អ្នកស្រុកស្រែអំបិលប្រមាណ១រយនាក់ នាំស្រែកតវ៉ាទាមទារឲ្យតុលាការខេត្តកោះកុង ដោះលែងបុរសអាយុ ៦៤ឆ្នាំម្នាក់ដោយឥតលក្ខខណ្ឌ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានកាប់រានដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សដែលតាមករណីនេះ ស្នើដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចុះស៊ើបអង្កេតរឿងនេះ ឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ពលរដ្ឋ។
ការប្រមូលផ្ដុំគ្នា តវ៉ានៅមុខច្រកចូលតុលាការខេត្តកោះកុង នៅថ្ងៃ១២ សីហា គឺធ្វើឡើង១ថ្ងៃ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន លោក ចេត ប៊ុន កាលពីម្សិលមិញ ដោយចោទប្រកាន់ថាបានឈូសឆាយរំលោភយកដីព្រៃ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
កាលពីថ្ងៃទី១១ សីហា សមត្ថកិច្ចចម្រុះ មាន មន្ត្រីមន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់ខ្លួនលោក ចេត ប៊ុន ដោយចោទថាគាត់ធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និង ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
ការអះអាងរបស់មន្ទីរបរិស្ថានខេត្តតាមរយៈការចេញផ្សាយសេចក្ដីប្រកាសព័ត៌មាន ម្សិលមិញនេះ គឺផ្ទុះគ្នាស្រលះទៅនឹងការលើកឡើងរបស់ភរិយាលោក ចេត ប៊ុន។
លោកស្រី ខន ផុន ប្រាប់អាស៊ីសេរី សមត្ថកិច្ចជាច្រើននាក់ប្រដាប់ដោយកាំភ្លើងជាប់នឹងដៃ ទៅចាប់ខ្លួនប្ដីគាត់ទាំងកណ្ដាលថ្ងៃ កាលពីម្សិលមិញ នៅពេលដែលលោក ចេត ប៊ុន កំពុងដាំទឹកក្ដៅឆុងកាហ្វេនៅផ្ទះ។ លោកស្រី ខន ផុន បន្តថា ប្ដីគាត់វ័យចាស់ណាស់ហើយ គ្មានកម្លាំងណាទៅកាប់រានដីព្រៃដូចការចោទប្រកាន់នោះ។ ស្ត្រីវ័យជាង ៥០ឆ្នាំប្លាយរូបនេះ ហៅការចាប់ខ្លួនប្ដីគាត់ ពីសំណាក់អាជ្ញាធរដោយគ្មានមូលហេតុណាមួយឲ្យដឹងនោះ គឺជារឿងអយុត្តិធម៌៖ «សំណូមពរសូមឲ្យតុលាការ និងចៅហ្វាយខេត្តកោះកុង ជួយដោះលែងប្ដីខ្ញុំឲ្យរួចមក។ គាត់អត់មានបានខុសអ្វីទាំងអស់។ ប្រជាពលរដ្ឋមកទទួលស្គាល់គាត់រាប់រយនាក់។ ប្រជាពលរដ្ឋស្លូតត្រង់ គាត់មិនដែលទៅរករឿងឬ ឈ្លោះជាមួយបងប្អូនណា ហើយក៏មិនដែលកាប់គាស់អីទេ។ ប្ដីខ្ញុំគ្មានកម្លាំងអីទៅកាប់ឈើ។ អាយុ៥០ ៦០ ៧០ហើយ គ្រាន់តែក៏ដៃគាត់ប៉ុនដងវែក ហើយគាត់មានជំងឺឫសដូងបាតទៀត»។
លោកស្រី ខន ផុន បញ្ជាក់ថា ក្រុមគ្រួសារគាត់ ដែលមានកូន៩នាក់ ប្រុសម្នាក់ ស្រី៨នាក់ រស់នៅក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ចាប់ពីឆ្នាំ១៩៧៩។ លោកស្រី ខន ផុន ឲ្យដឹងថា គាត់មានដីធ្លីសរុប១០ហិកតារ ហើយធ្វើស្រែចម្ការ ដាំដំណាំស្វាយចន្ទីលើដីនោះជារៀងរាល់ឆ្នាំ។ លោកស្រី ខន ផុន ថាអាជ្ញាធរភូមិឃុំ និងស្រុក បានទទួលស្គាល់ដីធ្លីគាត់ ដោយចេញបង្កាន់ដៃឲ្យ តែនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិពីការិយាល័យសុរិយោដីស្រុកស្រែអំបិលនៅឡើយ។
