ពលរដ្ឋ​ខេត្ត​កោះ​កុង ជិត ២០០គ្រួសារ​ ផ្ដិត​ស្នាម​មេដៃ​ដាក់​ទៅ​អាជ្ញាធរ​ឃុំ និង​ស្រុក​ស្នើ​សុំ​កាន់កាប់​ដី​​ដែល​អាជ្ញាធរ​ឲ្យ​រុះរើ

0:00 / 0:00

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ២ភូមិ​ដាក់​លិខិត​ស្នើ​សុំ​កាន់​កាប់​ដី​របស់​ខ្លួន​វិញ បន្ទាប់​ពី​រដ្ឋ​​បាល​ស្រុក​បូទុម​សាគរ​ ខេត្ត​កោះ​កុង​ឲ្យ​ប្រជា​ពលរដ្ឋ​រុះ​រើ​ខ្ទម​ចេញ​ពី​ដី​សម្បទាន​​​សង្គម​កិច្ច នៅ​​តំបន់​នោះ។ មន្ត្រី​សង្គម​ស៊ី​វិល​អះអាង​ថា អាជ្ញាធរ​ហាក់​ឆក​ល្វេង​មិន​បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ជាមុន អំពី​ដី​សម្បទាន​សង្គម​កិច្ច​នេះ មុន​ពេល​ប្រជា​ពលរដ្ឋ​បង្ក​បង្កើន​ផល​ដំណាំ​លើ​ដី​តំបន់​នោះ។

ពលរដ្ឋ​រស់នៅ​ភូមិ​អណ្ដូង​ទឹក និង​ភូមិ​ជីមាល ឃុំ​អណ្ដូង​ទឹក ស្រុក​បូទុមសាគរ​ ​ប្រមាណ​ជិត​២០០គ្រួសារ ផ្ដិត​ស្នាម​មេដៃ​ដាក់​លិខិត​ស្នើសុំ​ទៅ​អភិបាល​ស្រុក​បទុម​សាគរ ឲ្យ​កាត់​ដី​ដែល​បាន​អាស្រ័យ​ផល និង​រស់​នៅ​​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ។ ពលរដ្ឋ​ទាំង​នោះ​បាន ដាក់​លិខិត​ស្នើសុំ​កាត់​ដី​នេះ កាល​ពី​ថ្ងៃ​ទី១០ កុម្ភៈ មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​កំណត់​បញ្ចប់​ឲ្យ​រុះ​រើ​នេះ។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ភូមិ​ជីមាល លោក ឆេង វ៉ាន់​ស៊ុយ រៀបរាប់​ថា ពលរដ្ឋ​បាន​មក​រស់នៅ​ក្នុង​ភូមិ​នេះ និង​បង្ក​បង្កើន​ផល​នៅ​លើ​ដី​នោះ តាំង​ពី​ឆ្នាំ១៩៩៣ មុន​ពេល​អាជ្ញាធរ​ប្រកាស​ថា ដី​នោះ ជា​ដី​សម្បទាន​សង្គម​កិច្ច​ទៅ​ទៀត។ លោក​បន្ត​ថា ទោះ​បី​ប្រជា​ពលរដ្ឋ​រស់​នៅ​ទីនោះ ពុំ​ទាន់​មាន​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី ប៉ុន្តែ​ពួកគេ​បាន​រៀបចំ​សាង​សង់​​ផ្ទះ ប្រកប​​របរ​ដាំដំណាំ ជិត ​៣០ឆ្នាំ មក​ហើយ ពុំ​មែន​ជា​ខ្ទម​ដូច​ការ​លើក​ឡើង​របស់​រដ្ឋ​បាល​ខេត្ត​ឡើយ។ លោក​ថា អាជ្ញាធរ​បាន​បំពាន និង​រំលោភ​យក​ដី​របស់​ពួកគេ​ធ្វើជា​ដី​សម្បទាន​សង្គម​កិច្ច ដោយ​មិន​បាន​ជូន​ដំណឹង​ទុកជា​មុន​ឡើយ។ លោក​អះអាង​ថា ប្រជា​ពលរដ្ឋ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​រុះរើ​ចេញ​ឡើយ ហើយ​ពួកគេ​សុខចិត្ត​ស្លាប់​នៅ​លើ​នៅ​ទៅ​តាំង​ជម្លោះ​នោះ​ ប្រសិន​បើ​អាជ្ញាធរ​​ដាក់​កម្លាំង​ឲ្យ​មក​ឈូស​ឆាយ ឬ​កម្ទេច​ផ្ទះ​របស់​ពួកគេ៖ « នៅ​ហ្នឹង​តាំង​ពី​ខាង​អនុរក្ស​មិន​ទាន់​កើត សង្គម​កិច្ច​ក៏​មិន​ទាន់​កើត មិន​ដឹង​សង្គម​កិច្ច​នៅ​ខាង​ណា​អី​ខាង​ណា​ផង។ រួច​ដល់ពេល​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​បាន​ដាំ​ដំណាំ​បាន​អីចឹង​ទៅ មាន​ទុរេន​មាន​អីចឹង​ទៅ មាន​ទុរេន​មាន​អីចឹង​ទៅ គាត់​ថា ដី​សង្គម​កិច្ច។ រួច​សង្គម​កិច្ច​គាត់​ដាក់​ក្នុង​ក្រដាស​ទើប ឆ្នាំ២០១១ ហ្នឹង។ គេ​ថា សុខ​ចិត្ត​ងាប់​ចោល​កន្លែង​ដី​ហ្នឹង ព្រោះ​ខ្លះ​គេ​ទិញ​ដី ទិញ​អី​ហ្នឹង​អស់​ច្រើន ឈូស​ឆាយ​អស់​ច្រើន ដាំ​ដំណាំ​អស់​ច្រើន​ណាស់ »

