ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ដែលមានទំនាស់ដីធ្លីនៅស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅមុខតុលាការកំពូល ដើម្បីគាំទ្រពលរដ្ឋ៥នាក់ ចូលសវនាការ រឿងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្ករអំពៅ ហេង ហ៊ុយ អភិវឌ្ឍន៍ របស់ឧកញ៉ា ហេង ហ៊ុយ ។បន្ទាប់ពីនោះ ពួកគេបន្តទៅរកដំណោះស្រាយដីធ្លីជាថ្មីពីក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី។
តុលាការកំពូលនឹងប្រកាសសាលដីកា លើវិវាទដីធ្លីរវាងពលរដ្ឋ៥គ្រួសារ ជាមួយនឹងក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ នៅថ្ងៃទី២៨ កុម្ភៈ ក្រោយពីពលរដ្ឋប្ដឹងសុំមោឃភាពចោលកិច្ចព្រមព្រៀងដីធ្លី ជាមួយឧកញ៉ា ហេង ហ៊ុយ កាលពីឆ្នាំ២០១០ ដោយសារកាលនោះ ខាងក្រុមហ៊ុនបង្ខំឲ្យពលរដ្ឋទទួលយកដីទទឹង ៣០ម៉ែត្រ បណ្ដោយ ១៥០ម៉ែត្រ ហើយគ្មានទទួលស្គាល់ពីអាជ្ញាធរ។
តំណាងពលរដ្ឋនៅឃុំជីខក្រោម លោកស្រី ផាវ ញ៉ើង ឲ្យដឹងថា នៅក្នុងបន្ទប់សវនាការថ្ងៃទី១៤ កុម្ភៈ ឃើញមានមេធាវីតំណាងឲ្យលោក ហេង ហ៊ុយ ដែលនៅតតាំងក្ដីជាមួយពលរដ្ឋ តែគ្មានវត្តមានលោក ហេង ហ៊ុយ នោះទេ។
លោកស្រីលើកឡើងថា ខាងមេធាវីតំណាងឲ្យលោក ហេង ហ៊ុយ នៅតែចង់ឲ្យពលរដ្ឋទទួលកិច្ចព្រមព្រៀងនោះដែរ ប៉ុន្តែពលរដ្ឋមិនព្រម ព្រោះក្នុងកិច្ចព្រមព្រៀងដាក់ឈ្មោះភូមិខុស ដោយដូរពីភូមិព្រែកជីក ទៅដាក់ភូមិឈូកវិញ ។
លោកស្រីបញ្ជាក់ថា ពួកគាត់ចង់ឲ្យភាគីក្រុមហ៊ុនគោរពតាមដំណោះស្រាយរបស់ក្រសួងដែនដី បានចុះដោះស្រាយកាលពីឆ្នាំ២០១៧ នឹងស្នើចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ។ តំណាងពលរដ្ឋរូបនេះសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់ពួកគាត់ជាពលរដ្ឋក្រីក្រ ក្នុងសំណុំរឿងមួយនេះ៖ «ខ្ញុំសូមមោឃភាពលើកិច្ចព្រមព្រៀងឆ្នាំ២០១០ ចំនួន ៥នាក់ ហើយស្នើឲ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លី តាមលក្ខខ័ណ្ឌ ព្រមព្រៀងគ្នានៅថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៧ ដាក់ថាភូមិព្រែកជីក បានពួកខ្ញុំ បើអត់ ខ្ញុំយកដីខ្ញុំទាំងអស់វិញហើយ»។
អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបរឿងនេះពីលោក ហេង ហ៊ុយ នៅថ្ងៃទី១៤ ខែកុម្ភៈ បានទេ។
ក្រោយពីតុលាការកំពូលបិទបញ្ចប់សវនាការ ពលរដ្ឋជាង ១០០នាក់ ដែលមកពីឃុំជីខលើ ស្រុកស្រែអំបិល ហើយមានទំនាស់ដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ដែរនោះ នាំគ្នាទៅកិច្ចអន្តរាគមន៍ដំណោះស្រាយដីធ្លីពីក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី។
តំណាងពលរដ្ឋជិត ២០០រយគ្រួសារនៅឃុំជីខលើ លោកស្រី ដេត ហ៊ូ ថ្លែងថា អស់ពេលជាច្រើនខែមកហើយ ដែលខាងអាជ្ញាធរខេត្តកោះកុង និងក្រសួង រុញបញ្ហាដាក់គ្នាទៅវិញទៅមកដោយមិនគិតគូរផ្ដល់ដំណោះស្រាយសមរម្យដល់ពួកគាត់នៅឡើយទេ។
លោកស្រីឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ កុម្ភៈ ឃើញមានមន្ត្រីតំណាងក្រសួងដែនដី គឺលោក សុខ យស ចេញមកជួបពលរដ្ឋហើយ ស្រង់ឈ្មោះពួកគាត់ ប៉ុន្តែមិនបានហៅតំណាងពលរដ្ឋចូលទៅជួបពិភាក្សាអំពីដំណោះស្រាយលើវិវាទជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ នោះទេ។