ក្នុងលិខិតរបស់ការិយាល័យរៀបចំដែនដី នគរោបនីយកម្ម សំណង់ និងភូមិបាល ស្រុកស្រែអំបិល បញ្ជាក់ថា លោកស្រី ខន ផុន ស្នើសុំកាត់ឆ្វៀលផ្ទៃដីចំនួន១០ហិកតារ ក្នុងនោះដី៤ហិកតារ ជាដីអាស្រ័យផល និងបានធ្វើផ្ទះរស់នៅ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរ និងមន្ត្រីបរិស្ថានទេ។ ប៉ុន្តែដី៦ហិកតារទៀត គឺជាដីអភិរក្សដែលមន្ត្រីបរិស្ថាន និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តែងតែធ្វើការណែនាំ និងហាមឃាត់លោក ចេត ប៊ុន កុំឲ្យកាប់ទន្ទ្រាន តែពលរដ្ឋរូបនេះ នៅតែព្យាយាមលួចកាប់ទន្ទ្រានដីអភិរក្ស នោះដដែល ទើបនាំឲ្យមានការឃាត់ខ្លួន។
លោកស្រី ខន ផុន ភរិយាលោក ចេត ប៊ុន មានប្រសាសន៍ថាគិតមកដល់ថ្ងៃចាប់ខ្លួន អាជ្ញាធរមិនដែលបានចុះទៅប្រាប់គ្រួសារគាត់ អំពីរឿងរុករានដីព្រៃអភិរក្សម្ដងណាឡើយ។
អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី ឲ្យដឹងថា ករណីរានដីព្រៃខុសច្បាប់ កើតឡើងជាច្រើនកន្លែងក្នុងខេត្តកោះកុង ប៉ុន្តែអាជ្ញាធរមិនដែលបានចាប់បនជនប្រព្រឹត្តពិតប្រាកដយកទៅផ្ដន្ទាទោសតាមច្បាប់ទេ ឃើញចាប់បានតែប្រជាពលរដ្ឋ។ លោក មាន ព្រហ្មមុនី យល់ថាអាជ្ញាធរមិនគួរអនុវត្តច្បាប់ដោយប្រើស្តង់ដារពីរ ចំពោះប្រជាពលរដ្ឋស្លូតត្រង់នោះទេ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ស្នើដល់ស្ថាប័នអយ្យការខេត្តកោះកុង ចុះស៊ើបអង្កេតករណីមួយនេះឲ្យបានច្បាស់លាស់ និងវិនិច្ឆ័យដោយឈរលើសច្ចធម៌ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ពលរដ្ឋរងគ្រោះ៖ «ស្ថាប័នអយ្យការតំណាងរដ្ឋ ក្នុងនាមជារដ្ឋតុលាការរបស់ប្រជារាស្ត្រខ្មែរ សូមឲ្យ ធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុននឹងសម្រេចការចោទប្រកាន់គាត់។ ការឃាត់ខ្លួនគាត់នេះ យើងសង្ឃឹមថាតុលាការ នឹងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋក្នុងនាមជាអ្នករស់នៅក្នុងមូលដ្ឋាន។ ហើយតំណាងអយ្យការជាស្ថាប័នរដ្ឋ រឿងព្រហ្មទណ្ឌ តុលាការជាអ្នកប្រមូលភស្តុតាងអ្វីទាំងអស់។ អ៊ីចឹង ! សង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ ដែលតុលាការកំពុងសង្ស័យនេះ» ។
អាស៊ីសេរី មិនអាចសុំការឆ្លើយបំភ្លឺពី អ្នកនាំពាក្យតុលាការខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី ពាក់ព័ន្ធនឹងនីតិវិធីតុលាការចំពោះលោក ចេត ប៊ុន បាននៅឡើយទេ ដោយហៅទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាសហគមន៍ដីធ្លីស្រុកស្រែអំបិល ថាពួកគេនឹងបន្តការតវ៉ាមុខតុលាការខេត្តកោះកុង រហូតដល់មានការដោះលែងលោក ចេត ប៊ុន ឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។