ពលរដ្ឋ​ទាំង​នោះ​លើក​ឡើង​ដូចៗ គ្នា​ថា ពួកគេ​ស្រ័យ​ផល ដាំ​ដំណាំ​ស្វាយ ដំឡូង ទុរេន និង​ដំណាំ​មួយ​ចំនួន​ទៀត​ ដើម្បី​ចិញ្ចឹម​ជីវិត និង​លក់​យក​ប្រាក់​បង់​ធនាគារ។ ប្រសិន​បើ​អាជ្ញាធរ​បណ្ដេញ​ពួកគេ​ចេញ ពួកគេ​ពុំ​មាន​ផ្ទះ ដី និង​ប្រាក់​សម្រាប់​បង់​ធនាគារ​ឡើយ។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​រូប​ទៀត លោកស្រី រាជ ណាវី មាន​ប្រសាសន៍​ថា លោកស្រី​មិន​ព្រម​រុះរើ​ចេញ​ពី​ដី​នៅ​ទីតាំង​នេះ​ឡើយ ហើយ​លោកស្រី​និង​អ្នកភូមិ​ទាំង​នោះ នឹង​សាមគ្គី​គ្នា​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ឈូស​ឆាយ​ផ្ទះ ឬ​ដំណាំ​ទាំង​នោះ​ឡើយ៖ « យើង​សាមគ្គី​គ្នា​ថា អត់ឲ្យ​ទៅ​ឈូស​ទេ បើ​កាល​ណា​គេ​ទៅ​ឈូស​ដីធ្លី​យើង​ហ្នឹង យើង​អត់​ឲ្យ​ទៅ​ឈូស​ទេ ព្រោះ​យើង​សាមគ្គី​គ្នា​ថា ត្រូវតែ​ឃាត់ បើ​សិន​ជា​គេ​ទៅ​មាន​យក​អាត្រាក់​យក​អី​ទៅ​រុះ​យក​កង​កម្លាំង​អី​ទៅ​រុះ​អី យើង​នឹង​ទៅ អត់​ឲ្យ​រុះ​អ៊ីចឹង »

រដ្ឋបាល​ស្រុក​បូទុមសាគរ ខេត្ត​កោះ​កុង​បាន​ចេញ​លិខិត​ជូនដំណឹងកាលពីថ្ងៃទី៤ កុម្ភៈ ឲ្យ​ប្រជា​ពលរដ្ឋ​រុះ​រើ​ខ្ទម​ដែល​សាង​សង់​អនាធិបតេយ្យ​នៅ​លើ​ដី​នោះ។ ក្នុង​លិខិត​របស់​រដ្ឋបាល​ស្រុក​បុទុមសាគរ​​​ឲ្យ​ដឹង​ថា ដី​សម្បទាន​សង្គម​កិច្ច​ ក្នុង​តំបន់​នោះ គឺ​ទុក​សម្រាប់​ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និង​គ្រួសារ​ចូល​និវត្តន៍ បាត់បង់​សមត្ថភាព​ការងារ ពិការ និង​គ្រួសារ​យុទ្ធជន​ពលី រស់​នៅ​តំបន់​នេះ។ អាជ្ញាធរ​បាន​ដាក់​កំណត់​ថ្ងៃ​ឲ្យ​ប្រជា​ពលរដ្ឋ​រុះ​រើចេញ ចាប់​ពី​ថ្ងៃ​ទី៥ រហូត​ដល់​ថ្ងៃទី១១ កុម្ភៈ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សួរ​នាំ​បន្ថែម​ពី​ករណី​នេះ នៅ​ថ្ងៃ​ទី១២ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ ទោះជា​យ៉ាង​ណា អភិបាល​ស្រុក​បូទុមសាគរ លោក ហាក់ ឡេង បញ្ជាក់​ថា ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ទីតាំង​នោះ ពុំ​មែន​ជា​អ្នក​ស្រុក​នៅ​ក្នុង​ខេត្ត​នេះ​ទាំង​អស់​នោះ​ទេ គឺ​ពួកគេ​មួយ​ចំនួន​មក​ពី​ខេត្ត​ផ្សេង​ ហើយ​ចាប់ដី​នៅ​ទីតាំង​នេះ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា លោក​កំពុង​ពិចារណា​លើ​សំណើ​របស់​ប្រជា​ពលរដ្ឋ​ និង​បាន​ណែនាំ​ទៅ​កាន់​អាជ្ញាធរ​ឃុំ ដើម្បី​ឲ្យ​ពួកគេ​ចុះទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង និង​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​បាន​រស់នៅ​លើ​ដី​ទី​តាំង​នោះ​ពិត​ប្រាកដ៖ « មិនមែន​យើង​ជូន​ម្ដង​យើង​ធ្វើ​ភ្លាម​ទេ អ៊ីចឹង​មិនមែន​យើង​ម្ដង​យើង​ធ្វើ​អនុវត្ត​វិធានការ​រដ្ឋបាល​ភ្លាម​ទេ។ យើង​ធ្វើ​ម្ដង យើង​ត្រូវ​ទទួល​យក អា​សំណើ​ដឹង​តែ​មាន​សំណើ​ហើយ អ៊ីចឹង​ហ្នឹង​ ២ដង​ យើង​នឹង​អនុវត្ត​តាម​វិធានការ​ច្បាប់​ហើយ។ យើង​ចង់​ធ្វើ​អ្វី​ឲ្យ​វា​បាន​ច្បាស់​លាស់ ជាជាង​អា​មិន​ច្បាស់​លាស់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​របស់​យើង។ លោក​ជំទាវ​អភិបាល​លោក​ថា លោក​នឹង​ខំប្រឹង​ដោះ​ស្រាយ​ឲ្យ​អស់ពី​លទ្ធ​ភាព ដើម្បី​យើង​ស្រង់​មើល​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ​យ៉ាង​ម៉េចៗ ហើយ ដើម្បី​យើង​បាន​សួរ ដែលគេ​ហៅ​ថា របាយ​ការណ៍​ពិត​ប្រាកដ​មួយ​សម្រាប់​យើង​សម្រេច​ចិត្ត​ចុង​ក្រោយ​ឲ្យ​ច្បាស់ »