លោកស្រីស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីលោក ជា សុផារ៉ា ពន្លឿនដំណោះស្រាយវិវាទដីធ្លីឲ្យពលរដ្ឋ ព្រោះពួកគាត់ត្រូវការដីធ្លី ដើម្បីប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមគ្រួសារ៖ «ខ្ញុំចង់សំណូមពរឲ្យសម្ដេចឲ្យគាត់មើលកូនចៅដែលរស់នៅ គ្មានដីគ្មានផ្ទះសម្បែង។ ខ្ញុំចង់និយាយថាពួកយើងអត់មានដី អត់មានដីអាស្រ័យ អត់មានដីរស់នៅទៀតទេ ពួកយើងចំណាកស្រុក ពួកយើងអត់មានដីធ្វើស្រែចម្ការ ពេលរាល់ថ្ងៃនេះ។ សូមឲ្យឯកឧត្ដម សម្ដេចជួយដោះស្រាយឲ្យកូនចៅឆាប់ៗ មក។ កុំឈរមើលលើគំនរទឹកភ្នែកប្រជាពលរដ្ឋខ្លាំងពេក។ អាណិតប្រជាពលរដ្ឋផង រូបខ្ញុំផ្ទាល់ហើយសុទ្ធតែស្រីៗ រងទុក្ខវេទនាគ្រប់គ្រាន់ហើយ»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត និងរដ្ឋលេខាធិការទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ទេព ធន បានទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន យល់ថា ប្រសិនបើ ក្រសួងដែនដី និងអាជ្ញាធរខេត្តកោះកុង មានឆន្ទៈរួមគ្នា គិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋមែន ដំណោះស្រាយប្រាកដជាមាន។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើដល់ក្រសួងដែនដីពិនិត្យមើល និងដោះស្រាយករណីដីធ្លីនេះ ឡើងវិញ ដើម្បីបញ្ឈប់ការតវ៉ារបស់ពលរដ្ឋ ហើយផ្ដល់ឱកាសឲ្យពួកគាត់ប្រកបរបរចិញ្ចឹមជីវិតដូចពលរដ្ឋផ្សេងទៀត៖ «ខ្ញុំគិតថាក្រុម ១៩៧ ហ្នឹង គួរតែធ្វើការ ចាត់ក្រុមការងារណាមួយ ធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់សិនទៅ កុំប្រញាប់បដិសេធពួកគាត់ពេក។ បើសិនជាពួកគាត់ជាប្រជាពលរដ្ឋខ្វះខាតដីទេ ក៏ត្រូវមានវិធានការផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពួកគាត់ដែរ ព្រោះកាលកន្លងមក រដ្ឋាភិបាលបានផ្ដល់ដីច្រើនណាស់ រាប់ម៉ឺនហិកតារ ឲ្យក្រុមហ៊ុនឯកជន។ ចុះហេតុអីរដ្ឋាភិបាលមិនអាចផ្ដល់ដីទៅឲ្យប្រជាពលរដ្ឋក្រីក្របាន» ។
កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី អះអាងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ពលរដ្ឋទាំង ១៩៧គ្រួសារ មិនជាប់ពាក់ព័ន្ធនឹងករណីវិវាទដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងភូមិសាស្ត្រខេត្តកោះកុងទេ។
ក្រសួងបញ្ជាក់ថា មានពលរដ្ឋតែ ៩៨៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ នៅក្នុងខេត្តកោះកុង ហើយថា ពួកគេទទួលបានដំណោះស្រាយអស់ហើយ។ ក្រសួងរៀបចំដែនដី ក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមប្រជាពលរដ្ឋជិត ២០០គ្រួសារ ប្រសិនបើប្រមូលផ្ដុំគ្នា តវ៉ារកដំណោះស្រាយនៅមុខក្រសួងជាថ្មីទៀត។
ចំណែករដ្ឋបាលខេត្តកោះកុង ក៏បានបដិសេធសំណើពលរដ្ឋដែលសុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ (Heng Huy Agriculture Group) ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល។
