ពលរដ្ឋប្រមាណ៦០នាក់តំណាងឲ្យ១២៨គ្រួសារ មកពីឃុំតានួនស្រុកបុទុមសាគរខេត្តកោះកុង នាំគ្នាស្វែងរកដំណោះស្រាយបញ្ហាដីធ្លីសារជាថ្មីនៅក្រសួងដែនដី ក្នុងជម្លោះជាមួយក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែលរំលោភយកដីធ្លីនិងមិនផ្ដល់សំណងឲ្យពលរដ្ឋជាង១០ឆ្នាំកន្លងមកហើយ។ ការឡើងមករកកិច្ចអន្តរាគមន៍ពីថ្នាក់ជាតិច្រើនលើកច្រើនសានេះ ដោយសារតែអាជ្ញាធរខេត្តបានត្រឹមសន្យាតែមិនចុះដោះស្រាយឲ្យពលរដ្ឋ ដោយតម្រូវឲ្យពលរដ្ឋរកលិខិតស្នាមបញ្ជាក់ចេញពីក្រសួងដែនដី ទើបអាជ្ញាធរចុះដោះស្រាយឲ្យ។
ក្រោយពីចូលជួបមន្ត្រីក្រសួងដែនដីនៅរសៀលថ្ងៃទី៩ ខែមករា តំណាងពលរដ្ឋ លោក ម៉ូវ ស៊ីដាន ប្រាប់អាស៊ីសេរីថា ក្រសួងដែនដីចេញលិខិតមួយដោយមានបោះត្រាភ្ជាប់ជាមួយសំណើរបស់ពលរដ្ឋ ដើម្បីដាក់ជូនអាជ្ញាធរខេត្តកោះកុងស្នើឲ្យពន្លឿនដោះស្រាយបញ្ហាដីធ្លីឲ្យពលរដ្ឋប្រមាណ១២៨គ្រួសារ មកពីឃុំតានួនស្រុកបុទុមសាគរ ខេត្តកោះកុង ។
លោក ម៉ូវ ស៊ីដាន ឲ្យដឹងថា មូលហេតុដែលអ្នកភូមិសម្រេចនាំគ្នាឡើងមករកដំណោះស្រាយនៅរាជធានីភ្នំពេញនៅពេលនេះ គឺដោយសារអភិបាលរងខេត្តកោះកុងលោក សុខ សុធី មិនគោរពពាក្យសន្យារបស់ខ្លួនដែលថាចុះដោះស្រាយឲ្យពលរដ្ឋនៅដើមខែមករានេះ ប៉ុន្តែរហូតមកដល់ពលនេះ លោក សុខ សុធី ព្យាយាមមិនជួបពលរដ្ឋនិយាយអំពីរឿងនេះឡើយ។
តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែមករា អ្នកភូមិជាង១រយគ្រួសារ នឹងប្រមូលផ្ដុំគ្នាមុខសាលាខេត្តកោះកុង ដើម្បីដាក់ចំណាររបស់ក្រសួងដែនដីជូនអភិបាលខេត្តឱ្យចុះដោះស្រាយបញ្ហាឲ្យពួកគាត់ឲ្យបានឆាប់៖ «ពួកខ្ញុំទាមទារ ១គ្រួសារ ៣ហិកតារ និងសំណងខូចខាត ៥ពាន់ដុល្លារ។ គាត់បោះត្រាឲ្យខ្ញុំទៅជួបចរចានៅថ្នាក់ខេត្តចុះ។ គេថាឲ្យខ្ញុំ កុំទាមទារខ្លាំងពេកដូចថាខាងខេត្តឲ្យយើងចុះបន្តិច កុំឡើងខ្លាំងពេក រកដីដោះអត់បានទេ។ មុនទៅថ្នាក់ខេត្ត មេតំណាងពិគ្រោះជាមួយប្រជាពលរដ្ឋ ដូចថា ១គ្រួសារទទួលបាន ១ហិកតារអ៊ីចឹង ពួកខ្ញុំអត់ព្រមទេ ទាល់តែ ១គ្រួសារបាន ២ហិកតារ និងថវិកាធ្លាក់មកនៅ ៣ពាន់ដុល្លារ ទើបពួកខ្ញុំព្រមទទួល»។
អ្នកកោះកុងថា បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ បានបង្កឲ្យប្រជាពលរដ្ឋភាគច្រើនមានជីវភាពកាន់តែក្រីក្រទៅៗ ដោយសារគ្មានដីធ្វើស្រែចម្ការ ក្មេងៗ បាត់បង់ការសិក្សា និងអ្នកភូមិមួយចំនួន ត្រូវចាកចោលផ្ទះសម្បែងទៅធ្វើការនៅប្រទេសថៃ។ ចំណែកដីធ្លីដែលអាជ្ញាធរកាត់ឲ្យនៅទីតាំងថ្មីជាប់ជើងភ្នំវិញ លោកថា ភាគច្រើនជាដីសំបូរថ្ម និងខ្សាច់ច្រើន មិនអំណោយផលដល់ការប្រកបរបរកសិកម្មបាននោះទេ។
អាស៊ីសេរីមិនអាចស្វែងរកការបញ្ជាក់បន្ថែមលើរឿងពីរដ្ឋលេខាធិការក្រសួងដែនដី លោក ទេព ធន និងអភិបាលរងខេត្តកោះកុងលោក សុខ សុធី បាននៅឡើយទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
ចំណែកអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ធ្លាប់ប្រាប់អាស៊ីសេរីថា អាជ្ញាធរនៅតែប្រកាន់គោលការណ៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជានិច្ច។ អ្នកស្រីថា មន្ត្រីជំនាញបានវាស់វែងដីមានវិវាទនោះរួចហើយ ហើយបន្តអនុវត្តនីតិវិធីស្នើសុំបន្ថែមទៀត ក៏ប៉ុន្តែទីតាំងដីមួយចំនួនមានព្រៃច្រើន និងកំពុងដោះស្រាយជាបណ្ដើរៗ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា អាជ្ញាធរបានដោះស្រាយក្នុងវិវាទដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនចិននៅខេត្តកោះកុង បានជាច្រើនគ្រួសារមកហើយ។ ហេតុនេះ លោកយល់ថា ក្រសួងដែនដី និងរដ្ឋបាលខេត្តកោះកុង គួរបន្តប្រើយន្តការកន្លងមក ដើម្បីដោះស្រាយបញ្ចប់ជូនប្រជាពលរដ្ឋដែលនៅសេសសល់៖ «ការដោះស្រាយគួរតែប្រញាប់ប្រញាល់ទៅ កុំទុកឲ្យអូសបន្លាយតទៅទៀតណា៎ នោះវាប៉ះពាល់ច្រើន។ ទី១ ធ្វើឲ្យប្រជាពលរដ្ឋ មិនមានពេលប្រកបរបរចិញ្ចឹមជីវិតគ្រប់គ្រាន់ ដោយសារតែឡើងមកទាមទារតវ៉ា។ វាធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។ ហើយទី២ ក៏គេនៅតែមើលឃើញបន្តថា ករណីទំនាស់ដីធ្លី នៅតែកើតបន្ត បើទោះបីជាកើតយូរហើយ វានៅអូសបន្លាយ ដោយសារការដោះស្រាយមិនចប់នេះ វាក៏ជាប៉ះពាល់ទៅដល់អាជ្ញាធរនិងក្រសួង ដែលពាក់ព័ន្ធហ្នឹងដែរ»។
កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួនជាង ៤ម៉ឺន ៥ពាន់ហិកតារ (៤៥.១០០) ពីរបបក្រុងភ្នំពេញ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ក្នុងរយៈពេល ៥០ឆ្នាំ ដែលត្រូវចំណាយទឹកប្រាក់ជិត ៤ពាន់លានដុល្លារ (៣,៨ពាន់លានដុល្លារ)។ គម្រោងទីក្រុងទេសចរណ៍ដ៏ធំសម្បើមមួយនេះកំពុងសាងសង់នៅចំកណ្ដាលឧទ្យានជាតិបទុមសាគរក្នុងខេត្តកោះកុង រួមមានកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរវាលយន្តហោះ ទីលានវាយកូនហ្គោល និងកំពង់ផែជាដើម។
គម្រោងអភិវឌ្ឍនេះ បណ្ដាលឲ្យប្រជាពលរដ្ឋជាង ១ពាន់គ្រួសារចាកចេញពីលំនៅឋាន ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់ទទួលបានដំណោះនៅឡើយមកដល់ពេលនេះ។
ពលរដ្ឋអះអាងថាក្រុមហ៊ុនចិន យូញៀន បានធ្វើសកម្មភាពជាច្រើន ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឲ្យសំណងមិនសមរម្យទៅពលរដ្ឋ។ សកម្មភាពទាំងនោះ មានដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំរបស់ពួកគាត់អស់ជាច្រើនហិកតារ។
បច្ចុប្បន្នក្រុមហ៊ុនចិនយូញៀន កំពុងពន្លឿនការសាងសង់វាលយន្តហោះ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះខណៈសហរដ្ឋអាមេរិកសម្ដែងក្ដីព្រួយបារម្ភថា ការសាងសង់នេះ អាចជាការដាក់មូលដ្ឋានទ័ពអាកាសរបស់ប្រទេសចិនក្នុងទឹកដីកម្ពុជា ដើម្បីវាតទីក្នុងតំបន់អាស៊ីទាំងមូល។
អ្នកស្រុកបទុមសាគរ បញ្ជាក់ថា ប្រសិនបើអាជ្ញាធរខេត្តកោះកុងនៅតែមិនព្រមដោះស្រាយបញ្ហាដល់ពលរដ្ឋតាមចំណាររបស់ក្រសួងដែនដីទេ ពួកគាត់នឹងនាំគ្នាឡើងទៅតវ៉ានៅមុខសាលាខេត្តកោះកុង ហើយបន្តទៅក្រសួងដែនដីនៅរាជធានីភ្នំពេញ សារជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។