកទាំងនោះ មានលោក ឆាន់ ឈឿន លោក ហេង ជៃ លោក សុខ ជៃ លោក ពូ ហ៊ួន លោក គង់ ម៉ែន និងលោកស្រី អ៊ី តឹង ។
គិតមកដល់ពេលនេះ មានតំណាងពលរដ្ឋ១០នាក់ ដែលត្រូវលោកឧកញ៉ា ហេង ហ៊ុយ ប្ដឹងពួកគេឡើងតុលាការខេត្តកោះកុង។
លោក ហេង ហ៊ុយ ប្ដឹងតំណាងពលរដ្ឋទាំងនោះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាត់កេរ្តិ៍ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយពីពលរដ្ឋជិត២រយគ្រួសារនាំគ្នាចេញតវ៉ារកដំណោះស្រាយដីធ្លីពី អាជ្ញាធរខេត្តកោះកុង និងក្រសួងដែនដី ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៩។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន សង្កេតឃើញថារាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នៅទីណា តែងមានការគំរាមកំហែង បំភិតបំភ័យ និងឈានដល់ប្ដឹងផ្ដល់ពលរដ្ឋទៅតុលាការ។ លោក បន្តថា ខាងតំណាងអយ្យការនៃសាលាដំបូងខេត្តកោះកុង គួរទម្លាក់ចោលបទចោទប្រកាន់មកលើពលរដ្ឋ និងមិនចាត់លើសំណុំរឿងក្ដីនេះទេ ដោយសារតែដើមចមរឿងនេះ កើតចេញពីជម្លោះដីធ្លីរវាងក្រុមហ៊ុន ហេង ហ៊ុយ និងពលរដ្ឋ។ លោក យល់ថា តុលាការគួរទុកឲ្យខាងក្រសួងដែនដី និងអាជ្ញាធរខេត្តកោះកុង ដោះស្រាយបញ្ចប់ទំនាស់នេះប្រសើរជាង៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថាអ្វីដែលជាដំណោះស្រាយល្អ ដែលឈ្នះទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុន តុលាការគួរតែពិចារណាទម្លាក់ចោលការចោទប្រកាន់ ដើម្បីទុកឲ្យក្រសួងដែនដី ក៏ដូចជាអាជ្ញាធរខេត្តកោះកុងធ្វើការសម្របសម្រួលដោះស្រាយទំនាស់រវាងប្រជាពលរដ្ឋ ហើយនិងក្រុមហ៊ុនទៅ។ បើតុលាការនៅតែបន្តការចោទប្រកាន់ យើងឃើញថាប្រជាពលរដ្ឋគឺត្រូវបានក្រុមហ៊ុន ប្រើប្រព័ន្ធតុលាការហ្នឹង គំរាមកំហែង តាមគាបសង្កត់គាត់ឲ្យបញ្ឈប់ការតវ៉ាដីធ្លីហើយ»។
អាស៊ីសេរីមិនមានប្រភពទាក់ទងភាគីដើមបណ្ដឹងលោកឧកញ៉ា ហេង ហ៊ុយ ដើម្បីសុំការពន្យល់ជុំវិញជម្លោះនេះបានទេ នៅថ្ងៃទី១០ ខែមីនា ។
តំណាងពលរដ្ឋ លោក ឆាន់ ឈឿន ឲ្យដឹងថា ពួកគាត់ដែលជាប្រជាពលរដ្ឋក្រក្រី រស់នៅទីតាំងនោះចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ លោកថា ស្រាប់តែនៅឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៣ ទើបលេចឈ្មោះក្រុមហ៊ុន ហេង ហ៊ុយ ចូលមកឈូសឆាយដីស្រែចម្ការពួកគាត់ ដោយអះអាងថា ដីពលរដ្ឋដែលអាស្រ័យផល គឺជាដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋផ្ដល់ឲ្យក្រុមហ៊ុនទៅវិញ។
កាលខែចុងមិថុនា ឆ្នាំ២០១៩ ពលរដ្ឋស្នើអាជ្ញាធរខេត្តកោះកុង សុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឆ័រ គ្រុប (Heng Huy Agriculture Group) ដើម្បីយកទៅចែកគ្នាក្នុង ១គ្រួសារ ២ហិកតារ និងទាមទារសំណង ៧ពាន់ដុល្លារ។
ប៉ុន្តែ រដ្ឋបាលខេត្តកោះកុង បានបដិសេធសំណើនេះ នៅដើមខែកក្កដា ឆ្នាំ២០១៩ ដោយអះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីរបស់ក្រុមហ៊ុន ហេង ហ៊ុយ ដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ។ អាជ្ញាធរ បញ្ជាក់ថា ការដោះស្រាយគឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
អង្គការស៊ីវិលដែលតាមជម្លោះដីធ្លី មានការងឿងឆ្ងល់ អំពីការវិវត្ត ដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ឲ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំ ៧៧៩ហិកតារ កាលពីឆ្នាំ២០០៧ ប្រែក្លាយទៅជាដីមានប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន នៅឆ្នាំ២០១៩ ទៅវិញ។
ទោះបីជាយ៉ាងណា អង្គការសង្គមស៊ីវិល នៅតែទទូចស្នើដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង ចុះស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ និងរិះរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ នៅនៅស្រុកស្រែអំបិល ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្សធម៌ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ប្រសើរជាងរុញវិវាទទៅឲ្យប្រព័ន្ធតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។