អាជ្ញាធរខេត្តកោះកុង អះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ របស់ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរបញ្ជាក់ថា ការដោះស្រាយគឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
ក្នុងវិវាទដីធ្លីនេះ មានតំណាងប្រជាពលរដ្ឋ ១០នាក់ មានស្រី ៥នាក់ និងប្រុស ៥នាក់ ជាប់បណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ នៅតុលាការខេត្តកោះកុង ពីបទបរិហារកេរ្តិ៍ជាសាធារណៈបទបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
អង្គការស៊ីវិលដែលតាមជម្លោះដីធ្លីនេះ ឆ្ងល់ជាខ្លាំង អំពីការវិវត្តដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលផ្ដល់ឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំជាង ៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧ ក្លាយទៅជាដីមានប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន នៅឆ្នាំ២០១៩។
ទោះបីជាយ៉ាងណាក្ដី អង្គការសង្គមស៊ីវិល នៅតែស្នើដោយទទូចដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង ថា គួររិះរកដំណោះស្រាយសមស្របណាមួយ ឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្សធម៌ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
នៅក្នុងពេលតវ៉ារកដំណោះស្រាយដីធ្លីនៅមុខក្រសួងរៀបចំដែនដី កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ក្រុមសន្តិសុខខណ្ឌចម្ការមនជាច្រើននាក់ ប្រើហិង្សា រុញច្រាន និងទាត់ធាក់មកលើពលរដ្ឋខេត្តកោះកុង ធ្វើឲ្យតំណាងពលរដ្ឋម្នាក់ គឺលោកស្រី ដេត ហូ ដួលសន្លប់ជាច្រើនម៉ោង និងស្ត្រីជាច្រើននាក់ទៀតថ្លោះដៃ ដោយសារសន្តិសុខចាប់អូសទាញពួកគាត់ចេញពីមុខក្រសួង។ អ្នកកោះកុងបានធ្វើដំណើរទៅស្រុកវិញ ក្រោយពីមានការប៉ះទង្គិចគ្នានោះ។
លោកស្រី ដេត ហ៊ូ ប្រាប់អាស៊ីសេរីថា ពួកគាត់ជាពលរដ្ឋក្រីក្របាត់បង់ដីស្រែចម្ការជាង ១០ឆ្នាំដោយឧកញ៉ា ហេង ហ៊ុយ រំលោភយកហើយ ថែមទាំងរងការវាយធ្វើបាបពីសមត្ថកិច្ចក្រុងភ្នំពេញថែមទៀត នៅពេលឡើងមករកដំណោះស្រាយពីក្រសួងដែនដីម្ដងៗ។
លោកស្រីចាត់ទុកការប្រើហិង្សាដាក់ពួកគាត់នេះថា ជាទង្វើរំលោភសិទ្ធិមនុស្ស ហើយការមិនព្រមអើពើដោះស្រាយពីខាងក្រសួង គឺជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋជិត ២០០គ្រួសារ នៅស្រុកស្រែអំបិល ខេត្តកោះកុង៖ «អ៊ីចឹង ! ខ្ញុំទៅព្យាបាលខ្លួន ដល់ពេលខ្ញុំជា ហើយបងប្អូនយើងកម្លាំងរកលុយបានហើយ ពួកយើងនឹងត្រឡប់ទាមទារសារជាថ្មីទៀត។ ពួកយើងមិនខ្លាចងាប់ទេ ព្រោះអស់ដីធ្លីរលីងហើយ។ យើងតស៊ូដល់ទីបញ្ចប់។ បើក្រសួងដែនដី និងសម្ដេចមិនដោះស្រាយឲ្យពួកយើង យើងសុខចិត្តដូរងាប់ ប្ដូរជីវិត» ។
គិតមកដល់ពេលនេះ អ្នកស្រុកស្រែអំបិលខេត្តកោះកុង ចេញតវ៉ារកដំណោះស្រាយពីក្រសួងដែនដីអស់ជាង ៨ខែមកហើយ ប៉ុន្តែនៅមិនទាន់ទទួលដំណោះស្រាយពីក្រសួងឡើយ ក្រៅតែពីការសន្យាហើយនឹងការប្រើហិង្សាដាក់ពួកគាត់។ អ្នកស្រុកស្រែអំបិល នៅតែរក្សាជំហរទាមទាររកដំណោះស្រាយរឿងដីធ្លីតទៅទៀត បើទោះជាត្រូវរងការធ្វើបាបពីសំណាក់អាជ្ញាធរទៀតក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។