ទាក់ទង​នឹង​វិធាន​ការ​របស់​អាជ្ញាធរ​នេះ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ពិចារណា​សំណើ​របស់​ពលរដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​កោះកុង​ លោក ថោង ច័ន្ទដារ៉ា​ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​ធ្វើ​ការ​ឈូស​ឆាយ ឬ​រឹប​អូស​យក​ដី ដែល​ប្រជា​ពលរដ្ឋ​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ​នោះ គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធ​របស់​ប្រជា​ពលរដ្ឋ។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​បង្ហាញ​លិខិត ឬ​អនុក្រឹត្យ​ដែល​ថា ដី​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​មុន​ពេល​ប្រជា​ពលរដ្ឋ​បាន​សាង​សង់ ឬ​រស់​នៅ​តំបន់​នោះ​តាំង​ពី​ដំបូង៖ « សំខាន់​ឲ្យ​អាជ្ញាធរ​គាត់​ធ្វើការ​តម្លា​ភាព បើ​សិន​ជា​ប្រជា​ពលរដ្ឋ​គាត់​តាំង​ទី​លំនៅ​កន្លែង​ណា​មួយ​ដែល​ថា ជា​ដី​បម្រុង​របស់​រដ្ឋ​ អ៊ីចឹង​យើង​គួរ​តែ​ហៅ​ពួក​គាត់​មក ដើម្បី​ប្រជុំ​ប្រាប់​ឲ្យ​ពួក​គាត់​បាន​ដឹង ត្រៀម​ខ្លួន​អី​សិន​ទៅ។ បើ​សិន​យើង​ដូច​ថា អា​ដំណើរ​ការ​អនុក្រឹត្យ​ហ្នឹង​ចេញ​យូរ​យារ​ណាស់​មក​ហើយ ហើយ​ដល់​ពេល​ទើប​នឹក​ឃើញ​ចង់​ដូច​ថា បណ្ដេញ​ពួកគាត់​ចេញៗ ភ្លាម​អ៊ីចឹង​ ដូច​ជា​ការ​ខ្វះ​ចន្លោះ ជា​ការ​ធ្វើការ​មួយ​ដែល​ពួកគាត់​ដូច​ថា វា​មិន​បាន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អា​បញ្ហា​ការ​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ហ្នឹង »

ពលរដ្ឋ​ទាំង​នោះ​ប្ដេជ្ញា​ថា ពួក​គេ​មិន​ព្រម​ចុះ​ចេញ​ពី​ដី ក្នុង​ភូមិ​ទាំង ២នេះ​ឡើយ ទោះ​បី​ជា​ពួកគេ​ត្រូវ​បាត់​បង់​ជីវិត​នៅ​លើ​ដី​នោះ​ក៏​ដោយ ហើយ​ពួកគេ​នឹង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​ឡើយ។ ពួក​គេ គ្រោង​នឹង​ដាក់​លិខិត​ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នោះ​ជួយ​ដោះ​ស្រាយ​ជូន​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។